សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនប្រជាការពារភូមិដែលប្រើហិង្សាលើជនពិការវ័យជិត៦០ឆ្នាំម្នាក់​

លោក ឃុន ខុម បុរសពិការជើងដែលជាជនរងគ្រោះ (ឆ្វេង) និងលោក កែវ ព្រើន ជនប្រព្រឹត្ត (ស្ដាំ)។ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

សមត្ថកិច្ចខេត្តបាត់ដំបង បានឃាត់ខ្លួនប្រជាការពារភូមិដែលប្រើអំពើហិង្សាលើជនពិការវ័យជិត៦០ឆ្នាំម្នាក់ ក្រោយមានការចែកចាយវីដេអូហេតុការណ៍ហិង្សានោះតាមបណ្តាញសង្គម។

ក្នុងវីដេអូឃ្លីបរយៈពេល​ជាង៣នាទី ដែលគេបានចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុក លោក ឃុន ខុម អាយុ៥៧ឆ្នាំ ជាជនពិការជើងម្ខាងដាច់ត្រឹមភ្លៅ ត្រូវបានប្រជាការពារភូមិម្នាក់វាយឱ្យរងរបួសបាក់កដៃទាំងសងខាង ហើយរងរបួសជើង និងបែកក្បាលហូរឈាម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអ្នកតាទ្វា ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី។

កាលពីម្សិលមិញនេះ ស្នងការនគរបាលខេត្តបាត់ដំបង លោក អ៊ុច សុខន បានប្រកាសចាត់វិធានការចំពោះអ្នកដែលប្រើប្រាស់អំពើហិង្សាលើជនពិការអាយុ៥៧ឆ្នាំនោះ។

ស្នងការនគរបាលរងទទួលបន្ទុកផែ្នកព្រហ្មទណ្ឌ លោក ជេត វណ្ណី ប្រាប់វីអូឌីថា សមត្ថកិច្ចបានឃាត់ខ្លួន និងបញ្ជូនជនសង្ស័យដែលជាប្រជាការពារភូមិនោះទៅស្នងការខេត្តហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ឱ្យអនុវត្តទៅតាមនីតិវិធីច្បាប់រកយុត្តិធម៌ជូនជនរងគ្រោះ។

ស្នងការរងរូបនេះឱ្យដឹងថា ក្នុងករណីហិង្សារនេះ មានប្រជាការពារភូមិតែម្នាក់ប៉ុណ្ណោះ ឈ្មោះ កែវ ព្រើន ដែលបានប្រើហិង្សាលើជនពិការនោះ។

លោកបន្ថែមថា៖ «ខ្ញុំគ្រាន់តែបញ្ជាក់ថា ក្នុងរឿងនេះយើងកំពុងតែធ្វើការហើយ អ្នកណាប្រព្រឹត្ត អ្នកនោះទទួលខុសត្រូវមុខច្បាប់។ កុំថាឡើយប្រជាពលរដ្ឋធម្មតា សូម្បីតែប្រជាការពារ ប៉ូលីស ឬអ្នកណាក៏ដោយឱ្យតែ​អនុវត្តបទល្មើស យើងនឹងអនុវត្តតាមនីតិវិធីច្បាប់ហើយ»

លោក ខុម សំណាង ត្រូវជាកូនរបស់លោក ឃុន ខុម ប្រាប់វីអូឌីថា លោក ឃុន ខុម រងរបួសដោយសារប្រជាការពារភូមិប្រើអំពើហិង្សា ខណៈដែលជនពិការរូបនោះមានបញ្ហាសរសៃប្រសាទ ទៅហែកស្លាករបស់ប្រជាការពារភូមិនៅក្នុងភូមិ។

លោក ខុម សំណាង ឱ្យដឹងថា បច្ចុប្បន្ន ឪពុករបស់លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ខេត្តពោធិ៍សាត់ដោយរបួសខ្លាំងត្រង់ក្បាល ជើង និងបាក់កដៃទាំងសងខាង។

លោកបន្ថែមថា៖ «បើគាត់ធ្វើខុសលើសលស់អី យើងអាចចាប់គាត់ដាក់ខ្នោះព្រមានគាត់ទៅ។ តែហេតុអីទៅវ៉ៃគាត់ដល់ហ្នឹងបាក់ដៃអីចឹង។ ឥលូវគាត់និយាយបាន ប៉ុន្តែ ដៃគាត់កម្រើកអត់បាន បាក់ដៃ។ ពេទ្យគេនឹងដាក់ដែកនៅសប្តាហ៍ក្រោយ»

លោក លុច្យ ផានិត ត្រូវជាចៅរបស់លោក ឃុន ខុម និយាយថា ជីតារបស់លោកក្រីក្រណាស់ ហើយជាបុរសពិការពោះមាយ និងមានជំងឺសរសៃប្រសាទប្រចាំកាយទៀតផង។ បច្ចុប្បន្ន កំពុងរស់នៅជាមួយបងប្អូននៅក្នុងស្រុកមោងឬស្សី។ លោកថា ពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ គឺពុំមានលុយសម្រាប់បង់ថ្លៃសេវាជូនពេទ្យនោះទេ។ លោក ផានិត អំពាវនាវទៅសមត្ថកិច្ចជួយរកយុត្តិធម៌ដល់ជនរងគ្រោះដែលជាជីតាឱ្យបានពិតប្រាកដ។

លោកបន្ថែមថា៖ «គាត់នៅជាមួយបងប្អូន ទៅនេះគេឱ្យបាយមួយចាន ទៅនោះគេឱ្យបាយមួយចានទៅ។កូនចៅក្រដើរចោលគាត់ទៅស៊ីឈ្នួលកាច់ដំឡូងឱ្យគេ ឈឺរកតែលុយមកមើលឪពុកមិនចង់បានផង។ ខ្ញុំសូមសំណូមពរដល់សមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ទៅលើជនប្រព្រឹត្តឱ្យខានតែបាន ព្រោះទង្វើនេះ មិនអាចលើកលែងបានទេ ព្រោះគាត់ជាជនពិការផង បើសិនមានជើង ខ្ញុំមិនថា​ទេ។ គាត់កំបុតជើង គាត់មានអីតតាំង ហើយទៅគាត់បាក់កដៃអស់ហើយហ្នឹង។ ពេទ្យនិយាយថា អាចដល់ថ្នាក់កាត់មិនដឹង»

វីអូឌីមិនអាចសុំការបកស្រាយពីប្រជាការពារភូមិដែលប្រើហិង្សាលើជនពិការនោះបានទេជុំវិញការណីនេះ។

នាយករង​អង្គការ​លី​កាដូ​ទទួលបន្ទុក​ផ្នែក​ឃ្លាំ​មើលសិទ្ធិមនុស្ស​ លោក​ អំ​ សំអាត​​ បានថ្កោលទោសទង្វើហិង្សារបស់ប្រជាការពារភូមិនេះ។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះលើកឡើងថា កន្លងមក ប្រជាការពារភូមិ និងសន្តិសុខខណ្ឌមួយចំនួនបានបញ្ចេញអាកប្បកិរិយាមិនល្អ ដោយបានប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋជាញឹកញាប់ ប៉ុន្តែ មិនត្រូវអនុវត្តទៅតាមផ្លូវច្បាប់នោះទេ ដែលលោកចាត់ទុកទង្វើទាំងនេះថា ជាគំរូអាក្រក់មួយនៅក្នុងសង្គម។

លោកបន្ថែមថា៖ «អីចឹង ករណីនេះ សមត្ថកិច្ចត្រូវតែស៊ើបអង្កេត និងចាប់យកជនដៃដល់មកអនុវត្តទៅតាមផ្លូវច្បាប់ ដើម្បីកុំមានជាគំរូអាក្រក់ដល់អ្នកដទៃទៀត។ ព្រោះយើងមើលការវាយដំនេះ វាធ្ងន់ធ្ងរណាស់ រហូតគាត់មានការបាក់ដៃ ហើយគាត់ជាជនពិការទៀតនោះ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ