WHO សម្រេចប្រកាសដាក់ពិភពលោកក្នុង​ភាពអាសន្នដោយវីរុសនូវែលកូរ៉ូណា

គណៈកម្មាធិការទទួលបន្ទុកគ្រាអាសន្ននៃអង្គការសុខភាពពិភពលោក រៀបចំ សន្និសីទសារព័ត៌មាន​ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

អង្គការសុខភាពពិភពលោក (WHO) សម្រេចប្រកាសដាក់ពិភពលោកក្នុងភាពអាសន្នដោយការ​គម្រាម​កំហែង​នៃវីរុស​ឆ្លងនូវែលកូរ៉ូណា ខណៈតួលេខមនុស្សស្លាប់ និងអ្នកជំងឺបង្កដោយ​វីរុសរាតត្បាតនេះបន្ត​កើនឡើងជាលំ​ដាប់​។

ការប្រកាសនេះធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទទួលបន្ទុកគ្រាអាសន្ននៃអង្គការសុខភាពពិភពលោក ក្នុង អំឡុងពីរបីសប្តាហ៍កន្លងមក ពិនិត្យឃើញភាពអាសន្ននៃការរីករាលដាលបានកើនដល់កម្រិតមិនអាចប៉ាន់ប្រមាណបាន បើទោះជារដ្ឋាភិបាលចិនបានចាត់វិធានការមិនធ្លាប់មានក្តី។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីយប់ម្សិលមិញនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស អង្គការសុខភាពអន្តរជាតិមួយនេះបានបញ្ជាក់ថា ការសម្រេចដាក់ពិភពលោកក្នុងគ្រាអាសន្ននេះ គឺដោយសារវីរុសនេះបានឆ្លង ចូលដល់ប្រទេសផ្សេងៗក្នុងពិភពលោកកាន់តែច្រើន។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន​ចុះផ្សាយនៅម្សិលមិញ អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom បន្ថែមថា WHO មានក្តីកង្វល់ខ្លាំងបំផុតចំពោះសក្តានុពលភាព​នៃការរីក​រាលដាល​របស់វីរុសនេះទៅប្រទេសដែលមានប្រព័ន្ធសុខាភិ​បាលខ្សោយ និង​មិនបានត្រៀម​ខ្លួនគ្រប់គ្រាន់​ល្អសម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាល។

លោក Tedros Adhanom មានប្រសាសន៍ថា៖«ហេតុផលសំខាន់ដែលជំរុញឱ្យយើងសម្រេចបែបនេះ គឺមិនមែនដោយ​សា​រ​អ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសចិននោះទេ ប៉ុន្តែ ដោយសារអ្វី​ដែលកំពុង​កើតឡើងនៅប្រទេសដទៃ។ យើងមិនដឹងថាវីរុស​នេះអាចបង្កការខូចខាតដល់កម្រិតណានោះទេ ប្រសិ​នបើវារាតត្បាតក្នុងប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលខ្សោយ​»។

លោកបញ្ជាក់ថា អង្គការលោកត្រៀមខ្លួនរួចហើយក្នុងការផ្តល់ប្រឹក្សា និងគាំទ្រប្រទេសដែលមានប្រព័ន្ធ​សុខា​ភិ​បាល​​ខ្សោយ ប្រយុទ្ធប្រឆាំងព័ត៌មានចចាមអារ៉ាម និងក្លែងក្លាយ ហើយប្រទេសនានា​ត្រូវ​សម្រេច​ចិត្ត​ជ្រើសរើស​វិធាន​ការជាក់ស្តែងដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

ប្រធានគណកម្មាធិការទទួលបន្ទុកគ្រាអាសន្ន លោក Didier Houssin លើកឡើងថា វាដល់ពេលដែល​គណៈ​កម្មាធិការរបស់លោកស្នើដល់អង្គការសុខភាពពិភពលោកចុចកណ្តឹងប្រកាសអាសន្នជាសកលអំពីក្តីកង្វល់ និងហានីភ័យ​ដែលអាចកើតឡើងដោយសារវីរុសឆ្លងនូវែលកូរ៉ូណាហើយ។ លោកបន្ថែមថា មូលហេតុនៃសំណើ​បាន​ផ្អែកលើការពិចារណា៣ចំណុច។

លោក Didier Houssin ថ្លែងថា៖«យើងមើលឃើញ ទី១ការកើនឡើងនៃចំនួនករណី​អ្នកឆ្លងនៅ​ក្នុង​ប្រទេស​ចិន ទី២ វីរុសនេះឆ្លងចូលដល់ប្រទេសផ្សេងៗកាន់តែច្រើន និងទី៣ផងដែរ ប្រទេសមួយចំនួនបាន​ប្រើប្រាស់​​វិធានការដែល​អាចត្រូវគេចោទសួរអំពីសុវត្ថិភាពអ្នកដំ​ណើរ»។  

លោកបញ្ជាក់ថា គណៈកម្មាធិការទទួលបន្ទុកគ្រាអាសន្ននឹងជួយសម្របសម្រួល និងសហការ​ជាមួយ​រដ្ឋា​ភិ​បាល​​​នៃប្រទេសនា​នាលើការចាត់វិធានការបន្ថែមផ្សេងៗដែលអាចប្រើប្រាស់ដើម្បីទប់ស្កាត់ការរីករាយដាលនៃវីរុស និងអាចបញ្ចៀសផលប៉ះពាល់ដ​ល់អ្នកដំណើរ និងការធ្វើពាណិជ្ជកម្ម។

គិតត្រឹមម៉ោង១រសៀលថ្ងៃនេះ អ្នកស្លាប់ដោយសារវីរុសនូវែលកូរ៉ូណាបានឡើងដល់២១៣ និងចំនួនអ្នកជំងឺ​បង្ក​ដោយ​​វីរុសនេះបានកើនដល់៩ ៨១៦នាក់ ខណៈ២៤ម៉ោងមុនអ្នកស្លាប់មាន១៧០នាក់ និង​អ្នកជំងឺមាន​៧៧១១​នាក់​។ នេះបើតាមតួលេខពីសារព័ត៌មាន South China Morning Post

ដោយឡែក គិតត្រឹមថ្ងៃព្រហស្បតិ៍ម្សិលមិញ យ៉ាងហោចណាស់មាន​ប្រទេសជាង២០បានសម្រេចជម្លៀស​ប្រជាពលរដ្ឋរបស់ខ្លួនចេញពីប្រទេសចិន​បណ្តោះអាសន្នដើម្បីគេចចេញពីមេរោគនេះ ខណៈវីរុសបាន​រាលដាល​ចេញ​ពីតំបន់ផ្ទុះរីរុសនៅចិនដីគោកដល់ប្រទេស និងតំបន់ផ្សេងទៀតចំនួន២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ