លោក ស ខេង រំឭកឱ្យសង្គមស៊ីវិលបង្ហាញភាពស្មោះត្រង់ក្នុងការសហការគ្នា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងក្នុងពិធីបើកវេទិកាលើកទី៤ ស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ។ (វេបសាយ ក្រសួងមហាផ្ទៃ)

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក ស ខេង ស្នើ​ដល់​អង្គការ​មិនមែនរដ្ឋាភិបាល​ឱ្យ​បង្ហាញ​តម្លាភាព​ការងារ​ជាមួយ​រដ្ឋាភិបាល​ ដោយ​​ថា ​ការមិន​បង្ហាញ​ព័ត៌មាន ហើយ​ចេញ​របាយការណ៍​រិះគន់​ពី​ការ​មិន​ទទួល​បាន​កិច្ច​សហការ​ពី​រដ្ឋ​ ជា​រឿង​មើល​បំណាំគ្នា និង​គ្មាន​ភាព​ជា​ដៃ​គូ។

ថ្លែង​ក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នៅព្រឹក​ថ្ងៃ​ទី០៣ ខែកុម្ភៈនេះ លោក ស ខេង បាន​ថ្លែង​ថា ចាប់​ពី​ខែវិច្ឆិកា ​ឆ្នាំ​២០១៩ ដល់​ខែ​មករា ឆ្នាំ​២០២០​ ក្រសួងមហាផ្ទៃ​បាន​ទទួល​ការ​រាយការណ៍​ពី​កិច្ច​មិន​សហការ​​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ជា​មួយ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​តែ​២​ករណី​ប៉ុណ្ណោះ ខណៈ​អង្គការ​ខ្លះបង្ហាញ​ព័ត៌មាន​​ថា​ មាន​ច្រើន​ករណី​ជាង​នេះ។

លោកបន្ថែម​ថា៖ «ចំណុច​នេះ ​យើង​ខ្ញុំ​មិន​បដិសេធទេ! តែ​យើងខ្ញុំ​មាន​ចម្ងល់ថា​ ហេតុអ្វី​ប្រសិន​ជា​មាន​ករណី​បែប​នេះ ហើយ​គាត់​បូក​សរុប​យក​ទៅ​ផ្សព្វផ្សាយ ​តែ​គាត់​មិន​បាន​ផ្ដល់​ព័ត៌មាន​នេះ​ មក​ឱ្យ​សមត្ថកិច្ច របស់​រាជរដ្ឋាភិបាល។ អ៊ីចឹង​ វា​ប្រៀប​ដូច​ជា​គាត់​លាក់​ព័ត៌មាន អ៊ីចឹង ​ទំនាក់​ទំនង​របស់​យើង​ វា​មិន​តម្លាភាព វា​មិន​មែន​ជា​ការ​សាង​ភាព​ជា​ដៃគូ តែ​វា​ជា​ការ​មើល​បំណាំ»។

លោក ស ខេង ស្នើ​ដល់​អង្គការ សមាគម​ទាំង​អស់​ឱ្យ​បង្ហាញ​តម្លាភាព និង​ព័ត៌មាន​ជា​មួយរដ្ឋាភិបាល​ ដើម្បី​ឱ្យ​រដ្ឋ​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​ទាំង​អស់​គ្នា។

អ្នក​នាំពាក្យ​សមាគម​អាដហុក​ លោក សឹង សែន​ករុណា មាន​ប្រសាសន៍​ថា​ ​អង្គការ​លោក​តែ​ង​តែ​សហការ និងផ្ដល់​ព័ត៌មាន​ដល់​ក្រសួង​មហាផ្ទៃ​ជា​និច្ច​នៅ​ពេល​មាន​បញ្ហានៅ​ថ្នាក់​មូលដ្ឋាន តែ​លោក​ថា ​ការ​មិន​​គោររព​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ ដោយ​មន្ត្រី​រដ្ឋាភិបាលទៅ​វិញ​ទេ​ ទើប​ជា​បញ្ហា​នៃ​កិច្ច​សហការនេះ។​

លោក​ថា៖ «ក៏​ប៉ុន្ដែ​ យើង​ឃើញ​ហើយ ​អាជ្ញាធរ​មួយ​ចំនួន​គឺ​គាត់​មិន​គោរព​តាម (សេចក្តី​ណែ​នាំ​របស់​ក្រសួង​មហាផ្ទៃ) ហ្នឹង​ហើយ​ជា​បញ្ហា​មួយ​ដែល​យើង​ជួប​ប្រទះ ហើយ​យើង​ធ្វើ​កិច្ច​អន្តរាគមន៍​ហ្នឹង​ដោយ​ផ្ទាល់​នៅ​មូលដ្ឋាន កិច្ច​ការ​ខ្លះ​យើងទទួល​បាន​កិច្ច​អន្តរាគមន៍​ ហើយ​នឹង​មាន​កិច្ច​សហប្រតិបត្តិការ​អញ្ចឹង​ទៅ»។

នាយក​ប្រតិបត្តិ​អង្គការ​គណៈកម្មាធិការ​សហប្រតិ​បត្តិការ​​ដើម្បី​​កម្ពុជា (CCC) លោក សឿង សារឿន មាន​ប្រសាសន៍​ថា បញ្ហា​នៃ​កិច្ច​មិន​សហការ​នេះ​មិន​មែន​មក​ពី​សង្គម​ស៊ីវិល​នោះ​ទេ។ លោក​បន្ថែម​ថា សង្គម​ស៊ីវិល​តែងតែ​រាយការណ៍​ជា​ញឹកញយពី​បញ្ហា​ដែល​ខ្លួន​ជួប​ប្រទះ​នៅ​ថ្នាក់​មូលដ្ឋានទៅ​ក្រសួង ​តែពុំសូវមាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​ណា​មួយនោះទេ ខណៈ​មន្ត្រី​មូលដ្ឋាន​ក្រោយ​ពី​អង្គការ សមាគម​បាន​​រាយការណ៍​ទៅ​ក្រសួង​ មន្ត្រី​មូលដ្ឋាន​បាន​បង្ហាញ​អាកប្បកិរិយា​​លែង​ចង់​សហការ​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថែម​ទៀត។

លោក​ថា៖ «សង្គម​ស៊ីវិល​ភាគ​ច្រើនដែល​គាត់​មិន​ចង់​រាយការណ៍​មកក្រសួង​មហាផ្ទៃ ​ព្រោះ​ជីវិត​ការងារ​របស់​អង្គការ​សមាគម​មូលដ្ឋាន​ដែល​គាត់​ធ្វើ​ការ​ងារ​នៅ​មូលដ្ឋាន ​គឺ​គាត់​មិន​ចង់​មាន​បញ្ហា​អ្វី​ជា​មួយ​អាជ្ញា​ធរមូលដ្ឋាន​ទេ! ដែល​ជា​ទូទៅ​ជា​ទម្លាប់​នៅពេល​ដែល​យើង​រាយការណ៍​ទៅ​លើ​ ច្រើន​តែ​នាក់​ដែល​យើង​រាយការណ៍​ហ្នឹង​មិន​បាន​បង្ក​ការសហការ​អី​ទៀត​ទៅអញ្ចឹង មាន​រហូត​ដល់​ការ​គិត​មិន​ប្រក្រតី​អី​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត។ អ៊ីចឹង បាន​ជាយើង​ទុក​ឱ្យ​រដ្ឋ​អំណាច​របស់​គាត់​រាយការណ៍​ទៅ​ដោយ​ខ្លួន​គាត់​ទៅ»។

បើ​តាម​លោក សឿង សារឿន បញ្ហា​នៃភាព​មិន​សហការនេះ​ គឺ​បណ្ដាល​មក​ពី​ភាព​គ្មាន​ឯករាជ្យ​របស់​មន្ត្រី​មូលដ្ឋាន​ ដែល​លោក​ថា​ នៅពេល​ដែល​មន្ត្រី​សាធារណៈ​មាន​ការងារ​បក្សផង និង​ការងារ​សាធារណៈ​ផង​ វា​បណ្ដាល​ឱ្យ​មន្ត្រី​ទាំង​នោះ​ធ្វើ​ការ​តាម​ទំនោរបក្ស​ជាជាង​កិច្ច​ការ​សាធារណៈ ដែល​លោក​ថា​ ជា​រឿង​មិន​គួរ​មាន​នោះ​ទេ​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​កម្ពុជា។

តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ​ គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០១៩ កម្ពុជា​មាន​សមាគម និង​អង្កការមិន​មែន​រដ្ឋាភិបាល​ចំនួន​ ៥ ៥៦៤ស្ថាប័ន​ ក្នុង​នោះ​មាន​សមាគមជាង​ ២ ២៤៨ ដែល​ចុះ​បញ្ជី​ និង​ធ្វើ​ការ​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ