លោក ហ៊ុន សែន ប្រកាស​ទៅ​ទីក្រុង​វ៉ូហាន​​ដើម្បី​សួរសុខទុក្ខជនជាតិខ្មែរ

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីជួបសំណេះសំណាលប្រជាពលរដ្ឋនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន/ Screenshot)

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រកាស​ថា​ លោកនឹង​ធ្វើ​ដំណើរ​ទៅទីក្រុង​វ៉ូហាន ខេត្ត​ហ៊ើប៉ី ប្រទេស​ចិន ដើម្បី​​សួរ​សុខ​ទុក្ខ​ជនជាតិ​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ ប្រសិន​ជា​រដ្ឋាភិបាល​ចិន​អនុញ្ញាត ដើម្បី​ផ្ចាញ់​អ្នក​រិះគន់​លោក។

ថ្លែង​សំណេះ​សំណាល​ជា​មួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​រសៀល​នេះ​ លោក ហ៊ុន សែន បាន​ថ្លែង​ថា​ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វ៉ូហាន ជា​ទី​ផ្ទុះ​វីរុស​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរកូរ៉ូណា​ ។

លោក ​ហ៊ុន សែន ថ្លែង​ថា៖ «ហើយមិនបាច់ចាំឌឺទេ ចូលមើល Comment (មតិយោបល់) ឡើងវិញទៅ ព្រោះគេនិយាយមិនធ្ងន់ទេ ប៉ុន្តែគេឌឺ។ គេថា លោក ហ៊ុន សែន យកចិត្តទុកដាក់ចំពោះប្រជាជនគ្រប់ទីកន្លែង គាត់នឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅវ៉ូហាន។ ឥលូវឆ្លើយត្រលប់ទៅវិញ អញនឹងទៅ ឱ្យតែខាងរដ្ឋាភិបាលចិនផ្តល់ឱកាសឱ្យទៅ។ ត្រលប់ពីហ្នឹងទៅវិញ មិនទាន់ទៅប្រទេសក៏បានដែរ ចុះទៅវ៉ូហានតែម្តង។ សាកល្បងទាក់ទងមើល»។

ទោះយ៉ាងណា លោកមិនបានបញ្ជាក់ថា លោកចង់ទៅពេលណាឱ្យច្បាស់លាស់? ឬ លោកបានស្នើទៅភាគីចិន ដើម្បីទៅទីក្រុងវ៉ូហាននេះឬនៅទេ?

ការ​ឆ្លើយ​តប​របស់​លោក​ ហ៊ុន សែន នៅ​ពេល​នេះ​ គឺ​បន្ទាប់​ពី​លោកថ្លែង​បញ្ជាក់​ពី​ការ​មិន​បិទ​ជើង​យន្តហោះ​ និង​ជម្លៀស​ពលរដ្ឋ​ពី​ប្រទេស​ចិន ដោយ​ថា ​ដើម្បី​រក្សា​សេដ្ឋកិច្ច និង​នយោបាយ​ល្អ​រវាង​កម្ពុជាចិន។ ក្រោយ​ពី​មាន​ការ​បញ្ជាក់​នេះ​ ត្រូវ​បាន​អ្នក​បញ្ចេញ​មតិ​ក្នុង​ហ្វេសបុក​មួយ​ចំនួន​នាំគ្នា​រិះគន់​ការ​សម្រច​ចិត្ត​របស់​លោក​។

ជំងឺរលាកសួតធ្ងន់ធ្ងរដែលបណ្ដាលមកពីវីរុសកូរ៉ូណា បានផ្ទុះឡើងដំបូងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ក្នុងទីក្រុងវ៉ូហាន ក្នុងខេត្តហ៊ើប៉ី ប្រទេសចិន ដែលវីរុសនេះត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោក​ប្រកាសដាក់​ភាព​​អាសន្នកាល​ពី​ចុង​សប្ដាហ៍​មុន​ ក្រោយពីវាបានសម្លាប់​មនុស្ស​រាប់រយនាក់ ខណៈ​អ្នក​ឆ្លង​កើន​ដល់​ជិត ​២ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ