លោក ហ៊ុន សែន គ្រោងធ្វើដំណើរទៅទីក្រុងវូហានថ្ងៃស្អែក

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីជួបសំណេះសំណាលប្រជាពលរដ្ឋនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ថ្ងៃច័ន្ទ ទី៣ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន/ Screenshot)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា នឹងទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន នៅថ្ងៃស្អែក​ ដើម្បីបង្ហាញពីភាពកក់ក្តៅ ខណៈជំងឺកូរ៉ូណាថ្មីកំពុងរាលដាលនៅតំបន់នោះ។

នៅលើហ្វេសប៊ុកលោក ហ៊ុន សែន នៅថ្ងៃនេះ បានសរសេរថា លោក​បានរាយការណ៍ទៅថ្នាក់ដឹកនាំចិនរួចហើយថា លោ​​​​​​​​​​​​កគ្រោងនឹងទៅសួរសុខទុក្ខនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅទីក្រុងវូហាន នៅថ្ងៃទី៥ ខែកុម្ភៈនេះ ដើម្បីបង្ហាញពីភាពកក់ក្តៅ និងកុំឱ្យនិស្សិតខ្មែរនៅទីក្រុងវូហានមានការភ័យខ្លាចចំពោះការឆ្លងរីករាល​ដាលនៃជំងឺកូរ៉ូណាថ្មីនះ។

និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទីបី នៅសកលវិទ្យាវ៉ូហាន ជំនាញសន្តិសុខប្រព័ន្ធអ៊ីនធឺណិត លោក គាត ប៉ូជាង មានប្រសាសន៍ថា រូបគាត់មានអារម្មណ៍រីករាយនៅពេលទទួលបានព័ត៌មានថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោងទៅសួរសុខទុក្ខនិស្សិតនៅទីក្រុងវូហាន ដែលជាតំបន់មានជំងឺកូរ៉ូណាថ្មីកើតឡើងនៅតំបន់នោះ និងមានគ្រោះថ្នាក់ខ្ពស់ផង​ដែរ។

និស្សិតរូបនោះបញ្ជាក់ថា បច្ចុប្បន្ននេះ នៅសកលវិទ្យាល័យដែលគាត់កំពុងស្នាក់នៅ និងរៀននៅទីក្រុងវូហាន មាននិស្សិតខ្មែរចំនួន២៣នាក់ ហើយពួកគេមានសុខភាពល្អធម្មតា ពោលមិនមានអ្នកឆ្លងជំងឺកូរ៉ូណាថ្មីនោះទេ។

គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណា កើនដល់ ៤២៦នាក់ ចំណែកអ្នកឆ្លងមាន២០ ៦២២ ករណី។ បញ្ហាមេរោគកូរ៉ូណានេះ បានធ្វើឱ្យប្រទេសចំនួន៨ក្នុងចំណោមសមាជិកអាស៊ាន ទាំង១០(លើកលែងតែ ថៃ និងកម្ពុជា) បានផ្អាកទទួលភ្ញៀវទេសចរពីប្រទេសចិន។

កាលពីចុងខែមករា អង្គការសុខភាពពិភពលោក WHO បានប្រកាសអាសន្នជាសកលអំពីហានិភ័យនៃការរីករាលដាលរបស់មេរោគដែលមានប្រភពពីផ្សារលក់គ្រឿងសមុទ្រមួយកន្លែងក្នុងក្រុងវូហាន​ បន្ទាប់ពីខ្លួនមើលឃើញសន្ទុះនៃការរាតត្បាតក្នុងតំបន់ និងវិសាលភាពនៃការរីករាលដាលរបស់មេរោគ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ