វិភាគ៖ តើការបិទ​ជើង​យន្ត​ហោះ​ពីចិន​ជា​ការ​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា​ពិត​មែន​ដែរ​ឬទេ?

(ឆ្វេង) ភ្ញៀវទេសចរកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត និង(ស្ដាំ) អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ (ជន ចាន់រ៉ែន)

ក្រោ​យ​ផ្ទុះ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ ដែល​បណ្ដាល​មក​ពី​វីរុស​កូរ៉ូណា​ដែលធ្វើ​ឱ្យ​​មនុស្សរាប់រយ​នាក់​ស្លាប់​ជាបន្តបន្ទាប់​នៅ​ទីក្រុង​វ៉ូហាន​ ខេត្ត​ហ៊ើប៉ី ប្រទេសចិន និង​បាន​រាល​ដាល​ដល់​ប្រទេស​ផ្សេង​ទៀត​នោះ រដ្ឋាភិបាល​ប្រទេស​មួយ​ចំនួន​បាន​ប្រកាស​បិទ​ជើង​យន្ត​ហោះ​ពី​ប្រទេស​ចិន ​ដើម្បី​រក្សា​សុវត្ថិភាព​ប្រជាជនក្នុង​ប្រទេស​​​ខ្លួន ក្នុង​នោះ​​ប្រទេស​ចំនួន​៨​នៅតំបន់​អាស៊ាន ​បាន​សម្រេច​បិទ​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា ​សម្រាប់រដ្ឋាភិបាល​កម្ពុជា​គឺ​ខុស​ពី​បណ្ដា​ប្រទេស​ទាំង​នោះ។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ សប្ដាហ៍​មុន​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា ការ​បិទ​ជើង​យន្ត​ហោះ​ពីចិន និង​ជម្លៀស​ពលរដ្ឋ​ពី​ប្រទេស​ចិន ​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​ទំនាក់ទំនងនយោបាយ​ល្អ​ជា​មួយ​មហា​អំណាច​នេះ។

ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញថ្លែងសន្និសីទសារព័ត៌មានអំពីស្ថានភាពជំងឺរលាកផ្លូវដង្ហើមថ្មី កូរ៉ូណា (Coronavirus) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព (រូបភាពពីហ្វេសប៊ុក លោក ហ៊ុន សែន)

លោក​ ហ៊ុន សែន៖ «​វា​ជា​ការ​វាយ​ប្រហារ​លើ​សេដ្ឋកិច្ច​កម្ពុជា​ដោយ​ត្រង់​តែ​ម្ដង។ ជា​ពិសេស​អ្នក​ដែល​រក​ស៊ី អ្នក​វិនិយោគ​ទុន​ចិន​នៅ​កម្ពុជា​យ៉ាងច្រើន អ្នក​ទេសចរចិន​មក​កម្ពុជា​យ៉ាង​ច្រើន​ ដែល​គ្មាន​ផល​ប៉ះពាល់​អ្វី​ទាក់ទង​នឹង​ជំងឺ​នេះ​សោះ ដូច្នេះ ​វា​នឹង​សម្លាប់​សណ្ឋាគារ​កម្ពុជា វា​នឹង​សម្លាប់​ផ្នែក​សេវា​នៅ​កម្ពុជា​ក្នុង​ចំណែក​មួយ ​ដូច្នេះ​ត្រូវ​យល់​! មួយ​ផ្នែក​ទៀត ​ក្នុង​ចំណែក​នយោបាយ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​កាត់​បន្ថយ​ទំនាក់ទំនង​កម្ពុជាចិន ដែល​ត្រូវ​មើល​ឃើញ។ ខ្ញុំ​មិន​ខ្វល់​ថា​​ប្រទេស​ដទៃ​គិតយ៉ាង​មិច​ទេ!»

តើ​ការ​បិទ​ជើង​យន្ត​ហោះ​ពី​ប្រទេស​ចិន​ជា​ការ​សម្លាប់​សេដ្ឋកិច្ច​កម្ពុជា​ពិត​មែន​ដែរ​ឬ​ទេ?

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ទំនាក់ទំនងកម្ពុជា-ចិន ហាក់​កើន​ឡើង​ជា​បន្តបន្ទាប់​តាម​រយៈ​​ទេសចរណ៍ វិនិយោគ និង​ជំនួយ។ របាយការណ៍​ក្រសួង​ទេសចរណ៍បាន​​បង្ហាញថា​ ពេញ​១​ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវ​ទេសចរ​ដែលមក​ពី​ប្រទេស​ចិន មាន​ចំនួន​ច្រើន​ជាង​គេ​ដែល​មាន ២ ៣៦១ ៨៤៩នាក់ កើន​ឡើង​១៦,៧%​បើធៀប​នឹង​ឆ្នាំ​មុន​។

ប្រធានសមាគមទេសចរណ៍កម្ពុជា ​លោកស្រី​ ឆាយ​ ស៊ីវលីន មាន​ប្រសាសន៍​ថា​ កំណើន​ទេសចរណ៍​របស់​ចិន​នេះ​មាន​សារសំខាន់​ណាស់​ដល់​វិស័យ​ទេសចរណ៍​ប្រទេស ខណៈពេល​ដែល​ថយ​ចុះភ្ញៀវ​អឺរ៉ុប​មួយ​ចំនួននោះ។ ការ​បិទ​ជើង​យន្តហោះ​ពី​ចិន​មក​កម្ពុជា គឺ​ជា​ការ​បំផ្លាញ​ដល់អ្នក​ទទួល​ផល​ដោយ​ផ្ទាល់ និង​ប្រយោល​ពី​ពី​វិស័យ​ទេសចរណ៍​ទាំង​ស្រុង។

ប្រធានសមាគមទេសចរណ៍កម្ពុជា ​លោកស្រី​ ឆាយ​ ស៊ីវលីន ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាសហគមន៍ទេសចរណ៍ត្រពាំងសង្កែ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ (ហ្វេសប៊ុកលោកស្រី ឆាយ ស៊ីវលីន/ Sivlin Chhay)

លោក​ស្រី ឆាយ ស៊ីវលីន៖ «ទេសចរណ៍​ច្រើន​ បាន​ផ្ដល់​ការងារ​ទៅ​ឱ្យ​អ្នក​បន្តបន្ទាប់​នោះ អ្នក​កំពុង​តែ​ធ្វើ​សម្ភារ​ផ្គត់ផ្គង់​ដល់​ទេសចរណ៍ អ្នក​ធ្វើស្រែ​ អ្នក​ដាំ​បន្លែ អ្នក​ធ្វើ​នំ​អី​គឺ​ធ្វើ​ឱ្យ​ទេសចរណ៍ អ៊ីចឹង​បើ​សិន​ជា​ទេសចរណ៍​ប៉ះពាល់​ ឬ​ថម​ថយ​ យើង​នឹង​រងការ​ប៉ះពាល់​ដល់​អ្នក​ដែល​ផ្គត់ផ្គង់​តៗ​គ្នា​អញ្ចឹង!»

មន្ត្រីស្រាវជ្រាវ​នៃ​រាជ​បណ្ឌិត​សភាកម្ពុជា​ លោកបណ្ឌិត គី សេរីវឌ្ឍន៍ មាន​ប្រសាសន៍​ថា ការ​បិទ​ជើង​យន្ត​ហោះ​មិន​ត្រឹម​តែ​បង្អាក់​នូវ​ដំណើរ​ការ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ វានឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​ចំណូល​ពន្ធព្រលាន ការចរាចរណ៍​ទំនិញ និង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ក្ដី​បារម្ភ​កាន់តែ​ខ្លាំង ខណៈ​ទំនិញ​នៅ​លើ​ទីផ្សារ​នឹង​ឡើង​ថ្លៃ​ផង​ដែរតាម​រយៈ​ការ​ធ្វើ​បំប៉ោង​ព័ត៌មាន​ផ្សេងៗ​ ដែល​លោក​ថា​ ជា​ការ​ខាត​បង់យ៉ាង​ច្រើន​ចំពោះ​សេដ្ឋកិច្ច​ជាតិ។

លោក​បណ្ឌិត គី សេរីវឌ្ឍន៍៖ «កត្តា​ទាំង​អស់​ហ្នឹង​ហើយ​ដែល​ធ្វើ​ឱ្យ​អ្នក​រកស៊ី​ឱកាស​និយម​ព្យាយាម​ដំឡើង​ថ្លៃទំនិញ​អី​ផ្សេងៗ​ទៀត ដោយ​សារ​តែ​ការ​បិទ​ជើង​ហោះ​ហើរ គាត់​បង្កើត​ជា​លេស​មួយ​ថា ​ទំនិញនាំ​ចូល​លែង​មាន ច្រក​ព្រំដែន​ត្រូវ​បាន​បិទ អញ្ចឹង​ទំនិញ​ក្នុងស្រុក​ត្រូវ​ឡើង​ថ្លៃ ជា​ឱកាស​ច្រើន​ណាស់​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​សេដ្ឋកិច្ច​។ អ៊ីចឹង​ហើយ​បានការ​ប្រកាស​មិន​បិទ​ជើង​យន្ត​ហោះ​គឺ​ជា​កត្តា​មួយ​ដែល​ជួយ​ឱ្យ​ចរន្ត​វិទ្ធស្សនាសេដ្ឋកិច្ច​ហ្នឹង​មាន​ភាព​ស្ងប់ស្ងាត់»។  

ជាការពិត​ ការ​បិទ​ជើង​យន្ត​ហោះ​ពី​ចិន​មក​កម្ពុជា នឹង​​ធ្វើ​ឱ្យ​អ្នក​ទេសចរ​ចិន​ថយ​ចុះ ចរាចរណ៍​ទំនិញ​​មិន​អាច​ចូល​ប្រទេស ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ បូក​រួម​ជា​មួយ​ការ​ឆ្លៀតត​ម្លើង​ថ្លៃ​ទំនិញលើ​ទីផ្សារ ​វា​ជា​ការ​ចូល​រួម​សម្លាប់​សេដ្ឋកិច្ច​ខ្មែរ តែ​ហេតុអ្វី​បាន​ជា​មាន​រឿង​នេះ​កើត​ឡើង?

​កម្ពុជា​បង្ហាញ​ភក្ដីភាព​ចំពោះ​ចិន

ក្រោយចាប់ខ្លួនលោក កឹម សុខា រួចរំលាយបក្សប្រឆាំងនៅឆ្នាំ២០១៧ និងការបោះឆ្នោតដោយចម្រូងចម្រាសនៅឆ្នាំ២០១៨ សហគមន៍អន្តរជាតិដែលមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានថ្កោលទោស ជាមួយនឹងការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែល​មាន​តម្លៃ​ជាង​៧០០លានដុល្លារ​ពីកម្ពុជានោះ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាលលោក ហ៊ុន សែន បានចាត់ទុកប្រតិកម្មរបស់លោកសេរីនេះជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស ដោយ​មិន​ព្រម​ធ្វើ​តាម​ជា​ដាច់​ខាត។

លោក​ ហ៊ុន សែន ផ្ទាល់ កាល​ពី​ថ្ងៃ​ទី​៣១ ខែមករា ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា ការ​ដាក់​​សម្ពាធ​ពី​អន្តរជាតិ​កំពុង​តែ​រុញ​កម្ពុជា​ឱ្យ​ជ្រើសរើស​មិត្ត​ ឬ​សត្រូវ​ក្នុង​ទំនាក់ទំនង​ការបរទេស​ខ្លួន។

លោក​ថា៖ «ជាការពិត ការធ្វើមិត្តជាមួយគ្រប់គ្នាងាយនិយាយជាងធ្វើច្រើនណាស់! ជាពិសេសចំពោះប្រទេសតូចដូចកម្ពុជា ដែលសម្ពាធពីខាងក្រៅតែងបង្ខំឱ្យយើងជ្រើសរើសមិត្ត ឬឱ្យយើងធ្វើជាមិត្តជាមួយប្រទេសនេះ និងយកប្រទេសផ្សេងធ្វើជាសត្រូវ។ ក៏ប៉ុន្ដែ ទោះធ្វើជាមិត្តជាមួយអ្នកណាក៏ដោយ ក៏មិនមែនមានន័យថា កម្ពុជាបោះបង់ឯករាជ្យ អធិបតេយ្យរបស់ខ្លួននោះដែរ»។ ​​

សាស្ត្រាចារ្យផ្នែកសិក្សាពីអាស៊ាន នៅសកលវិទ្យាល័យ Naresuan ប្រទេសថៃ លោក Paul Chambers បានឱ្យ VOD ដឹងតាមសារអេឡិចត្រូនិចអ៊ីម៉ែលថា ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៨ ទំនាក់ទំនងកម្ពុជា-ចិន កាន់តែជិតស្និទ្ធ ខណៈទំនាក់ទំនងជាមួយអឺរ៉ុប និងអាមេរិក ហាក់ឃ្លាតឆ្ងាយ។ ទោះជាយ៉ាងណា សម្រាប់ អាមេរិកនៅតែព្យាយាមរក្សាទំនាក់ទំនងជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាភូមិសាស្ត្រនយោបាយរបស់ខ្លួននៅកម្ពុជា។

លោកសរសេរ​ថា៖ «តែប្រសិនកម្ពុជាងាកទៅរកមហាអំណាចណាមួយក្នុងចំណោមទាំងពីរ (ចិន និង​អាមេរិក) នេះ នោះកម្ពុជាអាចរំពឹងលើ​ការ​គាំទ្រ​ពី​ប្រទេស​នោះថ្ងៃអនាគតបាន ខណៈទំនោរនេះនឹងបំផ្លាញឥទ្ធិពលម្ខាងទៀត»។

ក្រោយ​ពី​ប្រកាស​មិនជម្លៀស​ពលរដ្ឋពី​ទី​កន្លែង​ផ្ទុះ​វីរុស​កូរ៉ូណា​​មក​កម្ពុជា​វិញ ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ស្រង់​ប្រសាសន៍​របស់​ឯកអគ្គរដ្ឋ​ទូត​ចិនប្រចាំ​កម្ពុជា​​ លោក Wang Wentian ចុះផ្សាយ​ក្នុង​ទំព័រ​ហ្វេស​បុក​របស់​ខ្លួនកាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​ចាត់​ទុក​កម្ពុជា​ជា​ “មិត្ត​ដែក​ថែប​” របស់​ខ្លួនថែម​ទៀត។

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ស្ថាន​ទូត​ចិន​បាន​ស្រង់​ប្រសាសន៍​របស់លោក Wang Wentian ថា៖ «មានតែវាយោបក់បោកខ្លាំង ទើបអាចដឹងពីភាពស៊ូទ្រាំនៃស្មៅ មានតែក្នុងកាលៈទេសៈនៃការលំបាក ទើបស្គាល់ពីមិត្តភក្តិពិតប្រាកដ។ […]  នេះបានបង្ហាញពីប្រទេសកម្ពុជា ជា“មិត្តដែកថែប”នៃប្រទេសចិនយ៉ាងពិតប្រាកដមែន និងពិតជាសហគមន៍ជោគវាសនារួមដែល “ដកដង្ហើមរួបរួមគ្នា និងរួមសុខរួមទុក្ខជាមួយគ្នា” យ៉ាងពិតប្រាកដ » ។

អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​ លោក ឯម សុវណ្ណរ៉ា មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​មិត្តភាពកម្ពុជា-ចិន​កាន់​តែ​រឹងមាំ​បន្ទាប់​ពី​ផ្ទុះ​រឿង​នេះ​មក​ ក៏​ការ​ធានា​ពី​ចិន​លើ​សេដ្ឋកិច្ច​កម្ពុជា​មិន​អាច​ធានាបាន​នោះ​ទេ ប្រសិន​ជា​កម្ពុជា​រង​ទណ្ឌ​កម្ម​​ពី​អឺរ៉ុប​នោះ ដោយ​សារ​កម្លាំង​បញ្ជា​ទិញ​របស់​ចិន​ពីកម្ពុជាតិច​ជាង​អឺរ៉ុប និង​អាមេរិក​​។

លោក​ថា៖ «ចិន​មាន​តែ​មួយ​ទេ តែ​លោក​ខាង​លិច​មាន​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក។ អ៊ីចឹង​២០ ទៅ​៣០​ប្រទេស​នេះ កម្ពុជា​គួរ​តែ​មាន​នូវ​យន្ត​ការ គួរ​តែ​គិត​ទៅ​លើនយោបាយ​ខ្លួន​ ព្រោះ​កម្ពុជា​ឈរ​នៅ​ភូមិសាស្ត្រ​នយោបាយ រវាង​សហរដ្ឋ​អាមេរិក​ហើយ​និង​ចិន។ ព្រោះ​តំបន់​អាស៊ាន​ជា​ផ្សារ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ហើយ​និងផ្លូវ​និង​​ខ្សែរបស់​ចិន​ហ្នឹង យើង​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​ Balance (តុល្យភាព) ទាញ​យក​អត្ថប្រយោជន៍​ឱ្យ​បាន​ទាំង​សងខាង​ ទើប​កម្ពុជា​អាច​មាន​សុវត្ថិភាព​ទាំង​នយោបាយ​ទាំង​ពាណិជ្ជកម្ម»។

ទោះ​ជា​យ៉ាង​ណា ​ចំពោះ​ការ​ងាក​ទៅ​រក​ចិន​ដោយ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​លោក ឯម សុវណ្ណរ៉ា កត់​សម្គាល់​ថា​ ជា​ការ​ធ្វើ​ឱ្យ​ប្រាកដ​ពីមិត្តភាព​មួយ​ដែល​អាច​ការពារ​នូវ​អំណាច​របស់​បក្ស​ប្រជាជន​បាន ​នៅពេលកម្ពុជា​ប្រកាន់​ជំហរ​មិន​ធ្វើ​តាម​អឺរ៉ុប​នោះ។

លោក ឯម សុវណ្ណរ៉ា៖ «ខ្ញុំ​មើល​ឃើញ​ថា​ បញ្ហាប្រឈម​នាពេល​បច្ចុប្បន្ន​គឺ​ថា គណបក្ស​កាន់​អំណាច​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​ពី​ប្រជាប្រិយភាព​របស់​ខ្លួន ប្រសិន​បើ​ឈរ​ទៅ​លើ​ជំហរ​ ឬ​ក៏​ការ​ស្នើ​របស់​សហគមន៍​អឺរ៉ុប ដែល​ធ្វើ​ឱ្យ​បក្សប្រឆាំង​រស់​ឡើង​វិញ​ ដែល​នេះ​ជា​ការ​បារម្ភ​របស់​បក្ស​កាន់​អំណាច»។

ជា​រួម​ ការ​មិន​បិទ​ការ​ហោះ​ហើរ​ពី​ចិន​ដើម្បី​រក្សា​ប្រយោជន៍​សេដ្ឋកិច្ច​ និង​នយោបាយ​ល្អជា​មួយ​ចិន​នេះ ​ហាក់​បី​ដូច​ជា​ផ្លូវ​ទាល់​ច្រក​ដែល​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ឡើង​ដោយ​ខ្លួន​ឯង​នៅ​ពេល​ដែល​កម្លាំង​សេដ្ឋកិច្ច ទំនាក់ទំនង​ការបរទេស​ ការវិនិយោគ ជំនួយ និង​ទេសចរណ៍​របស់​កម្ពុជា ត្រូវរំពឹង​​ទៅ​លើ​ចិន​ស្ទើរ​តែ​៥០ភាគរយ​ហើយ​នោះ។

យោងតាមរបាយការណ៍រដ្ឋាភិបាល គិតត្រឹមឆមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានចុះហត្ថលេខាខ្ចីលុយបរទេសមានទំហំប្រមាណ ៧ ៦៣២លានដុល្លារ ក្នុងនោះជិត៤០ភាគរយជាកម្ចីរបស់ចិនដែលមានតម្លៃប្រមាណ ៤ ៧១១លានដុល្លារ ក្រៅពីនេះ ចិនក៏ឈរលេខមួយដែលជាប្រទេសដាក់ទុនវិនិយោគផ្ទាល់មកកម្ពុជាផងដែរ ដែលមានតម្លៃប្រមាណ ៩ពាន់ ៤រយលានដុល្លារ។

​សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​ពិភពលោក​នៅ​សាកលវិទ្យាល័យ Occidental College ទីក្រុង Los Angeles លោក អៀ សុផល បាន​ឱ្យ​ VOD ដឹង​តាម​សារអេឡិចត្រូវនិច​អ៊ីម៉ែល​ថា ការផ្អៀង​​ទៅ​រក​ចិន​ដោយ​រដ្ឋាភិបាល​កម្ពុជា ​​វា​មិន​មែន​ជា​រឿង​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​កម្ពុជា​នោះទេ តែ​វា​ជា​ការ​ផ្អៀង​ទៅ​រក​ភាព​ផ្ដាច់ការ និង​ការ​រំលោភ​សិទ្ធិ​មនុស្សរបស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

លោក​សរសេរថា៖ «ដោយ​បាន​ជ្រើសរើ​សចិន កម្ពុជាចាប់​ផ្ដើម​​ដើរ​ដោយ​គ្មាន​​ប្រជាធិបតេយ្យ គ្មាន​ការ​គោរព​សិទ្ធិ និងសេរីភាព​មនុស្ស។ វា​ជា​ការ​ខាតបង់​របស់​ប្រជាជន។ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​អាច​ជួយ​រក្សា​តុល្យភាព​កម្ពុជា​បាន តែ​ពួកគេ​មិន​អាច​ធ្វើ​បាន​ទេនៅពេល​ដែល​រដ្ឋាភិបាល​ភ្នំពេញ​ចង់​រៀប​ការ​ជាមួយ​ចិនហើយ​​នោះ។ និយាយដោយត្រង់ទៅ វា​ជាការបាត់បង់របស់ប្រជាជនកម្ពុជា ដែលធ្លាប់​បាត់បង់យ៉ាងច្រើនម្ដង​ហើយ​ទៅ​ឱ្យ​ប្រទេសចិនកាល​ពី​អតីតកាល ហើយ​វា​នឹងបាត់បង់ជា​ថ្មីម្តងទៀត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ