គណៈកម្មការទន្លេមេគង្គបារម្ភពីផល​ប៉ះពាល់​នៃ​គម្រោង​​ទំនប់វារីអគ្គិសនី លួងប្រាបាង

ដងទន្លេមេគង្គហូរកាត់ប្រទេសឡាវ នៅតំបន់លួងប្រាបាង។ (Mekong River Commission)

គណៈកម្មការទន្លេមេគង្គសម្តែងក្តីបារម្ភចំពោះផលប៉ះពាល់​ដែល​បង្កឡើងពីការសាងសង់ទំនប់វារី​អគ្គិសនី​លួងប្រាបាង ដែលជាគម្រោងថ្មីមួយទៀតរបស់ប្រទេសឡាវ ។

ក្តីបារម្ភបាន​កើតឡើង​បន្ទាប់ពីប្រទេសឡាវបាន​ស្នើឱ្យមានការពិគ្រោះ​យោបល់ទៅលើ​គម្រោងទំនប់វារីអគ្គិសនីលួងប្រាបាង ដែលជាគម្រោងទី៥របស់ខ្លួន ដែលគ្រោងសាងសង់នៅលើតួទន្លេមេគង្គនៅចុងឆ្នាំ​​​​២០២០ ។

ភាគីពាក់ព័ន្ធនៃទន្លេមេគង្គស្នើរដ្ឋាភិបាលឡាវ ឱ្យធ្វើការវាយតម្លៃឱ្យបានហ្មត់ចត់ទៅលើផលប៉ះពាល់ឆ្លងដែនផ្នែកបរិស្ថាន និងសង្គម ដែលអាចកើតចេញពីគម្រោងសាងសង់វារីអគ្គិសនីថ្មីមួយទៀតរបស់ប្រទេសនេះ​ ។

សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គផ្សព្វផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈនេះ ឱ្យដឹងថា ការស្នើសុំនេះ ក្នុងពេលភាគីពាក់ព័ន្ធនៃទន្លេមេគង្គដែលមានតំណាងប្រមាណ២០០នាក់ មកពីអង្គការសង្គមស៊ីវិល អ្នកសិក្សា វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងរដ្ឋាភិបាល ដែលបានចូលរួមប្រជុំក្នុងវេទិកាពិគ្រោះ​យោបល់ និងផ្តល់ព័ត៌មានធ្វើឡើងនៅខេត្តលួងប្រាបាង ប្រទេសឡាវ កាលពីថ្ងៃទី៥ ដល់ទី៦ ខែកុម្ភៈ​ កន្លងទៅនេះ។

តាមសេចក្តីប្រកាសព័ត៌មាននៅក្នុងវេទិកាពិគ្រោះយោបល់នោះ តំណាងនៃភាគីពាក់ព័ន្ធទាំងអស់នេះ បានសម្តែងការស្វាគមន៍ចំពោះរដ្ឋាភិបាលឡាវ ដែលបានចែករំលែក​ឯកសារពាក់ព័ន្ធ និងគម្រោងសាងសង់ថ្មីនេះឱ្យភាគីពាក់ព័ន្ធផ្សេងទៀតបានដឹងតាមរយៈដំណើរការពិគ្រោះយោបល់ជាមុននៃគណៈកម្មការទន្លេមេគង្គ ប៉ុន្តែ តំណាងទាំងនោះនៅមានការព្រួយបារម្ភនៅឡើយពីគុណភាព និងព័ត៌មានទាំងឡាយនៅក្នុងរបាយការណ៍ទាំងនោះ។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលឡាវ ធ្វើការសិក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីស្វែងរកវិធានការកាត់បន្ថយផលប៉ះពាល់​ឱ្យបានច្រើនជាងនេះ ។

លោក សុខ ប៊ុនហេង តំណាងមកពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ​ដែលបានចូលរួមក្នុងវេទិកានៅប្រទេសឡាវ បានសម្តែងក្តីបារម្ភពីផលប៉ះពាល់ធ្ងន់ធ្ងរដែលអាចកើតឡើងពីទំនប់វារីអគ្គិសនីថ្មីនេះ ។

លោក សុខ ប៊ុនហេង ត្រូវបានសេចក្តីប្រកាសព័ត៌មានគណៈកម្មការទន្លេមេគង្គស្រង់សម្តីថា៖ «ការសិក្សាទូលំទូលាយបន្ថែមទៀតទៅលើផលប៉ះពាល់ឆ្លងដែន ផ្នែកសង្គម បរិស្ថាន និងសេដ្ឋកិច្ច និងការបំលាស់ទីរបស់ត្រី និងលំហូរជលផល ត្រូវតែបង្កើតឡើងដើម្បីធានាថា ផលប៉ះពាល់បង្កឡើងដោយសារទំនប់ថ្មីនេះមានតិចតួចបំផុត»។

ចំណែកតំណាងមកពីប្រទេសថៃ និងវៀតណាម ដែលជាភាគីនៃគណៈកម្មការទន្លេមេគង្គដែរនោះ បានលើកឡើងថា វិធានការទប់ស្កាត់ដើម្បីគាំទ្រដល់ពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងសាងសង់ ត្រូវតែមាន ហើយក្រុមហ៊ុនសាងសង់គួរមានផងដែរនូវផែនការធានារ៉ាប់រងការខូចខាត និងសំណងដល់អ្នករងផលប៉ះពាល់។

ឆ្លើយតបចំពោះការអំពាវនាវរបស់តំណាងភាគីពាក់ព័ន្ធនេះ អគ្គនាយករងមកពីក្រសួងឧស្សាហកម្ម ថាមពល និងរ៉ែ របស់ប្រទេសឡាវ លោក វីធួនឡាបាន់ឌីស ថូម៉ាប៊ុត (Vithounlabandish Thommabout) បាននិយាយថា ប្រទេសឡាវក៏ចង់បានគម្រោងសាងសង់វារីអគ្គីសនីមួយល្អ ហើយឋិតឋេរដែរ ។

 លោកត្រូវបានសេចក្តីប្រកាសព័ត៌មានស្រង់សម្តីថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនសាងសង់ និងក្រុមវិស្វករអន្តរជាតិរបស់ក្រុមហ៊ុន ដើម្បីធ្វើឱ្យកាន់តែប្រសើរថែមទៀតក្នុងដំណាក់ការដំបូងនៃការរៀបចំគម្រោង និងវិធានការកាត់បន្ថយផលប៉ះពាល់»។

ជុំវិញបញ្ហានេះដែរ សង្គមស៊ីវិលចំនួន៥ស្ថាប័ន រួមមាន វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា អង្គការ FACT សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ អង្គការភូមិខ្ញុំ និងបណ្តាញការពារទន្លេសេសាន ស្រែពក និងសេកុង ក៏បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៦ ខែកុម្ភៈ សម្តែងក្តីបារម្ភពីផលប៉ះពាល់ដោយសារទំនប់ថ្មីនេះ ។

ក្រុម​សង្គមស៊ីវិល​ទាំងនោះ​និយាយថា គម្រោងដែលរដ្ឋាភិបាលឡាវបានដាក់ស្នើនេះ រួមជាមួយគម្រោងដែលមានស្រាប់ នឹងបង្កផលប៉ះពាល់បន្ថែមទៀតដល់លំហូរជលសាស្រ្តដែលធ្វើឱ្យផ្នែកខាងក្រោមនៃទន្លេមេគង្គក្រោម ជួបប្រទះញឹកញាប់នូវកំរិតលំហូរទឹកទាប កាត់បន្ថយកំណកកករ ឬដីល្បាប់ ដែលចាក់បំពេញផ្នែកខាងក្រោមនៃទន្លេមេគង្គក្រោម ដែលអាចបង្កឱ្យមានការបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់ការប្រកបរបរកសិកម្មរបស់ពលរដ្ឋ។ លើសពីនេះ គម្រោងនេះក៏នឹងអាចធ្វើឱ្យប៉ះពាល់ដល់ការបំលាស់ទីរបស់ត្រីទៅពងកូន ស្វែងរកចំណី និងរីកធំធាត់នៅតាមដងទន្លេ បឹងបួ ទន្លេមេគង្គក្រោម ជាពិសេសបឹងទន្លេសាបដែលជាបេះដូងរបស់កម្ពុជា ។

យុវជនការពារបរិស្ថាន លោក ជុំ ហួត ក៏បានសម្តែងការបារម្ភចំពោះគម្រោងសាងសង់ទំនប់វារីអគ្គីសនីលួងប្រាបាងនេះដែរ។ លោក ជុំ ហួត ដែលតែងចុះសិក្សាពីផលប៉ះពាល់បរិស្ថាននៅតំបន់ក្បែរទំនប់វារីអគ្គិសនី ដន សាហុង របស់ឡាវដែលនៅជាប់ខេត្តស្ទឹងត្រែងរបស់ប្រទេសកម្ពុជានោះ និយាយនៅថ្ងៃទី៧ ខែកុម្ភៈ ថាក្រោយពីទំនប់វារីអគ្គិសនីត្រូវបានសាងសង់ វាបានបង្កផលប៉ះពាល់ជាច្រើនដល់អ្នករស់នៅផ្នែកខាងក្រោម និងបរិស្ថាន។ ផលប៉ះពាល់ទាំងនោះរួមមាន ការប្រែប្រួលរបបទឹកហូរ បរិមាណដីល្បាប់ថយចុះ ទិន្នផលត្រី ថយចុះដោយសារត្រីមានការលំបាកក្នុងការបំលាស់ទី ហើយពលរដ្ឋដែលធ្លាប់រស់នៅពឹងផ្អែកលើការនេសាទក៏រងផលប៉ះពាល់ដោយសារទិន្នផលត្រីថយចុះ។ល។

ចំណែក អ្នកស្រី កែវ សុបឿន ពលរដ្ឋរស់នៅភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ និងបច្ចុប្បន្នជាសមាជិកនៃក្រុមស្ត្រីស្ម័គ្រចិត្តដើម្បីសង្គមដែរនោះ បានប្រាប់ វីអូឌី នៅថ្ងៃទី៧ ខែកុម្ភៈ ថា តាមការសង្កេតរបស់អ្នកស្រី ក្រោយដែលមានការសាងសង់ទំនប់វារីអគ្គីសនីជាច្រើនកន្លងមក សកម្មភាពនេសាទត្រីនៅតាមសហគមន៍របស់អ្នកស្រីមានការថយចុះខ្លាំង។ អ្នកស្រីថា កតា្តនេះបានជំរុញឱ្យពលរដ្ឋនៅទីនោះ ខ្លះត្រូវទៅស៊ីឈ្នួលគេនៅតាមខេត្តផ្សេងវិញ ដូចជាទៅធ្វើជាកម្មកររោងចក្រកាត់ដេរ និងកម្មករសំណង់ ជាដើម ហើយរហូតដល់រដូវធ្វើស្រែ ទើបពួកគាត់ត្រឡប់មកផ្ទះវិញ ។

 អ្នកស្រី សុបឿន បញ្ជាក់ថា៖ «កាលពីប្រមាណឆ្នាំមុន គឺសំបូរបែបត្រី ចង់និយាយថា មួយយប់រកបាន ៥០-៦០គីឡូ តែឥលូវរកតែ១គីឡូហូបអត់បានទេនៅក្នុងមួយយប់ ហើយឥលូវ ខាងទន្លេមេគង្គគឺទឹកស្រកយ៉ាងខ្លាំង ហើយផុសថ្ម ការនេសាទត្រីក៏ពិបាកដែរ»​៕

ទំនប់វារីអគ្គិសនីលួងប្រាបាង គឺជាគម្រោងវារីអគ្គិសនីទី៥របស់ប្រទេសឡាវ ដែលអាចផលិតថាមពលអគ្គិសនីចំនួន១៤៦០មេហ្កាវ៉ាត់ គ្រោងសាងសង់ចាប់ពីចុងឆ្នាំ២០២០ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧ ។ ថាមពលអគ្គីសនីដែលផលិតបានដោយទំនប់នេះ នឹងត្រូវផ្គត់ផ្គង់ ជាពិសេសទៅកាន់ប្រទេសថៃ និងវៀតណាម។ ចំណែកទំនប់វារីអគ្គិសនីផ្សេងទៀត ដែលឡាវបានសាងសង់ និងគ្រោងសាងសង់នៅលើតួមេនៃទន្លេមេគង្គដែរនោះ រួមមាន ទំនប់វារីអគ្គីសនី សាយ៉ាប៊ូរី (Xayaburi) ទំនប់ដនសាហុង ទំនប់ប៉ាក់បេង និងប៉ាក់ឡាយ ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ