អាមេរិក​ជំរុញ​អ្នក​រក​ស៊ី​របស់​ខ្លួនឱ្យមក​​​វិនិយោគ​លើ​វិស័យ​កសិកម្ម​កម្ពុជា

ឯកអគ្គរដ្ឋទូតអាមេរិក ថ្លែង ក្នុងសន្នីសិទសារព័ត៌មាន ពី ឱកាសធ្វើពាណិជ្ជកម្មលើ វិស័យកសិកម្មកម្ពុជា ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅ សណ្ឋាគារ Rosewood រាជធានីភ្នំពេញ។ (ហ៊ុន សិរីវឌ្ឍន៍)

ស្ថាន​ទូតអាមេរិក​ប្រចាំកម្ពុជា លើកទឹក​ចិត្តឱ្យ​អ្នករកស៊ីរបស់ខ្លួន​ចូល​មក​​វិនិយោគលើវិស័យ​កសិកម្ម​នៅកម្ពុជា​ ដោយ​ជឿ​ថា ​វត្តមាន​​ក្រុម​ហ៊ុន​អាមេរិក​នឹងរួមចំណែក​​ធ្វើ​ឱ្យ​វិស័យនេះមាន​ការ​រីក​ចម្រើន។

ស្ថានទូត​អាមេរិក​បាន​រៀប​ចំ​ជំនួប​មួយ​ដែល​មាន​រយៈពេល​២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​៧ ខែកុម្ភៈ រវាង​អ្នក​រកស៊ី​អាមេរិក និង​​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្ហាញ​ពី​ឱកាស​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែល​ក្នុង​នោះ​មាន​ក្រុម​ហ៊ុន​អាមេរិក​ចំនួន​២១​ក្រុម​ហ៊ុន​បាន​ចូល​រួម​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅព្រឹក​ថ្ងៃ​ទី​៦ ខែកុម្ភៈ​ ម្សិលមិញ​ ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក Partrick Murphy មាន​ប្រសាសន៍​ថា នេះ​ជា​ឆ្នាំ​ទី២​ហើយ​ដែល​អាមេរិក​បង្កើត​ឱ្យ​មាន​ជំនួប​នេះ ដោយ​រំពឹង​ថា​អ្នក​រក​ស៊ី​របស់​ខ្លួន​នឹង​ចាប់​អារម្មណ៍​ចំពោះ​ការ​​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​កសិកម្មនៅក្នុងប្រទេសនេះ​។

លោក​ថា៖ «ការ​ធ្វើ​កសិកម្ម​នៅ​កម្ពុជា​ពេល​បច្ចុប្បន្ន​នេះ គឺត្រូវ​ការ​ធ្វើ​ឱ្យ​មាន​លក្ខណៈ​ជឿន​លឿន​ បច្ចេក​ទេស​កាន់​តែ​ខ្ពស់ ហើយ​នឹង​មាន​ប្រសិទ្ធភាព​កាន់​តែ​ខ្លាំង។ […] ខ្ញុំ​សូម​បញ្ជាក់​ពី​រឿង​ពាណិជ្ជកម្ម​​ហើយ​និង​កសិកម្ម​ហ្នឹង គឺ​ថា ​វា​ជួយ​លុប​បំបាត់​ចោល​នូវ​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន​ ពីព្រោះក្រុម​ហ៊ុន​អាមេរិក​ដែល​មក​ធ្វើ​ គឺ​ជា​ក្រុម​ហ៊ុន​ដែល​មាន​បច្ចេក​ទេស​ខ្ពស់។ គេ​មិន​ពុករលួយ​ ដែល​គេ​នឹង​ទាមទារ​ឱ្យ​មាន​ភាព​ស្អាត​ស្អំ គេ​ទាម​ទារ​ឱ្យ​មាន​តម្លាភាព​ និង​នីតិរដ្ឋ​ល្អ»។

ក្រុម​ហ៊ុន​ដែល​ធ្វើ​ការ​លើ​វិស័យ​កសិកម្ម​អាមេរិក​ដែល​បាន​មក​ចូល​រួម​ក្នុង​ជំនួប​នេះ​មាន​២១​ក្រុម​ហ៊ុន ​ក្នុង​នោះ​ក៏​មាន​ក្រុម​ហ៊ុន​ល្បីៗ​មួយ​ចំនួន​ដូចជា ក្រុម​ហ៊ុន​បច្ចេកវិទ្យា IBM ក្រុមហ៊ុន​ពាណិជ្ជកម្ម Amazon ក្រុម​ហ៊ុន​គ្រឿង​ចក្រ​កសិកម្ម Jonh Deere និងក្រុម​ហ៊ុន​ផ្កាយរណប ​Planet.com ជាដើម។

តំណាង​ក្រុម​ហ៊ុន Planet.com លោក Josep ow Yong បាន​ថ្លែង​ក្នុង​សន្នីសិទ​សារព័ត៌មាន​នៅ​ព្រឹក​ម្សិលមិញផង​ដែរ​ថា ក្រុម​ហ៊ុន​លោក​ជា​ក្រុម​ហ៊ុន​ស្រង់ទិន្នន័យ​សណ្ឋានដី និង​ឧតុនិយមតាម​រយៈ​ផ្កាយ​រណប ដែល​អាច​ផ្ដល់​នូវ​ព័ត៌មាន​ជាក់លាក់ ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​អាច​ធ្វើ​ការ​វិភាគ និង​ប្រើប្រាស់​ ដើម្បី​ចេញ​គោល​នយោបាយកសិកម្ម​បាន​ត្រឹមត្រូវ។ លោក​សង្ឃឹម​​ថា តាម​រយៈ​សន្និសីទនេះ​ ក្រុមហ៊ុន​​នឹង​អាចមាន​ឱកាស​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ដើម្បីជួយ​ដល់​ការងារ​កសិកម្ម​កម្ពុជា​នា​ថ្ងៃ​អនាគត​ផង​ដែរ។​

លោក Josep លើកឡើងថា៖ «យើង​មាន​គំនិត​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល (កម្ពុជា) ហើយ​យើង​នឹង​ពិភាក្សា​គ្នា​ទៅ​មើល​ថា​ ផ្នែក​ខាង​ណា​ខ្លះ​ដែល​ត្រូវ​ធ្វើ​ការ​ជាមួយ​ យើង​នឹង​ជួយ»។

រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក ប៉ាន សូរស័ក្កិ បាន​ថ្លែង​ក្នុង​ជំនួប​នេះ​ថា លោក​ស្វាគមន៍​ចំពោះ​ក្រុម​ហ៊ុនបរទេស​​ទាំង​អស់ដែល​ចង់​វិនិយោគ​នៅក្នុងប្រទេស ដោយ​ថា​ ការ​ចូល​មក​វិនិយោគ​​នឹង​ផ្ដល់​ផល​ចំណេញ​ច្រើន​ដល់​ក្រុម​ហ៊ុន​ទាំង​នោះ។

លោក ប៉ាន សូរស័ក្កិ៖ «ការ​តាំង​ចិត្តរបស់​យើង​ រដ្ឋាភិបាល​បាន​ប្តេជ្ញា​ថា​ នឹង​មិន​បង្ក​ការលំបាក​ដល់​អ្នក​រកស៊ីគ្រប់​វិស័យ​ទាំង​អស់។ រដ្ឋាភិបាល​មាន​តែ​លើក​ទឹក​ចិត្តដើម្បី​ជំរុញ​ដល់​ការ​ធ្វើ​កសិកម្ម​ និង​​កសិពាណិជ្ជកម្ម​ទាំង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​ក្រៅ»។

ទោះ​ជា​យ៉ាងណា ក្នុង​របាយការណ៍​ឆ្នាំ​២០១៩ ​របស់​ធនាគារ​ពិភព​លោក បាន​ដាក់​ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មនៅ​កម្ពុជា មានពិន្ទុ ៥៤,៨០ លើ១០០ពិន្ទុ ខណៈក្នុងចំណោមប្រទេសទាំង១០របស់អាស៊ាន ប្រទេសកម្ពុជាជាប់លេខ៧ ដែលបង្ហាញថា ប្រទេសនេះនៅមានភាពលំបាកក្នុងការធ្វើពាណិជ្ជកម្មនៅឡើយ ។

​នាយក​ប្រតិបត្តិ​នៃ​សភាពាណិជ្ជកម្ម​អាមេរិក​ប្រចាំ​កម្ពុជា​ លោក Erich Phillips បាន​ឱ្យ​ VOD ដឹង​ថា ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​ មាន​ក្រុម​ហ៊ុន​អាមេរិកប្រមាណ១៥០​ក្រុម​ហ៊ុន​ប៉ុណ្ណោះ ​ដែល​បាន​មក​ធ្វើ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​។ លោក​បន្ថែម​ថា បញ្ហា​ដែល​កម្ពុជា​មិន​អាច​ទាក់ទាញ​អ្នក​វិនិយោគ​អាមេរិក​ចូល​ប្រទេស​ខ្លួន​បានច្រើន ​គឺ​ដោយ​សារ​ខ្វះ​ការ​ប្រកួត​ប្រជែង​ជា​មួយ​ប្រទេស​ជិត​ខាង និង​កង្វះ​ការ​អនុវត្តច្បាប់។

លោក Eric៖ «កម្ពុជា​ត្រូវ​គិត​ពី​អ្នក​ដើរ​ក្នុង​តំបន់​ បើ​សិន​ជា​អាមេរិក​ (អ្នក​វិនិយោគ) ត្រូវ​បាន​ចាប់​អារម្មណ៍​នៅ​ក្នុង​តំបន់ កម្ពុជា​ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​ប្រទេស​ជិត​ខាង (ដើម្បី​ទាញ​យក)។ ហើយ​ខ្ញុំ​គិត​ថា​ កម្ពុជា​អាច​នឹង​ក្លាយ​ជា​ប្រទេស​មាន​ការ​ប្រកួត​ប្រជែង ដែល​មាន​ភាព​វិជ្ជមាន​គឺទាក់ទង​នឹង​ការ​អនុវត្តច្បាប់។ រឿង​ទី​មួយ​ គឺ​ការ​អនុវត្ត​ច្បាប់​ ការ​អនុវត្តច្បាប់​កាន់​តែ​ខ្លាំង ក្នុង​ប្រទេសគឺ​ភាព​ល្អ​ប្រសើរ​នឹង​កើត​មាន។ ព្រោះ​អ្នក​វិនិយោគ​ពី​ក្រៅ​ប្រទេស​ គេ​ចង់​ដឹង​ពី​ភាព​នឹង​នរ​របស់​ប្រទេស​ ដើម្បីបញ្ចៀស​នូវ​បញ្ហា​​ការប្រឈមនៅពេល​មានរឿង​អ្វី​កើត​ឡើង​។ ខ្ញុំ​គិត​ថា​ នៅពេល​ដែល​ប្រទេស​កម្ពុជា​មាន​តម្លាភាព​កាន់​តែ​ខ្លាំង ​វា​កាន់​តែ​ប្រសើរ​សម្រាប់​ការ​ទាក់ទាញ​អ្នក​វិនិយោគ​»។

យោង​តាម​ស្ថិតិពាណិជ្ជកម្ម​លើ​វិស័យ​កសិកម្ម​កម្ពុជា-អាមេរិក ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​នាំ​ផលិត​ផល​កសិកម្ម​ទៅ​អាមេរិក​មាន​តម្លៃ​ប្រមាណ​១៥៧​លានដុល្លារអាមេរិក ដែល​ក្នុង​នោះ​ភាគ​ច្រើនជា​ផលិត​ផល​ឈើ ចំណី​សត្វ​ចិញ្ចឹម និង​អង្ករ ខណៈ​អាមេរិក​នាំ​ចូល​មក​កម្ពុជា​តម្លៃ​ជាង ៦២​លានដុល្លារ ដែល​ភាគ​ច្រើនជា​ផលិត​ចំណី​អាហារ​ និង​ធញ្ញជាតិ​សម្រាប់​ផលិត​ស្រាបៀរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ