វិភាគ​៖ ផល​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុជា​ពី​វីរុសកូរ៉ូណាថ្មី

(ឆ្វេង) បុរសពាក់ម៉ាសការពារការឆ្លងមេរោគ និង(ស្ដាំ) កម្មករធ្វើការនៅចក្រមួយកន្លែង និងទេសចរកម្សាន្តនៅអង្គរវត្ត។

សារព័ត៌មាន ​CNN បាន​រាយការណ៍​ថា ​ក្រោយ​ផ្ទុះ​វីរុសកូរ៉ូណាថ្មី​​ក្នុង​ប្រទេស​​​ចិន ប្រទេស​នេះ​​បាន​សម្រេច​បិទ​រោង​ចក្រ​មួយ​ចំនួន ខណៈ​ក្រុម​ហ៊ុន​​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​​ជាច្រើន ​ក៏​ត្រូវ​បាន​កាត់​បន្ថយ​ការ​ដឹក​ជញ្ជូន​ទំ​និញ​ចេញ​ពី​ប្រទេស​ចិន​ផង​ដែរ។ ក្រៅ​ពី​​ការ​បិទ​​រោងចក្រ​ និង​ដឹក​ជញ្ជូន​ តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ចិន ​ក៏​បិទ​មិន​ឱ្យ​ប្រជាជន​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ផង​ដែរ ស្រប​ពេល​ដែល​រដ្ឋ​បរទេស​មួយ​ចំនួន បាន​សម្រេច​​ផ្អាក​ការ​ហោះ​ហើរ​ចេញ​ចូល​ប្រទេស​នេះ។

សេដ្ឋវិទូជាន់ខ្ពស់នៅ​ស្ថាប័ន​ស្រាវ​ជ្រាវ​ Pantheon Macroeconomics លោក Miquel Chanco ប្រាប់​វីអូឌី តាមសារអេឡិចត្រូនិចអ៊ីម៉ែលថា ​ផល​ប៉ះពាល់​នៃ​វីរុស​​កូរ៉ូណា​ថ្មី​នេះ ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ដែល​ពឹង​ផ្អែក​ខ្លាំងពី​ប្រទេស​ចិន​​ រង​ផល​ប៉ះពាល់​ខ្លាំង។

​លោក Miquel Chanco បាន​ប្រាប់​ថា៖ «ប្រទេសក្នុងតំបន់អាស៊ាន នឹងប៉ះទង្គិចសេដ្ឋកិច្ចខ្លាំងទ្វេដង ដោយសារការធ្លាក់ចុះនៃការនាំចេញទៅប្រទេសចិន និងការដាក់បម្រាមលើអ្នកដំណើរមកពីប្រទេសនេះ។ កា​ន់តែធ្ងន់​ធ្ងរ គឺប្រទេសក្នុងតំបន់ដែលពឹងផ្អែក​ខ្លាំងលើតម្រូវការពីប្រជាជនចិន និងទេសចរចិន សម្រាប់កំណើនសេដ្ឋកិច្ចប្រ​ទេសខ្លួន»

បើ​ងាក​មក​កម្ពុជាវិញ​ របាយការណ៍​ធនាគារ​ជាតិ​កម្ពុជា​ចេញ​កាល​ពី​ឆ្នាំ២០១៨​កន្លង​មក បង្ហាញ​ថា ប្រទេស​ចិន​បាន​ក្លាយ​ជា​ប្រទេស​ដែល​នាំ​ផលិត​ផល​វត្ថុ​ធាតុ​ដើម​មក​កម្ពុជា​ធំ​បំផុត និង​ជាប្រទេស​ដែល​មាន​អ្នក​ទេសចរ​មក​កាន់​ប្រទេស​នេះ​ច្រើន​ផង​ដែរ។

ស្រប​ពេល​ដែល​ផ្ទុះ​វីរុស​នេះ​នៅ​ប្រទេស​ចិន តើ​សេដ្ឋកិច្ច​កម្ពុជា​នឹងរង​ផល​ប៉ះពាល់​អ្វី​ខ្លះ?

​របាយការណ៍​ប្រចាំ​ឆ្នាំ​២០១៩ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​បាន​ឱ្យ​ដឹង​ថា ​កំណើន​​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៩​ បាន​កើន​ឡើង​នៅ​ក្នុង​រង្វង់ ៧,១​ភាគរយ ដែល​ជំរុញ​ដោយ​កំណើន​​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ​៣៨,៣ភាគរយ សេវាកម្ម​ប្រមាណ​ ៣៨,១ភាគរយ និង​កសិកម្ម​ប្រមាណ ​១៦ភាគរយ។

ធនាគារ​ជាតិ​ក៏​បាន​ប៉ាន់​ប្រមាណ​ក្នុង​របាយការណ៍​របស់​ខ្លួន​នោះ​ថា កំណើន​​សេដ្ឋកិច្ច​កម្ពុជា​ អាច​ប្រឈម​នឹង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ និង​ការ​ថម​ថយ​នៃ​សេដ្ឋកិច្ច​ចិន។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត​សភា​កម្ពុជា ​លោក​បណ្ឌិត គី សេរីវឌ្ឍន៍ បាន​ឱ្យ​ដឹង​ថា ក្រោយ​​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិន​នោះ​ ​វានឹង​ចាប់​ផ្ដើមប៉ះពាល់​​ដល់​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ពិភព​លោក​​ ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង​ដែរ។ លោក​បន្ថែម​ថា​ វិស័យ​ធំ​ពីរ​របស់​កម្ពុជា​ គឺ​​ឧស្សាហកម្ម​កាត់​ដេរ និង​ទេសចរណ៍ ​​នឹង​រង​គ្រោះ​ខ្លាំង​ជាង​គេ ​ក្រោយ​ពេល​ដែល​វីរុស​នេះ​រីករាល​ដាល​នៅ​ចិន។

លោក​បណ្ឌិត គី សេរីវឌ្ឍន៍ ប្រាប់​ថា​៖ «ផល​ប៉ះពាល់​នៃ​វីរុស​កូរ៉ូណា​នេះគឺ​មាន​រយៈពេល​ខ្លី និង​រយៈពេល​វែង ដែល​យើងឃើញ​ហើយ​ថា​ នៅ​ក្នុង​រយៈពេល​ខ្លី​គឺ​មិន​ទាន់​ឃើញ​មាន​ប៉ះពាល់​ទេ។​ តែ​ប្រសិន​ជា​វា​នៅ​តែ​បន្តអ៊ីចឹង​តទៅ​ទៀត ហើយ​ដោយ​គ្មាន​វិធាន​ការ​ដើម្បី​ទប់ស្កាត់​ទេ កម្ពុជា​នឹង​ប្រឈម​ទៅ​នឹង​បញ្ហា​»

ផល​ប៉ះពាល់​ដល់ឧស្សាហកម្ម​កាត់​ដេរ​

អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ បាន​ឱ្យ ​VOD ដឹង​ថា នៅខែក្រោយនេះ ​រោងចក្រ​កាត់ដេរ​មួយ​ចំនួន នឹងបង្ខំចិត្តបិទទ្វាបណ្តោះអាសន្ន​ ដោយ​សារខ្វះ​វត្ថុធាតុដើមដែលផ្គត់ផ្គង់ពី​ប្រទេស​ចិន ដោយ​សារ​ផល​ប៉ះពាល់​នៃ​វីរុស​កូរ៉ូណា​ថ្មី​នេះ។

លោក​ ហេង សួរ ប្រាប់​​ថា៖ «ប្រសិន​ជា​សង្វាក់ផលិត​កម្ម​របស់​ចិន​នៅ​តែ​បន្តបិទ​ហួស​ពី​ខែ​ពីរ ​[កុម្ភៈ] នេះ គឺ​អាច​ធ្វើ​ឱ្យ​រោង​ចក្រ​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ ​ខ្វះ​នូវ​វត្ថុធាតុដើម​ផលិត​ជា​ផលិតផល​សម្លៀក​បំពាក់​ ឬ​មួយ​ក៏​ផលិតផល​ផ្សេង​ទៀត​ផង​ដែរ។ បច្ចុប្បន្ននេះ យើងមានរោងចក្រមួយចំនួន បានទំនាក់ទំនងមកក្រសួង ដើម្បីពិនិត្យទៅលើនីតិវិធី​សុំការព្យួរការងារមួយរយៈ ក្នុងករណីដែល​ពាក់កណ្តាលខែ៣ខាងមុខនេះ គាត់គ្មានវត្ថុធាតុដើមសម្រាប់ដំណើរការផលិ​តកម្ម​របស់ខ្លួន»

លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍ បាន​ពន្យល់ថា៖ «វា​នឹង​ប៉ះពាល់​ទៅ​ដល់​ផល​ចំណូល​របស់​កម្ម​ករ​ ហើយ​វា​នឹង​ប៉ះពាល់​ដល់​ចំណូល​របស់​សហគ្រាស​ផង​ដែរ។ ព្រោះ​ទី​មួយ​ សហគ្រាស​ត្រូវ​ចំណាយ​ប្រាក់​បុគ្គលិក​ក្នុង​ចំណែក​ណា​មួយ​ដើម្បី​រក្សា​កម្ម​ករ ឧបត្ថម្ភ​កម្មករ​ ហើយ​ទី​ពីរ​គឺ ​ផល​ចំណេញ​របស់​គាត់​​​ត្រូវ​បាន​ថយ​ដោយ​សារ​គាត់​អត់​មាន​ទំនិញ​យក​ទៅ​លក់»

នៅ​ថ្ងៃ​ទី​១១ ខែកុម្ភៈ​ សមាគមរោង​ចក្រ​កាត់ដេរ​​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​លើក​ឡើង​ថា​ ដោយ​សារ​ខ្វះ​ខាត​វត្ថុធាតុ​ដើម​សម្រាប់​ផលិតកម្ម​ រោង​ចក្រ​មួយ​ចំនួន​​អាចនឹង​​ផ្អាក​ប្រតិបត្តិ​ការ​ផលិត​កម្ម​របស់​ខ្លួន​ដែល​មាន​រយៈពេល​ ១ខែ ឬ​ដល់​២ខែ។

សមាគម​រោងចក្រ​កាត់​ដេរ​ បញ្ជាក់​ថា៖ «ចំពោះ​នីតិវិធី​នៃ​ការ​ផ្អាក​បណ្ដោះ​អាសន្ន គ្រប់រោងចក្រទាំង​ឡាយ​នោះ​ នឹង​ត្រូវ​អនុវត្ត​តាម​នីតិ​វិធី​ច្បាប់​ជា​ធរមាន ដោយ​មាន​ការ​ពិភាក្សា​ និង​ព្រមព្រៀង​គ្នា​រវាងកម្មករ​និយោជិត និង​ថ្នាក់គ្រប់គ្រងរោងចក្រ ក្រោម​ការត្រួត​ពិនិត្យ​ និង​ការ​អនុញ្ញាត​ពី​អធិការ​ការងារ»

អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំង ម៉ូនីកា បាន​ប្រាប់ ​VOD ថា​ សមាគម​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ការ​ខាត​បង់​របស់​រោង​ចក្រ​ទៅ​លើ​ការ​ផ្អាក​ផលិត​កម្ម​នេះ​នៅ​ឡើយ​ទេ ដោយ​លោក​សរសេរ​យ៉ាង​ខ្លី​ថា ​ដរាប​ណា​វិបត្តិ​នៃ​វីរុស​នេះ​​នៅ​តែ​មាន ការ​ខាត់​បង់​គឺ​កាន់​តែ​ខ្លាំង។

លោក កាំង មូលីកា ​សរសេរ​ថា៖ «វិបត្តិ​នៃ​វីរុស​នេះ​កាន់​តែបន្ត​ ការ​ខាត​បង់​នឹង​មាន​ទំហំកាន់​តែ​​ធំ»

ប្រធានសហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ​បង្ហាញ​នូវ​ក្ដី​បារម្ភ​ថា ​ការ​ជះ​ឥទ្ធិពល​នៃ​វីរុស​កូរ៉ូណា​ដែល​ធ្វើ​ឱ្យ​រោង​ចក្រ​នៅ​កម្ពុជា​ផ្អាក​ដំណើរ​ការ​នោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​ដោយ​សារ​គ្មាន​ការងារ​ធ្វើ និង​ថយ​ចុះ​ចំណូល។

លោក​ អាត់ ធន់ ប្រាប់​ថា​៖ «ក្នុង​ករណី​ដែល​ក្រុម​ហ៊ុនព្យួរ ​ត្រូវ​ព្យួរ​តាម​ច្បាប់​ដែល​ច្បាប់​អនុញ្ញាត្តិ​ ដែល​មាន​ការឯកភាព​ពី​ក្រសួង​ អាហ្នឹងព្យួរ​បាន​ តែក៏​ក្រុម​ហ៊ុនតម្រូវ​ឱ្យ​កម្មករ​នូវ​ថ្លៃ​ស្នាក់​នៅ​ និង​អាហារ​ផង​ដែរ​ នេះ​គឺ​បញ្ហា​ទី​មួយ​ នៅពេល​ដែល​ក្រុម​ហ៊ុន​ព្យួរ​ ហើយ​មិន​បាន​រៀបចំ​លុយ​ឱ្យ​បាន​ត្រឹម​ត្រូវ ​វា​នឹង​បង្ក​ឱ្យ​មាន​ជម្លោះ។ ហើយ​រឿង​ទីពីរ​ កាលណា​ព្យួរ​ទៅ​ដោយ​មិន​មាន​មូល​ហេតុ​ ឬ​ក៏​យូរៗ​ទៅ​ជា​អត់​ការងារ​ធ្វើ កម្ម​ករ​នឹង​បាត់​បង់​ការងារ និង​ប្រាក់​ចំណូល​ដែល​ជា​រឿង​គួរ​ឱ្យ​បារម្ភ​មែន​ទែន​ចំពោះ​បញ្ហា​នេះ»

ក្រៅ​ពី​ផល​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្មកាត់​ដេរ វិស័យ​ទេសចរណ៍នៅ​កម្ពុជា​ក៏​ប្រឈម​នឹង​​បញ្ហា​ផង​ដែរ​ក្រោយ​ពេល​ដែល​ប្រទេស​នៅ​តំបន់​អឺរ៉ុប​បិទ​ការ​ហោះ​ហើរ​ចូល​ប្រទេស​ចិន​ ដែល​ជា​ប្រទេស​សម្រាប់​ប្ដូរ​ជើង​យន្ត​ហោះ​មក​កម្ពុជា​នោះ។

ផល​ប៉ះពាល់​ដល់​ទេសចរណ៍

របាយការណ៍​ក្រសួង​ទេសចរណ៍បាន​​បង្ហាញថា​ ក្នុង​​ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរបរទេស​ប្រមាណ​ ៦លាន ៦សែន​​​នាក់ ក្នុង​នោះ​​ភ្ញៀវ​ចិន មាន​ចំនួនជាង​ ២លាន​ ៣សែននាក់ អឺរ៉ុប​ជិត​ ៨០​ម៉ឺននាក់ និង​ទ្វីប​អាមេរិក​ជាង ៣៥​​ម៉ឺន​នាក់។​ ទោះ​​ជា​យ៉ាង​ណា ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នៅ​ចិន ដែល​ធ្វើ​ឱ្យ​ចិន​បិទ​ការហោះហើរ​ចេញ​ពី​តំបន់​មួយ​ចំនួន​ ខណៈ​រដ្ឋបរទេស​ ជាពិសេស​អឺរ៉ុប និង​អាមេរិក ​បញ្ឈប់​ការ​ហោះហើរ​ចូល​ចិន​នោះ ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​ជា​ខ្លាំង​ផង​ដែរ។

មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្ត​សៀម​រាប ​លោក អ៊ី តុងហាន់ មាន​ប្រសាសន៍​ប្រាប់ ​VOD ថា​ ស្ថានភាព​ភ្ញៀវទេសចរ​ក្នុង​ខេត្ត មាន​បញ្ហា​ប្រឈម​ជា​ខ្លាំង​ក្រោយ​ការ​ផ្ទុះ​វីរុស​នេះ ខណៈ​រដ្ឋបរទេសមួយ​ចំនួន​ដែល​ជា​ភ្ញៀវ​ទេស​ចរ​សំខាន់​នៅ​កម្ពុជា​ បាន​​បិទ​ជើង​យន្តហោះ​ទៅ​ប្រទេស​​​ចិន​នោះ។

លោក​ថា៖ ជើង​យន្តហោះ​មក​ពី​អឺរ៉ុប និង​អាមេរិក​ ចូល​ចិន​ គេ​ឱ្យ​លុប​បំបាត់ ​ដោយ​សារ​រដ្ឋាភិបាល​គេ​មិន​ចង់​ឱ្យ​ពលរដ្ឋ​គេ​ឆ្លង​មេរោគ​ហ្នឹង ដល់​ពេល​អញ្ចឹង​ ភ្ញៀវ​ប្រាប់​សុំ​ទោស​ដែរ​ថា​ គាត់​នឹង​មក​លេង​វិញ​ឱ្យ​តែ​យន្ត​ហោះ​គាត់​មក​បាន ​គាត់​មក​ តែបើ​មក​ មិន​បាន​ទេ​។ ហើយ​ម្យ៉ាង ​រដ្ឋាភិបាល​គេ​មាន​ការ​ព្រមាន​ខ្លាំង​ក្លា​ថា​ប្រសិន​ជា​ឆ្លង​កាត់​ប្រទេស​ចិន​ និង​មក​លេង​ដល់​ខ្មែរ​ ពេល​ត្រលប់​ទៅ​វិញ​ គេ​នឹង​ឱ្យ​ស្នាក់​នៅជំរុំ​១៤​ថ្ងៃ​អី​អញ្ចឹង​ទៅ​។ ហើយ​គេ​អាច​ប្រឈម​នឹង​បាត់​បង់​ការងារ​ជាដើម​ ដែល​ធ្វើ​ឱ្យ​ពួកគេ​មិន​សប្បាយ​ចិត្ត​ទេ»

អ្នក​នាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ លោក ជា អូន បាន​ប្រាប់​ VOD ថា ក្រោយ​ផ្ទុះ​វីរុស​កូរ៉ូណា​នៅ​ចិន ​​ស្ថាន​ភាព​​អ្នក​ដំណើរមក​កម្ពុជា​តាម​អាកាស​យានដ្ឋាន​អន្តរជាតិ​កម្ពុជា​ទាំង​៣​ បាន​ថយ​ចុះ​យ៉ាង​គំហុក ក្នុង​នោះ ​ព្រលាន​យន្តហោះ​នៅ​ខេត្ត​សៀម​រាប​ ធ្លាក់​ចុះ​ ៩០ភាគរយ ភ្នំពេញ​ ៤០ភាគរយ និង​ខេត្ត​ព្រះសីហនុ​ ៤០ភាគរយ។

លោក ជា អូន ប្រាប់​ថា៖ «ដោយសាររឿងគេភ័យខ្លាចឆ្លងជំងឺអីអ៊ីចឹងទៅ ទើបមនុស្សមិនហ៊ានជិះយន្តហោះ អ៊ីចឹងហើយបានអ៊ែរឡាញ [ក្រុមហ៊ុនអាកាសចរ] គាត់បង្ខំចិត្ត Cancel Fly [លុបចោលជើងហោះហើរ] ព្រោះថា បើហោះគឺខាតសម្បើមណាស់»

មគ្គុទេសក៍ទេសចរណ៍នៅខេត្តសៀមរាប លោក អ៊ី តុងហាន់ បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ​ប្រសិន​ជា​ស្ថាន​ភាព​នេះ​នៅ​តែ​បន្ត​ទៀត​​ អ្នក​ដែល​រំពឹង​លើ​វិស័យ​ទេសចរណ៍​នឹង​រងគ្រោះ​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត។

លោក អ៊ី តុងហាន់ ប្រាប់​ថា៖ «ឥឡូវ​នេះ​ មិន​មែន​ត្រឹម​តែ​អ្នក​ប្រកប​នៅ​ក្នុង​វិស័យ​ទេសចរណ៍​​យើង​តែ​មួយ​ទេ​ដែល​មាន​បញ្ហា ​សូម្បី​​តែ​បង​ប្អូន​អ្នក​រក​ទទួល​ទាន​លក់​ដូរ បើក​ហាង​កាហ្វេ​ ភោជនីយដ្ឋានលក់​នៅ​តាម​ទីផ្សារ​ផ្សេងៗ គឺ​តែង​តែ​ស្ងាត់​ច្រើន​»

លោកបណ្ឌិត​ គី សេរីវឌ្ឍន៍ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​ នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​ពី​ការ​ខាត​បង់សេដ្ឋកិច្ច​កម្ពុជា​បាន​នៅ​ឡើយ តែ​លោក​ថា ​ក្នុង​ស្ថានភាព​បែប​នេះ ​សេដ្ឋកិច្ចកម្ពុជា​អាច​នឹង​នៅ​ទ្រឹង​មិន​ទៅ​មុខ ឬ​ថយ​ក្រោយ។

លោក​ គី សេរីវឌ្ឍន៍ ថា៖ «ខ្ញុំ​មិន​ទាន់​បាន​គណនា​នៅឡើយ​ទេថា ​ទំហំ​នៃ​ការ​ខូច​ខាត​សរុប​អស់​ប៉ុន្មាន​ទេ​? ហើយ​វា​ពិបាក​ក្នុងការ​ប៉ាន់​ស្មាន។ […] តែ​ចំពោះ​ស្ថាន​ភាព​បច្ចុប្បន្ន ​យើង​អាច​ហៅ​ថា​ សេដ្ឋកិច្ច​នៅ​ទ្រឹង​ មិន​ទៅ​មុខ មិន​រីក​ចម្រើន តែ​វា​មិន​ទាន់​ថយ​ក្រោយ​ទេ»

ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល

រហូតមកដល់ពេលនេះ គេ​នៅមិនទាន់ឃើញ​ការ​ប្រកាសពីដំណោះស្រាយជាក់​លាក់​ណាមួយជា​សាធារណៈ​ដោយរដ្ឋាភិបាលកម្ពុជានៅឡើយទេ។

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ លោក មាស សុខសេនសាន ​ទទួល​ស្គាល់​ពី​ផល​ប៉ះពាល់​នៃ​វីរុស​កូរ៉ូណា​មក​លើ​សេដ្ឋកិច្ច​ជាតិ​ តែ​លោកថា ​​ក្រសួង​នៅ​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ពី​ទំហំ​នៃ​ការ​ខាត​បង់​សេដ្ឋកិច្ច​ដែល​ចេញ​ពី​ផល​ប៉ះពាល់​នេះ​បាន​នៅ​ឡើយ​ទេ​។

លោក ​មាស សុខសេនសាន៖ «យើង​បាន​គិត​គូរជា​រួម​មក​ហើយ​នូវ​ការ​ប៉ះទង្គិច​សេដ្ឋកិច្ច​ពី​បញ្ហា​ផ្សេង​ៗ តែ​បើ​ពាក់ព័ន្ធ​នឹង​កូរ៉ូណា​វីរុស​ គឺ​វា​ត្រូវ​ការ​ចូល​រួម​ទាំង​អស់គ្នា ហើយ​អ្វី​ដែល​សំខាន់​ គឺ​យើង​មាន​តែ​សង្កេត​មើល​បន្ដិច​ទៀត​ថា ​តើ​បញ្ហា​នេះ​វា​បន្ត​កើត​ឡើង​ប៉ុន្មាន​សប្ដាហ៍​ទៀត»

បើ​តាម​លោក​ មាស សុខសេនសាន សេដ្ឋកិច្ច​កម្ពុជា​​អាច​រក្សា​កំណើន​បាន​ជាង​ ៦ភាគរយ​នាឆ្នាំ​នេះ​ ស្រប​ពេល​ដែល​វិបត្តិនេះ​កើត​ឡើង។

នេះជា​លើក​ទីពីរ​ហើយ ដែល​ផ្ទុះ​នូវ​ជំងឺ​សួត​ធ្ងន់ធ្ងរ ដោយ​វីរុស​ចេញ​ពី​ប្រទេស​ចិន បន្ទាប់​ពី​ផ្ទុះ​នូវ​ជំងឺ​សារ ​នៅខែវិច្ឆិកា ​ឆ្នាំ​២០០២ ដែល​នៅពេល​នោះ​បណ្ដាល​ឱ្យ​មនុស្ស ​៧៧៤​នាក់​ស្លាប់ និង​មនុស្ស​ជិត​ ១ម៉ឺននាក់​ផ្សេង​ទៀត​ឆ្លង​វីរុស​នេះ មុន​ពេល​វា​បាត់​ឥទ្ធិពល​វិញ​​​​​នៅ​ខែ​កក្កដា ​ឆ្នាំ​២០០៣។

ឥទ្ធិពល​នៃ​វីរុស​សារ​ឆ្នាំ​នោះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជាប៉ាន់ប្រមាណ​ថា​ ធ្វើ​ឱ្យកម្ពុជា​​ខាត​បង់​សេដ្ឋកិច្ច​យ៉ាង​តិច ​១០​លានដុល្លារ គ្រាន់​តែ​លើ​វិស័យ​ទេសចរណ៍​មួយប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ