សង្គមស៊ីវិលស្នើក្រសួង​ការងារបន្ត​​ឧបត្ថម្ភ​ដល់​កុមារីម្នាក់ដែល​ដាច់​ដៃពេលធ្វើការនៅឡឥដ្ឋ

កុមារីរងគ្រោះដៃដាច់ម្ខាងអំឡុងពេលធ្វើការងារនៅឥដ្ឋមួយកន្លែងនៅខេត្តកណ្ដាល សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា នៅខែមីនា ឆ្នាំ២០១៩។ (បណ្ដាញសង្គម)

សង្គមស៊ីវិលទទូចឱ្យក្រសួងការងារបន្តយកចិត្តទុកដាក់ឧបត្ថម្ភដល់ការរស់នៅរបស់កុមារី​រង​គ្រោះ​ដែលដាច់ដៃ ដោយសារធ្វើការនៅក្នុងសិប្បកម្មឡឥដ្ឋកាលពីឆ្នាំ២០១៩។

កាលពីខែមីនា ឆ្នាំ២០១៩ កុមារី ឆេង ស្រីភ័ក្រ្ត កាលណោះមានអាយុ១០ឆ្នាំ បានរងគ្រោះដាច់ដៃស្តាំត្រឹមគល់ក្លៀកដោយសារម៉ាស៊ីនកិនដីក្នុងពេលធ្វើការជាមួយឪពុកម្តាយដែលជាកម្មករឡឥដ្ឋនៅក្នុងសិប្បកម្មផលិតឥដ្ឋមួយកន្លែងនៅភូមិ​ព្រះប្រសប់ ឃុំ​ព្រះប្រសប់ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ។

នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត ថ្លែងថា រឿងជួយឧបត្ថម្ភដល់កុមារី ស្រីភ័ក្រ្ត មិនមានជារឿងសប្បុរសធម៌ដែលក្រសួងត្រូវធ្វើក៏បាន ឬមិនធ្វើក៏បាននោះទេ តែលោកថា វាជាកាតព្វកិច្ចដែលក្រសួងត្រូវតែបំពេញ។

លោក អំ សំអាត ថ្លែងកត់សម្គាល់ថា៖ «ថ្មីៗនេះនៅក្នុងសិក្ខាសាលាមួយ ខាងតំណាងក្រសួង​បាន​លើកថាគេនឹងជួយទៅលើស្រីភ័ក្រ្តតាមការសន្យា ចឹងនេះជាកាតព្វកិច្ចថាក្រសួងត្រូវបន្ត​ការ​ជួយយ៉ាងម៉េចតទៅទៀតតាមការសន្យារបស់ខ្លួន ហើយមកដល់ពេលនេះ បើក្រសួងមិនទាន់បានធ្វើទេ គឺជាការមួយមិនបានបំពេញទៅតាមការសន្យាជួយស្រីភ័ក្រ្ត»។

បន្ថែមពីលើនេះ លោក អំ សំអាត យល់ថា គ្រោះថ្នាក់លើកុមារី ស្រីភ័ក្រ្ត គឺបណ្តាលមកពីការធ្វេសប្រហែសរបស់ក្រសួងការងារនៅក្នុងការធ្វើអធិការកិច្ច ឬចាត់វិធានការលើសិប្បកម្មឡឥដ្ឋ ដែលបង្កឱ្យមានគ្រោះថ្នាក់កើតឡើង ហេតុនេះ លោកថា ក្រសួងក៏ត្រូវមានកាតព្វកិច្ចទទួលខុសត្រូវក្នុងរឿងនេះដែរ។

ក្រោយហេតុការណ៍គ្រោះថ្នាក់នោះ ក្រសួងការងារបានសន្យាថា ​នឹងផ្តល់របបសន្តិសុខសង្គមដល់កុមារីរងគ្រោះ ដែលរួមមានការព្យាបាលរហូតជាសះស្បើយមិនអស់ប្រាក់ ផ្តល់សេវា ស្តារនីតិសម្បទាឡើងវិញ និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការបាត់បង់សមត្ថភាពអចិន្ត្រៃយ៍អស់មួយជីវិត។ល។

ទោះជាយ៉ាងណា ម្តាយកុមារីរងគ្រោះ ឆេង ស្រីភ័ក្រ្ត គឺអ្នកស្រី ឃឹម ចាន់ណា បានប្រាប់វីអូឌី កាលពីថ្ងៃទី៥ ខែកុម្ភៈ ថាចាប់តាំងពីពេលកូនស្រីចាកចេញពីមន្ទីរពេទ្យមក គ្រួសារអ្នកស្រីមិនបានទទួលប្រាក់ឧបត្ថម្ភពីស្ថាប័នរដ្ឋណាមួយឡើយ ក្រៅតែពីមានអង្គការមនុស្សធម៌ចុះមើលស្ថានភាពកូនអ្នកស្រី និងផ្តល់ប្រាក់ឧបត្ថម្ភខ្លះៗសម្រាប់ផ្គត់ផ្គង់គ្រួសារ និងការរៀនសូត្ររបស់កូនអ្នកស្រី។ យ៉ាងណាក្តី អ្នកស្រីថា មិនដែលហ៊ានទាមទារអ្វីទៅក្រសួងឡើយ ព្រោះថា ពេលកូនស្រីមានគ្រោះថ្នាក់ ឃើញក្រសួងបានខិតខំជួយព្យាបាល កូនរួចហើយ។

អ្នកស្រី ឃឹម ចាន់ណា ថ្លែងថា៖ «និយាយរួមទៅ រឿងនេះខ្ញុំអត់ហ៊ានសំណូមពរថាចង់ទាមទារអីពីគាត់ទេព្រោះកាលខ្ញុំនៅពេទ្យ គាត់បាននិយាយថា គាត់នឹងជួយអាភ័ក្រ្តមួយខែម្ភៃម៉ឺនឱ្យរៀន ទាល់តែគ្នាបាត់បង់ជីវិតបានគេឈប់ចិញ្ចឹម ដល់ពេលឥលូវបាត់ឈឹង ខ្ញុំក៏អត់ហ៊ានសួរដែរ កុំឱ្យថាខ្ញុំសួរទៅ ថាខ្ញុំចង់បានលុយ»។

អ្នកស្រី ឃឹម ចាន់ណា ដែលអះអាងថា បច្ចុប្បន្នប្រកបមុខរបរជាអ្នកលក់ដូរបន្តិចបន្តួច និងប្តីប្រកបរបរជាអ្នករត់ម៉ូតូឌុប រៀបរាប់ថា ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់លើកូនស្រី បានធ្វើឱ្យអ្នកស្រី និងប្តីរាងចាលលែងហ៊ានធ្វើការជាកម្មករឡឥដ្ឋទៀតហើយ ព្រោះអ្នកស្រីថាដោយសារតែមុខរបរនេះ អ្នកស្រីបានបន្សល់ទុកនូវភាពឈឺចាប់មួយជីវិតដល់កូនស្រីដែលជាបទពិសោធន៍ជូរចត់ អ្នកស្រីមិនចង់ជួបប្រទះទៀតឡើយ។ ម្យ៉ាងដោយសារបំណុលដែលគ្រួសារអ្នកស្រី និងម្តាយជំពាក់ម្ចាស់ឡឥដ្ឋជាង១ម៉ឺនដុល្លារ គេលែងទាមទារឱ្យសងវិញនោះ អ្នកស្រី និងប្តីបានសម្រេចត្រឡប់មករស់នៅឯស្រុកកំណើតនៅភូមិថ្មី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាមវិញ។ 

អ្នកស្រីឱ្យដឹងបន្ថែមថា បច្ចុប្បន្នស្រីភ័ក្រ្តរៀនថ្នាក់ទី២ មានសុខភាពល្អធម្មតា មុខរបួសក៏លែងមានការឈឺចាប់ដូចមុនទៀតដែរ តែអ្នកស្រីនៅតែនឹកអាណិតខ្លោចចិត្តចំពោះកូនដែលរស់នៅបាត់ដៃម្ខាង។

អ្នកស្រីនិយាយដោយខ្សឹកខ្សួលថា៖ «រាល់ថ្ងៃខ្ញុំលក់បណ្តើរចេះតែលួចមើលកូនដែរ ដូចថា​ពេលណាខ្ញុំរវល់មិនទាន់បានបាយ​ទឹក គឺអាភ័ក្រ្តតែង​ដៃមួយចំហៀង​យកឆ្នាំងបាយ​ទៅលាង ចូកអង្ករ ដាក់លាងដាក់លើចង្រ្កាន ដៃមួយចំហៀង ស្តាយកូនដែរតែមិនដឹងធ្វើម៉េច ជួន​កាល​ខ្ញុំរវល់ខ្លាំងទៅ អាភ័ក្រ្តបោកខោអាវខ្លួនឯង ជើងពីរជ្រែងកអាវ ដៃឆ្វេងម្ខាងកាន់ច្រាសដុស»។

វីអូឌីមិនអាចសុំការឆ្លើយតបលើបញ្ហានេះពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានទេ។ ប៉ុន្តែ លោក វ៉ាត រតនា ប្រធានផ្នែកត្រួតពិនិត្យ និងអធិការកិច្ចពលកម្មកុមារនៃនាយកដ្ឋានការងារកុមារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពេលចូលរួមវេទិកាមួយក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែកុម្ភៈ ថា ក្រោយហេតុការណ៍គ្រោះថ្នាក់លើកុមារី ស្រីភ័ក្រ្ត ក្រសួងការងារបានផ្តល់ការព្យាបាលរហូតដល់ជាសះស្បើយ និងស្តារនីតិសម្បទាដល់ក្មេងស្រីរូបនេះឱ្យរៀនសូត្រ និងជួយកុមារីរងគ្រោះអស់មួយជីវិតទៀតផង ។

លោក វ៉ាត រតនា បញ្ជាក់ថា៖ «ក្រសួងបានផាកពិន័យសិប្បកម្មនេះ សូម្បីតែគាត់ (កុមារ ឆេង ស្រីភ័ក្រ្ត) ជួបគ្រោះថ្នាក់ការងារជាយថាហេតុអញ្ចឹងមែន តែគាត់មិនមែនជាកម្មករនៅក្នុងសិប្បកម្មហ្នឹងមែន ប៉ុន្តែ ក្រសួងនៅតែយកចិត្តទុកដាក់ និងជួយគាត់ ហើយយើងនឹងធ្វើការផាកពិន័យដល់ម្ចាស់សិប្បកម្មផលិតឥដ្ឋហ្នឹង។»

គួរកត់សម្គាល់ដែរថា ក្រោយហេតុការណ៍គ្រោះថ្នាក់លើកុមារី ឆេង ស្រីភ័ក្រ្ត ក្រសួងការងារក៏បានប្រកាសថាចាត់វិធានការផាកពិន័យ និងដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងម្ចាស់ឡឥដ្ឋទៅតុលាការពីបទប្រើប្រាស់កម្លាំងពលកម្មកុមារ។ ប៉ុន្តែ មន្រ្តីការពារសិទ្ធិមនុស្ស លោក អំ សំអាត ថាមកដល់ពេលនេះ ដំណើរការក្តីនៅតុលាការលើករណីនេះមិនទាន់ឃើញមានការវិវឌ្ឍនោះទេ។ លោកជំរុញឱ្យតុលាការពន្លឿននីតិវិធីលើករណីនេះឱ្យបានឆាប់។

លោក អំ សំអាត ថ្លែងទទូចថា៖ «យើងចង់ជំរុញឱ្យដំណើរការនីតិវិធីទៅ ដើម្បីជាគំរូដល់សិប្បកម្មដទៃទៀតកុំឱ្យយកគំរូតាម ហើយឱ្យដឹងថា អ្នកដែលធ្វើខុសច្បាប់ត្រូវតែទទួលទោស បើមិនអញ្ចឹងទេ វាមិនបង្កើនការយកចិត្តទុកដាក់ ឬការភ័យខ្លាចជាមួយនឹងការធ្វើដូចសិប្បកម្មមុនៗ»។

កន្លងទៅ ​អង្គការលីកាដូ ស្រាវជ្រាវឃើញ​ថា មាន​កុមារ​ចំនួន៤នាក់​ហើយដែលបាន​ជួប​គ្រោះ​ថ្នាក់​​នៅ​​តាមឡ​ឥដ្ឋ ​ក្នុង​​នោះ​មាន​កុមារ​ម្នាក់​បាន​បាត់បង់​ជីវិត។ កាលពីឆ្នាំ២០១៦ អង្គការ​លីកាដូ​ក៏បានរកឃើញថា មានទាសភាពកុមារនៅក្នុងឧស្សាហកម្មផលិតឥដ្ឋទៀតផង។

របាយការណ៍ស្រាវជ្រាវដែលមានចំណងជើងថា «ជំរឿនឧស្សាហកម្មផលិតឥដ្ឋនៅកម្ពុជា៖ ប្រជាជន ភូមិ​សាស្រ្ត និងការអនុវត្ត» របស់សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើ​កម្ពុជា​ ចេញផ្សាយនៅខែកុម្ភៈ ឆ្នាំ២០២០នេះ បង្ហាញថា​ នៅទូទាំងប្រទេស​កម្ពុជា​ មាន​កម្មករ​ឡឥដ្ឋចំនួន ៦៨៦៣នាក់ ដែលក្នុងនោះ កុមារមានចំនួន ៦៣៨នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ