ក្រសួងរ៉ែទុក​ពេល៥​ខែ​​ឱ្យ​ស្ថានីយ​ប្រេងដែលគ្មានច្បាប់​​ទៅ​ចុះ​អាជ្ញា​បណ្ណ​

បុគ្គលិកស្ថានីយប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងម៉ូតូដល់ភ្ញៀវ។ (បណ្ដាញសង្គម)

ក្រសួងរ៉ែ​​ទុក​ពេល​៥​ខែ​ទៀតឱ្យ​ស្ថានីយ​ប្រេង​ដែល​គ្មាន​ច្បាប់​​ទាំង​អស់​ទៅ​ចុះ​អាជ្ញាបណ្ណ ​មុនពេល​ខ្លួន​​មាន​ចំណាត់​ការផ្លូវ​ច្បាប់​​លើ​ស្ថានីយ​ប្រេង​ទាំង​នោះ។

អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ប្រេង​កាត​ លោក ជៀប សួរ មាន​ប្រសាសន៍​ប្រាប់VOD ថា ​ដោយ​សារ​ច្បាប់​ប្រេង​កាត​ទើប​តែ​ចេញ​នៅខែ​កក្កដា ​ឆ្នាំ​២០១៩ ដោយ​ទុក​ពេល​១ឆ្នាំ​ដល់​ម្ចាស់​ស្ថានីយ​ប្រេង​នៅ​ទូ​ទាំង​ប្រទេសទាំង​អស់​​ទៅ​ចុះ​អាជ្ញា​បណ្ណ​ ដូច្នេះ​វិធាន​ការ​របស់អគ្គ​នាយក​ដ្ឋាន​នៅ​ពេល​នេះ​គឺ ​មាន​តែ​ចុះ​ទៅ​ណែ​នាំ​ដល់​ម្ចាស់​ស្ថានីយទាំង​នោះ​ប៉ុណ្ណោះ។

លោក​បន្ថែម​ថា ចាប់​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២០ទៅ ​អគ្គនាយកដ្ឋាន​នឹងចាប់​ផ្ដើម​មាន​វិធាន​ការលើ​ស្ថានីយ​ដែល​គ្មាន​អាជ្ញាបណ្ណ និង​គ្មាន​លិខិត​សុវត្ថិភាព​ទាំង​នោះហើយ​។

លោក​ថា៖ «បើសិន​ជា​ក្រោយ​ហ្នឹង ​[ថ្ងៃ​ទី​១២ កក្កដា] បើ​គាត់​មិន​ទាន់​មក​ចុះ​អាជ្ញា​បណ្ណ​ទេ​ គឺ​យើង​នឹង​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់ ក្នុង​ហ្នឹង​វា​អាច​មាន​ពិន័យ​ជា​ប្រាក់​ជា​ដើម។ ដូច្នេះ​ ជា​វិធាន​ការ​យើង​ពី​ឥឡូវ​ទៅ​នេះ​គឺ​មាន​តែ​វិធាន​ការ​អប់រំ​ការ​ចុះជំរុញ​ឱ្យ​គាត់​យល់​ពី​ច្បាប់ ​ឱ្យ​គាត់​យល់​ពី​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ ថា​គាត់​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​អី​យ៉ាង​ម៉េច​ខ្លះ។ យើង​នឹង​ខិត​ខំ​គ្រប់​២៥​រាជធានី​ខេត្ត​ ដែល​មាន​មន្ទីរ​រ៉ែ​ និង​ថាម​ពល​ យើង​នឹង​ខិត​ខំ​ធ្វើ​ការ​រួម​គ្នា​ជា​មួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ផង​ដែរ»។ ​

លោក ជៀប សួរ ក៏​បាន​ទទួល​ស្គាល់​ថា មុន​ពេល​​​​ក្រសួង​រ៉ែ​មិន​ទាន់បង្កើត​ បូក​រួម​ជា​មួយ​ច្បាប់​ប្រេង​កាត​មិន​ទាន់​ចេញ​នោះ​គឺ​បង្ក​ឱ្យ​មាន​ភាព​ស្មុគស្មាញ និង​ភាព​ចន្លោះ​ប្រហោង​ច្រើន​ក្នុង​ការ​អនុញ្ញាតឱ្យបង្កើត​ស្ថានីយ​ប្រេងនៅ​កម្ពុជា ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ​ចាប់​ពីពេល​នេះ​ទៅគឺ​គ្មាន​ស្ថាន​ភាព​បែប​នេះ​កើត​ឡើង​ទៀត​ឡើយ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃពុធ ទី​១២ ខែ​កុម្ភៈ បាន​បង្ហាញថា ស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងប្រទេសកម្ពុជា មានចំនួន៤ ០០០ស្ថានីយ ក្នុងនោះមានតែ ៧០០ស្ថានីយប៉ុណ្ណោះ​​ដែល​មាន​ទទួលលិខិតបញ្ជាក់ពីបច្ចេកទេសសុវត្ថិភាព និងវិញ្ញាបនបត្រអនុញ្ញាតឱ្យដំណើរការ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គម លោក សន ជ័យ មានប្រសាសន៍ថា ការបើកស្ថានីយប្រេង និងឧស្ម័នដោយគ្មានការអនុញ្ញាត និងលិខិតបញ្ជាក់សុវត្ថិភាព បង្កឱ្យមានការប្រឈមនឹងហានិភ័យគ្រោះថ្នាក់ បង្កឱ្យមានភាពភ័យខ្លាចដល់ពលរដ្ឋ និងភាពអនាធិបតេយ្យនៃការបើកស្ថានីយផងដែរ។

លោកយល់ថា ហេតុផលដែលបង្កឱ្យមានបញ្ហានេះកើតឡើង ដោយសារការស្នើសុំមានភាពស្មុគស្មាញ អំពើពុករលួយ និងភាពមិនច្បាស់លាស់នៃការកំណត់ស្តង់ដារក្នុងការបើកស្ថានីយជាដើម។

លោក សន ជ័យ មានប្រសាសន៍ថា​៖ «យើងដឹងហើយថា ស្ថានីយមួយចំនួនគឺបានប្រើប្រាស់ឈ្មោះខ្លះដែលមានដែលជាឈ្មោះដែលមានឥទ្ធិពល ដែលជាក្រុមហ៊ុនរបស់មនុស្សដែលមានសម្ព័ន្ធភាព ឬក៏មានទំនាក់ទំនងជាមួយអ្នកមានអំណាចតែម្ដង។ អញ្ចឹងវាធ្វើឱ្យមានកើតច្រើនស្កេកស្កះ ក៏ប៉ុន្ដែបើយើងមើលក្រុមហ៊ុនមួយចំនួនគេមានស្ដង់ដារហើយ គេមានការគោរពច្បាប់បានត្រឹមត្រូវដែរ។ […] រឿងស្ថានីយប្រេងឥន្ធនៈនេះវាហាក់បីដូចជាមានភាពអនាធិបតេយ្យមួយចំនួនធំដែលបើប្រៀបធៀបជាមួយនឹងភាពស្របច្បាប់ និងភាពមិនស្របច្បាប់នេះ»។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច លោក មាស សុខសេនសាន ប្រាប់​បាន​VODកាល​ពី​ម្សិល​មិញ​ថា ក្រុមការងារអន្តរ​ក្រសួងកំពុងធ្វើការស្រាវជ្រាវរកម្ចាស់ស្ថានីយទាំងនោះ ដើម្បីឱ្យពួកគេអនុវត្តតាមច្បាប់ ដោយ​ថា ​ការ​គេច​វេស​មិន​ធ្វើ​អាជ្ញាបណ្ណរបស់​​ស្ថានីយប្រេង​ទាំង​នោះ ​គឺ​ធ្វើ​ឱ្យប៉ះពាល់​ដល់​ចំណូល​ជាតិ​ផង​ដែរ។

លោកមានប្រសាសន៍ថា៖ «ប្រាកដហើយ វាមិនទាន់បាន១០០% [បង់ពន្ធបាន១០០%] ទេ ខ្ញុំអាចឆ្លើយជាគោលនយោបាយអញ្ចឹង។ ហើយសួរថាប៉ុន្មាន ខ្ញុំឆ្លើយអត់ទាន់កើតទេ យើងកំពុងលើកទឹកចិត្តឱ្យគ្រប់អ្នករកស៊ីធន់តូច ធន់មធ្យមទាំងអស់ ឱ្យគាត់មានបញ្ជីស្នាម។ ជាទូទៅដូចខ្ញុំនិយាយអញ្ចឹង យើងខិតខំធ្វើ ដើម្បីឱ្យគ្រប់គ្នាបង់ពន្ធ ទាំងអស់គ្នាត្រូវមានកាតព្វកិច្ចកាន់បញ្ជីស្នាមបង់ពន្ធ»។

ច្បាប់ស្តីពី «ការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត» ឱ្យ​ដឹង​ថា បុគ្គលណាធ្វើសកម្មភាពអាជីវកម្ម​ប្រេងឥន្ទនៈ​ដោយគ្មានអាជ្ញាបណ្ណ​​អនុញ្ញាត នឹង​ត្រូវ​ធ្វើ​ការ​ផាក​ពិន័យ​ពី​១លាន ដល់​១០០លានរៀល ខណៈ​ម្ចាស់​​ស្ថានីយដែល​​គ្មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុវត្ថិភាព​ នឹង​ត្រូវ​ពិន័យ​តាម​ទំហំ​នៃ​ស្ថានីយ​របស់​ខ្លួនដែល​ប្រាក់​ពិន័យ​នោះ​មាន​តម្លៃ​ចាប់​ពី៤លានរៀល ដល់​១០លានរៀល​។ ដោយ​ឡែក​បើ​នៅ​តែ​បន្ត​ប្រព្រឹត្ត​ទៀត ប្រាក់​ពិន័យ​នឹង​តម្លើង​ទ្វេដង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ