ផ្សារ​ឃ្លាំង​រំសេវ​​ប្រកាស​បិទដើម្បី​រៀប​ចំ​សាងសង់​អាគារ​ថ្មី

ទិដ្ឋភាព និងសកម្មភាពលក់ដូររបស់អាជីវករនៅមុខផ្សារឃ្លាំងរំសេវ ល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នា២០២០។ (ស្រី សុភ័ក្រ)

ផ្សារ​លក់​ទូរសព្ទ​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​ម្ចាស់​ផ្សារ​ប្រកាស​បិទ​ដំណើរការ​​នៅ​រយៈពេល​២ខែ​ទៀត ដើម្បី​រៀប​ចំ​សាងសង់​អាគារ​ថ្មី។

ក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២៣ មករា ដែល​VOD ទើប​ទទួល​បាន​ ​តំណាង​ម្ចាស់​មជ្ឈមណ្ឌល​ ម៉ុងឌីយ៉ាល់ និង​ផ្សារ​ឃ្លាំង​រំសេវ​ លោកមេធាវី នូវ ណារ៉ូ និង​មេធាវី​ ស៊ិន វ៉ាន់នី ឱ្យ​ដឹង​ថា ​ផ្សារ​ឃ្លាំង​រំសេវដែល​មាន​ទីតាំង ស្ថិតនៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ​នឹង​ត្រូវ​បិទ​ជា​ស្ថាពរ​នៅ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០២០ ដើម្បីយក​ដី​ផ្សារ​ទៅ​សាងសង់​អាគារ​ថ្មី​ ដោយ​តម្រូវ​ឱ្យ​អាជីវករ​​​លក់​ដូរ​ក្នុង​ផ្សារ​ទាំងអស់​ទៅ​រក​ទី​តាំង​ថ្មី​ដើម្បីបន្ត​​អាជីវកម្ម​ខ្លួន។

ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ​បាន​លើក​ឡើង​ថា៖ «ក្នុង​រយៈពេល​បីខែ ម្ចាស់​ទី​តាំង​ពុំ​គិត​ប្រាក់​ឈ្នួល​តូប​ប្រចាំ​ខែ និង​ថ្លៃ​ប្រើប្រាស់​ចរន្ត​អគ្គិសនីឡើយ គឺខែ​កុម្ភៈ​ ខែ​មីនា និងខែ​មេសា ឆ្នាំ​២០២០»។

អាជីវករលក់​ឧបករណ៍​ហ្គេម​ នៅ​ផ្សារ​ឃ្លាំង​រំសេវ លោក អ៊ូ វាសនា ​យល់​ថា​ ការ​សម្រេច​នេះ​គឺ​វា​លឿន​ពេក​ដែល​ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​រក​កន្លែង​ថ្មី​សម្រាប់​បើក​អាជីវកម្ម​ទាន់។ លោក ក៏​បាន​លើក​ឡើង​ពី​ក្ដី​បារម្ភផង​ដែរថា ការ​សម្រេច​របស់​ផ្សារ​នេះ នឹង​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លក់​ដូរ​របស់អាជីវករ​ផ្សារ។

លោក ​វាសនា ប្រាប់​ថា​៖ «ធម្មតា​ទេ ​យើង​នៅ​កន្លែង​ហ្នឹងមាន​ម៉ូយ​ចាស់ៗ​ដែល​មក​ទិញ​ ស្គាល់​កន្លែង​ មក​ដល់​ទិញ។ ហើយ​តម្លៃ​ថ្លៃ​តូប​ហ្នឹង​វា​ថេរ​ល្អ ជា​តម្លៃ​ដែល​យើង​អាច​ទទួល​យក​បាន។ តែ​ប្រសិន​ជា​គេ​មាន​ការ​ផ្លាស់​ប្ដូរ​អញ្ចឹង​ ទី​១ការទៅ​កន្លែង​ផ្សេង អតិថិជន​យើង​គាត់​ពិបាក​ បើ​អ្នក​ដឹង​ហើយ​គឺ​អត់អី​ទេ តែ​អ្នក​ដែល​មិន​ទាន់​ដឹង ​គាត់​អាច​ពិបាក​រក ហើយ​កន្លែង​ផ្សេង​ក៏​រក​តម្លៃ​ដូច​នៅ​ផ្សារ​នេះ​មិន​បាន​ដែរ»។

តំបន់​ផ្សារ​ឃ្លាំង​រំសេវ ជា​អតីតកន្លែង​ដាក់​រថយន្ត​របស់​ក្រសួង​សាធារណការសម័យ​រដ្ឋកម្ពុជា ទើប​តែ​រហូត​ដល់​ដើម​ឆ្នាំ​២០០០ ត្រូវ​បាន​រដ្ឋ​លក់​ឱ្យ​ឯកជន​ដើម្បី​អភិវឌ្ឍជា​ផ្សារ​ និង​មជ្ឈមណ្ឌល​ ម៉ុង​ឌីយ៉ាល់​។ កាល​ពី​ឆ្នាំ ២០១៩ កន្លង​ទៅ​ ផ្សារ​ធ្លាប់​បាន​​រង​អគ្គិភ័យ​ឆាប​ឆេះ​ដែល​បណ្ដាល​ឱ្យ​តូប​លក់​ទូរសព្ទ​ចំនួន​៤០តូប និង​សម្ភារក្នុង​នោះ​ត្រូវ​ខូចខាត​ទាំង​ស្រុង​ ដែល​អគ្គិភ័យ​នេះត្រូវ​បាន​សមត្ថកិច្ច​អះអាងថា​ ​បណ្ដាល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ