បទយកការណ៍៖ ​ព្រៃសហគមន៍ចង្ក្រានរយនៅខេត្តសៀមរាប ប្រែក្លាយជាតំបន់អេកូទេសចរណ៍​​រកចំណូលជួយសហគមន៍

សកម្មភាពខ្លះៗនៅតំបន់ទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។ (សូត សុខប្រាថ្នា និង អង្គការ NTFP-EP)

ដើមឈើតូចធំ ដែលដុះស្រោងស្ទើររកមើលពន្លឺថ្ងៃមិនបាន អមដោយសំឡេងសត្វយំទ្រហឹងអឺងអាប់។ ដើមឈើ និងសំឡេងសត្វទាំងនោះ មានវត្តមានក្នុងតំបន់ព្រៃសហគមន៍​​ចង្ក្រានរយ​ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានចម្ងាយជាង៨០គីឡូម៉ែត្រពីទីរួមខេត្ត។

ព្រៃសហគមន៍នេះ មានសក្តានុពលតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ​ដូចជា​ កន្លែងទឹកធ្លាក់ ​កន្លែងមើលសត្វស្លាបកម្រ រូងសត្វប្រចៀវ។ ទីតាំងថ្មរដិបរដុបជាច្រើន ដែលអ្នកភូមិហៅថា «ចង្ក្រានរយ» ទីតាំងបល្ល័ង្កស្តេច កន្លែងមើលសមុទ្រឈើ ជាដើម។

សក្តានុពលទាំងនេះបានរួមគ្នារៀបចំជាតំបន់អេកូទេសចរណ៍បែបធម្មជាតិជាផ្លូវការ កាលពីឆ្នាំ២០១៧ ក្រោមការជួយជ្រោមជ្រែងពីអង្គការកម្មវិធីផ្លាស់ប្តូរ​បទពិសោធន៍អនុផលព្រៃឈើកម្ពុជា ឬហៅកាត់ថា អង្គការ NTFP-EP ព្រមទាំងដៃគូពាក់ព័ន្ធ។

ប្រធានព្រៃសហគមន៍ចង្ក្រានរយ អ្នកស្រី ឈឿន សុឌី មានប្រសាសន៍ថា តំបន់ព្រៃសហគមន៍នេះ​ត្រូវបាន​បង្កើតជាតំបន់អេកូទេសចរណ៍​នៅឆ្នាំ២០១៧ គឺ ២ឆ្នាំ​ក្រោយពេលអ្នកស្រីបានឡើងជាប្រធានគណៈកម្មការព្រៃសហគមន៍​នេះកាលពីឆ្នាំ២០១៥។

អ្នកស្រីបានលើកឡើងថា តំបន់ព្រៃសហគមន៍ចង្ក្រានរយ​មាន​ទីតាំងសក្ដានុពល​ទេសចរណ៍ធម្មជាតិ​ជាង៤០កន្លែង ដោយអ្នកស្រីប្រាប់ពីមូលហេតុ​ដែល​អ្នកស្រីរៀបចំតំបន់នេះជាតំបន់អេកូទេសចរណ៍យ៉ាងដូចនេះថា៖

ប្រធានសហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតនៅខេត្តសៀមរាប អ្នកស្រី ឈឿន សុឌី ​ផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតជុំវិញការងារ​ការពារព្រៃឈើរបស់ខ្លួន។ (សូត សុខប្រាថ្នា/ ១១ កុម្ភៈ ២០២០)

«ទីមួយ កាលពីឆ្នាំ២០១១ យើងបានធ្វើការងារ​ជាមួយអង្គការអេសអាយ យើងធ្វើទៅ គាត់បានបញ្ជូនឱ្យនាងខ្ញុំ​បានទៅទស្សនកិច្ចនៅប្រទេសហ្វីលីពីន បញ្ជូនទៅដើម្បីឱ្យយើងមានគំនិតបង្កើតជាសហគមន៍។ ដល់ពេលនោះទៅ យើងដើរលេងផង មើលកន្លែងសហគមន៍​របស់គេមានព្រៃឈើដូចយើង ហើយមានកន្លែងទឹកធ្លាក់​តូចទេ តែគេអភិរក្ស គេកែលម្អ​កន្លែងគេឱ្យក្លាយជាអេកូទេសចរណ៍​អាចរកលុយបាន​ឡើងរាប់ម៉ឺន។អីចឹង ខ្ញុំក៏មានចំណាប់អារម្មណ៍មួយ»។

នៅពេលលោកអ្នកនាងបានចូលដល់​ក្នុងព្រៃសហគមន៍ ពួកគេក៏បាន​ឮសំឡេងសត្វយំ ដើមឈើតូចធំ។ លើសពីនេះ ភ្ញៀវទេសចរអាច​ស្នាក់នៅក្នុងតង់ ឬផ្ទះសហគមន៍ ព្រមទាំងអាចធ្វើដំណើរដោយ​គោយន្តច្នៃ ​ដើម្បីបានទៅកាន់​ទីតាំងកម្សាន្ត​ជាច្រើនក្នុងព្រៃ។

ភ្ញៀវទេសចរ​ក៏អាចបានភ្លក់រសជាតិម្ហូបអាហារ ពិសេសមុខម្ហូប​ប្រចាំត្រកូលរបស់សហគមន៍ គឺ ស្លទំពាំងវល្លិ៍យាវ ហើយភ្ញៀវដែលស្នាក់នៅពេលយប់អាចដុតដំឡូង ដុតចេកនៅពេលយប់អមដោយសំឡេងសត្វយំបណ្តើរ ព្រមទាំងបាន​ស្វែងយល់ពីជីវិតរបស់ប្រជាសហគមន៍​ជុំវិញការងារចុះល្បាតព្រៃថែមទៀតផង។

អ្នកទេសចរបោះតង់សម្រាកនៅតំបន់ទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។ (អង្គការ NTFP-EP)

អ្នកស្រី សុខឌី បានលើកឡើងថា នៅពេល​សហគមន៍នេះរៀបចំជាតំបន់អេកូទេសចរណ៍​ បានផ្តល់ប្រយោជន៍ច្រើន​ដល់សហគមន៍ ដូចជា ពលរដ្ឋ​អាចរកចំណូល​ពីភ្ញៀវទៅលេងកម្សាន្ត​ លក់ផលិតផលក្នុងស្រុក ហើយក៏អាចដាំបន្លែបង្កា ចិញ្ចឹមសត្វមកលក់ឱ្យសហគមន៍​ធ្វើជាម្ហូបអាហារសម្រាប់ភ្ញៀវមកកម្សាន្ត។

លើសពីនេះ អាចជួយការពារព្រៃឈើ និងសត្វព្រៃនៅតំបន់នេះឱ្យបានគង់វង្ស បញ្ចៀសពីការកាប់បំផ្លាញផ្សេងៗ ព្រមទាំងអាចធ្វើឱ្យពលរដ្ឋ​បន្សាំខ្លួន​ទៅនឹងបម្រែប្រមួលអាកាសធាតុនៅពេលមានបញ្ហាដោយគ្រោះធម្មជាតិផ្សេងៗកើតមានឡើង​។

អ្នកស្រីបន្តថា៖ «ចាប់ពីពេលយើងបង្កើតជាកន្លែងអេកូទេសចរណ៍មក រាល់ថ្ងៃហ្នឹងពលរដ្ឋទទួលបាន​ ពិសេសគាត់អាចរកផលអនុផលព្រៃឈើ ដូចជាផ្សិត ហើយលក់បាយលក់ម្ហូបឱ្យសហគមន៍ ហើយនិងបានពីសេវាកម្ម​ភ្ញៀវមើលសត្វ បានពីភ្ញៀវដែលមកទស្សនា​បង់ជាកញ្ចប់ ឬបដិភាគសម្រាប់ទ្រទ្រង់សហគមន៍ព្រៃឈើយើង»។

ប្រជាសហគមន៍មួយរូបមានវ័យជាង៥០ឆ្នាំ ដែលតែងនាំភ្ញៀវទៅលេងកម្សាន្ត និងតែងចុះល្បាត​ក្នុងព្រៃសហគមន៍​ចង្ក្រានរយជាប្រចាំ លោក ម៉ាត់ ឌុង មានប្រសាសន៍ថា ​លោកពេញចិត្តនឹងការងារការពារព្រៃសហគមន៍​មួយនេះ ហើយលោកក៏អាចរកចំណូលបានខ្លះដែរ។

លោកថា នៅពេលមានចុះល្បាតម្តងៗ លោកទទួលបាន១ថ្ងៃ ២ម៉ឺនរៀលពីសហគមន៍​ ហើយនៅពេលមានភ្ញៀវមកលេងកម្សាន្តច្រើន លោកក៏អាចរកចំណូលបានច្រើនជាងនេះថែមទៀតផង។ ​

ប្រជាសហគមន៍មួយរូបមានវ័យជាង៥០ឆ្នាំ ដែលតែងនាំភ្ញៀវទៅលេងកម្សាន្ត និងតែងចុះ​ល្បាតក្នុងព្រៃសហគមន៍ចង្ក្រានរយជាប្រចាំ លោក ម៉ាត់ ឌុង ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតពីការងារប្រចាំថ្ងៃនៅសហគមន៍នេះ។ (សូត សុខប្រាថ្នា/ ១១ កុម្ភៈ ២០២០)

លោកមានប្រសាសន៍ពីអត្ថប្រយោជន៍ព្រៃឈើបែបនេះថា៖ «ប្រយោជន៍ពីព្រៃឈើមានច្រើន ធ្វើឱ្យអាកាសធាតុត្រជាក់​ ហើយអាចស្រូបទឹកភ្លៀងជាដើម»។

ព្រៃសហគមន៍ចង្ក្រានរយមានទំហំជិត១ម៉ឺនហិកតា(៩១0០.៤) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០០ ហើយនៅឆ្នាំ២០១០ ក៏មានការទទួលស្គាល់​ពីអាជ្ញាធរមូលដ្ឋាន និងខាងរដ្ឋបាលព្រៃឈើ ហើយនៅឆ្នាំ២០១៥ សហគមន៍មួយនេះក៏មានការទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ បន្ថែមពីនេះ មានពលរដ្ឋ​ចំនួន១១ភូមិ ក្នុងឃុំចំនួន៥ នៃស្រុកវ៉ារិន បានរួមគ្នាការពារ​ព្រៃសហគមន៍នេះ។

អភិបាលស្រុកវ៉ារិន លោក ធិននី វិធូរ មានប្រសាសន៍ដោយទឹកមុខរីករាយថា រដ្ឋបាលស្រុក​បានចូលរួម​ជាមួយ​ប្រជាសហគមន៍​រហូតមក ដោយបានប្រែក្លាយតំបន់នេះទៅជាតំបន់សក្តានុពលទេសចរណ៍បែបធម្មជាតិ​ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ​

លោកថា អាជ្ញាធរនឹងបន្តសហការ​ជាមួយសហគមន៍ ទាំងស្មារតី ថវិកា និងកម្លាំង​ ដើម្បីលើកកម្ពស់តំបន់​នេះ​ឱ្យកាន់តែមានភាពទាក់ទាញ ព្រមទាំងមានគម្រោងរៀបចំផ្លូវធ្វើដំណើរក្នុងព្រៃសហគមន៍ឱ្យកាន់តែប្រសើរទៀតផង។

អភិបាលស្រុកវ៉ារិននៃខេត្តសៀមរាប លោក ធិននី វិធូរ ​មានប្រសាសន៍ពីការប្តេជ្ញា​ការពារ​និងរៀបចំព្រៃសហគមន៍ចង្ក្រានរយឱ្យកាន់តែប្រសើរ។ (សូត សុខប្រាថ្នា/ ១១ កុម្ភៈ ២០២០)

លោកមានប្រសាសន៍ថា៖ «ហើយចក្ខុវិស័យរបស់រដ្ឋបាលស្រុក ក៏ដូចជា​សហគមន៍ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ លោកចង់បានភ្ញៀវចូលលេងកម្សាន្តឱ្យបានច្រើន​ដែលអាចជួយជីវភាព​របស់ពួកគាត់ផង»។

​អភិបាលស្រុកដដែល ថាអាជ្ញាធរស្រុកកន្លងមកតែងសហការជាមួយសហគមន៍​ក្នុងការការពារព្រៃឈើ​នៅតំបន់នោះ ពីការលួចកាប់បំផ្លាញ និងរានដីធ្វើចម្ការ ដោយអាជ្ញាធរ​មានទាំងការអប់រំណែនាំ និង​ចាត់វិធានការច្បាប់ផងដែរ។ លោកថា ព្រៃឈើពិតជាមានសារៈសំខាន់ណាស់​ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ​នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។

មន្ត្រីសម្របសម្រួល​គោលនយោបាយ និងបណ្តាញ​នៃអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍​អនុផលព្រៃឈើ​កម្ពុជា លោក ឆឹង ស៊ុវិរិយ៉ា មានប្រសាសន៍ថា អង្គការលោកបានចុះជួយសម្របសម្រួល​ជាមួយ​ប្រជាសហគមន៍​​ ដើម្បីការពារព្រៃឈើ និងជីវៈចម្រុះនៅតំបន់ព្រៃសហគមន៍ចង្ក្រានរយតាំងពីឆ្នាំ២០១៤។

ផ្ទះប្រជាសហគមន៍នៅតំបន់ទេសចរណ៍ធម្មជាតិ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។ (សូត សុខប្រាថ្នា/ ១១ កុម្ភៈ ២០២០)

លោកបន្តថា មូលហេតុអង្គការលោក​ចាប់អារម្មណ៍​ជួយជ្រោមជ្រែងដល់សហគមន៍មួយនេះ ដោយឃើញព្រៃ​ក្នុងសហគមន៍ចង្ក្រានរយ​នៅមានសក្តានុពលច្រើន ទាំងព្រៃឈើ និងសត្វព្រៃ ព្រមទាំងជីវៈចម្រុះផ្សេងទៀត។

លោកថា ​ការជួយសហគមន៍ និងរុញច្រានឱ្យព្រៃសហគមន៍មួយនេះក្លាយជាតំបន់ទេសចរណ៍ មានគោលបំណងចូលរួមដោះស្រាយបញ្ហាប្រឈមនៃគ្រោះមហន្តរាយផ្សេងៗ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ លើកកម្ពស់ជីវភាព​របស់នៅរបស់ប្រជាជន​តាមរយៈការអភិរក្សធនធានធម្មជាតិ និងការពារជម្រកសត្វព្រៃ​ ពិសេសការប្រើប្រាស់ និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។

មន្ត្រីសង្គមស៊ីវិលរូបនេះឡើងទៀតថា អ្វីដែលសំខាន់ទៀតនោះ ដើម្បីរួមចំណែកកាត់បន្ថយ និងបន្សាំខ្លួនចំពោះការប្រែប្រួលអាកាសធាតុជាដើម។

មន្ត្រីសម្របសម្រួលគោលនយោបាយ និងបណ្តាញនៃអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា លោក ឆឹង ស៊ុវិរិយ៉ា។ (សូត សុខប្រាថ្នា/ ១១ កុម្ភៈ ២០២០)

លោកបន្ថែមថា៖ «អីចឹង ក្នុងការងាររបស់អង្គការ NTFP-EP នេះ យើងបានមកជួយសម្របសម្រួលការងារក្នុងសហគមន៍​នេះតាំងពីឆ្នាំ២០១៤។ អ្វីដែលយើងមើលឃើញថាជាគោលដៅ ឬ Mission របស់យើងសំខាន់ក្នុងតំបន់នេះ គឺយើងពង្រឹង​ផ្នែកកសាងជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាកសាងការយល់ដឹង​របស់ប្រជាពលរដ្ឋ​ទៅនឹងការបន្សាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ »។

ប្រធានព្រៃសហគមន៍ចង្ក្រានរយ អ្នកស្រី ឈឿន សុឌី អះអាងថា តាំងពីព្រៃសហគមន៍នេះត្រូវបានរៀបចំជាតំបន់អេកូទេសចរណ៍មក មានភ្ញៀវជាតិ និងអន្តរជាតិ​មកលេងច្រើន ពិសេសនៅរដូវវស្សា​ដោយសារមានទឹកជ្រោះធ្លាក់សម្រាប់លេងកម្សាន្ត ហើយសម្រស់ធម្មជាតិក៏ស្រស់ស្អាត និងនៅពេលមានបុណ្យទានធំៗម្តងៗ។

ប្រធានព្រៃសហគមន៍ចង្ក្រានរយជាស្ត្រីរូបនេះ ចង់ឃើញព្រៃសហគមន៍របស់ខ្លួនក្លាយជាមាសបៃតង ដោយអាចរក្សាទុកធនធានធម្មជាតិនៅតំបន់នេះសម្រាប់ក្មេងជំនាន់ក្រោយ និងក្លាយជាកន្លែងកាន់តែទាក់ទាញ​បែបធម្មជាតិ​ដ៏ស្រស់ស្អាតប្រចាំតំបន់ ឬខេត្ត  ព្រមទាំងជាតំបន់​​អេកូទេសចរណ៍​ធម្មជាតិគំរូមួយ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ឱ្យបានកាន់តែប្រសើរ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ