វិភាគ៖ តើ​អ្វី​នៅ​ពី​ក្រោយ​ទឹក​​ចិត្ត​ទូលាយរបស់​កម្ពុជា​ជា​មួយ​បរទេស​?

(ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វាគមន៍ស្ត្រីបរទេសម្នាក់ជាអ្នកដំណើរនៅលើនាវាទេសចរណ៍ Westerdam នៅកំពង់ផែក្រុងព្រះសីហនុ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ និង (ស្ដាំ) ពលរដ្ឋនៅស្រុកស្រែអំបិលខេត្តកោះកុង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ ឡើងមកតវ៉ានៅក្រសួងដែនដីនៅទីក្រុងភ្នំពេញ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។ (ទីស្ដីការគណៈរដ្ឋមន្ត្រី និង ហួត វុទ្ធី)

«កម្ពុជាប្រទេស​តូច​ តែ​បេះ​ដូង​ទូលាយ» ពាក្យ​នេះ​ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ស្ថាប័ន​ជាតិ​ធំ​ៗជាច្រើន​បាន​ចែក​រំលែក​តគ្នា​ក្នុង​បណ្ដាញ​សង្គម​ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ទទួល​នាវា​ Westerdam ដែល​ផ្ទុក​ជនបរទេសជាង​២ពាន់នាក់​ ចូល​ចតនៅកំពង់ផែ​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​ប្រទេស​ និង​កោះ​ចំនួន​៥​បដិសេធ​មិន​ឱ្យ​ចូល។

ថ្លែង​ប្រាប់​ក្នុង​ពេល​ចុះ​ទៅ​ជួប​អ្នក​ទេស​ចរនៅ​លើ​កប៉ាល់​នោះ​ដោយ​ផ្ទាល់កាល​ពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ​លោក ហ៊ុន សែន បាន​ថ្លែង​ថា៖ «តើ​ឱ្យ​យើង​និយាយ​ពី​ការ​គោរព​ពី​សិទ្ធិ​មនុស្ស​អ្វី​ទៅ? ប្រសិន​ជា​សិទ្ធិរស់រាន​មាន​ជីវិត​មិន​ត្រូវ​បាន​គោរព​ផង​នោះ កម្ពុជា​យក​ការ​ទទួល​ខុសត្រូវ​មួយ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​ចំបង! ហើយ​ដំបូង​បំផុត​ ត្រូវ​គោរព​ដល់​ការ​រស់រាន​មាន​ជីវិត​របស់​មនុស្ស​ដែល​មាន​ជាង​២ពាន់នាក់​ក្នុង​នាវា​នេះ​ ដែល​មាន​រហូត​ទៅ​ដល់​៤១សញ្ជាតិ។ ហើយ​ពេល​នេះ ​កម្ពុជា​បាន​ធ្វើ​ការ​ដែល​ទាក់ទង​នឹង​ដំណើរការ​នៃ​ការ​គោរពសិទ្ធិ​មនុស្ស​ គឺ​សិទ្ធិ​រស់រាន​មាន​ជីវិត​ សិទ្ធិ​មិន​ត្រូវ​បាន​គេ​រើសអើង និង​សិទ្ធិ​វិល​ត្រលប់​ទៅ​កាន់​ប្រទេស​វិញ ដោយ​សុវត្ថិភាព​សម្រាប់​ពួកគេ»។

ទឹក​ចិត្ត​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​រដ្ឋ​បរទេស​ និង​ស្ថាប័ន​អន្តរជាតិ​ដែល​មាន​ដូច​ជា​អាមេរិក និង​អង្គការ​សហប្រជាជាតិ​​ស្វាគមន៍​ និង​ចាត់​ទុក​ជា​កាយវិការ​មនុស្ស​ធម៌​មួយ​ដែល​ជាគំរូ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ​បើ​មើល​មកកាយ​វិការ​រដ្ឋាភិបាលកម្ពុជា​ចំពោះ​ពលរដ្ឋខ្លួន​ឯង​​វិញ ហាក់បី​​ដូច​ជា​បង្ហាញ​រូប​ភាព​ផ្ទុយ​ពី​នេះ​។

តើ​អ្វី​នៅ​ពី​ក្រោយ​ទឹក​ចិត្ត​ទូលាយ​របស់​កម្ពុជា​ជា​មួយ​បរទេស? 

កម្ពុជា​ចិត្ត​ទូលាយ​ជា​មួយ​បរទេស​ តែ​ចង្អៀត​ជា​មួយ​ពលរដ្ឋ​ខ្លួន

នៅ​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ​​រដ្ឋាភិបាលកម្ពុជា ​បាន​បង្ហាញ​កាយវិការ​សប្បុរស​ជា​មួយ​ជន​បរទេស​ជាច្រើនរួម​មាន ​ការ​ផ្ដល់​ដី​៤០ហិកតាឱ្យ​ជនជាតិ​វៀតណាម​តាំង​ទី​លំនៅក្នុង​ខេត្ត​កំពង់​ឆ្នាំង ទទួល​ជន​អន្តោប្រវេសន៍​ពី​អូស្ត្រាលី ផ្ដល់​ប័ណ្ណ​ស្នាក់​នៅស្រប​ច្បាប់​ដល់​ជនអន្តោប្រវេសន៍ជាង​៩ម៉ឺន​ច្បាប់កាល​ពី​ឆ្នាំ​២០១៩​ ជា​ដើម ខណៈ​ពលរដ្ឋខ្មែរ​​ម្ចាស់​ស្រុកមួយ​ចំនួន​​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋចាប់​ខ្លួន រត់​ចោល​ស្រុក រង​ការ​គំរាម​កំហែង និង​​បាត់​បង់​ដី​ស្រែ​ចម្ការ ជាដើម។

តំណាង​ពលរដ្ឋ​ឡពាង នៅ​ខេត្ត​កំពង់​ឆ្នាំង​ ដែល​មាន​ជម្លោះ​ដី​ធ្លីតាំង​ពី​ឆ្នាំ​២០០៦ ដោយ​គ្មាន​ដំណោះស្រាយ​ពី​រដ្ឋ ហើយ​ត្រូវ​បាត់បង់​ការងារជា​គ្រូ​បង្រៀន​ដោយ​សារ​សកម្ម​ភាព​តវ៉ា​ដីធ្លី ​អ្នក​ស្រី អ៊ុំ សុភី មាន​ប្រសាសន៍​ប្រាប់​VOD ថា ​អ្នក​ស្រី​អន់​ចិត្ត​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ណាស់ ​ដែល​មើល​ឃើញ​បរទេស​ជាង​ពលរដ្ឋ​ខ្លួន​បែប​នេះ។

អ្នក​ស្រី អ៊ុំ សុភី រៀប​រាប់​ទាំង​អួល​ដើម​ក​ប្រាប់​ VOD ថា៖ «តើគាត់គិត​ថា ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​រស់​នៅ​ក្នុង​ស្រុក​ខ្លួន​ឯង​នៅពេល​នេះ​ជា​ស្អី​ទៅវិញ? បែរ​គាត់​គាំទ្រជន​បរទេស​ដែល​គាត់​មាន​ដីមាន​ធ្លី​ខ្លួន​គាត់​ហើយ​នោះ ទទួល​គេ ចុះ​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុងស្រុក​ខ្លួន​ឯង​មាន​ដី​នៅ​ស្រុក​ខ្លួន​ឯង​ គាត់​អត់​យក​ចិត្តទុក​ដាក់​សោះ។ ត្រង់​ហ្នឹង​ ខ្ញុំ​មាន​អារម្មណ៍​តូច​ចិត្ត​ណាស់! ​ព្រោះ​ខ្លួន​ឯង​ជា​ខ្មែរ​បែរ​ជា​មិន​មាន​ដី​រស់​នៅ​សមរម្យ​ដូច​គេ​ មាន​ជីវភាពរស់​នៅ​​វេទនា ហើយ​គាត់​បែរ​ជា​ឃើញ​ប្រជាពលរដ្ឋ​បរទេស​ល្អ​ជាង​ប្រជាពលរដ្ឋ​ខ្លួន​ឯង​បែប​នេះ»។

ក្រៅ​ពី​បញ្ហា​ដី​ធ្លី បញ្ហា​សិទ្ធិ​មនុស្ស រដ្ឋាភិបាល​កម្ពុជាក៏​​បាន​សម្រេចចាប់​ខ្លួន​មេបក្សប្រឆាំង លោក កឹម សុខា និងរំលាយ​​បក្សប្រឆាំង​ចោល​​នៅ​ចុង​ឆ្នាំ​២០១៧​ផង​ដែរ ដោយ​ចោទ​ថា​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ ទោះ​បី​មេបក្សប្រឆាំង​នៅ​មិន​ទាន់​ត្រូវ​បាន​តុលាការ​កាត់​ទោស​រួច​រាល់​ក្ដី។ ក្រៅពី​នេះ ​សមាជិក​បក្សប្រឆាំង​ជាច្រើន​នាក់​ក៏​ត្រូវ​រត់​ចាក​ចេញ​ពី​ប្រទេស​ទៅ​កាន់​ប្រទេស​ទី​៣​ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​នានា​ពី​សំណាក់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ផង​ដែរ។

អតីត​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្សសង្គ្រោះ​ជាតិដែល​កំពុង​រស់​នៅ​ក្រៅ​ប្រទេស ​លោក​ស្រី មូ សុខហួរ មាន​ប្រសាសន៍​ថា វា​ជា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន នៅពេល​ដែល​ខ្មែរ​គ្នា​ឯងបែរ​ជា​ច្រាន​ចេញ តែ​ទទួល​ស្វាគមន៍​បរទេស​ដោយ​ភាព​កក់​ក្ដៅ​ចេញ​ពី​រដ្ឋាភិបាល​លោក​ ហ៊ុន សែន បែប​នេះ។​

លោកស្រី មូរ សុខហួរ៖ «ចំពោះ​យើង​ខ្ញុំ​ដែល​ជា​ពលរដ្ឋ​ខ្មែរ ជាមន្ត្រី​ជាន់​ខ្ពស់ ជា​តំណាង​រាស្ត្រ​ដែលគេ​បោះឆ្នោត​ឱ្យ​យើង​ខ្ញុំ​ ខ្ញុំមិន​អាច​ធ្វើ​មាតុភូមិនិវត្តន៍​ផង​នោះ ខ្ញុំ​យល់​ឃើញ​ថា​ មនុស្ស​ធម៌​សម្រាប់បរទេស​វា​ផ្ទុយ​ជា​មួយ​អ្វី​ដែល​ជាខ្មែរ​ដូចគ្នា​មិន​អាច​ទទួល​យក​អ្វី​ដែល​ជា​ខ្មែរ​ដូច​គ្នា​ នេះខ្ញុំ​យល់​ឃើញ​ថា​ ជា​ការ​មួយ​មិន​ប្រក្រតី​ទេ​»។

ក្រោយ​ពី​ចាប់​ខ្លួនលោក កឹម សុខា ​និង​រំលាយ​បក្សសង្គ្រោះ​ជាតិនៅ​ចុង​ឆ្នាំ​២០១៧ រដ្ឋាភិបាល​លោក ហ៊ុន សែន រង​ការ​រិះ​គន់​ជា​ខ្លាំង​ពី​សំណាក់​រដ្ឋាភិបាល​លោកខាង​លិច​ ពី​ការ​រំលោភសិទ្ធិ​មនុស្ស និង​សិទ្ធិនយោបាយ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា លើស​ពី​នេះ​ទៀត​ សហភាព​អឺរ៉ុប​ក៏​បាន​ដំណើរ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជាផង​ដែរ។ ហើយ​ការ​អនុញ្ញាត​ឱ្យ​នាវា​ Westerdam ដែល​មាន​សញ្ជាតិ​ហូឡង់ចូល​ចត​នៅ​សប្ដាហ៍​មុន​នោះ គឺ​មាន​រយៈពេល​តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​សហភាព​អឺរ៉ុបសម្រេច​យក​​ពន្ធ​លើ​ទំនិញស្ករស ស្បែក​ជើង សំលៀក​បំពាក់ និង​សម្ភារ​ធ្វើ​ដំណើរ​ពី​កម្ពុជា។

រូបភាព​នៅ​ពីក្រោយ​ទឹក​ចិត្ត​សប្បុរស​របស់​រដ្ឋាភិបាល​លោក ​ហ៊ុន សែន

អ្នក​វិភាគ​នយោបាយ​ដែលរង​ការ​គំរាម​ពី​លោក ​ហ៊ុន សែន និង​បាន​​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ​លោក គឹម សុខ មាន​ប្រសាសន៍​ប្រាប់ ​VOD ថា ​រូប​ភាព​នៃ​អំពើ​សប្បុរស​របស់​លោក​ ហ៊ុន សែន ចំពោះ​នាវា​ Westerdam គឺ​ជា​កាយវិការ​សំដែង ​ដើម្បី​បង្ហាញ​ថា ​ខ្លួន​ជា​អ្នក​គោរព​សិទ្ធិមនុស្ស ក្នុង​ពេល​ដែល​ពិភព​លោកវាយ​តម្លៃ​លោក​ថា​ ជា​អ្នក​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ខ្លាំង​ក្លា​នោះ។ ​

លោក​ គឹម សុខ៖ «ពី​ព្រោះ​រឿង​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ហ្នឹង ​វា​មាន​ទំហំ​ធំធេង​ពេក ដែល​លោក ហ៊ុន សែន ​ល្បី​ត្រូវ​គេ​ស្គាល់​ពេញ​ពិភព​លោក ម្ល៉ោះហើយ​ដើម្បី​យក​រឿង​មួយ​ទៅ​បាំង ​វា​ទាល់​តែ​រឿង​ហ្នឹង​វា​ធំ​ហើយ​មាន​កម្រិត​ដែល​គេ​ចាប់​អារម្មណ៍​ទូទាំង​ពិភព​លោក​ដែរ។ ដូច្នេះ ​មាន​តែ​រឿង​កូរ៉ូណា​ហ្នឹង​ទេ ដូច​បាន​ដឹង​ហើយ ​គាត់​សម្លាប់​ប្រជាធិបតេយ្យ​ គាត់​រំលោភ​ដី​ធ្លី​ ក្រុម​របស់​គាត់ធ្វើ​អំពើ​ពុក​រលួយ​មិន​ការពារ​ កាប់​ព្រៃ​ឈើ មច្ឆជាតិ​ហិនហោច ព្រំ​ដែន​ត្រូវ​បាន​គេ​រំកិល​ចូល​កម្ពុជា ដែល​រឿង​ទាំង​ហ្នឹង​គឺ​ស្អុយ​ណា​ស់​សម្រាប់​រដ្ឋាភិបាល​លោក ហ៊ុន សែន»។

លោក​ គឹម សុខ ក៏​បាន​វិភាគ​ថា ការ​បង្ហាញ​កាយវិការ​មនុស្ស​ធម៌​របស់​លោក​ ហ៊ុន សែន ​ចំពោះ​ជន​បរទេស​នៅពេល​នេះ ​គឺ​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​យក​ចិត្ត​រដ្ឋាភិបាល​បរទេស​ ​ដើម្បី​ការពារខ្លួន​កុំ​ឱ្យ​មាន​ទណ្ឌកម្ម​ណា​មួយ​លើ​រដ្ឋាភិបាល​លោក​បន្ថែម​ប៉ុណ្ណោះ។

នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Right Watch លោក Phil Robertson បាន​ឱ្យ​VOD ដឹង​តាម​សារ​អេឡិច​ត្រូនិច​អ៊ីម៉ែល​ថា លោក ​ហ៊ុន សែន កំពុង​តែ​ព្យាយាម​ធ្វើ​ខ្លួន​​ជា​អ្នក​គោរព​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ខណៈ​ពលរដ្ឋ​ក្នុង​ប្រទេស​ខ្លួន​រង​ការ​រំលោភ​បំពាន​សិទ្ធិ​ពី​សំណាក់​រដ្ឋាភិបាល​នោះ ហើយ​ការ​អនុញ្ញាតឱ្យ​នាវា​ Westerdam ចូល​ចត ​គឺ​គ្រាន់​ជា​ការ​ទាញ​យក​ឱកាស​ដើម្បី​សំដែង​ពីភាព​មនុស្ស​ធម៌​របស់​ខ្លួន​ប៉ុណ្ណោះ។

លោក​បាន​សរសេរ​ថា៖ «លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ហាក់​ដូច​ជា​ងាក​ទៅ​ធ្វើ​គុណ​ប្រយោជន៍​ដល់​ប្រជាជន​លោក​លិច ដើម្បី​ទទួល​នូវការ​កោត​សរសើរ តែ​លោក​​នឹង​មាន​កំហឹង​នៅពេល​ប្រឈម​នឹង​ការ​រិះគន់​ពី​ជន​បរទេស​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​លោកទៅ​លើ​ប្រជាជន​កម្ពុជា។ […] រដ្ឋាភិបាល​ប្រទេស​មួយ​គួរ​តែ​លើក​កម្ពស់​គោល​នយោបាយ​ដែល​យក​ចិត្ត​ទុក​ដាក់​ពិតប្រាកដ​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​។ តែ​ភាព​ជាក់​ស្ដែង​ សព្វថ្ងៃ​នេះ ​គឺ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ដែល​ថា ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ឬ​រដ្ឋាភិបាល​បាន​ត្រៀម​ធ្វើ​ដូច្នោះ​ទេ»។

សម្រាប់​លោក គឹម សុខ គោល​ដៅ​ចិត្ត​ធម៌​របស់​លោក​ ហ៊ុន សែន គឺ​ជានយោបាយ​មួយ​របស់​លោក​ដើម្បី​រក្សា​អំណាច​របស់​លោក​ឱ្យ​នៅ​បន្ត​ទៀត​ប៉ុណ្ណោះ។

លោក គឹម សុខ៖ «លោក ​ហ៊ុន សែន គ្មាន​ចិត្ត​ទូលាយ​ជា​មួយ​អ្នក​ណា​ទេ​ ចំពោះ​បុគ្គល​ដែល​គាត់​គិត​ថា​ធ្វើ​សកម្ម​ភាព​ប៉ះពាល់​ទៅ​ដល់​អំណាច​របស់​គាត់ ទោះ​ខ្មែរ​ក៏​ដោយ​ ទោះ​បរទេស​ក៏​ដោយ ក៏​ប៉ុន្ដែ​ លោក ​ហ៊ុន សែន មាន​ចិត្ត​ទូលាយ​ខ្លាំង​ណាស់ចំពោះ​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ជួយ​រក្សា​កៅ​អី​នាយករដ្ឋមន្ត្រី​របស់​គាត់​ទោះ​បី​ជា​ខ្មែរ​ក៏​ដោយ បរទេស​ប្រភេទណា​ក៏​ដោយ មិន​មែន​ជា​ករណី​ចិត្ត​ធម៌​ករុណា​ចំពោះ​គេ​ទេ​»។ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ