បទយកការណ៍៖ អតីត​ទាហាន​ពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​សៀមរាប​ប្តេជ្ញា​ការពារ​ព្រៃឈើ​សហគមន៍​ទោះ​ប្រឈម​បញ្ហា​​

ប្រធានសហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតនៅខេត្តសៀមរាប អ្នកស្រី ឈឿន សុឌី និងស្វាមីរបស់អ្នកស្រី គឺលោក ឡម សោម។ (សូត សុខប្រាថ្នា/ ១០ កុម្ភៈ ២០២០)

ព្រៃឈើ​ត្រូវបានគេចាត់ទុកថា ជាធនធានធម្មជាតិសំខាន់មួយដែលអាចចូលរួមចំណែក​​ការពារនឹងបម្រែបម្រួល​អាកាសធាតុ។ ព្រៃឈើក៏ត្រូវបាន​ពលរដ្ឋកម្ពុជា​ជាច្រើន​រស់ពឹងអាស្រ័យ និងទាញប្រយោជន៍​សម្រាប់​ជីវភាពរស់នៅប្រចាំថ្ងៃទៀតផង។

ដោយមើលឃើញពីសារៈសំខាន់ទាំងនោះហើយ ទើបជំរុញឱ្យ​អតីតទាហាន​ពីរនាក់ប្តីប្រពន្ធ ក្លាយជាសកម្មជន​​ការពារព្រៃឈើក្នុងតំបន់ព្រៃសហគមន៍ចង្ក្រានរយ ក្នុងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប​ ទោះបីជាត្រូវប្រឈម​ជីវភាពគ្រួសារ និងប្រឈមមុខ​ជាមួយជនល្មើស​បែបណាក្តី។ ​

អតីតទាហាន​ និង​បច្ចុប្បន្ន​ជាប្រធានសហគមន៍ព្រៃឈើចង្ក្រានរយ អ្នកស្រី ឈឿន សុឌី មានប្រសាសន៍ថាដោយសារ​ការស្រលាញ់​ធនធានធម្មជាតិ ទើបអ្នកស្រីបាន​ចូលប្រឡូក​ក្នុងការងារពារព្រៃឈើសហគមន៍ចង្ក្រានរយ​រហូត​មក​តាំងពីឆ្នាំ២០១២។

អ្នកស្រី ឈឿន សុឌី បានជាប់ជាប្រធានគណៈកម្មការព្រៃសហគមន៍ចង្ក្រានរយ នៅឆ្នាំ២០១៥ ហើយ​ការងារ​ការពារព្រៃឈើ​ក៏ចាប់ផ្តើម​ប្រឡូកកាន់តែខ្លាំងឡើង ដោយថា ដើម្បីរួមចំណែក​អភិរក្សព្រៃសហគមន៍នេះឱ្យនៅគង់វង្សសម្រាប់ក្មេងជំនាន់ក្រោយ និងចង់លើកកម្ពស់សមត្ថភាពស្ត្រី​ក្នុងការដឹកនាំសហគមន៍ ហើយក៏ចង់ធ្វើជាគំរូដល់ស្ត្រីផ្សេងទៀតផងដែរ។

ប្រធានសហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតនៅខេត្តសៀមរាប អ្នកស្រី ឈឿន សុឌី ​ប្រាប់អំពី​ការងារ​ការពារព្រៃឈើរបស់ខ្លួន។ (សូត សុខប្រាថ្នា/ ១០ កុម្ភៈ ២០២០)

អ្នកស្រីលើកឡើងបែបនេះ៖ «ព្រោះបើយើងមិនធ្វើជាគំរូដែលទាក់ទាញស្ត្រីគ្រប់រូបបានទេ គឺគេគិតឃើញថា ពិសេសបុរសមួយចំនួន​គិតឃើញថា ​ស្ត្រីធ្វើការតែក្នុងផ្ទះ មិនអាចចេញក្រៅបាន។ ប៉ុន្តែ សម្រាប់ខ្ញុំផ្ទាល់​ចេញដើរល្បាតព្រៃ ខ្ញុំចេញដើរការពារនេះ ដើម្បីទាក់ទាញស្ត្រីផ្សេងៗឱ្យគាត់ឃើញថា ​រូបខ្ញុំផ្ទាល់​ធ្វើការងារនេះបាន ពួកគាត់ក៏ធ្វើបានដូចគ្នា»។

ព្រៃសហគមន៍​​ចង្ក្រានរយ​ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានចម្ងាយជាង៨០គីឡូម៉ែត្រ ពីទីរួមខេត្ត។

ព្រៃសហគមន៍ចង្ក្រានរយមានទំហំជិត១ម៉ឺនហិកតា (៩១0០.៤) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០០ ហើយនៅឆ្នាំ២០១០ ក៏មានការទទួលស្គាល់​ពីអាជ្ញាធរមូលដ្ឋាន និងខាងរដ្ឋបាលព្រៃឈើ ហើយនៅឆ្នាំ២០១៥ សហគមន៍មួយនេះក៏មានការទទួលស្គាល់ជាផ្លូវការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ​

ប្រធានព្រៃសហគមន៍ចង្ក្រានរយ​ជាអតីតទាហានកងពលលេខ៣រូបនេះ បញ្ជាក់ថា តំបន់នេះមានសក្តានុពលតំបន់ទេសចរណ៍ធម្មជាតិជាង៤០កន្លែង ដែលភ្ញៀវអាចមកលេងកម្សាន្តបាន។ 

អ្នកស្រី សុឌី បន្ថែមថា ​ការងារការពារព្រៃឈើ ​​កន្លងមក​មានបញ្ហាប្រឈមជាច្រើនកើតឡើងដូចជា ធ្លាប់រងការគំរាមកំហែងពីក្រុមជនល្មើស។​ ក្រៅពីនេះ សម្រាប់ក្នុងគ្រួសារវិញ ក៏មានបញ្ហាប្រឈមដែរ ពិសេស​មិនបានរកចំណូលជួយគ្រួសារ និងត្រូវឃ្លាតឆ្ងាយពីកូនៗ និងផ្ទះសម្បែងជាដើម។

អ្នកស្រីមានប្រសាសន៍បន្ថែម៖ «បើនិយាយពីបញ្ហាប្រឈមមានច្រើន ដោយសារយើងស្រី ហើយដើរដេកដុប ដេកព្រៃ ហើយចោលកូនចោលផ្ទះ។ អត់បានធ្វើការងារផ្ទះ ដោយយើងខំមកធ្វើការងារការពារព្រៃឈើ។ វាជាបញ្ហាប្រឈមមួយ។ ហើយមួយទៀត គ្រួសារខ្ញុំ ទាំងប្តី និងខ្ញុំ ធ្វើការការពារព្រៃឈើទាំងពីរនាក់ អីចឹងយើងត្រូវចោលមុខរបរផ្ទះយើង មកធ្វើការងារសហគមន៍។ ប៉ុន្តែ សម្រាប់ខ្ញុំវិញ មិនតូចចិត្តទេ»។

ប៉ុន្តែ ប្រធានព្រៃសហគមន៍ចង្រ្កានរយដដែល អះអាងថា គាត់មានសំណាង​ ព្រោះស្វាមីរបស់អ្នកស្រីមានឆន្ទៈរួមដូចគ្នា ហើយគាំទ្រការងារអភិរក្សព្រៃឈើ​របស់អ្នកស្រីរហូតមក។

កើតនៅខែតុលា ឆ្នាំ១៩៧៦ នៅស្រុកវ៉ារិន ខេត្តសៀមរាប អ្នកស្រី ឈឿន សុឌី ក៏បានចូលបម្រើទាហាន​រដ្ឋាភិបាលនៅទសវត្ស៩០ ក្រោយពេលឈប់រៀននៅថ្នាក់ទី៩។ នៅឆ្នាំ១៩៩៤ អ្នកស្រីបាន​រៀបការជាមួយ លោក ឡម សោម ដែលជាទាហាន​រដ្ឋាភិបាល​ដែរនោះ ក្រោយមកនៅឆ្នាំ២០០៩ អ្នកស្រីបានលាឈប់ពីការងារជាទាហាន។ មកទល់ពេលបច្ចុប្បន្ន​ ប្តីប្រពន្ធដែលជាអតីតទាហាន​ទាំងពីររូប​មានកូន​ស្រីចំនួន៤នាក់ និងមានចៅចំនួន៤នាក់​។

ស្វាមីរបស់អ្នកស្រី ឈឿន សុឌី និង ជាអតីតទាហាន​ទើបនឹងសុំគេចូលនិវត្តន៍កាលពីឆ្នាំមុន លោក ឡម សោម មានប្រសាសន៍ថា​ លោកចង់យកពេល​មកជួយការងារប្រពន្ធ និងជួយការងារការពារព្រៃសហគមន៍ចង្ក្រានរយពេញដៃពេញជើងផង ទើបលោកស្នើមេអង្គភាព​ដើម្បីបាន​ចូលនិវត្តន៍មុនពេលកំណត់។

លោក ឡម សោម អះអាងថា​​ មែនទែនទៅ លោក​បានចូលរួមការពារព្រៃសហគមន៍នេះ​តាំងពីដើមឆ្នាំ​២០០០​ មុនពេល​ប្រពន្ធរបស់លោក​ត្រូវបានជាប់ឆ្នោតជាប្រធានគណៈកម្មការសហគមន៍ទៅទៀត ហើយការគាំទ្រ និងចូលរួមការងារនេះ ដោយលោក និងប្រពន្ធមានឆន្ទៈស្រលាញ់ព្រៃឈើដូចគ្នា។

ស្វាមីរបស់អ្នកស្រី ឈឿន សុឌី និងជាអតីតទាហានទើបនឹងសុំគេចូលនិវត្តន៍ លោក ឡម សោម មានប្រសាសន៍អំពីការការពារព្រៃឈើសហគមន៍​ចង្ក្រានរយ។ (សូត សុខប្រាថ្នា/ ១០ កុម្ភៈ ២០២០)

លោកបន្តថា៖ «យើងគិតថា បើយើងមិនខំការពារព្រៃទេ វានឹងអស់ វានឹងកើតជាចម្ការ កើតអីអស់ហើយ។ ដូចជាកាលពីឆ្នាំ២០០៧ ឬ២០០៨ យើងមិនទាន់រៀបចំជាគណៈកម្មការសហគមន៍ គេចាប់ផ្តើមកាត់ប្លង់កាត់ចែកគ្នាអស់ហើយៗ អនាធិបតេយ្យ កាប់ព្រៃឈើពេញណាពេញណី។ ដោយនឹកឃើញថា ​បើកាលណា​​យើងមិនស្ម័គ្រចិត្តធ្វើជាមួយអភិបាលស្រុកចាស់ហ្នឹងទេ ព្រៃនេះដឹងតែអស់ហើយ»។

ស្វាមីប្រធានសហគមន៍ព្រៃឈើចង្ក្រានរយដដែល លើកឡើងថា ​លោកជាអ្នកដឹកនាំ​ការចុះល្បាតព្រៃ ឃ្លាំមើល​បទល្មើសនានា ដោយលោកស្គាល់ទីតាំងភូមិសាស្ត្រ​ព្រៃសហគមន៍នេះច្រើន។

លោកថា កន្លងមកធ្លាប់ប្រឈមមុខជាមួយជនល្មើស និងការគំរាមកំហែងផង ប៉ុន្តែ លោកថា ដោយសារអាជ្ញាធរមូលដ្ឋាន ​និងមន្ត្រីជំនាញនៅស្រុកវ៉ារិន​ ​គាំទ្រ និងការពារពួកគាត់ ព្រមទាំងជួយអន្តរាគមន៍ទាន់ពេលវេលា។

​​មានវ័យជិត៦០ឆ្នាំ ជាអ្នកធ្វើម្ហូបអាហារ និងតែងចុះល្បាតព្រៃឈើសហគមន៍ចង្រ្កានរយមួយរូប ​អ្នកស្រី ឈុន យ៉េត ​បានលើកថា​ អតីតទាហានពីរនាក់ប្តី​ប្រពន្ធ​នេះបានលះបង់ច្រើនជួយការពារព្រៃឈើ ហើយបាន​ខិតខំរៀបចំតំបន់នេះជាតំបន់អេកូទេសចរណ៍​រកចំណូលជួយសហគមន៍ ​ព្រមទាំងបង្កើតការងារ​ធ្វើដល់ពួកគាត់ផងដែរ។

អ្នកស្រី ឈុន យ៉េត មានវ័យជិត៦០ឆ្នាំ ជាអ្នកធ្វើម្ហូបអាហារ និងតែងចុះល្បាតព្រៃឈើសហគមន៍ចង្រ្កានរយ។ (សូត សុខប្រាថ្នា/ ១០ កុម្ភៈ ២០២០)

អ្នកស្រីមានប្រសាសន៍ថា៖ «ក្នុងការងារសហគមន៍ដែលខ្ញុំធ្វើ ខ្ញុំធ្វើចុងភៅផង មេនាំដើរល្បាតក៏ខ្ញុំទៅ មេនាំធ្វើអីក៏ខ្ញុំធ្វើ សម្រាប់ការងារក្នុងសហគមន៍ »។

តំបន់ព្រៃសហគមន៍នេះ​ត្រូវបាន​បង្កើតជាតំបន់អេកូទេសចរណ៍​នៅឆ្នាំ២០១៧ ក្រោមការជួយជ្រោមជ្រែងពីអង្គការកម្មវិធីផ្លាស់ប្តូរ​បទពិសោធន៍អនុផលព្រៃឈើកម្ពុជា ឬហៅកាត់ថា អង្គការ NTFP-EP ព្រមទាំងអង្គការ និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។

អភិបាលស្រុកវ៉ារិន លោក ធិននី វិធូរ បានសម្តែងការគាំទ្រចំពោះ​ការខិតខំប្រឹងប្រែងរបស់គ្រួសារអ្នកស្រី សុឌី ពិសេសអ្នកស្រីផ្ទាល់ ក្នុងការការពារព្រៃឈើ ព្រមទាំងដឹកនាំសហគមន៍ចង្ក្រានរយ​​ឱ្យកាន់តែមានភាពប្រសើរ ដោយថា នេះបង្ហាញពីភាពជាគំរូ និងសមត្ថភាពរបស់ស្ត្រីផងដែរ។

អភិបាលស្រុកវ៉ារិននៃខេត្តសៀមរាប លោក ធិននី វិធូរ ​មានប្រសាសន៍ពីការប្តេជ្ញា​ការពារ​និងរៀបចំព្រៃសហគមន៍ចង្ក្រានរយឱ្យកាន់តែប្រសើរ។ (សូត សុខប្រាថ្នា/ ១១ កុម្ភៈ ២០២០)

លោកមានប្រសាសន៍ថា៖ «បានន័យថា គាត់បានបង្ហាញពីសក្តានុពលរបស់ស្ត្រី ក្នុងការចូលរួមការងារ​សហគមន៍​ ការងារទូទៅរបស់ប្រទេសជាតិនេះបានល្អប្រសើរ។ អីចឹងសង្ឃឹមថា ស្ត្រីទាំងអស់ ត្រូវតែចូលរួម​ ហើយបង្ហាញពីសក្តានុពលរបស់ខ្លួនដែលមាន»។

ដោយឡែក មន្ត្រីសម្របសម្រួលអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា ហៅកាត់ថា អង្គការ NTFP-EP ដែលតែងចុះធ្វើការផ្ទាល់ជាមួយ​ប្រជាសហគមន៍ចង្ក្រានរយ​តាំងពីឆ្នាំ២០១៤ លោក ឆឹង ស៊ុវិរិយ៉ា បានលើកឡើងថា ជារឿងកម្រមួយសម្រាប់គូស្វាមី​ភរិយាដែល​ជាអតីតទាហានមួយគូ​នេះ​ ​ដោយបានក្លាយ​ជាអ្នកការពារព្រៃឈើយ៉ាងសកម្ម ត្បិតធនធានមនុស្សបែបនេះនឹងជំរុញឱ្យកិច្ចការពារព្រៃឈើ​កាន់តែមានប្រសិទ្ធភាព។

មន្ត្រីសម្របសម្រួលគោលនយោបាយ និងបណ្តាញនៃអង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើកម្ពុជា លោក ឆឹង ស៊ុវិរិយ៉ា។ (សូត សុខប្រាថ្នា/ ១១ កុម្ភៈ ២០២០)

លោកមានប្រសាសន៍ថា៖ «ជារឿងកម្របំផុតដែលពួកគាត់ សហគមន៍មានធនធានមនុស្ស​ដែលជាទាហាន ដែលប្រែខ្លួន​មកជាសមាជិកសហគមន៍ ថ្នាក់ដឹកនាំសហគមន៍។ នេះជាគំរូមួយ ប្រសិនបើសហគមន៍ដទៃ អាចមានធនធានមនុស្សបែបនេះ វាជាចលករមួយជំរុញឱ្យការការពារធនធានធម្មជាតិហ្នឹង​មានលក្ខណៈល្អប្រសើរ និងមាននិរន្តរភាពទៅមុខទៀត »។

ទាំងអ្នកស្រី ឈឿន សុឌី និង លោក ឡម សោម ប្តេជ្ញា​ការពារព្រៃសហគមន៍ចង្ក្រាន​រយឱ្យនៅគង់វង្ស ហើយពួកគេ​ថា ​ប្រសិនបើព្រៃឈើនេះត្រូវបានបាត់បង់ នឹងប៉ះពាល់​ជីវភាពពលរដ្ឋ​ដែលពឹងអាស្រ័យលើព្រៃសហគមន៍នេះដោយផ្ទាល់​ប្រមាណ៥រយគ្រួសារ និងជាច្រើនគ្រួសារទៀតប៉ះពាល់ដោយប្រយោល។

បន្ថែមពីនេះ ធ្វើឱ្យបាត់បង់ជម្រកសត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ហើយក៏ធ្វើឱ្យភ្ញៀវទេសចរ​មកលេងកម្សាន្ត​តំបន់ព្រៃសហគមន៍ថយចុះ និងធ្វើឱ្យសហគមន៍របស់ខ្លួន​ងាយប្រឈមនឹង​បម្រែបម្រួលអាកាសធាតុ​ទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ