លោក ស ខេង ថា​​​សាង​សង់​​ពន្ធនា​គារ​​មិន​​ទាន់​​ដោយ​​សារ​​ករណី​​គ្រឿង​​ញៀន​​ច្រើន​​​ពេក​​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបូកសរុបរបាយការណ៍ក្នុងសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៩ លើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។ (ហ្វេសប៊ុកលោក ស ខេង)

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងថា ទោះរដ្ឋាភិបាលខិតខំកសាងពន្ធនាគារយ៉ាងណាក៏មិនគ្រប់គ្រាន់ដែរ ដោយសារការចាប់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀន មានចំនួន​ច្រើនក្នុង១ថ្ងៃៗ ស្របពេលដែលពន្ធនាគារមួយចំនួន​ពេញ និងខ្លះទៀតចង្អៀត។​

ក្នុងពិធីបូកសរុបការងារក្រសួងមហាផ្ទៃនៅថ្ងៃនេះ លោក ស ខេង ថ្លែងថា បច្ចុប្បន្នកំពុងតែមានបញ្ហាកន្លែងឃុំឃាំងចង្អៀត។ លោកថា ករណីចង្អៀតណែនពេកនេះ ដោយសារករណីគ្រឿងញៀន និងការចាប់ខ្លួនមានចំនួនច្រើនរាល់ថ្ងៃ។​

លោក ស ខេង៖ «សាកសង់មិនទាន់ទេ បើចាប់ករណីគ្រឿងញៀន១ថ្ងៃៗរាប់សិបយ៉ាងហ្នឹង សាងសង់វាមិនទាន់! អានេះមានវិធីដោះ ធ្វើម៉េចគឺថា កាត់ទោសហើយ លើកលែងទោសមួយចំនួន​ករណីគ្រឿងញៀនហ្នឹង។​ វិធីហ្នឹងល្អដែរ ហើយវិធីផ្សេងៗយើងកំពុងលៃលកដែរ»។​

លោកបញ្ជាក់ថា រដ្ឋាភិបាលកំពុងតែខិតខំប្រឹងប្រែងក្នុងការកសាងពន្ធនាគារបន្ថែម កុំឱ្យអ្នកជាប់ឃុំចង្អៀតពេក។​

លោក ស ខេង៖ «និយាយចឹង មិនមែនបានន័យយើងមិនខំកសាងពន្ធនាគារទេ យើងខំដែរ ប៉ុន្តែ រត់វាមិនទាន់ដែរ។ កសាងមិនតិចណា ពន្ធនាគារបង្កើតទាំងមណ្ឌលផង អីផង វានៅតែមិនឈ្នះ។ ឥឡូវហ្នឹងកំពុងកសាងកន្លែងមួយទៀតហើយ កំពុងសុំថវិកាមិនទាន់បានផង»។​

របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិបង្ហាញថា ក្នុងឆ្នាំ២០១៩ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបាន ៩៨០៦ករណី និងបានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ២០ ៤៨៩នាក់។​

អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារក្រសួង​មហាផ្ទៃ លោក​ បេ ទាឡេង ថ្លែងថា ចាប់ពីថ្ងៃទី១ ខែមករាមក ពន្ធនាគារព្រៃស មិនទទួលដាក់អ្នកជាប់ឃុំទៀតទេ។ លោកថា ព្រោះមានស្ថានភាពចង្អៀត មានអ្នកជាប់ឃុំ ជាង១ម៉ឺននាក់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ