លោក ហ៊ុន សែន ស្នើ​ឱ្យ​ចិន​ជួយ​កម្ពុជា​​ក្រោយ​​ប្រកាស​មិន​ចរចា​ជាមួយ​អឺរ៉ុប​​ជុំ​វិញ​​ការ​​ដក​ EBA មួយ​​ផ្នែក​

ថ្ងៃទី០៥​ កុម្ភៈ​ ឆ្នាំ២០២០ លោក​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ចាប់ដៃលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន ក្នុងជំនួបសំណេះសំណាលមួយនៅទីក្រុងប៉េកាំង​ ប្រទេសចិន។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលស្គាល់ថា​ ការសម្រេចព្យួរកម្មវិធីអនុគ្រោះពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬហៅថា EBA របស់សហភាពអឺរ៉ុប ២០ភាគរយ នឹងប៉ះពាល់​ដល់​បណ្តា​រោងចក្រកាត់ដេរ​មួយចំនួន ប៉ុន្តែ លោកនៅតែប្រកាន់ជំហរមិនចរចា ឬសុំការយោគយល់​ពីអឺរ៉ុបនោះ​ឡើយ។

កាលពីថ្ងៃទី១២ ខែកុម្ភៈ សហភាពអឺរ៉ុបសម្រេច​យកពន្ធក្នុង​ទំហំ ២០​ភាគរយ​នៃ​តម្លៃ​ទំនិញ​​សរុប​ដែល​នាំ​ចេញ​ពី​កម្ពុជា​ចូល​ទៅ​ទីផ្សារ​រួម​មួយ​នេះ ដែល​មាន​តម្លៃ​ជាង ១​ពាន់​លាន​ដុល្លារ​អាមេរិក ឬ​ត្រូវ​ជាប់​កាតព្វកិច្ច​បង់​ពន្ធ​ខ្ទង់ ១០០​លាន​ដុល្លារ បន្ទាប់​ពី​សេចក្ដី​សម្រេច​នេះចូល​ជា​ធរមាន​ចាប់​ពី​ខែ​សីហា​ខាង​មុខ​នេះ។

ក្នុងពិធីថ្លែងសារពិសេសមួយ​​ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ​នៅវិមានសន្តិភាពកាលពីថ្ងៃម្សិលមិញ ​លោក ហ៊ុន សែន បាន​ប្រកាសជំហរជាថ្មីទៀតថា លោក​នឹងមិនយកអធិបតេយ្យភាពរបស់កម្ពុជា​ទៅដោះដូរការ​អនុគ្រោះពន្ធ EBA ២០ភាគរយ​នោះ​ឡើយ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារពិសេសអំពីស្ថានភាពថ្មីៗចុងក្រោយពាក់ព័ន្ធប្រទេសកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន ថ្លែង​ថា៖ «ខ្ញុំក៏សូមជម្រាបថា ​អធិបតេយ្យរបស់កម្ពុជា​នឹងមិនត្រូវ​យកទៅធ្វើការចរចាទេ។ នេះខ្ញុំសូមបញ្ជាក់ឱ្យច្បាស់​បន្តិចថា មកចរចាជាមួយកម្ពុជា​ថា សុំឱ្យតុលាការ​ដោះលែងការចោទប្រកាន់ សុំឱ្យតុលាការ​ធ្វើបែបនេះ ធ្វើបែបនោះ ឬសុំឱ្យនាយករដ្ឋមន្ត្រីធ្វើការលើកលែង​ទោស ដើម្បី​ដោះដូរជាមួយ​ជំនួយ អត់ទេ! នោះជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្ត្រី ចង់ធ្វើក៏ធ្វើ មិនចង់ធ្វើអាហ្នឹងរឿងរបស់ខ្ញុំ»

លោក ហ៊ុន សែន មិន​បាន​ថ្លែង​ចំ​ឈ្មោះ​អ្នក​នយោបាយ​រូប​ណា​ដោយ​ផ្ទាល់​នោះ​ឡើយ ប៉ុន្តែ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​ចាប់​ខ្លួន​ដាក់​ឃុំ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧​ មុន​នឹង​ដោះ​លែង​នៅ​ក្រៅ​ឃុំ​បណ្ណោះអាសន្ន​កាល​ពី​ចុង​ឆ្នាំ​មុន​នោះ កំពុង​ស្ថិត​ក្រោម​ដំណើរការ​ជំនុំ​ជម្រះ​ពី​សំណាក់​តុលាការ​រាជ​ធានី​ភ្នំពេញ​ចាប់​តាំង​ពី​ពាក់​កណ្ដាល​ខែ​មករា​កន្លង​មក។

ដំណើរការ​ជំនុំ​ជម្រះ​ក្ដី​សំណុំ​រឿង​«ក្បត់​ជាតិ»​ដែល​ត្រូវ​បាន​ចោទ​ទៅ​លើ​មេ​បក្ស​ប្រឆាំង​មួយ​នេះ ត្រូវ​បាន​មន្ត្រី​តុលាការ​រាជ​ធានី​ភ្នំពេញ​ បញ្ជាក់​កាល​ពី​ខែ​មករា​កន្លង​មក​ថា អាច​មាន​រយៈ​ពេល​ដល់​ទៅ ៣​ខែ។

ត្បិតតែលោកនាយរដ្ឋមន្ត្រីប្រកាស​មិនសុំការយោគយល់ ឬ​ចរចាជាមួយសហភាពអឺរ៉ុប​ដើម្បីបានភាពអនុគ្រោះពន្ធឡើងវិញក៏ដោយ ប៉ុន្តែ លោកបានប្រកាសស្នើសុំឱ្យមហាមិត្តចិនជួយដល់សេដ្ឋកិច្ច​កម្ពុជា​ក្នុងគ្រាលំបាកនេះ តាមរយៈការ​ជំរុញ​ទៅ​អ្នកវិយោគចិនកាន់តែច្រើនមករកស៊ីនៅកម្ពុជា។

បន្ថែមពីនេះ លោកថា រោងចក្រ សហគ្រាស​​ដែលមានប្រមាណ ៧០ភាគរយជាជនជាតិចិននោះ ក៏មិនត្រូវរត់ចោលកម្ពុជា ក្នុងពេលអឺរ៉ុបព្យួរភាពអនុគ្រោះពន្ធពេលនេះដែរ។

លោក ហ៊ុន សែន ថ្លែង​បន្ត៖ «ដោយសារចិនវិនិយោគនៅកម្ពុជាប្រមាណ ៧០ភាគរយនៃរោងចក្រ​​របស់ចិន។ ដូច្នេះ សុំចិន​អប់រំ ផ្តល់ការគាំទ្រ​ទៅដល់រោងចក្រ​ទាំងឡាយ​របស់ចិន កុំឱ្យរត់ចោលកម្ពុជាក្នុងពេលកម្ពុជា​​បាត់បង់ EBA។ កុំឱ្យរត់ចោលកម្ពុជា»

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Nikkei Asia Review កម្ពុជា​នាំ​ចេញ​ផលិត​ផល​កាត់​ដេរ​សម្លៀក​​បំពាក់​មាន​តម្លៃ​​ជិត ៥ពាន់លានដុល្លារ (៤.៦​០០)​ ទៅ​កាន់​​​ទីផ្សារ​សហភាព​អឺរ៉ុប​នៅ​ក្នុង​រយៈ​ពេល ១១​ខែ​កាល​ពី​ឆ្នាំ​មុន​។

អតីតអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន លើកឡើងថា ការឆ្លើយតបនឹងការទាមទាររបស់​អឺរ៉ុប ពុំមែនជាការដោះដូរអធិបតេយ្យភាពនោះទេ តែជាការអនុវត្តនូវអ្វីដែលកម្ពុជា​បានចុះកិច្ចព្រមព្រៀងជាមួយគេកន្លងមក​ ជាថ្នូរនឹងការទទួលបានប្រព័ន្ធអនុគ្រោះពន្ធ EBA របស់អឺរ៉ុបប៉ុណ្ណោះ។

អតីត​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ បន្ត​ថា នៅពេលកម្ពុជាបណ្តោយឱ្យបាត់បង់ប្រព័ន្ធអនុគ្រោះនេះ គឺធ្វើឱ្យប៉ះពាល់​ដល់ជីវភាពពលរដ្ឋ​ នៅពេលកម្មកររាប់ម៉ឺននាក់បាត់បង់ការងារធ្វើ និងប៉ះពាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិទៀតផង។

លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់​ថា៖ «មានន័យថា ​យើង [កម្ពុជា] ក្លាយជាប្រទេសដែលជាប្រទេសមិនគោរពសិទ្ធិមនុស្ស ក្លាយជាប្រទេសមួយ​មិនគោរព​ទៅតាមកិច្ចព្រមព្រៀងជាមួយអឺរ៉ុបនោះ។ យើងខ្លាចយើងអន់ជាមួយអឺរ៉ុប តែយើង​សុខចិត្តអន់ជាមួយចិន»

ក្នុងជំនួបជាមួយ​នាយករដ្ឋមន្ត្រីចិន លោក លី ឃឹជាំង និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង កាលពីថ្ងៃទី៥ ខែកុម្ភៈ នៅទីក្រុងប៉េកាំង លោក ហ៊ុន សែន ក៏បាន​​ស្នើ​​ឱ្យ​រដ្ឋាភិបាល​ចិនជួយ​ដល់​សេដ្ឋកិច្ចកម្ពុជា​ទប់ទល់​នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់​អឺរ៉ុបផងដែរ។  ​

ជាការឆ្លើយតប ​លោក ស៊ី ជិនពីង បាន​ស្នើឱ្យ​រដ្ឋាភិបាល​ក​ម្ពុ​ជា បង្ក​បរិយាកាស​វិនិយោគ​ឱ្យបាន​កាន់តែ​ល្អប្រសើរ ដែល​គាំទ្រ​ដល់​ការវិនិយោគ និង​ធុរកិច្ច​របស់​អ្នកជំនួញ​ចិន ​ព្រមទាំង​ពិនិត្យមើល​ថា តើ​អ្នកវិនិយោគ​ចិន​ប្រឈម​អ្វីខ្លះ​ចំពោះ​ការវិនិយោគ​នៅ​កម្ពុជា ដើម្បី​រក​វិធាន​ការជួយ​ដល់​អ្នកវិនិយោគ​ទាំងនោះ​។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា បង្ហាញទស្សនៈថា ចំពោះមុខ ចិននឹងជួយកម្ពុជា​ទប់ទល់នឹង​ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ ប៉ុន្តែ បើកម្ពុជារងទណ្ឌកម្ម​ពីសហរដ្ឋអាមេរិកបន្ថែមទៀត ចិននឹងមិនអាចជួយកម្ពុជា​យូរអង្វែងបានឡើយ។

អ្នកវិភាគរូបនេះថា ការវិលត្រឡប់មកគោរពតាមលក្ខខណ្ឌរបស់អឺរ៉ុប អាចធ្វើឱ្យរដ្ឋាភិបាល​គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា​ប្រឈមការបាត់បង់អំណាច និងប្រជាប្រិយភាពនៅពេលខាងមុខ។

លោក ឯម សុវណ្ណរ៉ា ប្រាប់​ថា​៖ «ចិនមិនមានលក្ខខណ្ឌ តែអឺរ៉ុបមានលក្ខខណ្ឌ ហើយកាលណា​តែគោរពតាមលក្ខខណ្ឌអឺរ៉ុប ​ធ្វើឱ្យអ្នកនយោបាយកម្ពុជា ពិសេសគណបក្សកាន់អំណាច​ប្រឈម​។ បើសិនបើកលំហសេរីភាព​ អាចប្រឈម​នឹងការបាត់បង់​គេហៅថា ប្រជាប្រិយភាព ​ឬការគាំទ្រពីប្រជាពលរដ្ឋ អាចប្រឈម​នូវការបាត់អំណាច​នៅអនាគតកាល។ អ៊ីចឹង គាត់ [លោក ហ៊ុន សែន]​ ជ្រើសរើសយកចិន ដែលមិនមានបញ្ហាអី​ប៉ះពាល់​ដល់​អំណាចរបស់គាត់ បាទ»

ក្រោយការសម្រេចយកពន្ធរបស់អឺរ៉ុបប្រមាណ២០ភាគរយភ្លាម ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការសោកស្តាយ និងចាត់​ទុក​ជា​សេចក្ដី​សម្រេច​ដ៏​«អយុត្តិធម៌»​ធ្វើ​ឡើង​ដោយ​សហភាព​អឺរ៉ុប​មក​លើ​កម្ពុជា។

ដោយឡែក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវដល់សហភាពអឺរ៉ុប ឱ្យផ្ដល់ការអនុគ្រោះពន្ធ EBA ២០ភាគរយដែលខ្លួនបានសម្រេចផ្តាច់នោះ ដល់កម្ពុជាដូចដើមវិញ ដើម្បីបន្តលើកស្ទួយជីវភាពពលរដ្ឋកម្ពុជា​ឱ្យចាកផុតពីភាពក្រីក្រ។

GMAC បានសម្តែងការខកចិត្តចំពោះសហភាពអឺរ៉ុបដែលសម្រេចដកហូតផ្នែកខ្លះនៃកម្មវិធីអនុគ្រោះពន្ធ EBA នេះ ដោយថា ការសម្រេចនេះ នឹងធ្វើឱ្យកម្មកររាប់ម៉ឺននាក់បាត់បង់ការងារ និងធ្វើឱ្យពលរដ្ឋកម្ពុជាធ្លាក់ក្នុងភាពក្រីក្រថែមទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ