វិភាគ​៖​ តើ​សេដ្ឋកិច្ច​កម្ពុជា​អាច​ទទួល​កំណើន​ដូច​ការ​រំពឹង​ទុក​ក្នុង​ឆ្នាំ​២០២០​នេះ​ឬ​ទេ​?​

ស្ថានភាពចរាចររបស់ពលរដ្ឋ នៅតាមបណ្ដោយផ្លូវមុខទីស្ដីការគណរដ្ឋមន្ត្រី ក្រុងភ្នំពេញ។ (រូបភាព៖ ជន ចាន់រ៉ែន)

ក្រសួង​សេដ្ឋកិច្ច​បាន​ប៉ាន់​ប្រមាណ​ថា ​សេដ្ឋកិច្ច​កម្ពុជានៅ​ឆ្នាំ​២០២០ ​នៅ​តែ​រក្សា​កំណើនបាន​ ៦,៥ភាគរយ បើ​ទោះ​បី​មាន​បញ្ហា​ប្រឈម​មួយចំនួន​ពី​ខាង​ក្រៅ ​ដូច​ជា ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA ពី​កម្ពុជា​ជា​ដើម។

ក្នុង​របាយការណ៍​សង្ខេប​ថវិកា​ឆ្នាំ​២០២០ ក្រសួង​សេដ្ឋកិច្ច​លើក​ឡើ​ងថា៖ «តាម​ការ​ព្យាករ​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​សម្រេច​បាន​ក្នុង​អត្រា​ ៦,៥% ដែល​កំណើន​នេះ​ មាន​ការ​ថម​ថយ​បើ​ធៀប​ទៅ​នឹង​កំណើន​ឆ្នាំ​២០១៩ ដែល​ត្រូវ​ប៉ាន់​ស្មាន​ថា​ អាច​សម្រេច​បាន​ ៧,១% ដែល​ធ្វើ​ឱ្យ​ ផសស [ផលិតផលក្នុងស្រុកសរុប] ថ្លៃ​បច្ចុប្បន្ន​ឆ្នាំ​២០២០ ស្ថិត​ក្នុង​រង្វង់​ ១១៩ ០៣៤ ២២៩លាន​រៀល សមមូល​នឹង​ប្រមាណ​ ២៩ ៣៦២លានដុល្លារអាមេរិក ហើយ ​ផសស​ សម្រាប់​មនុស្ស​ម្នាក់​ត្រូវ​បាន​រំពឹងថា ​នឹង​កើន​ឡើង​ដល់​ ១ ៨១៦ដុល្លារ​អាមេរិក​ ធៀប​នឹង​ ១ ៦៧៩ ដុល្លារអាមេរិក​ក្នុង​ឆ្នាំ​២០១៩»។

បើ​តាម​ក្រសួង​សេដ្ឋកិច្ច​ ក្នុង​ឆ្នាំ​២០២០​នេះ កម្ពុជា​នឹង​មាន​កំណើន​លើ​វិស័យ​ឧស្សាហកម្ម​ចំនួន​ ៨,៩% កំណើន​វិស័យ​សេវា​កម្ម​ចំនួន ​៦,៤% និង​កំណើន​វិស័យ​កសិកម្ម​ចំនួន​ ១,៧%។

ទោះ​ជា​យ៉ាង​ណា​ ការ​វិភាគ​របស់​រដ្ឋាភិបាល​នេះ​គឺ​អំឡុង​ពេល​ដែល​មិន​ទាន់​ផ្ទុះ​ការ​វាយ​លុក​នៃ​វីរុស​កូរ៉ូណា​នៅ​ទូ​ទាំង​ពិភព​លោក​នោះ​ទេ។ ខណៈ​ដែល​ពិភព​លោក​កំពុង​រង​ការ​វាយ​ប្រហារ​ពី​វីរុស​នេះ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សកល​ តើ​កម្ពុជា​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ដែរ​ឬទេ?

ការ​វាយ​ប្រហារ​របស់​កូរ៉ូណា​មក​លើ​សេដ្ឋកិច្ច​ជាតិ

មន្ត្រី​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិ​ត​សភា​កម្ពុជា​ លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍ មាន​ប្រសាសន៍​ថា វិស័យ​ពីរ​ដែល​រង​ផល​ប៉ះពាល់​ពី​វីរុសក៉ូរ៉ូណា​នេះ គឺ​វិស័យ​ឧស្សាហកម្ម​ និង​វិស័យ​ទេសចរណ៍។ លោក​បន្ថែម​ថា ​វិស័យ​ឧស្សាហកម្ម​នឹង​រង​ផលប៉ះពាល់​ពី​ការ​ខ្វះ​វត្ថុធាតុ​ដើម​ពី​ប្រទេស​ចិន ដែល​នឹង​អាច​ធ្វើ​ឱ្យ​រោងចក្រ​មួយ​ចំនួន​ផ្អាក​សកម្មភាព ខណៈផល​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​នោះ ​គឺ​ការ​ថយ​ចុះ​នៃ​អ្នក​ទេសចរ​ដោយ​សារ​ការ​ព្រួយ​បារម្ភ​ពី​វីរុស​ក៉ូរ៉ូណា​ដែល​កំពុង​រីករាល​ដាល។

លោក​បណ្ឌិត​ គី សេរីវឌ្ឍន៍៖ «ខ្ញុំ​មិនមាន​ចម្លើយ​ថា ​ទំហំ​នៃ​ការ​ខូចខាត​ហ្នឹង​ប៉ុន្មាន​ទេ។ តែ​ស្ថានភាព​បច្ចុប្បន្ន​គឺ​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ដែល​នៅ​ទ្រឹង មិន​ទៅ​មុខ មិន​រីក​ចំរើន តែ​វា​មិន​ទាន់​ថយ​ក្រោយ​ទេ»។

ក្រៅ​ពី​វិស័យ​​ទាំង​ពីរ​នេះ វិស័យ​កសិកម្មកម្ពុជាក៏​ទទួល​​​រង​ផល​ប៉ះពាល់មួយ​ចំនួន​ដែរ​ពី​ឥទ្ធិពល​កូរ៉ូណា​នេះ។

អ្នក​ជំនាញ​កសិកម្ម និង​ទីផ្សារ​កសិផល​ លោកបណ្ឌិត យ៉ង សាំង​កុមារ មាន​ប្រសាសន៍​ថា ក្រោយ​ការ​ផ្ទុះ​វីរុស​កូរ៉ូណា​នៅ​ចិន ទីផ្សារ​ចិន​នៅ​ទីក្រុង​ធំៗ​មួយ​ចំនួន​នៅ​ប្រទេស​នេះបាន​បិទ និងផ្អាក​ការ​នាំ​ចូល ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ផ្គត់ផ្គង់​ក្នុង​តំបន់ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។ ឥទ្ធិពល​ដោយ​ប្រយោល​មួយ​ទៀត ​គឺ​ការ​ថយ​ចុះ​អ្នក​ទេសចរ​ដែលធ្វើ​ឱ្យ​ទីផ្សារ​បន្លែ​ដែល​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ និង​សណ្ឋាគារ​នៅ​កម្ពុជា​ មាន​ការ​ថយ​ចុះ។

លោក​បណ្ឌិត ​យ៉ង សាំង​កុមារ៖ «វិស័យ​កសិកម្ម​រួម​ចំណែក​ក្នុង​សេដ្ឋកិច្ច​ហ្នឹង​គឺ​មាន​បី​វិធី ទី​មួយ​គឺ​ទាក់ទង​នឹង​ការងារ​ មាន​មនុស្ស​ជា​ច្រើន​ធ្វើ​ការ​ងារ​បាន​ប្រាក់​ចំណូល​ ទោះ​បី​បាន​តិច​តួច​ក៏​ដោយ​ ក៏​នៅ​តែ​មាន​ចំណូល។ ទីពីរ ​ទាក់ទង​នឹងការ​ចូល​រួម​ជួយ​ជំរុញ​នឹង​វិស័យ​ផ្សេងៗ ឧទាហរណ៍​ដូច​ជា​ម៉ាស៊ីន​កិន​ស្រូវ កន្លែង​កែ​ច្នៃ​អញ្ចឹង​ វា​បង្កើត​ការងារ​ជាច្រើន ទាក់ទង​នឹង​ពាណិជ្ជកម្ម​កសិកម្ម​អីអញ្ចឹង​​ ទាក់ទង​នឹង​ការ​នាំ​ចេញ​នាំ​ចូល។ ហើយ​ទី​បី​ ទាក់ទង​នឹង​ការ​នាំ​ចេញ​ហ្នឹង​ ទាក់ទង​នឹង​ការ​នាំ​ថវិកាចូល​ជាតិ​អី​ច្រើន។ អញ្ចឹង​បើ​វា​ប៉ះពាល់​ វា​ទៅ​ទាំង​អស់​ ទាំង​បី​ចំនុច​នេះ»។

លោក​បន្ថែម​ថា​ ការ​ប៉ះពាល់​នេះ​នឹង​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពី​វិស័យ​កសិកម្ម​នឹង​កាន់​តែ​ថយ​ចុះ​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០២០​នេះ។

ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បញ្ហា​ប្រឈមសេដ្ឋកិច្ច​

កាល​ពីថ្ងៃទី​២៤ ខែកុម្ភៈ ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​លោក​ ហ៊ុន សែន បាន​ថ្លែង​ប្រកាស​ពី​វិធាន​ការចំនួន​​៣​ ដើម្បីរក្សា​សេដ្ឋកិច្ច​ជាតិ​ក្នុង​ពេល​ប្រឈម​បែប​នេះ​។ វិធាន​ការ​ទាំងនោះ​រួម​មាន វិធាន​ការ​តូចៗ​ជាច្រើន​ដូចជា​ កាត់​បន្ថយ​ចំណាយ​ដែល​មិន​ចាំបាច់​​របស់រដ្ឋ​​ ​លើក​លែងពន្ធ​លើ​សណ្ឋាគារ​ ផ្ទះ​សំណាក់ រោងចក្រ ជួយ​រក​ការងារ​ដល់កម្មករ ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​កម្មករ​ដែល​រោង​ចក្រ​ផ្អាក​ផលិតកម្ម​ និង​គោល​នយោបាយ​លើក​ទឹក​ចិត្ត​ដល់​សហគ្រាស​ធុន​តូច និងមធ្យម វិស័យ​សំណង់ និង​អចលនទ្រព្យ​ ជា​ដើម។

លោក​ ហ៊ុន សែន​ បាន​ថ្លែង​ថា៖ «អ្វី​ដែល​ដាក់​ចេញ​នាពេល​នេះ គឺ​ជា​កញ្ចប់​វិធានការជុំ​ទី​មួយ​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ រក្សា​លំនឹង​អាជីវកម្ម និង​លំនឹង​ជីវភាព​ជូន​ក្មួយៗកម្មករ និយោជិតទាំង​អស់។ រាជរដ្ឋាភិបាល​នឹង​បន្ត​តាមដាន​ស្ថានភាព​សេដ្ឋកិច្ច​ជា​ប្រចាំ។ ក្នុងករណី​ដែល​ស្ថាន​ភាព​សេដ្ឋកិច្ច​រងផលប៉ះពាល់​កាន់​តែធ្ងន់ធ្ងរ រាជរដ្ឋាភិបាល​អាច​បន្តអនុវត្ត​វិធាន​ការ​ទាំង​នេះ និង​ដាក់​ចេញ​នូវ​វិធានការ​ថ្មីៗ​បន្ថែម​ទៀត តាម​ការ​ចាំ​បាច់»។

ប្រធាន​ក្រុម​អ្នក​វិភាគ​វ័យ​ក្មេង​ កញ្ញា លី ស្រីស្រស់ បាន​ឱ្យ​ដឹង​ថា ​វិធាន​ការ​នេះ​អាច​ជួយ​ឱ្យ​មាន​ស្ថានភាព​ល្អ​ជាង​មុន តែ​ក្នុង​កាលៈទេសៈដែលកម្ពុជា​មាន​បញ្ហា​ច្រើន​ក្នុង​ការ​អនុវត្តគោល​នយោ​បាយ​ អំពើ​ពុក​រលួយ និង​បញ្ហាតម្លាភាព​នោះ វិធាន​ការ​នេះ​គឺ​នៅ​តែ​មិន​អាច​រក្សា​លំនឹង​សេដ្ឋកិច្ច​បាន​នោះទេ​។

កញ្ញា លី ស្រីស្រស់៖ «តើ​ការ​ដែល​យក​គោល​ការណ៍​ទាំង​អស់​ហ្នឹង​មក​អនុវត្តនោះ វា​មាន​ប្រសិទ្ធភាព​កម្រិត​ណា​ វា​មាន​តុល្យភាព​កម្រិតណា? អ្វី​ដែល​ខ្ញុំ​សង្កេត​កន្លង​មក​ហ្នឹង យើង [កម្ពុជា] មាន​ភាព​ទន់​ខ្សោយ​ទៅ​លើ​ការ​អនុវត្ត​គោល​ការណ៍​របស់​ខ្លួន ហើយ​ស្ថាន​ភាព​ដែល​អាច​វាយ​តម្លៃ​បាន​នោះ ​គឺ​ទាក់ទង​នឹង​ស្ថានភាព​អំពើ​ពុក​រលួយ​ តម្លាភាព​អី​ជា​ដើម​ហ្នឹង​ គឺ​ប្រព័ន្ធ​រដ្ឋបាល​របស់​យើង​គឺ​នៅ​តែ​មាន​កម្រិត​ទេ។ អ៊ីចឹង​ហើយ ​ខ្ញុំ​មើល​ឃើញ​ថា ​គុណភាព​នៃ​ការ​អនុវត្ត​ហ្នឹងនៅ​តែ​មាន​កម្រិត ​បើ​ទោះ​បី​ជា​វិធាន​ការ​ដែល​ដាក់​ចេញ​ហ្នឹង​វា​ល្អក៏​ដោយ​»។ ​

កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០២០ អាច​នឹង​នៅ​ត្រឹម​រង្វង់៦%

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ លោក មាស សុខសេនសាន បាន​ឱ្យ​ VOD ដឹងថា ​វិធាន​ការ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះគឺ​អាច​ឆ្លើយ​តប​នឹង​បញ្ហា​ដែល​កំពុង​កើត​មាន​ និង​ជួយ​រក្សា​កំណើន​សេដ្ឋកិច្ចបាន តែ​លោក​ថា ​ក្រសួង​នៅតែ​តាម​ដាន​លើ​ការ​វិវត្ត​ថ្មី​នៃ​បញ្ហា​វីរុស​កូរ៉ូណា​នេះ​ផង​ដែរ។

លោក​បន្ថែម​ថា​ តាម​ការ​គណនា​របស់​ក្រសួង​សេដ្ឋកិច្ច​កាល​ពី​ដើម​ឆ្នាំ២០២០ ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​អាច​ថយ​មក​នៅ​កំណើន​ក្នុង​រង្វង់​៦%នៅ​ឆ្នាំ​នេះ​។

លោក​ថា៖ «ហេតុ​ដែល​យើង​មិន​ទាន់​មាន​ការ​ពិនិត្យ​សារជាថ្មី​ទៀត ដែល​យើង​នៅ​តែ​គិត​ក្នុង​រង្វង់​៦% គឺ​ដោយ​សារ​រដ្ឋាភិបាល​ភ្លាម​ៗ​បាន​ចេញ​ជា​វិធាន​ការ​ជាក់​ស្ដែង សម្រាប់​រយៈពេល​ខ្លី។ ព្រោះ​ពេល​មាន​បញ្ហា​អី​បន្ដិច​បន្ដួច​ យើង​មាន​ជា​វិធាន​ការ​ ជា​គោល​នយោបាយ​សេដ្ឋកិច្ច​ក្ដី ដែល​អាច​ចូល​រួម​ចំណែក​រក្សា​នូវ​កំណើន បើ​មិន​បាន​រក្សា​នូវ​កំណើន​ឆ្នាំ​ចាស់ ក៏​យើង​ធ្វើ​យ៉ាង​ម៉េច​ជួយ​ឱ្យ​មាន​ការ​ប៉ះប៉ូវ​ឡើង​វិញ​នូវ​បញ្ហា​ទាំង​អស់​នេះ»។ ​

ទោះ​ជា​យ៉ាង​ណា​ សម្រាប់​អ្នក​វិភាគ​វិញ​យល់​ថា ​សេដ្ឋកិច្ច​កម្ពុជា​នឹង​មិន​អាច​រក្សា​កំណើន​៦​ភាគរយ​នៅ​ឆ្នាំ​នេះ​នោះ​ទេ ដោយ​សារ​ការ​វាយ​ប្រហារ​ដោយ​កូរ៉ូណា និង​ EBA នៅ​ឆ្នាំ​នេះ។

​សា​ស្ត្រាចារ្យ​​ផ្នែ​ក​ការ​ទូត​​​ និង​​កិច្ចការ​​ពិ​ភពលោក​​នៅ​​សាកលវិទ្យាល័យ​ Occidenta​l Co​ll​ege​ ទីក្រុង ​Lo​s Ang​e​les លោ​កបណ្ឌិ​ត អៀ ​សុផល​ បាន​ឱ្យ​ VOD ដឹង​តាម​សារអេឡិច​ត្រូនិច​អ៊ីម៉ែល​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​នៅ​ក្រោម​៦%​នៅ​ឆ្នាំ​នេះ ដោយ​ថា​ គ្រាន់​តែ​ការ​ថយ​ចុះ​ទេសចរណ៍​ចិន​មួយ ​គឺ​វា​ជះ​ឥទ្ធិពលយ៉ាងសម្បើម​ដល់​សេដ្ឋកិច្ចកម្ពុជារួច​បាត់​ទៅ​ហើយ។

លោក​សរសេរ​ប្រាប់​VODថា៖ «វាទាល់​តែ​រដ្ឋាភិបាល​កែលេខនៃ​កំណើន។ ផល​ប៉ះពាល់​នៃ​ទេសចរណ៍​ចិនដួល​រលំ​​ដោយ​សារ​ជំងឺ ​Covid-19 តែ​មួយ​ វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​បាត់​ទៅហើយ។ នៅ​មាន​ការថយ​ចុះ​វត្ថុធាតុ​ដើម​ពី​ចិន ​កំពុង​ធ្វើ​ឱ្យ​ផលិតកម្ម​នៅ​កម្ពុជា​ថយ​ចុះ ការ​ហាម​ឃាត់​ល្បែង​ភ្នាល់​ដែល​កំពុង​ជះឥទ្ធិពល​នៅ​ខេត្ត​ព្រះសីហនុ។ ចំណុច​ទាំង​អស់​នេះ​ គឺ​សុទ្ធ​តែ​ជា​ដំណឹង​​អាក្រក់​»។

អនុសាសន៍

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត ប៉ា ច័ន្ទ​រឿន​ មាន​ប្រសាសន៍​ថា ក្នុង​ស្ថានភាព​ដែល​កម្ពុជា​ប្រឈម​នឹង​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធពី​អឺរ៉ុប​ និង​ការ​គាំង​សេដ្ឋកិច្ច​ដោយ​វីរុស​កូរ៉ូណា​នេះ កម្ពុជា​គួរ​តែ​មាន​យុទ្ធសាស្ត្រ​ស្វែង​រក​ទីផ្សារ​បន្ថែម ទាំង​អ្នក​ផ្គត់ផ្គង់​វត្ថុធាតុ​ដើម ​និង​នាំ​ចេញ កែ​ប្រែ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ ហើយ​ជា​ពិសេស​នេះ ​គឺ​គោល​នយោបាយ​ពង្រឹង​សមត្ថភាព​កសិកម្ម​ក្នុងប្រទេស​ឱ្យ​ខ្លាំង​ក្លា។

លោក​ ប៉ា ច័ន្ទ​រឿន៖ «កាល​ណា​ប្រជាជន​គាត់​បាត់​បង់​ការងារ ឬ​ក៏​មិន​សូវមាន​ការ​ងារ​ធ្វើ​ទាំង​ក្នុង​វិស័យ​ទេសចរណ៍​ក្ដី កាត់ដេរ​ក្ដី គឺ​ប្រជាជន​នឹង​ខ្វះ​លទ្ធភាព​ក្នុង​ការ​ទិញ​ផ្ទះ​សម្បែង ដែល​ធ្វើ​ឱ្យ​ការ​សាងសង់​អចលនទ្រព្យ​ហ្នឹង ​ក៏​វា​មិន​សូវ​ផុសផុល​ដូច​លើក​មុន​ដែរ។ ហេតុដូច្នេះ​ហើយ ​មាន​តែ​ការងារ​កសិកម្ម​ទេ ដែល​ជា​ស្នូល​សេដ្ឋកិច្ច និយាយ​ភាសា​អ្នក​ស្រុក​ថា ​ជា​ឆ្នាំង​បាយ​របស់​យើង​នោះ​ណា! បើ​សិន​យើង​អត់​លុយ​ពី​វិស័យ​ទេសចរណ៍ ពីវិស័យ​កាត់​ដេរ​មក​ យ៉ាងហោច​ណា​ស់​ក៏​មាន​បាយ​ មាន​ស្រូវ មាន​ត្រី​ មាន​បន្លែ​សម្រាប់​ទទួល​ទាន​ដែរ»។

បន្ថែម​ពី​លើ​នេះ​ លោក​បណ្ឌិត យ៉ង សាំងកុមារ មាន​ប្រសាសន៍​​ថា ការ​ពង្រឹង​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​ ការ​រក​ទីផ្សារ​កសិកម្ម​ និង​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​រីក​ចំរើន អាច​ជំនួស​នូវ​បញ្ហា​ឧស្សាហកម្ម និង​ទេសចរណ៍ដែល​ប្រឈម​​បាន។ លោក​ក៏​​ជំរុញ​ដល់​ពលរដ្ឋ​ឱ្យ​ងាក​មក​ប្រើប្រាស់​ផលិត​ផល​ក្នុងស្រុក​ ដោយ​ថា​ ការ​ជួយ​ដល់​ផលិត​ផល​ក្នុង​ស្រុក​ គឺ​ជួយ​រក្សា​សេដ្ឋកិច្ច​កម្ពុជាកុំ​ឱ្យ​ខាត​បង់ទៅ​ក្រៅ​ប្រទេស ក្នុង​ពេល​ដែល​កម្ពុជា​ជួប​បញ្ហា​នេះ​។

លោកបណ្ឌិត យ៉ង សាំង​កុមារ៖ «ដោយ​សារ​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ យើង​ត្រូវ​កាត់​បន្ថយ​នូវ​ការ​ហូរ​លុយ​ចេញ​ពី​ដៃទៅ​ក្រៅ​ស្រុក អ៊ីចឹង​យុទ្ធនាការ​នេះ គឺ​យើង​ចាប់​ផ្ដើម​ចេញ​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ ងាក​មក​ទិញ​ផលិត​ផល​ក្នុង​ស្រុក​ឱ្យ​ច្រើន។ ព្រោះ​របស់​ដែល​ផលិត​បាន​ក្នុង​ស្រុក ​វា​ជួយ​ឱ្យ​លុយ​បាន​ទៅ​កសិករ​សិប្បករ​យើង ហើយ​ដល់​ពេល​ដែល​កសិករ​សិប្បករ​យើង​មាន​លុយ​ច្រើន ​គាត់​ក៏​យក​លុយ​មក​ចាយ​លើ​ផ្នែក​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​សង្គម​មាន​ភាព​រស់រវើក​ដែរ ធ្វើ​ឱ្យ​ចរន្ត​ឈាម​សេដ្ឋកិច្ច​យើង​វា​ដើរ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ