មេធាវី​ការពារ​ក្តី​លោក​ កឹម សុខា​ និង​តំណាង​អយ្យការ​ខ្វែង​គំនិត​គ្នា​លើ​ការ​ដាក់​ភស្តុតាង​ដាក់​បន្ទុក​ថ្មី​បន្ថែម​ ​

អតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា ជិះរថយន្តចាកចេញក្រោយពេលបញ្ចប់សវនាការនៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

មេធាវីការពារក្តីឱ្យលោក កឹម សុខា និងតំណាងអយ្យការ នៅក្នុងសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបកស្រាយផ្សេងគ្នាលើខ្លឹមសារមួយចំនួន​នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលចែងពាក់ព័ន្ធការដាក់បន្ថែមភស្តុតាងដាក់បន្ទុក។​

ក្នុងដំណើរការជំនុំជម្រះក្តីលោក កឹម សុខា នៅព្រឹក​នេះ តំណាងអយ្យការ​ដាក់ភស្តុតាងថ្មីចំនួន៧​បន្ថែមទៀត ដោយរួមមានវីដេអូខ្លី និងអត្ថបទចម្លងជាលាយលក្ខណ៍អក្សរ ដើម្បីឱ្យក្រុមប្រឹក្សាជំនុំជម្រះពិចារណា។ ការដាក់ភស្តុតាងនេះ តំណាងអយ្យការ លោក ផ្លង់ សុផល ​អះអាងថា ជាការឆ្លើយតបទៅនឹង​ភស្តុតាងដែលដាក់កន្លងមកដោយជនជាប់ចោទ និងមេធាវីរបស់ជនជាប់ចោទ។

ប៉ុន្តែ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានជំទាស់ចំពោះការដាក់ភស្តុតាងថ្មីនេះ ដោយថា ការដាក់ភស្តុតាងថ្មីបន្ថែមទៀត មិនគួរ​ធ្វើឡើងក្នុងដំណាក់ការជំនុំជម្រះក្តី​ឡើយ ដោយផ្អែកទៅលើក្រមនីតិវិធីព្រហ្មទណ្ឌ មាត្រា៣២១ និងមាត្រា២៤៦ និង២៤៧។  

មេធាវីការពារក្តីអតីតប្រធានគណបក្សប្រឆាំងមួយរូប លោក អាង ឧត្តម អះអាងថា តំណាងអយ្យការ​បាន​ចេញដីកា​សន្និដ្ឋានស្ថាពររួចហើយ ព្រមទាំង​ចៅក្រមស៊ើបបានចេញដីកាដំណោះស្រាយ​ដើម្បីបញ្ជូនកូនក្តីរបស់ខ្លួន​មកជំនុំជម្រះផងដែរ។ ដូច្នេះ សំណុំរឿង​នេះបានបញ្ចប់ការស៊ើបអង្កេត និងមានលក្ខណៈពេញលេញរួចទៅហើយ​។ លោកថា ការយកភស្តុតាងបន្ថែមទៀត នឹងប៉ះពាល់សិទ្ធិកូនក្តីរបស់ខ្លួន។

មេធាវីលោកកឹម សុខា គឺលោក អាង ឧត្តម មានប្រសាសន៍ថា៖ «បើតុលាការទទួលយកឯកសារ​​ដែលដាក់ដោយតំណាងអយ្យការនេះ វានឹងប៉ះពាល់​ដល់សិទ្ធិទទួលបានការជម្រះក្តីប្រកបដោយយុត្តិធម៌របស់ជនជាប់ចោទ។ ដូច្នេះ ខ្ញុំសុំឱ្យប្រធានក្រុមប្រឹក្សាជំនុំជម្រះច្រានចោលភស្តុតាងថ្មីនៅពេលនេះ និងនៅពេលអនាគតផងដែរ»

ក្រុមមេធាវីការពារក្តីលោក កឹម សុខា ហៅការដាក់ភស្តុតាងថ្មីបន្ថែមទៀតនោះ នាំឱ្យរឿងនេះមានវិមតិសង្ស័យ ដោយថា វិមតិសង្ស័យគឺបានជាប្រយោជន៍សម្រាប់កូនក្តីរបស់ខ្លួន ហើយលោកក៏បានស្នើឱ្យទម្លាក់បទចោទប្រកាន់​លើលោក កឹម សុខា ផងដែរ។  

ទោះបីជាយ៉ាងណា តំណាងអយ្យការ លោក ផ្លង់ សុផល នៅតែអះអាងពីភាពស្របច្បាប់​នៃការដាក់ភស្តុតាងថ្មីរបស់លោក ដោយបញ្ជាក់ថា ការដាក់ភស្តុតាងថ្មីនេះ ដើម្បីកុំឱ្យជនជាប់ចោទ​រួចផុតពីការទទួលខុសត្រូវ​ចំពោះការប្រព្រឹត្តរបស់ខ្លួន។ តំណាងអយ្យការដដែលនេះ ក៏បានស្នើឱ្យប្រធានក្រុមប្រឹក្សា​ពិចារណា​អំពីតម្លៃនៃភស្តុតាងថ្មីនេះទៀតផង។

លោកមានប្រសាសន៍ថា៖ «តំណាងអយ្យការ​មិនអាចដឹងគ្រប់រឿង​បាននោះទេ។ វាចាំបាច់ត្រូវមានការដាក់បញ្ចូលភស្តុតាង​ថ្មីបន្ថែមទៀត ដែលបានមកពីការស្រាវជ្រាវ​របស់សមត្ថកិច្ច»។

ក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា២៤៦ ស្តីពីដីកាសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញា ដោយមាត្រានេះបញ្ជាក់ថា​​កាលណា​ចៅក្រមស៊ើបសួរ​យល់ឃើញថា​ ការស៊ើបសួរ​នោះត្រូវបានបញ្ចប់​ ចៅក្រមស៊ើបសួរត្រូវជូនព័ត៌មាននេះ​ទៅព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្តឹងរដ្ឋប្បវេណី និងមេធាវី។

មាត្រាដដែលនេះថា ប្រសិនបើព្រះរាជអាជ្ញាធរ​យល់ឃើញដូចចៅក្រមស៊ើបសួរ​ដែរថា សំណុំរឿងនោះបញ្ចប់ ព្រះរាជអាជ្ញាត្រូវចេញដីកាសន្និដ្ឋានស្ថាពរជាលាយលក្ខណ៍អក្សរ និងមានសំអាងហេតុ។ ជាមួយគ្នានេះ ព្រះរាជអាជ្ញាអាចប្តឹងសុំចៅក្រមស៊ើប​សួរសម្រេចបញ្ជូនខ្លួនជនត្រូវចោទទៅកាន់តុលាការជំនុំជម្រះ ឬលើកលែងការចោទប្រកាន់។

រីឯមាត្រា២៤៧វិញ ស្តីពីដីកាដំណោះស្រាយ។ មាត្រានេះ បញ្ជាក់ថា ចៅក្រមស៊ើបសួរ​ត្រូវបិទការស៊ើបសួរ តាមរយៈដីកាដំណោះស្រាយនេះ។ ដីកានេះ អាចជាដីកាបញ្ជូនទៅជំនុំជម្រះ ឬលើកលែងការចោទប្រកាន់​។

ក្រមនីតិវិធីព្រហ្មទណ្ឌដដែល មាត្រា៣២១ ដែលនិយាយអំពីការវាយតម្លៃលើភស្តុតាងដោយតុលាការ។ មាត្រានេះ លើកឡើងថា លើកលែងតែបទប្បបញ្ញត្តិច្បាប់ផ្ទុយពីនេះ ភស្តុតាងរឿងព្រហ្មទណ្ឌ អាចដាក់ជូនបានដោយសេរី។

មាត្រាដដែលថា តុលាការអាចថ្លឹងថ្លែងតាមចិត្ត អំពីតម្លៃភស្តុតាងដែលគេដាក់ជូនមកខ្លួនពិនិត្យដោយផ្អែកទៅលើជំនឿស្មោះត្រង់របស់ខ្លួន ហើយតុលាការ​សំអាងក្នុងសេចក្តីសម្រេច​របស់ខ្លួនតែទៅលើភស្តុតាង​ដែលមានក្នុងសំណុំរឿង ឬដែលត្រូវបានគេយកមកបង្ហាញក្នុងពេលសវនាការជំនុំជម្រះតែប៉ុណ្ណោះ។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ដែលចូលតាមដាន​ករណីនេះ មើលឃើញថា ដើម្បីបញ្ចប់ការខ្វែងគំនិតគ្នានេះ ​ក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ​ត្រូវមានអ្វីបង្ហាញ​ឱ្យច្បាស់​ មុននឹងសម្រេចថា ទទួល ឬមិនទទួល​យកភស្តុតាងថ្មីបន្ថែមនេះ ដើម្បីភាគី​ទាំងសងខាងអស់ចិត្ត។

លោកមានប្រសាសន៍ថា៖ «ដូច្នេះ រួមទាំងសាធារណជន ដែលគេឃ្លាំមើលរឿងហ្នឹងដែរ មិនដឹងថា​រឿងហ្នឹង​មានកម្រិតនៃការសម្រេចហ្នឹង អាចទទួលយកបាន​ក្នុងកម្រិតណាមួយ។ បើមិនដូច្នេះទេ វាធ្វើឱ្យមានការចោទប្រកាន់​ពីភាគីថា ​លម្អៀងទៅលើភាគីណាមួយហើយ។ អីចឹង គួរតែខាងចៅក្រមហ្នឹងរកវិធីណាសំអាង​ដោយផ្លូវច្បាប់រឹងមាំ ទើបធ្វើឱ្យភាគីទាំងអស់ស្ងប់ចិត្តបាន»។

ទោះបីជាយ៉ាងណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ កូយ សៅ នឹងអនុញ្ញាតឱ្យភាគីទាំងអស់បន្តពិភាក្សា​លើបញ្ហា​ដាក់ភស្តុតាងបន្ថែមថ្មី​​នេះនៅថ្ងៃទី១១ ខែមីនា មុនពេលលោកសម្រេចថា ​ត្រូវទទួលយក​ភស្តុតាងថ្មីបន្ថែមទៀត ឬច្រានចោលបែបណានោះ។ 

​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ត្រូវ​ចាប់​ខ្លួន​ដាក់​ឃុំ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧​ មុន​នឹង​ដោះ​លែង​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​ចុង​ឆ្នាំ​មុន​នោះ។ សំណុំរឿងនេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិ​​ មើលឃើញថា​ វាជារឿងនយោបាយ។

ដំណើរការ​ជំនុំ​ជម្រះ​ក្ដី​សំណុំ​រឿង«សន្ទិដ្ឋិភាពជាមួយបរទេស ឬបទត្រូវរ៉ូវជាសម្ងាត់ជាមួយបរទេស»​ របស់លោក កឹម សុខា នេះ ​​មន្ត្រី​តុលាការ​​បញ្ជាក់​កាល​ពី​ខែ​មករា​​ថា អាច​មាន​រយៈ​ពេលរហូត​ដល់​ទៅ៣​ខែ។

លោក ស៊ឹង សែនករុណា យល់ថា ប្រសិនបើដំណើរការជំនុំជម្រះដូចបច្ចុប្បន្ន សំណុំរឿងក្តីលោក កឹម សុខា​ នឹងមិនអាចបញ្ចប់តាមការគ្រោងទុកឡើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះថា សំណុំរឿងនយោបាយ​មិនអាចដោះស្រាយបញ្ចប់​តាមផ្លូវតុលាការបានទេ ប៉ុន្តែ វាអាចដោះស្រាយបញ្ចប់តាមផ្លូវនយោបាយតែ​ប៉ុណ្ណោះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ