លោក ហ៊ុន សែន ប្រាប់​ឱ្យ​ពិនិត្យ​មើល​ព្រះសង្ឃ​ដែល​ទេសនា​កំប្លុក​កំប្លែង​ច្រើន​

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​មន្ត្រីសង្ឃ និងក្រសួងធម្មការ ពិនិត្យមើលពីការ​​ទេសនា​បែបកំប្លុកកំប្លែងរបស់ព្រះសង្ឃមួយចំនួន​។

ថ្លែងក្នុងពិធី ស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងនាព្រឹកថ្ងៃសុក្រនេះ នៅរាជធានីភ្នំពេញ លោក ហ៊ុន សែន ​មានប្រសាសន៍ថា​​ ​ព្រះពុទ្ធសាសនា​អាច​បន្ត​រហូតដល់គ្រប់៥ពាន់ព្រះវស្សាបានគឺអាស្រ័យលើការជឿជាក់​របស់​ពុទ្ធបរិស័ទ។

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកថា គេមិនអាចបន្ទោសពលរដ្ឋបានទេ ប៉ុន្តែ សំខាន់នៅត្រង់ថា តើព្រះពុទ្ធសាសនា​នៅតែ​អាចផ្តល់ភាពជឿជាក់​ដល់ពលរដ្ឋទៀតឬអត់។

ជាមួយគ្នានេះ ​លោកមើលឃើញ​ទង្វើ​របស់​ព្រះសង្ឃមួយចំនួន​ទេសនា​លាយឡំការកំប្លុកបំប្លែងច្រើន​ ហើយលោកជំរុញមន្ត្រីសង្ឃ និងក្រសួងពាក់ព័ន្ធ ចាត់វិធានការ​ដោះស្រាយ​បញ្ហានេះនៅ​ពេលមានប្រជុំមន្ត្រីសង្ឃទូទាំងប្រទេស ប្រសិនបើ​សកម្មភាពនោះជារឿងប្រាសចាក​ពីវិន័យពុទ្ធសាសនា ។

លោកមានប្រសាសន៍បែបនេះថា៖ «ព្រះសង្ឃខ្លះក៏ទេសនា​តាមរបៀបកំប្លែងអីចឹងទៅ ហើយពុទ្ធបរិស័ទ លោកយាយលោកតា ក៏ចេះតែសើចតាមអីចឹងទៅ។ អីចឹងទៅជាដណ្តើមការងារ​របស់ ព្រហ្ម ម៉ាញ របស់ទៅ។ អីចឹងក៏គិតទៅដល់ពេលអនុ​សំវច្ចរ មន្ត្រីសង្ឃទូទាំងប្រទេសហ្នឹង ក៏គួរពិនិត្យកែលម្អកន្លែងហ្នឹង។ ក្រសួងធម្មការ ក៏ត្រូវពិនិត្យ​មើលតើត្រូវនឹងបែបបទព្រះពុទ្ធសាសនា ឬក៏អត់? » ។

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ថា កន្លងមក ខាងគណៈសង្ឃទាំងពីរគណៈបាន​​ណែនាំ ឬអប់រំវិន័យ​ដល់ព្រះសង្ឃ​មួយចំនួន​ដែលទេសនា​មានលក្ខណៈកំប្លែង ឬប្រើពាក្យពេចន៍មិនសមរម្យជាដើម។

ជាមួយគ្នានេះ ក្រសួង​ក៏គ្រោងនឹងចេញសេចក្តីប្រកាសមួយទៀត ក្នុងចំណោមប្រកាសចំនួន៣ ពាក់ព័ន្ធវិស័យសាសនា ដោយប្រកាសទី២នេះ ទាក់ទងនឹងការបួស ឬសឹក និងការសម្តែងធម៌ទេសនាក្នុងពុទ្ធសាសនា ដោយថា ប្រកាសទាំងនោះ​ដើម្បីពង្រឹង​ដល់វិស័យសាសនា​ ពិសេសលើកកម្ពស់​តម្លៃ​ព្រះ​ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ​​តែម្តង។

លោកមានប្រសាសន៍ថា៖ «គោលបំណងរបស់ប្រកាសទាំងបីហ្នឹង គឺដើម្បី​ពង្រឹងការប្រតិបត្តសាសនា​នៅក្នុងប្រទេសកម្ពុជា ឱ្យមានសុខដុមនីយកម្ម ឱ្យមានសុខដុមរមនាក្នុងសាសនា និងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ​ជាតិជាមួយរដ្ឋាភិបាល។ ដើម្បីលើកតម្កើងនូវតម្លៃសាសនា ពិសេសសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ»។

នាយកវិទ្យាស្ថាន​ប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា​​ ការប្រើសិល្បៈ​ក្នុងការទេសនា​ព្រះធម៌​ទៅកាន់ពុទ្ធបរិស័ទ ជាសេរីភាព​របស់ព្រះសង្ឃ​ ប៉ុន្តែ មិនត្រូវប្រើសេរីភាពនៃសិល្បៈនេះ​ប្រាសចាក​ពីសីលធម៌ ឬវិន័យពុទ្ធសាសនានោះឡើយ។

កន្លងមក លោកកត់សម្គាល់ថា មានព្រះសង្ឃមួយចំនួន​ពិតជាបាន​ប្រើវេទិកាទេសនា​​លក្ខណៈកំប្លុកបំប្លែង​ច្រើន​ ហើយមានខ្លះទៀត​ប្រើប្រាស់ពាក្យពេចន៍​អសុរោះច្រើន ដែលប្រាសចាកពីសមាវាចា ពិសេសមូលដ្ឋានគ្រឹះព្រះពុទ្ធសាសនាគឺ សីលប្រាំតែម្តង។   ​

លោកមានប្រសាសន៍ថា៖ «ខ្ញុំសាទរនៅពេលលោកនាយករដ្ឋមន្ត្រីលើកចំណុចហ្នឹងឡើង ហើយខ្ញុំគាំទ្រ​ថា ឱ្យគណៈសង្ឃហ្នឹងពិនិត្យមើលព្រះគុណម្ចាស់ខ្លះ មិនមែនទាំងអស់ទេ ដែលការទេសនា​របស់លោកហ្នឹងមិន​​សង្រួម។ មិនមានលក្ខណៈជាសមាវាចា ប៉ុន្តែ ការដាក់ទោសទណ្ឌអីហ្នឹង គួរតែជាការអប់រំទូន្មានម្តងពីរដងអីចឹងទៅ។ បើសិនជាលោក [ព្រះសង្ឃ]  មិនស្តាប់ មិនកែខ្លួនទេ សឹមចាត់វិធានការរដ្ឋបាល ឬវិធានការក្តៅ»។

លោកបណ្ឌិត ប៉ា ច័ន្ទរឿន បង្ហាញទស្សនៈថា ការអភិវឌ្ឍសង្គមមួយ​គឺឈរនៅលើទិដ្ឋភាពពីរជាសំខាន់​គឺ ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍផ្នែកស្មារតី ហើយស្ថាប្យករផ្នែកស្មារតីនេះ រួមមានគ្រូបង្រៀន ព្រះសង្ឃជាដើម។

លោកថា ព្រះសង្ឃអាចក្លាយ​ជាស្ថាប្យករនៃសង្គមទៅបាន លុះណា​តែការបួសរបស់ព្រះអង្គគុណម្ចាស់ទាំងនោះ ជាប់ជាមួយការ​រៀនសូត្រច្បាស់លាស់ឱ្យ​មានទាំងសមត្ថភាព ទាំងសីលធម៌ កាយវាចាចិត្តត្រឹមត្រូវ ទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ ទើបអាច​ទទួលបានការគោរពពេញលេញពីពុទ្ធបរិស័ទ។

រដ្ឋលេខាធិការប្រចាំការនៃក្រសួងធម្មការ និងសាសនា លោក ប្លោក ផន អះអាងថា បច្ចុប្ប​ន្ន​ វត្តអារាមនៅក្នុងប្រទសកម្ពុជាមានចំនួន​ជិត៥ពាន់វត្ត(២ ៩៨៥) និងមានព្រះសង្ឃជាង៧ ម៉ឺនអង្គ(៧០ ៥៥៣)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ