កម្មករ​​រាប់​​ពាន់​​នាក់​​ប្រឈម​​មុខ​​នឹង​​ការ​​ព្យួរ​​ការងារ​ ក្រោយ​​ការ​​រីករា​ល​ដាល​​នៃ​​ COVID-19 និង​​ការ​ដក​​ហូត​ EBA​​ មួយ​​ផ្នែក​

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

ការ​រីករាល​ដាលនៃ​មេរោគ​កូរ៉ូណាថ្មី និង​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​មួយ​ផ្នែក​សម្រាប់​ប្រទេស​កម្ពុជា កំពុង​​ជំរុញ​ឱ្យ​កម្មករ​កម្មការិនី​កម្ពុជា​រាប់​ពាន់​នាក់ ប្រឈម​មុខ​នឹង​ការ​កាត់​បន្ថយ​ការងារ​នៅ​តាម​បណ្ដា​រោងចក្រ​កាត់​ដេរ​មួយ​ចំនួន​ហើយ​នៅ​ក្នុង​ខែ​កុម្ភៈ​នេះ។

រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា រោងចក្រ​កាត់ដេរ​មួយ​ចំនួន​នៅ​កម្ពុជា​ អាច​នឹង​ផ្អាក​សង្វាក់​អាជីវកម្ម​របស់​ពួកគេ បន្ទាប់​ពី​ក្ដី​បារម្ភ​នៃការ​ឆ្លង​រីករាល​ដាល​នៃ​មេរោគ​កូរ៉ូណាថ្មី ឬ COVID-19 ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​ចាប់​តាំង​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន​មក។

កម្មករ-កម្មការិនី ធ្វើដំណើរចេញពីធ្វើការងារនៅក្នុងរោងចក្រ W and D ស្ថិតក្នុងភូមិឬស្សី សង្កាត់មានជ័យ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨។ រូបភាព៖ ហ៊ី ឆាយ

​អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ​​ហេង សួរ ថ្លែង​នៅក្នុងសន្និសីទសារព័ត៌មាន​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​​ពី​ថ្ងៃ​ម្សិល​មិញ​ថា រោងចក្រចំនួន១០ បានដាក់​លិខិត​សុំព្យួ​រការងារ​កម្មករជាផ្លូវការមកកាន់​ក្រសួង​រួច​ហើយ​ក្នុងខែកម្ភៈនេះ ព្រោះតែ​ពួកគេ​ខ្វះ​វត្ថុធាតុដើម​ផលិត។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នេះ បាន​ថ្លែង​ទៀត​ថា ការ​ព្យួរ​នៃ​រោងចក្រ​ទាំង​១០​នោះ កំពុង​ប៉ះ​ពាល់​ដល់​ការងារ​របស់​កម្មករ​ប្រហែល ៣​ពាន់​នាក់។

លោក ហេង សួរ ថ្លែង​ថា៖ «គិតត្រឹមព្រឹកមិញនេះ គឺមានរោងចក្រចំនួន១០ គឺបានដាក់ពាក្យមកក្រសួងសុំព្យួរការងារ ប៉ុន្តែ មិនមែនព្យួរ១០០ភាគរយ​ទេ គឺព្យួរដោយផ្នែកសង្វាក់ផលិតកម្ម។ បើគិតជារោងចក្រមាន ១០ បើគិតជាចំនួន​កម្មករនិយោជិត​ មានប្រហែល ៣ពាន់នាក់ទេ។ តួលេខដែលយើងមាននេះ គឺយើងកំពុងសម្របសម្រួលធ្វើម៉េចឱ្យរោងចក្រនេះ​ផ្តល់​ប្រាក់​បៀវត្សរ៍ជូនកម្មករតាមអនុសាសន៍សម្ដេច»

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​រូបនេះ បន្តថា បញ្ហាឥទ្ធិពលនៃវីរុសកូរ៉ូណាថ្មី ឬ​ Covid-19 ​នេះ ធ្វើឱ្យរោងចក្រកាត់ដេរ​ប្រមាណ ២០០​រោងចក្រ​ ប្រឈមនឹងកង្វះខាត​វត្ថុធាតុដើម​សម្រាប់​បម្រើ​ឱ្យ​ការ​ផលិត​ និងអាចប៉ះពាល់ដល់ការងារកម្មករកម្មការិនី​ប្រមាណ ១៦ម៉ឺននាក់ នៅត្រឹមខែមីនា និងមេសាខាងមុខ។

មេរោគ​កូរ៉ូណា​ថ្មី បាន​ផ្ទុះ​ឡើង​លើក​ដំបូង​កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​មុន​នៅ​ឯ​ទីក្រុង​វូហាន ខេត្ត​ហ៊ឺប៉ី ស្ថិត​នៅ​ចម្ងាយ​ជាង ១,​១០០​គីឡូ​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រដ្ឋធានី​ប៉េកាំង​របស់​ប្រទេស​ចិន ហើយ​មេរោគ​នេះ បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ជិត ៣​ពាន់​នាក់​ហើយ ខណៈ​​​មនុស្ស​ជាង ៨៣,០០០​ករណី​ហើយត្រូវ​បាន​បញ្ជាក់​ថា បាន​ឆ្លង​មេរោគ​នេះ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​នេះ។

បុគ្គលិកសុខាភិបាលចិន​កំពុងពិនិត្យកម្តៅ​ពលរដ្ឋរកមើលកូរ៉ូណាវីរុសនៅក្បែរទូដកប្រាក់ក្នុងក្រុងវូហាន នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ (រូបភាពផ្តល់ឳ្យដោយនិស្សិតខ្មែរកំពុងសិក្សានៅទីក្រុងវូហាន)

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) លោក ខេន លូ ថ្លែងប្រាប់វីអូឌីតាម​សារ​អេឡិច​ត្រូនិចថា លោកមិនមានតួលេខពីរោងចក្រសុំព្យួ​រការងារកម្មករនៅ​ឡើយទេ។

លោក ខេន លូ ប្រាប់​ថា​៖ «ទិន្នន័យដែលបង្ហាញដោយ​អ្នកនាំពាក្យ​ក្រសួងការងារ ក៏មិនទាន់​ច្បាស់​​លាស់​ដែរ ដោយហេតុថា រោងចក្រព្យួរបាន ឬមិនបាន អាស្រ័យលើការ​សម្រេចរបស់ក្រសួងការងារជាមុនសិន។ ខ្ញុំមិនទាន់អាចអត្ថាធិប្បាយ​លំអិតពី​បញ្ហានេះបាននៅឡើយទេ»

ទោះជាយ៉ាងណា អគ្គលេខាធិការរង GMAC លោក កាំង ម៉ូនីកា ថ្លែងប្រាប់វីអូឌីថា ការផ្អាកផលិតកម្មជា​បណ្តោះអាសន្ន មិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែ រោងចក្រមួយចំនួន គ្រោងនឹងផ្អាក​ដំណើរការ​ផលិតកម្ម​របស់​ពួកគេ​ខ្លះ​ ចាប់ពីពាក់កណ្តាលខែមីនា ឬខែមេសា​ខាង​មុខ​នេះ។

ទាក់ទងនឹងបញ្ហានេះ រោងចក្រមួយឈ្មោះ SIXPLUS ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខ​កំពូល ខេត្តកណ្ដាល បានព្យួរការងារកម្មកររយៈ​ពេល​ប្រាំថ្ងៃក្នុងខែកុម្ភៈនេះ ព្រោះ​តែ​កង្វះ​ខាត​ការផ្គត់ផ្គង់​វត្ថុធាតុ​ដើម។

ប្រធាន​សហជីព​ឯករាជ្យ​កម្លាំង​សាមគ្គី​កម្មករ​ប្រចាំ​នៅ​រោងចក្រ SIXPLUS លោក ម៉ៃ ប៊ុនហៃ ឱ្យដឹងថា រោងចក្រ​នេះ​ ​ផលិតសម្លៀកបំពាក់​សម្រាប់​ក្រុមហ៊ុន​ Adidas និង Under Armour ហើយ​​រោងចក្រ​សម្រេច​ផ្អាក​សង្វាក់​ផលិតកម្ម​បែប​នេះ ព្រោះ​តែ​បញ្ហា​ការ​ផ្គត់​ផ្គង់​វត្ថុធាតុ​ដើម។

លោក ម៉ៃ ប៊ុនហៃ ប្រាប់​ថា៖ «ខាងរោងចក្រគេប្រជុំជាមួយកម្មករ​កាលពីដើមខែ ដើម្បីសុំព្យួរការងារ ៥ថ្ងៃ គឺគេព្យួរនៅថ្ងៃទី១៧ ១៨ ២២ ២៤ និង២៩ កុម្ភៈ។ ខាងក្រុមហ៊ុនគេ​គិតប្រាក់ឱ្យ ៥០ភាគរយ​ បីថ្ងៃ ពីរ​ថ្ងៃទៀតគេតម្រូវឱ្យកម្មករឈប់សម្រាកប្រចាំឆ្នាំ។ យើងមិនទាន់ទទួលបានដំណឹងនៅខែក្រោយនៅឡើយ ប៉ុន្តែ កម្មករចេះតែបារម្ភខ្លាចបាត់ចំណូលដោយសារអត់ការងារធ្វើនេះ»

រោងចក្រ​កាត់ដេរ​មួយ​ចំនួន បាន​សម្រេច​ព្យួរ​ដំណើរ​ការ​ផលិតកម្ម​របស់​ពួកគេតែ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពី​សហភាព​អឺរ៉ុប​បាន​ប្រកាស​ឱ្យ​ដឹង​ពី​សេចក្ដី​សម្រេច​របស់​ខ្លួន​ដក​ហូត​មួយ​ផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ»EBA ដែល​ត្រូវ​បាន​ផ្ដល់​មក​ឱ្យ​ប្រទេស​កម្ពុជា។

ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម EBA នេះ កម្ពុជា​អាច​នាំ​ចូល​ទំនិញ​គ្រប់​បែប​យ៉ាង​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​មិន​ជាប់​កាតព្វកិច្ច​ពន្ធ​គយ​នោះ​ឡើយ លើក​លែង​តែ​ទំនិញ​ជា​សព្វាវុធ​។

របាយការណ៍​របស់​សហភាព​អឺរ៉ុប បង្ហាញ​ថា កម្ពុជា​បាន​នាំ​ទំនិញ​មាន​តម្លៃ​​ដល់ទៅ ៥.៨៨​ពាន់​លាន​ដុល្លារ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​កាល​ពី​ឆ្នាំ​២០១៨​កន្លង​មក ដោយ​ក្នុង​នោះ​ទំនិញ​ដល់​ទៅ ៩៦​ភាគរយ ឬ​មាន​តម្លៃ​ដល់​ទៅ ៥.៦៦​ពាន់​លាន​ដុល្លារ ត្រូវ​បាន​នាំ​ចូល​ទៅ​ទីផ្សារ​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។

របាយការណ៍របស់សហភាពអឺរ៉ុប ដដែលឱ្យដឹងថា ទំនិញដែលកម្ពុជានាំចេញទៅទីផ្សារអឺរ៉ុបរួមមាន​សម្លៀកបំពាក់ ៧៤.២ភាគរយ ស្បែកជើង ១២.៦ភាគរយ កង់ ៥.​៧ភាគរយ និងអង្ករ ៣ភាគរយ។

ទន្ទឹមនេះ មន្ត្រីគ្រប់គ្រងកម្មវិធីការងារ និងសិទ្ធិមនុស្សនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់ថា លោកបានទទួលព័ត៌មានជាច្រើនពីការព្យួរការងារនេះ។ លោកថា ការព្យួរការងារតាមរោងចក្រនេះបណ្ដាលពីបញ្ហាធំចំនួនពីរ គឺ​វត្ថុធាតុដើម និងរោងចក្រ​ខ្វះអ្នក​បញ្ជា​ទិញផង។​

លោក ឃុន ថារ៉ូ ប្រាប់​ថា​៖ «ការព្យួរបណ្ដាលមកពីខ្វះវត្ថុធាតុដើមនោះ គឺមានច្រើនព្រោះតែកម្ពុជា​ត្រូវនាំវត្ថុ​ធាតុ​ដើមច្រើនពីចិន​កាលឆ្នាំ២០១៨ មានវត្ថុធាតុដើម ខ្ទង់៨៥ភាគរយ​ហើយដែលនាំចូលពីចិន។ តែក៏មានរោងចក្រខ្លះបណ្ដាលមកពី​ថមថយការកុម៉្មង់ទិញដែរ​ តែយើងមិនទាន់មានតួលេខ ឬ​សិក្សាច្បាស់លាស់ទេ»

លោក ឃុន ថារ៉ូ បន្ថែមថា ការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ក៏អាចជាមូលហេតុមួយដែលនាំ​ឱ្យការបញ្ជាទិញធ្លាក់ចុះនៅពេលខាងមុខដែរ ប៉ុន្តែ មិនទាន់មានការប្រមូលទិន្នន័យជាក់​លាក់នៅឡើយ។

លោក ឃុន ថារ៉ូ ប្រាប់​បន្ត​ថា៖ «យើងគ្រោងសិក្សាស្រាវជ្រាវថា ប្រភេទមុខទំនិញហ្នឹងដេរ​ឱ្យ​អ្នក​បញ្ជា​ទិញណា។ ភាគរយដែលកាត់បន្ថយហ្នឹងប៉ុន្មានភាគរយ។ ដេរឱ្យ​ក្រុមហ៊ុនណា មុខទំនិញ​មួយ​ណា។ មុខទំនិញ ៤០មុខហ្នឹង វាមានច្រើនអ៊ីចឹង កត្តាផលប៉ះពាល់ហ្នឹង យើងចង់ដឹងឱ្យ​ច្បាស់ថា តើកម្រិតភាគរយនៃការកុម្ម៉ង់ទិញហ្នឹងវាធ្លាក់ចុះកម្រិតណា បានយើងអាចសន្និដ្ឋាន​បាន»

តាមសម្រង់ទិន្ន័យពីអង្គការសង់ត្រាល់ គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ មានរោងចក្រយ៉ាងតិចណាស់ចំនួន ៧ ដែលបានព្យួរការងារកម្មករ និង​មានគម្រោងចង់ព្យួរការងារកម្មករ ក្រោមហេតុផលមិនមានអ្នកកុម្ម៉ង់ទិញ និង​មិនមានវត្ថុធាតុដើម។ រោងចក្រទាំង ៧នោះ បានផ្តល់ការងារដល់កម្មករជាង ២ម៉ឺននាក់។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ហ៊ុន សែន ប្រកាសថា នៅពេលដែលរោងចក្រព្យួរការងារ ​កម្មករនិយោជិតដែលត្រូវបានព្យួរការងារ អាចនឹងទទួលបានប្រាក់ខែ ៦០ភាគរយ​នៃប្រាក់ខែគោលរបស់ពួកគេ​ ក្នុង​នោះ​ថៅកែរោងចក្រ ត្រូវទទួល​បន្ទុក​បើក​ប្រាក់​ខែ ៤០ភាគរយ និងរាជរដ្ឋាភិបាលចូល​រួម​ចំណែក ២០ភាគរយ។

បន្ទប់ជួលកម្មករស្នាក់នៅ ក្រុងភ្នំពេញ
ទិដ្ឋភាពនៅបន្ទប់ជួលមួយកន្លែងដែលកម្មករ-កម្មការិនីជួលស្នាក់នៅ ស្ថិតក្នុងក្រុងភ្នំពេញ។ (ឆពណ្ណ បញ្ញា)

បើ​តាម​សេចក្ដី​សម្រេច​នេះ កម្មករ​កម្មការិនី​នៃ​រោងចក្រ​កាត់ដេរ​​ដែល​ប្រឈម​មុខ​នឹង​ការ​ព្យួរ​ការងារ អាច​ទទួល​បាន​ប្រាក់​ឈ្នួល​យ៉ាង​តិច ១២០​ដុល្លារ​ ប៉ុន្តែ លោក ហ៊ុន សែន បញ្ជាក់ថា កម្មករអាចបើកលុយនេះ បានដរាបណាពួកគាត់ចូលរួមវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយក្រសួងការងារ ចំណែកឯការទទួលបានប្រាក់នេះយ៉ាងច្រើនបំផុតរយៈពេល ៦ខែ។

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ស្នើឱ្យរាជរដ្ឋាភិបាលពិចារណឡើងវិញ​ពីវិធីផ្តល់ប្រាក់សំណងជូនកម្មករនៅពេលរោងចក្របិទទ្វារ ព្រោះតែវិធីដែលលោក ហ៊ុន សែន លើកឡើងនោះមិនបានផ្ដល់ប្រយោជន៍ឱ្យកម្មករច្រើនប៉ុន្មានឡើយ។

លោក អាត់ ធន់ ប្រាប់​ថា៖ «បើសិនជារដ្ឋាភិបាលតម្រូវឱ្យកម្មករទៅរៀនឱ្យខានតែបាននោះ ពិបាកហើយ។ រាល់ថ្ងៃប្រាក់ខែគាត់ ១៩០មែន តែគាត់អាចរកចំណូលបាន ២០០​ជាងអីនោះ។ គាត់ផ្គត់ផ្គង់អាហារ ថ្លៃស្នាក់នៅ ហូបចុក ចំណាយផ្សេងៗ។ បើសិនបញ្ហាហ្នឹងមិនអាចដោះស្រាយបាន នោះ​គឺគាត់នឹងពិបាកហើយ។ គាត់ម៉េចអាចមករៀនបាន ហើយបើមករៀនមិនបាន គឺមិនបានទទួលទេ»

ទិន្នន័យដែលផ្តល់ដោយក្រសួងពាណិជ្ជកម្ម​កាល​ពី​ពាក់​ខែ​កុម្ភៈ​នេះ ឱ្យដឹងថា គិតត្រឹមពាក់កណ្ដាល​ឆ្នាំ២០១៩ កម្ពុជាមានរោងចក្រ​សរុបប្រមាណជាង ១,៥០០​រោងចក្រនៅទូទាំងប្រទេស ដោយ​ផ្ដល់​ការងារ​ដល់​កម្មករ​ជាង ៨០ម៉ឺននាក់ ដែលភាគច្រើនលើស​លប់​ជាស្ត្រី៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ