សមត្ថកិច្ច​​បញ្ជូន​​នាវិក​​១៦​នាក់​​នៃ​​នាវា ​MT-COURAGEOUS ទៅ​​តុលាការ​

នាវិក​នៃនាវា​ MT-COURAGEOUS ចំនួន​១៦នាក់ ​ដែលបានបញ្ជានាវាបោះយុថ្កាបំពានដែនទឹកកម្ពុជា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ (អគ្គស្នងការនគរបាលជាតិ)

សមត្ថកិច្ច​សម្រេច​បញ្ជូន​នាវិក​១៦នាក់​នៃ​នាវា​ MT-COURAGEOUS ដែល​បាន​ល្មើស​ចូល​ដែន​ទឹក​កម្ពុជាកាល​ពី​ចុង​ខែ​មុន​ ទៅ​តុលាការនៅព្រឹកថ្ងៃអង្គារនេះ​។

អគ្គស្នងការរង​នគរបាលជាតិ​ លោកឧត្តមសេនីយ៍ឯក តេង សួន មាន​ប្រសាសន៍​ប្រាប់​VOD ថា នៅព្រឹក​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​នាវិក​នៃនាវា​ MT-COURAGEOUS ចំនួន​១៦នាក់ ​ក្នុង​នោះ​មាន​១២នា​ក់ជាជនជាតិ​មីយ៉ាន់ម៉ា និង​៤នាក់​ជា​ជន​ជាតិ​ឥណ្ឌូនេស៊ី​ ទៅ​តុលាការ​ខេត្ត​ព្រះសីហនុ​ហើយ​ បន្ទាប់​ពី​រក​ឃើញ​ថា​ នាវិក​ទាំង​នោះ​បញ្ជា​កប៉ាល់​ល្មើស​ចូល​ដែន​ទឹក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២៦ ខែកុម្ភៈ​កន្លង​ទៅ។

លោក​ឧត្តមសេនីយ៍ឯក តេង សួន៖ «យើង​បាន​បំពេញ​បែប​បទគ្រប់ជ្រុងជ្រោយ​ដាក់ជូន​តុលាការ ដាក់​ជូន​ព្រះរាជអាជ្ញា​ ដើម្បី​ចោទ​ប្រកាន់​ អនុវត្តតាម​នីតិវិធី​ច្បាប់​ហើយ»។

យោង​តាម​គេហទំព័រ vesselfinder.com ​កប៉ាល់​ MT-COURAGEOUS ដែល​មាន​លេខ​សំគាល់​ IMO 8617524 ជា​ប្រភេទ​កប៉ាល់​ដឹក​ប្រេង បំពាក់​ទង់ជាតិ​កាមេរ៉ូន។ កប៉ាល់​នេះ​ក៏​មាន​ឈ្មោះ​ផ្សេង​ទៀត​ថា SEA PRIMA ដែល​បំពាក់​ទង់ជាតិ​ប្រទេស​​នៅ​តំបន់​សមុទ្រ​ការ៉ាអ៊ីត St Kitts & Nevis។ ទោះ​ជា​យ៉ាងណា ​ក្នុង​ពេល​ដែល​កប៉ាល់​នេះ​ចូល​ដែន​ទឹក​កម្ពុជា ​កប៉ាល់​នេះ​ក៏​បាន​បំពាក់​ទង់ជាតិ​កម្ពុជា​ផង​ដែរ។

កប៉ាល់​ដឹក​សាំង​ MT-COURAGEOUS ដែលបានចូល​ដែនទឹក​កម្ពុជា​ក្នុង​ចន្លោះ​កោះតាង និង​កោះ​ពូ​លូ​វ៉ៃ មិនមាន​ការអនុញ្ញាត កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ (អគ្គស្នងការនគរបាលជាតិ)

លោក​ឧត្តមសេនីយ៍​ តេង សួន មាន​ប្រសាសន៍​ប្រាប់​VOD ថា នាវិក​កប៉ាល់​នេះបាន​​ផ្ដូរ​ទង់ជាតិ​ជា​ច្រើនដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​មិន​អាច​កំណត់​ថា​ មាន​សញ្ជាតិ​អ្វី​ឱ្យ​ច្បាស់​នោះ​ទេ។

លោក​ថា៖ «ជាទូទៅ កប៉ាល់អន្តរជាតិ​ទៅ​ដល់​ប្រទេស​ណា ​វា​ត្រូវ​ពាក់ទង់ជាតិ​ប្រទេស​ហ្នឹង នេះ​ជា​ច្បាប់​អន្តរជាតិ។ ទីពីរ កប៉ាល់​ដែល​វា​ល្មើស​ច្បាប់​ វា​ត្រូវ​មាន​គ្រប់​លក្ខណៈ​ ដើម្បី​ត្រៀម​បំរុង ​និង​ក្លែង​បន្លំ​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ល្មើស ​បន្លំ​ដល់​សមត្ថកិច្ច​ដែល​ធ្វើ​ការ​តាម​ដែន​សមុទ្រ»។

បើ​តាម​លោក​ តេង សួន កប៉ាល់​នេះ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ទំនិញ​ទៅ​កប៉ាល់​ដឹក​ទំនិញ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ ដែល​ល្មើស​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចេញ​កាល​ពី​ឆ្នាំ​២០១៧ ទោះ​ជា​យ៉ាងណា​ លោក​មិន​បាន​បញ្ជាក់​លំអិត​ពី​បញ្ហា​នេះ​នោះ​ទេ។

សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិលេខ ២៣៧៥ និង២៣៩៧ ឆ្នាំ២០១៧ បានសម្រេចពីទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង ចំពោះសកម្មភាពរបស់ប្រទេសក្នុងការបន្តធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរជាបន្តបន្ទាប់។ ទណ្ឌកម្មនោះរួមមាន ការហាមឃាត់ការនាំចូលប្រេង និងផលិតផលពាណិជ្ជកម្មទៅប្រទេសកូរ៉េខាងជើង និងហាមឃាត់ពលរដ្ឋកូរ៉េខាងជើងទៅធ្វើការនៅក្រៅប្រទេស។

អ្នក​នាំពាក្យ​អយ្យ​ការ​នៃ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ព្រះ​រាជ​អាជ្ញា​រង លោក​ លឹម ប៊ុនហេង មាន​ប្រសាសន៍​​ប្រាប់​VOD នៅ​រសៀល​ម៉ោង​២​នេះថា​ អយ្យ​ការ​បាន​ទទួល​សំណុំ​រឿង​នេះ​ហើយ​ និង​កំពុង​ទទួល​ចាត់​ការ។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ លោក កុយ គួង បាន​ប្រាប់​VOD យ៉ាង​ខ្លី​ថា ​រឿង​ដែល​កើត​ឡើង​នេះ​គឺ​ស្ថិត​ក្នុង​ចំណាត់​ការ​​ច្បាប់​កម្ពុជា។

លោក​សរសេរ​ថា​៖ «យើង​អនុវត្ត​ច្បាប់​ និង​នីតិវិធី​របស់​យើង»។

អ្នក​តាមដាន​បញ្ហា​នយោបាយ​ លោក ឯម សុវណ្ណរ៉ា មាន​ប្រសាសន៍​ប្រាប់​VOD ថា ​ការ​ចាប់​បាន​នាវា​ដែល​ល្មើស​នឹង​សេចក្តី​សម្រេច​របស់ក្រុម​ប្រឹក្សា​សន្ដិសុខ​​អង្គការ​សហប្រជាជាតិ​នេះ នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​មុខមាត់ក្នុង​ការ​ចូលរួម​លើសកម្មភាព​អន្តរជាតិដែល​បានអនុម័ត​ដោយ​អង្គការ​សហប្រជាជាតិនេះ​។

លោក ឯម សុវណ្ណរ៉ា៖ «និយាយ​រួម​ទៅ​ សកម្មភាព​ទាំង​ឡាយ​ណា​ដែល​អន្តរជាតិ​បាន​ដាក់​ចេញ​ ហើយ​កម្ពុជា​បាន​ចូល​រួម​ទប់​ស្កាត់​បាន​ ដូច​ជា​កប៉ាល់​ដែល​ចរាចរ​ចូល​មក​ក្នុង​ដែន​ទឹក​កម្ពុជា​ ដែល​កម្ពុជា​ចូល​រួម​ទប់​ស្កាត់​ និង​ឃាត់​បាន​។ គឺ​វា​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​កម្ពុជា​ ដូច​ជា​មុខមាត់ និង​ការ​ចូល​រួម​សកម្មភាព​ច្រើន​របស់​កម្ពុជា​ក្នុង​សហគមន៍​​អន្តរជាតិ ​ក្នុង​ការ​ចូល​រួម​ទប់​ស្កាត់​នូវ​សកម្មភាព​ខុស​ច្បាប់​ ឬ​ក៏​ការ​ហាម​ប្រាម​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ ក្នុង​ការ​ចរាចរ ឬ​ក៏​ដឹក​ទំនិញ​ទៅ​តំបន់​ហាម​ឃាត់​ដូច​ជា​កូរ៉េខាង​ជើង​ជា​ដើម​»។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១ ខែមីនា អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា កប៉ាល់ MT-COURAGEOUS នេះមានផ្ទុកនាវិកចំនួន១៦នាក់ និងបានចាកចេញពីកំពង់ផៃ KAO HSIUNG នៃកោះតៃវ៉ាន់កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ និងបានបោះយុថ្កាបំពានដែនទឹកកម្ពុជាកាលពីថ្ងៃទី២៦ ខែកុម្ភៈ។

បើតាម​សេចក្តី​ប្រកាស​នោះ​ នាវានេះ​ធ្លាប់​ធ្វើ​ការ​ផ្ទេរ​ទំនិញ​ពីនាវាទៅ​នាវា ឬ​ទៅ​ទូក​ដឹក​ទំនិញ​របស់​កូរ៉េខាង​ជើង​ ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​សកម្មភាព​បំពាន​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៧៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ