តុលាការ​​សម្រេច​​ឃុំ​​ខ្លួន​​បក្ខ​​ពួក​​អតីត​​អភិបាល​​ខេត្ត​​ឧត្តរ​មាន​ជ័យ​​​៣​​នាក់​​ពី​​បទ​​លួច​​លក់​​ដី​​អ្នក​ដទៃ​

ទិដ្ឋភាពនៅមុខសាលាដំបូងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់រាលវង់ ខណ្ឌ៧មករា ក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)

សាលាដំបូងរាជធានីភ្នំពេញ​សម្រេច​ឃុំខ្លួន​បុគ្គល៣នាក់ ដោយគេដឹងថា ជាបក្ខពួកអតីតអភិបាល​​ខេត្តឧត្តរមានជ័យ និងបច្ចុប្បន្ន​ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ លោក ស ថាវី ​ដោយចោទថា ជាប់ពាក់ព័ន្ធករណីលួចលក់ដីអ្នកដទៃនៅក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននេះ ក្រោយពេលតុលាការ​ចោទប្រកាន់ពួកគេទាំង៣នាក់ រួមនឹងអតីតអភិបាលខេត្តឧត្តរមានជ័យ ពីបទផ្តើមគំនិតក្នុងអំពើលួចលក់ដីដែលមិនមែនជារបស់ខ្លួនទំហំជាង២ម៉ឺនម៉ែត្រការ៉េ (២២៩០០) នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងដីកាបីដាច់ដោយឡែកពីគ្នា​របស់​ចៅក្រមស៊ើបសួរ លោក ពេជ្រ វិជ្ជាធរ កាលពីថ្ងៃម្សិលមិញ ដែលចេញផ្សាយនៅថ្ងៃនេះ បានបង្គាប់ឱ្យ​ឃុំខ្លួន​មនុស្សបីនាក់ជាបណ្តោះអាសន្ននៅពន្ធនាគារ​​ក្រុងភ្នំពេញ ឬ PJ។

ដីកាបីដដែលឱ្យដឹងថា បុគ្គលទាំងបីនាក់នោះ រួមមានឈ្មោះ ​ឡុង ដារ៉ា ហៅ ណាង ភេទប្រុស​មានមុខរបរ​ជាអ្នកគួកជេរដី។ ទី២ ឈ្មោះ ឡូញ រស់ ភេទប្រុសមុខរបរប្រជាការពារភូមិឌួង រាជធានីភ្នំពេញ និងម្នាក់ទៀតឈ្មោះ ប៉ូច ថេន មុខរបរកសិករ។

ប្រភពដដែលឱ្យដឹងថា ពួកគេទាំង៣នាក់ ត្រូវបានដាក់ស្ថិតក្រោមការត្រួតពិនិត្យ បន្ទាប់ពីព្រះរាជអាជ្ញារងក្រុងភ្នំពេញ លោក សាយ ណូរ៉ា កាលពីថ្ងៃចន្ទម្សិលមិញ សម្រេចចោទប្រកាន់ពីបទ លួចលក់​អចលនវត្ថុ​ដែលមិនមែនជារបស់ខ្លួន​ ប្រព្រឹត្តទៅកាលពីខែកញ្ញា ឆ្នាំ២០១៨។

ដីកាបង្កាប់ឱ្យឃុំខ្លួនទាំងនោះសរសេរចំណុចដូចគ្នាថា៖ «ជននេះ ត្រូវដាក់ឱ្យស្ថិតក្រោមការពិនិត្យពីបទ លួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្តទៅនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៨។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស​តាមបញ្ញត្តិមាត្រា ២៥៥ នៃច្បាប់ភូមិបាល»។

វី.អូ.ឌី បានព្យាយាមទាក់ទងទៅអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ និងអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ ជាច្រើនសារ តែគ្មានការឆ្លើយតបឡើយចំពោះបញ្ហានេះ។ ដោយឡែកលេខទូរសព្ទរបស់លោក ស ថាវី ដែលធ្លាប់ប្រើរាល់ដង ក៏ត្រូវបានអ្នកទទួលប្រាប់ថា មិនមែនជាលេខរបស់លោកទៀតនោះដែរ។

យ៉ាងនេះក្តី ភ្នាក់ងារសារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News  អះអាងថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សាយ ណូរ៉ា កាលពីថ្ងៃចន្ទម្សិលមិញ ក្រៅពីចោទប្រកាន់​អ្នកទាំង៣នាក់ខាងលើ ព្រះរាជអាជ្ញារងរូបនេះក៏បានសម្រេចចោទប្រកាន់អតីតអភិបាលខេត្តឧត្តរមានជ័យ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិបច្ចុប្បន្ន លោក ស ថាវី ពីបទ ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ កត់សម្គាល់ថា ​កន្លងមក​ តែងមានសេចក្តីរាយការណ៍ ឬការលើកឡើង​ពីភាពមិនប្រក្រតីរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​មួយចំនួន ដែលប្រើប្រាស់អំណាច​ដោយរំលោភបំពាន ​ការប្រព្រឹត្តអំពើពុករលួយ ឬការប្រើដើម្បីប្រយោជន៍ខ្លួន និងបក្ខពួកជាដើម។

លោកបន្តថា ប្រសិនបើមានសញ្ញានៃភាពមិនប្រក្រតី​របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល​ក្នុងការប្រើប្រាស់អំណាចរបស់ខ្លួន ស្ថាប័នមានសមត្ថកិច្ច​គប្បីមានការស៊ើបអង្កេតតាំងពីយូរ មិនគួរអូសបន្លាយបែបនេះទេ។

លោកមានប្រសាសន៍ថា៖ «វាមិនគួរអូសបន្លាយបែបនេះ វាគួរតែមានការ​ចាត់វិធានការ​ផ្លូវច្បាប់យូរមកហើយ។ បើសិនជាមានតម្រុយភាពមិនប្រក្រតី ឬការរំលោភអំណាចច្បាប់បែបនេះ។ អាជ្ញាធររដ្ឋាភិបាល​ហ្នឹងគួរតែមាន​ការចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីចៀសវាងកុំឱ្យមានជនរងគ្រោះដោយអំពើល្មើសច្បាប់ទាំងអស់នេះ»។

លោក ស ថាវី ត្រូវបាន​ព្រះមហាក្សត្រ​ចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បញ្ចប់មុខតំណែងជាអភិបាលខេត្តឧត្តរមានជ័យ ដោយត្រាស់បង្គាប់តែងតាំងលោក ប៉ែន កុសល្យ ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួស​វិញ។ អតីតអភិបាលខេត្តឧត្តរមានជ័យរូបនេះ ត្រូវប្តូរមកបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ ​ទទួលតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ​

លុះនៅ​ចុងឆ្នាំ២០១៩ លោក ស ថាវី ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យមួយសម្រេចផ្ទេរតំណែង​ពីអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ មកជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ