ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញដល់មន្ត្រីរាជការឱ្យខំប្រឹងធ្វើការបញ្ចេញស្នាដៃ ជាជាងរត់រកតួនាទី ដែលលោកថា ការរត់រកតំណែងមិនមែនជាគោលនយោបាយរបស់រដ្ឋាភិបាលនោះទេ។
ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកណ្ដាល លោក ស ខេង បានថ្លែងថា ការរត់រកតំណែងតួនាទីរបស់មន្ត្រីរដ្ឋ មិនមែនជាគោលគំនិត ឬគោលការណ៍របស់បក្សប្រជាជន និងរាជរដ្ឋាភិបាលនោះទេ ដោយថា មានតែមន្ត្រីរាជការដែលមានឧត្តមគតិជាតិប្រជាជនទេ ទើបជាគោលការណ៍របស់បក្ស និងរដ្ឋាភិបាលកម្ពុជា។
លោកថ្លែងថា៖ «គេហៅថា មន្ត្រីឱកាសនិយម គឺអញយកអំណាចយកតួនាទីហ្នឹង ដើម្បីទៅរកផលប្រយោជន៍សម្រាប់ខ្លួន។ សុំកុំទុកដាក់ខ្លួនអ៊ីចឹង! ហើយអ្នកខ្លះចាំតែមើលទេ ស្រាវជ្រាវមិនដឹងបានឯកសារពីណាពីណីមកទេ។ នេះគេមានចូលនិវត្តន៍មួយ នៅនេះមានចូលមួយដែរខែនេះ នោះមានចុះមួយដែរ។ ដល់ហើយត្រៀមទាំងអស់ ហើយដាក់ទាំងអស់បាន [តួនាទី] អាណាមួយក៏បានដែរ ដើម្បីទៅជំនួសកន្លែងហ្នឹង មួយគំនរ។ ដឹងនោះដឹង ហើយឯកសារនៅឯណា ម៉េចក៏ឆាប់ដឹងម៉្លេះ ខាងបុគ្គលិកហ្នឹងទុកឱ្យម៉ត់ចត់បន្តិចមើល កុំឱ្យគេដឹងមើល » ។
កាលពីថ្ងៃ២០ ខែកុម្ភៈកន្លងទៅ ក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំក្រសួងមហាផ្ទៃ លោក ហ៊ុន សែន បានទម្លាយឱ្យដឹងពីការរត់ការដណ្ដើមគ្នាកាន់តំណែងក្នុងជួររាជការនៅខេត្តកណ្ដាល បន្ទាប់ពីអភិបាលខេត្តកណ្ដាល លោក ម៉ៅ ភិរុណ ត្រូវចូលនិវត្តន៍ ដោយថា មន្ត្រីជាន់ខ្ពស់មួយចំនួនព្រួតគ្នាចង់បានតំណែងអភិបាលខេត្តកណ្ដាលប៉ុន្តែ ត្រូវលោកបដិសេធ។
លោកថ្លែងថា៖ «គ្រាន់តែខេត្តកណ្ដាលមួយនេះ មិនដឹងជាប៉ុន្មានទេ? [សំណើតែងតាំង] តែខ្ញុំសុំសម្រេចដោយឆន្ទានុសិទ្ធិរបស់ខ្ញុំ ដំបូងខ្ញុំមើលនេះៗ? [សំណើតែងតាំង] ខ្ញុំហៅទូរសព្ទមក ខេង [ស ខេង] ថាឥលូវយកអាភ័ណ្ឌ [គង់ សុភ័ណ្ឌ] ទៅ អាហ្នឹងវាឆ្លងកាត់អភិបាលរងស្រុក អភិបាលស្រុកមកនៅកន្លែងហ្នឹង ឱ្យវាឡើងទៅ។ […] តំណែងអភិបាលរងមានបញ្ហាទៀត ឯងមិនទាន់តែងតាំងអភិបាលខេត្តផង ស្រាប់ធ្លាយដល់អភិបាលរងខេត្តទៀត។ ដល់ពេលឮថា អភិបាលស្រុក ស្រាប់តែទៅដល់អភិបាលស្រុកទៀតហើយ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា បញ្ហារត់ការរកតំណែងជាជាងធ្វើការបម្រើរាស្ត្រនោះ បណ្ដាលមកពីការលូកលាន់រវាងមន្ត្រីនយោបាយទៅលើកិច្ចការបច្ចេកទេសដែលបណ្ដាលឱ្យមន្ត្រីដែលមានតំណែងនយោបាយតែងតែរត់ការរកតំណែងធំៗសម្រាប់ក្រុមគ្រួសារ និងបក្ខពួកខ្លួន ជាជាងការឡើងតាមស្នាដៃ។ លោកបន្ថែមថា បញ្ហានេះនឹងធ្វើឱ្យការបម្រើសេវាសាធារណៈដល់ពលរដ្ឋចុះខ្សោយកាន់តែខ្លាំង។
លោកបណ្ឌិត ប៉ា ច័ន្ទរឿន មានប្រសាសន៍ថា៖ «ជាការពិតគឺនៅពេលដែលមន្ត្រីយើងរត់រកតែអំណាចបុណ្យសក្ដិ ហើយគាត់រកតែមធ្យោបាយគ្រប់យ៉ាងដើម្បីបំពេញចិត្តមេខាងលើ ឬក៏តាមខ្សែរបស់គាត់ហ្នឹង គឺពេលខ្លះគាត់មិនសូវខ្វល់រឿងបម្រើរាស្ត្របម្រើប្រយោជន៍សាធារណៈប៉ុន្មានទេ។ គាត់ធ្វើយ៉ាងណាដើម្បីតែផ្គាប់ផ្គន់មេរបស់គាត់ខាងលើ ដើម្បីធានាអំណាច ឬក៏ទទួលបាននូវអំណាចតួនាទីបន្ថែមទៀត»។
កាលពីឆ្នាំ២០១៨ គម្រោងបង្កើតខេត្តចំនួនពីរត្រូវបានរដ្ឋាភិបាលរំលាយចោលវិញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីធុញទ្រាន់នឹងអ្នករត់កាន់តំណែងអភិបាលខេត្តទាំងនោះ។ នៅពេលនោះ លោកថ្លែងដោយពាក្យធ្ងន់ៗថាតើអ្នកទាំងនោះប្រញាប់ទៅស្លាប់ឯណា បើខេត្តទាំងនោះមិនទាន់ទាំងបង្កើតផងនោះ៕