រដ្ឋាភិបាល​ថា​ ចំណូល​ថវិកា​ជាតិ​ប្រឈម​ការ​ធ្លាក់​ចុះ​ដោយ​សារ​បញ្ហា​ព្យួរ​ EBA​ និង​វិបត្តិ​កូរ៉ូណា​ ​

អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ” នៅទីស្ដីការគណៈរដ្ឋមន្រ្ដី ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នា២០២០។ (សូត សុខប្រាថ្នា)

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងអំពី​ភាពរីកចម្រើន​ក្នុងវិស័យសេដ្ឋកិច្ច និងចំណូលរដ្ឋ​កាលពីឆ្នាំមុន ថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែ​ ចំណូលរដ្ឋទាំងនោះ បច្ចុប្បន្ន កំពុងប្រឈមបញ្ហានៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ» ឬហៅថា EBA និងវិបត្តិនៃមេរោគកូវីដ-១៩។ ​

ថ្លែងក្នុងសន្និសីទកាសែតនាទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មានប្រសាសន៍ថា កម្ពុជានៅតែរក្សាបាន​កំណើនសេដ្ឋកិច្ច​ជាតិ​ខ្ពស់ដដែល។

ជាក់ស្តែង លោកថា នៅឆ្នាំ២០១៩ អត្រា​សេដ្ឋកិច្ចកម្ពុជា​នៅរក្សាកំណើន ៧.១ ភាគរយ ដែលធ្វើឱ្យពលរដ្ឋ​កម្ពុជាម្នាក់ៗមានចំណូលប្រចាំឆ្នាំចំនួន ១៦៧៩ដុល្លារសហរដ្ឋអាមេរិក​។

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច​ដដែលបញ្ជាក់ថា កាលពីឆ្នាំមុន ​រដ្ឋាភិបាល​បានរកចំណូលពីវិស័យគយ និងរដ្ឋាករ លើសផែនការ​ជាង ៤២ភាគរយ (៤២,៧%) ហើយចំណូលផ្នែកពន្ធដារ គឺរដ្ឋប្រមូលលើសផែនការកំណត់ជាង ២៣ភាគរយ(២៣,២)ផងដែរ។

ជាមួយគ្នានេះ លោក មាស សុខសេនសាន លើកឡើងថា ​ទោះបីជាកំណើនចំណូលរដ្ឋខ្ពស់បែបនេះក្តី ប៉ុន្តែនៅមិនទាន់​អាចឆ្លើយតបការចំណាយបានឡើយ ហើយចំណូលថវិកាជាតិក៏កំពុងជួបបញ្ហា​​ដោយសារការសម្រេច​ព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ព្រមទាំងវិបត្តិជំងឺកូរ៉ូណាផង។

លោកមានប្រសាសន៍ថា៖ «ទោះបីមានវឌ្ឍនភាពយ៉ាងណាក៏ដោយ ចំណូលនៅតែមិនទាន់អាច​ឆ្លើយតបទៅនឹងទំហំនៃសេចក្តីត្រូវការផ្នែកចំណាយនៅឡើយ។ ទោះបីមានការខិតខំប្រឹងប្រែងក្នុងការប្រមូលចំណូល​​ខ្លាំងគួរឱ្យគត់សម្កាល់យ៉ាងណាក្តី ការគ្រោងសារពើពន្ធត្រូវបានធ្វើឡើង​សុទិដ្ឋិនិយម ដោយឈរនៅលើមូលដ្ឋាន​ក្នុងកំណើនមួយក្នុងកម្រិតខ្ពស់ ហើយកំពុងប្រឈម​នឹងកំណើនថមថយ ដោយសារការប្រែប្រួលនៃភាពអនុគ្រោះពាណិជ្ជកម្ម​លើមុខទំនិញ និងការរាតត្បាតនៃវីរុសកូវីត១៩ នៅក្នុងពិភពលោក»។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចដដែលអះអាងថា គិតចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៨ ចំណូលរដ្ឋ​មានការកើនឡើងជាង២ដង ដោយ​កើនពីចំនួន ២២៦៤លានដុល្លារ​ ទៅដល់ ៤៥៦០លានដុល្លារ​។

អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក គុណ ញឹម មានប្រសាសន៍​ថា នៅក្នុងឆ្នាំ២០២០ ជាផែនការ​កំណត់ដោយច្បាប់ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានរបស់ខ្លួន​ត្រូវប្រមូលចំណូលឱ្យបានជិត ៣ពាន់(២៩០០)លានដុល្លារសហរដ្ឋអាមេរិក ដោយគិតជាមធ្យម​ប្រចាំខែត្រូវប្រមូល​ឱ្យបានប្រមាណ ២៥០លានដុល្លារ។

​លោកថា កាលពីខែមករា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលបានចំណូល ២៥៥លានដុល្លារ ដោយលើសផែនការបន្តិច ប៉ុន្តែ សម្រាប់ខែកុម្ភៈ ខាងលោកប្រមូលបានចំណូល ២៣៥លានដុល្លារ​ប៉ុណ្ណោះ ពោលគឺមានការធ្លាក់ចុះផងដែរ។

យ៉ាងនេះក្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅមិនទាន់អាចព្យាករបានថា ផលប៉ះពាល់​ដែលបណ្តាលមកពីភាពប្រែប្រួលពាណិជ្ជកម្មនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប និងបញ្ហាជំងឺកូរ៉ូណា នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា​ ពិសេសចំណូលជាតិ​នឹងរងផលប៉ះពាល់កម្រិតណានោះទេ។

សហភាពអឺរ៉ុប កាលពីថ្ងៃទី១២ ខែកុម្ភៈ បានសម្រេចដក EBA ២០ភាគរយពីកម្ពុជា ដោយរកឃើញថា កម្ពុជារំលោភ«ធ្ងន់ធ្ងរ»ជាប្រព័ន្ធទៅលើសិទ្ធិការងារ សិទ្ធិសង្គមស៊ីវិល និងសិទ្ធិ​នយោបាយ។

ការសម្រេចនេះប៉ះពាល់ដល់ទំនិញ៤០មុខ ដែលកម្ពុជាធ្លាប់នាំចូលទៅលក់នៅទីផ្សារអឺរ៉ុប​ដែលមានតម្លៃជាង១ពាន់លានដុល្លារ។ បើគ្មានអ្វីប្រែប្រួលទេ កម្ពុជានឹងខាតបង់ប្រមាណ ១០០លានដុល្លារក្នុង១ឆ្នាំ ពីកាតព្វកិច្ចបង់ពន្ធលើទំនិញ២០ភាគរយនេះ។  ​

ច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលរដ្ឋាភិបាលអនុម័តកាលពីចុងឆ្នាំមុន បានឱ្យដឹងថា ឆ្នាំនេះរដ្ឋាភិបាលគ្រោង ​ចំណាយសរុបថវិកាជាតិជិត១ម៉ឺនលានដុល្លារសហរដ្ឋអាមេរិក(៨២២៣) ដែលស្មើជាង ​២៨​% នៃផលិតផលសរុបក្នុងស្រុក ឬហៅថា ផ.ស.ស។ គម្រោងចំណាយនេះ មានការកើនឡើងជិត ២៣ភាគរយ(២២.៧%) បើប្រៀបធៀបនឹងច្បាប់ថវិកាជាតិកាលពីឆ្នាំ២០១៩៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ