ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនបញ្ជាក់ថា បុរសជនជាតិជប៉ុនដែលត្រូវបានរកឃើញថាមានផ្ទុកកូវីដ១៩ (COVID-19) ធ្លាប់ចេញចូលកម្ពុជាចំនួន២លើក។
ក្នុងលិខិតជូនរដ្ឋមន្ត្រីក្រសួងការបរទេសចុះថ្ងៃទី៥ ខែមីនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក អ៊ឹង រចនា បានបញ្ជាក់ថា បុរសជនជាតិជប៉ុនអាយុជាង៤០ឆ្នាំរូបនោះ បានធ្វើដំណើរចេញចូលកម្ពុជាចំនួន២លើក គឺលើកទីមួយនៅថ្ងៃទី១៦ ខែកុម្ភៈ ហើយបានចាកចេញទៅភីលីពីនថ្ងៃទី២១ និងលើកទីពីរនៅថ្ងៃទី២៨ ខែកុម្ភៈ ហើយបានចាកចេញទៅជប៉ុនកាត់តាមវៀតណាមនៅថ្ងៃទី៣ ខែមីនា។
ក្នុងសេចក្តីជូនដំណឹងនោះក៏បានបញ្ជាក់ផងដែរថា បុរសនេះបានចេញរោគសញ្ញាដំបូងនៅប្រទេសភីលីពីននាថ្ងៃទី២១ និងរោគសញ្ញាលើកទីពីរនៅកម្ពុជានាថ្ងៃ៣ ខែមីនា មុនចាកចេញពីប្រទេស។
ក្នុងលិខិតនោះបញ្ជាក់ថា៖ «គាត់ត្រលប់មកកម្ពុជាវិញនៅថ្ងៃទី២៨ ខែកុម្ភៈ ហើយនៅថ្ងៃទី៣ ខែមីនា បានទៅពេទ្យ (ស្រុកខ្មែរមិនបញ្ជាក់ឈ្មោះ) (ព័ត៌មានពីមន្ត្រីការបរទេសជប៉ុន)។ ពាក់ព័ន្ធនឹងការទៅពេទ្យនេះ Nagoya TV បានបញ្ជាក់ថាគាត់មានអាការៈពិបាកដកដង្ហើម»។
ពាក់ព័ន្ធនឹងករណីជំងឺCOVID-19នេះ ក្រសួងសុខាភិបាលកម្ពុជាក៏នឹងធ្វើសន្និសីទកាសែតនារសៀលនេះផងដែរ។
យោងតាមសារព័ត៌មាន Vietnam Express ចេញផ្សាយកាលពីម្សិលមិញ ជនជាតិជប៉ុនម្នាក់ដែលបានចេញពីកម្ពុជាតាមព្រលានយន្តហោះខេត្តសៀមរាប ត្រូវបានពិនិត្យឃើញមានផ្ទុកមេរោគកូរ៉ូណាថ្មី ឬខូវីដ១៩ ពេលទៅដល់ប្រទេសកំណើត៕