លោក ហ៊ុន សែន ជំរុញ​ឱ្យ​មាន​ការ​រួម​គ្នា​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រមុខរដ្ឋាភិបាល អះអាងថា ដើម្បីឆ្លើយតប​ទៅនឹងបញ្ហាប្រឈមរបស់ស្ត្រី និងក្មេងស្រី កន្លងមក រដ្ឋាភិបាល​មានយន្តការច្បាប់ ផែនការសកម្មភាពជាតិ គោលនយោបាយជាតិ ព្រមទាំងមានការផ្តល់សេវាជួយ​ដល់​ស្ត្រី និងក្មេងស្រីរងគ្រោះទៀតផង។

ថ្លែងក្នុងទិវាអន្តរជាតិនារី ៨មីនា លើកទី១០៩ នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់ចេញនូវចំណុចសំខាន់ៗមួយចំនួន ដើម្បី​លើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងទប់ស្កាត់រាល់ទម្រង់អំពើហិង្សាលើស្ត្រី និងក្មេងស្រី​ឱ្យមានប្រសិទ្ធភាព។

ចំណុចទាំងនោះ លោកថាមានដូចជា ជំរុញឱ្យក្រសួងអប់រំ​ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានទាំងអស់ឱ្យពង្រឹងវិន័យ ហើយមានទំនាក់ទំនងជាមួយឪពុកម្តាយ ឬអាណាព្យាបាលសិស្សគ្រប់រូបជាប្រចាំ ដោយណែនាំ​ពួកគេយកចិត្តទុកដាក់​អប់រំកូនចៅឱ្យខំរៀនសូត្រ មានសីលធម៌ល្អ និងត្រូវប្រកាន់​យកវប្បធម៌អហិង្សាក្នុងគ្រួសារ និងក្នុងសង្គមជាតិ។

បន្ថែមពីនេះ លោកជំរុញឱ្យ​គ្រប់ភាគីពាក់ព័ន្ធទាំងឯកជន រដ្ឋ និងអង្គការសង្គមស៊ីវិល សហការគ្នា​ប្រើប្រាស់នូវទិន្នន័យ​រដ្ឋបាលមូលដ្ឋានលើកិច្ចអន្តរាគមន៍ជួយស្ត្រី និងក្មេងស្រីរងគ្រោះ ក្នុងគោលដៅបង្កើនប្រសិទ្ធភាពដោះស្រាយបញ្ហានេះ។​

លោកមានប្រសាសន៍ថា៖ «ត្រូវរួមគ្នាទប់ស្កាត់ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា និងគ្រប់ទិដ្ឋភាពនៃអំពើហិង្សា​ដែលទាក់ទងនឹងបញ្ហាយេនឌ័រ ជាពិសេសការប្រើប្រាស់​ប្រព័ន្ធអ៊ិនធឺណិត ពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ។ ត្រូវពង្រីកការបង្កើតក្រុមការងារ​ពហុវិស័យ ឆ្លើយតបនឹងអំពើហិង្សា ទាក់ទងនឹងយេនឌ័រ ឱ្យបាននូវគ្រប់រាជធានី ខេត្តទាំងអស់ »។

លោកនាយករដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាលបានបង្កើនកញ្ចប់ថវិកាដល់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងមួយឆ្នាំ ៥០០លានរៀល ព្រមទាំងមានក្រុមមេធាវីរបស់លោកផ្ទាល់ ដើម្បីជួយដល់ស្ត្រី និងក្មេងស្រី ក្នុងការស្វែងរកសេវាយុត្តិធម៌ផងដែរ។

នាយិការអង្គការក្លាហាន កញ្ញា បុណ្យ រចនា មានប្រសាសន៍ថា ​យន្តការ និងគោលនយោបាយ​របស់រដ្ឋ​មានច្រើន ប៉ុន្តែ ខាងអង្គការសង្គមស៊ីវិល​នៅព្រួយបារម្ភចំពោះការអនុវត្តជាក់ស្តែង ត្បិតថវិកា​របស់រដ្ឋសម្រាប់អនុវត្តផែនការទាំងនោះនៅមានកម្រិត។ លើសពីនេះ កញ្ញាថា ការអនុវត្តច្បាប់នៅមានភាពធូររលុង និងមានស្តង់ដារច្រើន ដែលធ្វើឱ្យជនល្មើស​មួយចំនួន​មិនទាន់ត្រូវបានចាប់ខ្លួនយកមកផ្តន្ទាទោសនៅឡើយ។

កញ្ញាបន្តថា៖ «ការអនុវត្តច្បាប់នៅមានភាពធូររលុង ហើយមានស្តង់ដារពីរបីអីចឹង ដោយសារនៅមានករណីអំពើរំលោភសេពសន្ថវៈជាច្រើន គឺមិនត្រូវបានដោះស្រាយ ឬជនប្រព្រឹត្តហ្នឹងនៅមិនទាន់​ត្រូវបាន​នាំ​យកមក​ផ្តន្ទាទោស​តាមច្បាប់នៅឡើយទេ»។

ស្រដៀងគ្នានេះ  នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត កត់សម្គាល់ថា​ មានកត្តាមួយចំនួនបណ្តាលឱ្យស្ត្រី និងក្មេងស្រី ក្លាយជាជនរងគ្រោះ ដោយអំពើហិង្សា ឬការរំលោភបំពាននានា ទាំងក្នុងគ្រួសារ និងក្នុងសង្គម ដូចជាកត្តាគ្រឿងញៀន គ្រឿងស្រវឹង ហើយការអនុវត្តច្បាប់ក៏មានភាពធូររលុងផងដែរ។

មន្ត្រីសង្គមស៊ីវិលរូបនេះថា ដើម្បីបណ្តុះសីលធម៌ ការប្រកាន់យកធម៌អហិង្សា​ក្នុងសង្គមឱ្យបានប្រសើរ គប្បីផ្តើមចេញពីថ្នាក់ដឹកនាំ​ប្រទេសមុនគេ បន្ទាប់មកមន្ត្រីរាជការ គ្រូបង្រៀន ថ្នាក់ដឹកនាំក្នុងសហគមន៍ និងថ្នាក់ដឹកនាំក្នុងគ្រួសារ ដោយផ្តល់ភាពជាគម្រូគេ ចៀសវាង​ការប្រើប្រាស់ទម្រង់ហិង្សាទាំងកាយ និងវាចាចិត្ត។

លោកមានប្រសាសន៍ថា៖ «ទីមួយ ខ្ញុំគិតថា ការអប់រំ និងការផ្សព្វផ្សាយ​​ ដើម្បីឱ្យប្រជាពលរដ្ឋ​បានយល់ដឹង នូវរាល់ទង្វើហិង្សា ​ការទប់ស្កាត់​នូវអំពើហិង្សា ឬការបៀតបៀន រំលោភសេពសន្ថវៈអី កើតឡើងជាដើម​ហ្នឹងគឺជា​តួនាទីសំខាន់ណាស់​ ជាពិសេស​រដ្ឋាភិបាល រួមទាំងសង្គមស៊ីវិល ហើយនិងពលរដ្ឋទាំងអស់គ្នាផងដែរ ​ត្រូវតែយល់ដឹងអំពីបញ្ហាទាំងអស់នេះ» ។

របាយការណ៍របស់អង្គការលីកាដូសម្រាប់១៤ខេត្ត-រាជធានី ដែលអង្គការនេះ​បានឃ្លាំមើលបង្ហាញថា នៅឆ្នាំ២០១៩ ករណីអំពើហិង្សាក្នុងគ្រួសារលើស្រ្តី មានចំនួន៦៣ករណី ហើយករណីរំលោភសេពសន្ថវៈលើស្រ្តី និងកុមារី មានចំនួនជាង១រយករណី និងមានរំលោភបូក ៣ករណី (ក្នុងនោះ មានស្ត្រី ២៣ករណី និងកុមារី ១០៥ករណី)។ ករណីរំលោភសេពសន្ថវៈ និងអំពើហិង្សាលើស្ត្រី និងកុមារី បាន​បណ្តាលឱ្យជនរងគ្រោះស្លាប់ ១២នាក់ ក្នុងនោះ​មានស្រ្តី ៧នាក់ និងកុមារី ៥នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ