លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ចិនបានសម្រេចបញ្ជូននាវាចំនួន៧គ្រឿងដឹកវត្ថុធាតុដើមមកកម្ពុជា ដើម្បីផ្គត់ផ្គង់ដល់សង្វាក់ផលិតកម្មរោងចក្រកាត់ដេរ បន្ទាប់ពីរោងចក្រមួយចំនួនប្រកាសព្យួរការងារកម្មករដោយសារខ្វះវត្ថុធាតុដើម។
ថ្លែងក្នុងពិធីសម្ពោធផ្លូវមួយខ្សែក្នុងខេត្តពោធិ៍សាត់នៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា នាវាទាំង៧ដែលដឹកវត្ថុធាតុដើមនោះមាន៥គ្រឿង នឹងចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ និង២គ្រឿង ចូលចតនៅកំពង់ផែទីក្រុងហូជីមីញ។
លោកថ្លែងថា៖ «ហេតុអីបានត្រូវចូលនៅហូជីមិញ? គឺតំបន់សេដ្ឋកិច្ចពិសេសនៅស្វាយរៀង ដឹកពីហូជីមិញមក វាជិតជាង បើធៀបនឹងដឹកពីកំពង់សោមទៅ គឺវាឆ្ងាយជាង។ ហើយបើតាមព័ត៌មានមិត្តចិនឱ្យដឹង នាវា៧គ្រឿងនេះមិនមែនដឹកត្រឹមខែបីនេះទេ គឺដល់ខែប្រាំគឺរហូតដល់សភាពការធូរស្រាល»។
ក្រសួងការងារបានឱ្យដឹងកាលពីសប្ដាហ៍មុនថា មានរោងចក្រកាត់ដេរ និងផលិតផលស្បែកជើងសរុប៣៣រោងចក្រនៅទូទាំងប្រទេស បានស្នើសុំព្យួរកិច្ចសន្យាការងាររយៈពេល២សប្ដាហ៍ ដល់១ខែ ដែលមានកម្មករសរុបជិត២ម៉ឺននាក់ត្រូវប្រឈមនឹងការព្យួរការងារ ក្រោយពីរោងចក្រទាំងនោះកង្វះវត្ថុធាតុដើមដើម្បីបម្រើសង្វាក់ផលិតកម្ម។
ទាក់ទងនឹងករណីនេះ VOD មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ និងអគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរ លោក កាំង ម៉ូនីកា បាននៅឡើយទេនៅព្រឹកនេះ។
អ្នកត្រួតពិនិត្យនៅរោងចក្រកាត់ដេរ 7NG ដែលត្រូវបានរោងចក្រព្យួរការងារដោយសាររោងចក្រផ្អាកសង្វាក់ផលិតកម្ម អ្នកស្រី លាង ធារី ថាអ្នកស្រីមិនទាន់ទទួលដំណឹងណាមួយពីរោងចក្រក្នុងការទទួលទៅធ្វើការងារវិញនៅឡើយទេ ខណៈអ្នកស្រីថា មិនសូវមានសង្ឃឹមថា នឹងអាចចូលធ្វើការវិញនាពេលឆាប់ៗនេះទេ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា វាជារឿងល្អដែលចិនសម្រេចបញ្ជូននាវាមកពេលនេះ តែថាការបញ្ជូននេះគឺអាចដោះស្រាយបានតែមួយគ្រាប៉ុណ្ណោះ។
លោកថា៖ «នៅក្នុងទំហំនេះ យើងមិនច្បាស់ថា មានប៉ុន្មានកុងតឺន័រ ប៉ុន្មានតោនទេ! ដែលយកមក៥ ទៅ៦កប៉ាល់នេះ ខ្ញុំគិតថា មិនទាន់ច្រើនទេ ព្រោះកាលពីទំហំចាស់ក្នុង១ថ្ងៃចូលមកយ៉ាងហោចណាស់១ ទៅ២កប៉ាល់ដែរនោះ»។
ក្រោយផ្ទុះជំងឺ Covid-19 នៅប្រទេសចិនកាលពីចុងឆ្នាំមុន ចិនបានសម្រេចផ្អាករោងចក្រផលិតកម្មមួយចំនួនធំនៅប្រទេសខ្លួន ដែលការផ្អាកនេះគឺបានធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មប្រទេសមួយចំនួន ក្នុងនោះក៏មានកម្ពុជាផងដែរ ដោយសារប្រទេសនេះពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរពីប្រទេសចិន។ អ្នកធ្វើការក្នុងវិស័យការងារជំរុញដល់រដ្ឋាភិបាលគួរត្រលប់ជំរុញឱ្យមានការបង្កើតវត្ថុធាតុដើមក្នុងប្រទេសវិញ ដើម្បីទប់ស្កាត់បញ្ហានេះកុំឱ្យកើតមានទៀតនៅថ្ងៃខាងមុខ៕