លោក ​ហ៊ុន​ សែន​ ស្នើ​​ឱ្យ​​ពលរដ្ឋ​ជឿ​​​ទុក​​ចិត្ត​​លើ​រដ្ឋា​ភិបាល​​របស់​ខ្លួន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជំរុញ​ដល់​ពលរដ្ឋ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ខ្លួន​ឯង កុំ​ភ័យ​ខ្លាច​តាម​ការ​បំភ័យ​ដោយ​ព័ត៌មាន​មិន​ពិត ខណៈ​លោក​ស្នើ​ដល់​អ្នក​លក់​កុំ​ឱ្យ​តម្លើង​ថ្លៃ​ទំនិញនៅ​លើ​ទី​ផ្សារ​​ផង​ដែរ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ឱ្យ​ប្រើប្រាស់​ផ្លូវជាតិលេខ៥៥ តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ​៥​ នៅ​ខេត្ត​ពោធិ៍សាត់​ នៅ​ព្រឹក​នេះ​លោក ហ៊ុន សែន បាន​ថ្លែងថា នៅពេល​ដែល​រដ្ឋ​បង្ហាញ​នូវ​តម្លាភាព​នៃព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​កូរ៉ូណា​ក្នុង​ប្រទេស បែរ​ជា​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ការ​ជ្រួល​ជ្រើម​ភ័យខ្លាច​នាំ​គ្នា​ទៅទិញ​ស្បៀង​ទុក​នៅ​ផ្ទះ​រៀង​ខ្លួន ​ដែល​លោក​ថា ​ជា​ជំងឺ​ភ័យខ្លាច​ហួស​ហេតុ។

លោក​ថា៖ «ឥឡូវ​ដល់​និយាយ​មិន​ស្ដាប់​ មាន​តែ​រុញ​ទូក​បណ្ដោយ​ទឹក​បណ្ដោយ​ទៅ វា​ធូរផ្លូវ​ដែរ! និយាយ​ចឹង​ហ្មង​ទៅ ​វា​ស្រួល​ស្ដាប់​។ កាន់​តែ​សំណូម​ពរ [កុំ​ឱ្យ​ភ័យ] កាន់​តែ​ភ័យ​ខ្លាច។ ឥឡូវ​ខ្ញុំ​គោរព​សិទ្ធិ​អ្នក​ភ័យ​ ទិញ​អី​ទិញ​ទៅ​ តែ​កុំ​ឱ្យ​អ្នក​លក់​តម្លៃ​ថ្លៃ​បាន​ហើយ»។

លោក​ជំរុញ​ដល់​ពលរដ្ឋ​ឱ្យ​ទុកចិត្ត​លើ​រដ្ឋាភិបាល ដោយ​ថា ​បើសិន​ជា​មាន​ជំងឺ​មែន ​ប្រទេស​វៀតណាម និង​ថៃ ឬ​ក៏​សឹង្ហបុរី​ ក៏​មិន​ទទួល​យក​ទៅ​ព្យាបាល​ដែរ។

លោកថា៖ «បើ​យើង​ភ័យ​ខ្លាច​ យើង​រត់​ទៅ​រក​វៀតណាម​ តើ​គេ​ឱ្យ​យើង​ទៅ​ទេ? ត្រូវ​មាន​ជំនឿ​ទុក​ចិត្ត​លើ​ខ្លួន​ឯង ប្រាប់​ថា ​អញ​អត់​ឈឺ អាណា​ចង់​ផុស​បំផុស​អី​ ឱ្យ​វា​បំផុស​ទៅ។ តែ​បើ​មាន​ការ​សង្ស័យ​ ត្រូវ​រត់​រក​ពេទ្យ! ដើម្បី​សង្គ្រោះ​ខ្លួន​ឯង​»។

ទាក់ទង​នឹង​ការ​ភ័យ​ខ្លាច​នេះ​ លោក ​ហ៊ុន សែន ថា​លោក​ក៏​នឹង​ទៅ​ខេត្ត​សៀម​រាប​ដើម្បី​បំបាត់​អារម្មណ៍​ភ័យ​ខ្លាច​នេះ​ផង​ដែរ។

ក្រោយ​ពី​ក្រសួង​សុខាភិបាល​កម្ពុជា​ប្រកាស​ថា ​ខ្លួន​បាន​រក​ឃើញ​អ្នកជំងឺ ​Covid-19 ម្នាក់នៅ​ខេត្ត​សៀម​រាប បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​​មាន​ការ​ជ្រួល​ច្របល់​ រក​ទិញ​ម៉ាស់ និង​អង្ករ​ទុក​នៅ​ផ្ទះ​រៀង​ខ្លួន ដោយ​បារម្ភ​ពី​ការ​ចេញ​ដើរនៅ​តាម​ទីសាធារណៈ​ បើ​ទោះ​បី​រដ្ឋាភិបាល​ប្រកាស​ពី​សមត្ថកិច្ច​​របស់​ខ្លួនក្នុង​ការ​ការពារ​​ក៏​ដោយ​។

កាលពី​ម្សិល​មិញ​ ក្រសួង​ពាណិជ្ជកម្ម​​ក៏​បាន​អំពាវ​នាវ​ដល់​ពលរដ្ឋ​កុំ​ឱ្យ​បារម្ភ​ពី​ការ​ខ្វះខាត​អង្ករ​​ដោយ​សារ​ព័ត៌មាននៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ (COVID-19) ដោយ​ថា ​អង្ករ​កម្ពុជា​មាន​សល់​ច្រើន និង​ធានា​នូវ​ការ​រក្សា​តម្លៃ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ