លោក ហ៊ុន សែន ស្នើ​​ឱ្យ​​មាន​​ការ​​រួម​​គ្នា​​ដោយ​​គ្មាន​​ការ​​រើស​​អើង​​នយោ​បាយ​​ដើម្បី​​ប្រយុទ្ធ​​នឹង​​ជំងឺ​កូរ៉ូណា​

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ណែនាំ​ពលរដ្ឋ​ មន្ត្រី​ជំនាញ​ ធ្វើការងារ​ប្រយុទ្ធ​ប្រឆាំង​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​ ដោយ​គ្មាន​ការរើសអើង​ ឬប្រកាន់​និន្នាការ​នយោបាយ​នោះ​ឡើយ​ ហើយ​ថា​ ជំងឺ​នៅ​កម្ពុជា​ពិតប្រាកដ​ គឺជា​ជំងឺ​ភ័យខ្លាច​ និង​ជំងឺ​នៃ​ការរើសអើង​ ពុំមែន​ជា​ជំងឺ​ Covid​-19​ ឬ កូ​រ៉ូ​ណា ​ទេ​។ 

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ឱ្យ​និស្សិត​ជាង៣ពាន់​នាក់​នៅ​កោះ​ពេជ្រ​នា​ព្រឹក​នេះ​ លោក​ ហ៊ុន​ សែន​ មានប្រសាសន៍​ថា ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​ ត្រូវ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​រ៉ូ​ណា​ និង​មិន​ត្រូវ​រើសអើង​ចំពោះ​អ្នក​កើតជំងឺ​នេះ​ ឬអ្នក​ដែល​សង្ស័យ​នោះ​ឡើយ​។ បន្ថែម​ពីនេះ​ ក៏​មិន​ត្រូវ​ភ័យខ្លាច​ពេក​នោះ​ដែរ​ ប៉ុន្តែ ​ត្រូវ​រួមគ្នា​ទប់ស្កាត់​និង​បង្ការ​ជំងឺ​នេះ​ទាំងអស់គ្នា​។ ​

លោក​មានប្រសាសន៍ថា​៖ «ត្រូវតែ​មាន​វិធានការ​ ធ្វើ​សហប្រតិបត្តិ​ការ​រួមគ្នា​ក្នុងចំណោម​ពលរដ្ឋ​របស់​យើង​មិនថា​មាន​និន្នាការ​នយោបាយ​បែប​ណា​ទេ​ ត្រូវ​ធ្វើការ​ជាមួយគ្នា​ សហការ​ជាមួយគ្នា​។ ឧទាហរណ៍​ខ្លួន​មានការ​សង្ស័យ​លើ​កម្តៅ​ខ្លួន​ សុំ​ឱ្យ​គ្រូពេទ្យ​ជួយ​ពិនិត្យ​ភ្លាម​។ តើ​អាហ្នឹង​វា​ជា​ កូ​វីត ​ឬជា​ការ​ផ្តាសាយ​ធម្មតា​?» 

កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន ​អតីតប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ លោក​ កឹម​ សុខា​ បាន​លើកឡើង​លើ​ទំព័រ​ហ្វេសប៊ុ​ក បច្ចុប្បន្ន​ ពិភពលោក​កំពុងតែ​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ Covid​-19​ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​ និង​អាយុជីវិត​មនុស្ស​នោះ​ទេ​។ ប៉ុន្តែ​ វា​អាច​នាំឱ្យប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ និង​ជីវភាពរស់នៅ​របស់​មនុស្សជា​ច្រើន​ទៀត​ ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ និង​ប្រជាពលរដ្ឋ​ខ្មែរយើង​ផង​ដែរ​។

ក្នុង​កាលៈទេសៈ​នេះ​ លោក​ កឹម​ សុខា​ ស្នើ​ឱ្យ​ខ្មែរ​ត្រូវ​រួបរួម​គ្នា​ ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​ទាំងនេះ​ ដោយ​មិន​ត្រូវ​ប្រកាន់​និន្នាការ​នយោបាយ​ កុំ​ប្រើប្រាស់​បញ្ហា​ជំងឺ​កូ​រ៉ូ​ណា​នេះ​បំផ្លើស​បំភ្លៃ​ ឬវាយប្រហារ​គ្នា​ ដើម្បី​កេង​ចំណេញ​នយោបាយ​ដោយ​អសីលធម៌​។

ដោយឡែក​ អតីតប្រធាន​គណបក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​ លោក​ សម​ រង្ស៊ី​ បានបង្ហោះ​វីដេអូ​ឃ្លី​បមួយ​នៅ​ថ្ងៃនេះ​ ដោយ​បង្ហាញ​ពី​ការស្រាវជ្រាវ​លើ​បញ្ហា​ជំងឺ​កូ​រ៉ូ​ណា​ និង​កិច្ចការពារ​ចំពោះ​ជំងឺឆ្លង​មួយ​នេះ​។ ក្រៅពី​ណែនាំ​ដល់​ពលរដ្ឋខ្មែរ​ទាំងអស់​ឱ្យ​ប្រុងប្រយ័ត្ន​ ចូលរួម​ការងារ​ទប់ស្កាត់​ជំងឺ​នេះ​ លោក​ក៏​បួងសួង​ឱ្យ​ពលរដ្ឋខ្មែរ​រួចផុត​ពី​ជំងឺ​សាហាវ​នេះ​ទៀតផង​។

លោក​មានប្រសាសន៍​ថា​៖ «ខ្ញុំ​សូមជូនពរ​បងប្អូន​ជនរួមជាតិ​ ក្មួយ​ៗ និង​កូនចៅ​ទាំងអស់​ ឱ្យ​មាន​សុខភាព​ល្អ​ រឹងមាំ​គ្រប់គ្នា​ ជាពិសេស​សូមកុំ​ឱ្យ​ធ្លាក់ខ្លួន​ឈឺ​ដោយសារតែ​វីរុស​កូ​រ៉ូ​ណា​នេះ​»។ 

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​ និង​សន្តិភាព​ លោក​ យង់​ គីម​អេង​ គាំទ្រ​ចំពោះ​ការ​លើកឡើង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ដោយ​ថា ​ក្នុង​ស្ថានភាព​ជាតិ​មាន​បញ្ហា​ប្រឈម​ អ្នកនយោបាយ​គ្រប់​និន្នាការ​ទាំងអស់​ត្រូវ​រួមគ្នា​ដោះស្រាយ​ ស្តាប់​យោបល់​គ្នា​ ឱ្យ​តម្លៃ​គ្នា​ ដើម្បី​សេចក្តី​សុខ​របស់​ពលរដ្ឋ​ និង​ប្រទេសជាតិ​។

លោក​មានប្រសាសន៍​បន្ត​ថា​៖ «បើសិនជា​អ្នកនយោបាយ​មាន​ឆន្ទៈ​ក្នុង​ការ​រួបរួម​គ្នា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ជា​រួម​ ទុក​បញ្ហា​នយោបាយ​ ការ​ខ្វែងគំនិត​គ្នា​ខាងនយោបាយ​មួយ​ឡែក​ ហើយ​ព្យាយាម​ស្តាប់​គ្នា​ទៅវិញទៅមក​ គឺជា​រឿង​មួយ​ដែល​កម្ពុជា​បង្ហាញ​អំពី​សាមគ្គីភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​។ អាហ្នឹង​ខ្ញុំ​ថា​ជា​រឿង​ល្អ​ បើសិនជា​ធ្វើ​បាន​មែន​។ ខ្ញុំ​ក៏​សង្ឃឹមថា ​អ្នកនយោបាយ​នឹង​យល់​អំពី​បញ្ហា​នេះ​»។ 

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួងសុខាភិបាល​ បានឱ្យ​ដឹង​ត្រឹម​ល្ងាច​ថ្ងៃម្សិលមិញ​ថា​ ទូទាំង​ប្រទេស​ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​រក​មេរោគ​កូ​រ៉ូ​ណា​លើ​ពលរដ្ឋ​សរុប​ចំនួន​ ៤៦២ករណី​ រក​ឃើញ​ករណី​ជំងឺ COVID​-19​ ចំនួន ២ករណី​ប៉ុណ្ណោះ​។ 

ប្រភព​ដដែល​ថា​ ករណី​ទី១​ គឺ​កើតឡើង​លើ​ជនជាតិ​ចិន​ ភេទប្រុស​អាយុ៦០ឆ្នាំ​នៅ​ខេត្ត​ព្រះសីហនុ​ ប៉ុន្តែ ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ព្យាបាល​ឱ្យ​ជាសះស្បើយ ​និង​បាន​បញ្ជូន​គាត់​ទៅ​ប្រទេសកំណើត​កាលពី​ខែកុម្ភៈ​ហើយ​ដែរ​។ ករណី​ទី២​ ក្រសួង​រក​ឃើញ​ជំងឺ​នេះ​កើតឡើង​លើ​បុរស​ជនជាតិ​ខ្មែរ​ ​អាយុ៣៨ឆ្នាំ​ នៅ​ខេត្តសៀមរាប​ ហើយ​ កំពុង​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​ប៉ុន្តែ​ នាយកដ្ឋាន​មួយ​នេះ​អះអាង​ថា ​គាត់​មាន​សុខភាព​ល្អ​ គ្រាន់តែ​នៅ​មាន​ភាព​វិជ្ជមាន​ជំងឺ​ កូ​វីត​-១៩​ ​ក្នុង​ខ្លួន​នៅឡើយ​។ 

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​បញ្ជាក់​ថា​ ចំពោះ​អ្នក​ប៉ះពាល់​ផ្ទាល់​ និង​ប្រយោល​ជាមួយ​អ្នកជំងឺ​ជនជាតិ​ជប៉ុន​ និង​ជនជាតិ​ខ្មែរ​ ត្រូវ​បាន​រក​ឃើញថា ​ពួកគេ​អវិជ្ជមាន​ទាំងអស់​ ប៉ុន្តែ​ ត្រូវ​តាមដាន​បង្រ្គប់១៤ថ្ងៃ​បន្ត​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ