លោក ស ខេង ត្អូញ​ត្អែរ​ពី​ភាព​លំបាក​ក្នុង​ការ​តែង​តាំង​មន្ត្រី​ ដោយ​សារ​វប្បធម៌​រត់​ការ​និង​អន្តរាគមន៍​

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ» ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ស ខេង)

ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស ខេង​ បាន​បញ្ជា​ឱ្យ​មានការ​កាត់បន្ថយ​ឱ្យ​បាន​ទាប​បំផុត​ចំពោះ​វប្បធម៌​រត់ការ​ និង​វប្បធម៌​អន្តរាគមន៍​យក​ដំណែង​។ 

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា​ លើក​ទី១០៩​ ក្រោម​ប្រធានបទ​ មាន​សន្តិភាព​ មានការ​លើកកម្ពស់​សមភាព​យេនឌ័រ​ នៅ​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃនេះ​ លោក​ ស ខេង​ ​មានប្រសាសន៍​ថា វ​ប្ប​ធម៌​រត់ការ​ ឬអន្តរាគមន៍​យក​ដំណែង​នេះ​ ធ្វើ​ឱ្យ​លោក​មានការ​លំបាក​ក្នុង​ការតែងតាំង​មន្ត្រី​មាន​សមត្ថភាព​ និង​ស្រប​ទៅតាមច្បាប់​ផង​ ។

លោក​ថា​ បញ្ហា​នេះ​ត្រូវ​កាត់បន្ថយ​ឱ្យ​បាន​អតិ​បរមា​ទាំង​ការតែងតាំង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ និង​ក្នុង​ក្របខណ្ឌ​ក្រសួង​ នូវ​វប្បធម៌​រត់ការ​ និង​អន្តរាគមន៍​ ព្រមទាំង​គោរព​តាម​គោលការណ៍​ច្បាប់​ជាដើម​។ 

លោក​មានប្រសាសន៍​ថា​៖ «ហើយ​យើង​កាត់បន្ថយ​ឱ្យ​បាន​ជា​អតិ​ប​រមា​ ការ​រត់​ ដើម្បី​សូក​សៀត​ កន្លែង​តួនាទី​នី​មួយ​ៗ ព្រោះ​ពូកែ​ណាស់​មន្ត្រី​យើង​មួយចំនួន​ មិនមែន​ភាគច្រើន​ ឬទូទៅ​ទេ​។ គាត់​ពូកែ​ដឹង​តែម្តង​ ពូកែ​ដឹង​ថា ន​រណា​ត្រូវ​ចូលនិវត្តន៍​ តាំងពី​ថ្ងៃខែ​ទៀត​ណោះ​។ ដឹង​មែនទែន​តែម្តង​ ដឹង​ជាង​យើង​ ហើយ​គាត់​ថា​ សុំ​ទៅ​កន្លែង​ហ្នុង​ ដោយសារ​កន្លែង​ហ្នុង​ត្រូវ​ចូលនិវត្តន៍​។ ដល់​អីចឹង​ទៅ​ បើ​អ្នក​នៅ​ហ្នុង​ស្រាប់​មិន​អី​ទេ​ ប៉ុន្តែ​គាត់​ហ្នឹង​ផ្លោះ​ពីណា​មក​ ដល់​អីចឹង​ធ្វើ​ឱ្យ​វង្វេង​តែម្តង​ »។ 

ការ​លើកឡើង​ពី​បញ្ហា​រត់ការ​ ឬអន្តរាគមន៍​តែងតាំង​មន្ត្រី​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​ធ្លាប់​លើកឡើង​ផង​ដែរ​កាលពី​ពេល​កន្លងមក​។ សកម្មភាព​រត់ការ​យក​ដំណែង​នេះ​ ដំណែង​នោះ​ ក្នុង​ការតែងតាំង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ បាន​ធ្វើ​ឱ្យ​លោក ​ហ៊ុន​ សែន​ សម្រេច​លុបចោល​គម្រោង​បំបែក​ខេត្តកណ្តាល​ និង​ខេត្តមណ្ឌលគិរី​ កាលពី​ឆ្នាំ២០១៨ ថែមទៀត​ផង​។

កាលពី​ថ្ងៃទី​២០​ ខែកុម្ភៈ​ លោក ​ហ៊ុន​ សែន​ ក៏បាន​បង្ហើប​ពី​សកម្មភាព​រត់ការ​យក​ដំណែង​ចៅហ្វាយខេត្ត​កណ្តាល​ ចៅហ្វាយ​​ខេត្តរង​ ចៅហ្វាយស្រុក​ ក្នុង​ខេត្ត​នេះ​ ដែល​ធ្វើ​ឱ្យ​លោក​ធុញទ្រាន់​ជា​ខ្លាំង​។

លោក​មានប្រសាសន៍​ថា​៖ «ដំណែង​អភិបាលរង​មាន​បញ្ហា​ទៀត​ ឯង​មិនទាន់​តែងតាំង​អភិបាលខេត្ត​ផង​ ស្រាប់​ធ្លាយ​ដល់​អភិបាលរងខេត្ត​ទៀត​។ ដល់ពេល​លឺ​ថា​ អភិបាលស្រុក​ ស្រាប់តែ​ទៅដល់​អភិបាលស្រុក​ទៀតហើយ​»។ 

យ៉ាងនេះ​ក្តី​ លោក​ ស ខេង​ លើកឡើង​ថា​ សម្រាប់​លោក​ ការតែងតាំង​មន្ត្រី​ ត្រូវ​មើល​ប្រវត្តិ​មន្ត្រី​ណា​ដែល​បាន​រួមសុខទុក្ខ​ជាមួយ​ពលរដ្ឋ​បាន​យូរអង្វែង​ពីមុន​មក​ ដោយ​ថា​ ការតែងតាំង​មន្ត្រី​ឡើង​មក​គឺ​ ដើម្បី​បម្រើ​រាស្ត្រ​ និង​ជាតិ​។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការ​អភិវឌ្ឍ​ និង​សន្តិភាព​ លោក​ យង់​ គីម​អេង​ យល់ឃើញ​ថា ចំពោះមុខ​ ការតែងតាំង​មន្ត្រី​រាជការ​ក្នុង​មុខ​ដំ​ណែង​ធំៗ​ មិន​អាច​លុបបំបាត់​ ឬកាត់បន្ថយ​ពី​វប្បធម៌​រត់ការ​ សូកប៉ាន់​ ឬអន្តរាគមន៍​បាន​នោះ​ទេ​ ដរាបណា​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ដោះស្រាយ​បញ្ហា​នេះ​។ 

លោក​មានប្រសាសន៍​ថា​៖ «ខ្ញុំ​ថា​ សំខាន់​បំផុត​ ដើម្បី​លុបបំបាត់​បាន​ គឺ​ទាមទារ​ឱ្យ​ថ្នាក់​ដឹក​នាំ​ធំៗ​ លោក​ត្រូវ​មាន​ឆន្ទៈ​តែម្តង​។ ថា​យើង​ចង់បាន​អ្នកមាន​សមត្ថភាព​មក​ធ្វើការ​ ប៉ុន្តែ​ មិនមែន​យើង​ទៅ​ធ្វើធំ​ហ្នឹង​ដើម្បី​ទៅ​រក​លាភសក្ការៈ​។ ទីពីរ​ ទៅ​ដើម្បី​ជួយ​កូនចៅ​យើង​ ដើម្បី​ឱ្យ​បាន​ទៅ​ធ្វើធំ​ដែរ​ ឬក៏​ជួយ​បងប្អូន​យើង​ឱ្យទៅ​ធ្វើធំ​ដែរ​ទេ​»។

លោក​ យង់​ គីម​អេង​ មានប្រសាសន៍​ថា ​នៅពេល​ការតែងតាំង​មន្ត្រី​ធំៗ​ តាមរយៈ​វប្បធម៌​រត់ការ​ សូកប៉ាន់​ និង​បក្ខពួក​និយម​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ការងារ​ ពោល​គឺ​ធ្វើការងារ​បម្រើ​ជាតិ​ ពួកគេ​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ធំជាង​ផលប្រយោជន៍​ពលរដ្ឋ​ និង​សង្គមជាតិ​។ លោក​ថា​ លើស​ពីនេះ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​ជាតិ​ ដោយ​បង្កើត​ភាព​អសកម្ម​ក្នុង​ប្រព័ន្ធ​រដ្ឋបាល​ បង្កើត​ជា​ទម្លាប់​អាក្រក់​ ត្បិត​អ្នកមាន​សមត្ថភាព​បម្រើ​រាស្ត្រ​ពិតប្រាកដ​ មិន​ត្រូវ​បាន​តែងតាំង​ និង​ធ្វើ​ឱ្យ​ខាតបង់​ថវិកាជាតិ​ ដោយសារ​ប្រើ​មនុស្ស​មិន​ចំ​គោលដៅ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ