រដ្ឋាភិបាល​សម្រេច​ផ្អាក​​មិន​ឱ្យ​នាវា​ទេសចរ​ចូល​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ក្អម​សំណ​​

ក្រុមមន្ត្រីសុខាភិបាលចុះពិនិត្យអ្នកដំណើរលើនាវា​ វី​គីង ​គូ្រស​ជ្យូ​ណី​ (Viking​ Cruise​ Journey​) ក្រោយរកឃើញមួយករណីនៃមេរោគកូវីដ-១៩លើអ្នកដំណើរនោះ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០។ (ឆពណ្ណ បញ្ញា)

រដ្ឋាភិបាល​បានសម្រេចផ្អាកមិន​ឱ្យនាវាដឹកអ្នកដំណើរ ឬនាវាដឹក​ភ្ញៀវទេសចរទាំងអស់​ចូលមកកម្ពុជាជាបណ្តោះ​អាសន្នតាមច្រកអន្តរជាតិក្អមសំណ​។ ​

ការសម្រេចផ្អាកនេះធ្វើឡើង​ក្រោយពេលកម្ពុជារកឃើញ​ភ្ញៀវបរទេសជនជាតិអង់គ្លេសចំនួន ៣នាក់ហើយដែលបាន​ធ្វើដំណើរតាមនាវា​ទេសចរណ៍​មានផ្ទុកជំងឺកូវីដ-១៩ ឬ កូរ៉ូណា ក្រោយពេលនាវានោះបានចុះចតនៅទីរួមខេត្តកំពង់ចាម។ 

ក្នុងលិខិតជម្រាបជូនម្ចាស់នាវា និងភ្នាក់ងារនាវាដឹកអ្នកដំណើរ ឬដឹកភ្ញៀវទេសចរ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃសុក្រនេះ បញ្ជាក់​ថា ​ការសម្រេច​ផ្អាក​មិនឱ្យនាវាដឹកអ្នកដំណើរ ឬភ្ញៀវទេសចរ​ចូលកម្ពុជាតាមច្រកក្អមសំណនេះ ​ចាប់អនុវត្តពីថ្ងៃនេះតទៅ រហូតដល់មានការសម្រេចជាថ្មី។ ប៉ុន្តែ នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកនេះ មិនបានបញ្ជាក់ពីមូលហេតុនៃការផ្អាកជាបណ្តោះអាសន្ននោះឡើយ។

លិខិតសរសេរថា៖ «អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ សម្រេចផ្អាកជាបណ្តោះអាសន្ន​ លើការអនុញ្ញាតចូលនាវាទេសចរណ៍មកព្រះរាជាណាចក្រកម្ពុជា តាមច្រកអន្តរជាតិក្អមសំណ ពីថ្ងៃនេះតទៅ រហូតដល់មានសេចក្តីសម្រេចជាថ្មី»។

លិខិតដដែលនេះ ក៏បានប្រកាសនារាករណ៍ ឬលុបចោល លើខ្លឹមសារលិខិតចុះលេខ៥៧០ សក. ដជទ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។ 

ខ្លឹមសារលិខិតទី១ ឬលិខិតលេខ៥៧០ សក. ដជទ របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ គឺបាន​សម្រេចផ្អាកមិន​ឱ្យនាវាដឹកអ្នកដំណើរ ឬនាវាដឹក​ភ្ញៀវទេសចរទាំងអស់​ចូលមកកម្ពុជាជាបណ្តោះអាសន្នតែម្តង។ លិខិតនោះបានបញ្ជាក់​ពីមូលហេតុចាំបាច់ក្នុងការសម្រេចផ្អាកនោះថា ដើម្បីទប់ស្កាត់​ការរីករាលដាលនៃជំងឺកូរ៉ូណាបន្ថែមទៀតនៅកម្ពុជា។

កាលពីថ្ងៃម្សិលមិញ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយ បញ្ជាក់ថា សំណាក​ចេញដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដោយពិនិត្យលើអ្នកដំណើរលើនាវាទេសចរណ៍មួយគ្រឿងឈ្មោះ Viking Cruise Journey បានចូលចតនៅក្នុងខេត្ដកំពង់ចាម មានចំនួនសរុប៦៤នាក់ ហើយជាលទ្ធផលរកឃើញថា​ជនជាតិអង់គ្លេស៣នាក់ ​ក្នុងនោះស្រីពីរនាក់ មានផ្ទុកជំងឺឆ្លង COVID-19។ ស្រ្តីអង់គ្លេសម្នាក់​រកឃើញថាមានផ្ទុកជំងឺរលាកផ្លូវដង្ហើមនេះកាលពីថ្ងៃទី១០ ខែមីនា ដោយឡែកប្តីប្រពន្ធពីរនាក់ទៀត ត្រូវបានរកឃើញថាផ្ទុកជំងឺកូរ៉ូណានៅថ្ងៃទី១២ ខែមីនា។

ក្រសួងបញ្ជាក់ថា មនុស្ស៦១នាក់ផ្សេងទៀត លទ្ធផលធ្វើតេស្តបង្ហាញថា អវិជ្ជមាន ប៉ុន្តែ ពួកគេត្រូវដាក់ក្រោមការតាមដាន​ដាច់ដោយឡែកពីគេ ក្នុងសណ្ឋាគារមួយនៃក្រុងកំពង់ចាមបន្តទៀត។

តាំងពីផ្ទុះឡើងវីរុស​កូវីដ-១៩ (COVID-19) ដំបូងនៅទីក្រុងវូ​ហាន ប្រទេសចិន មកដល់ត្រឹមថ្ងៃម្សិលមិញក្រសួងសុខាភិបាល​បញ្ជាក់ថា កម្ពុជារកឃើញ​អ្នកឆ្លងកូវីដ-១៩ (COVID-19) ចំនួន ៥នាក់ ឬ៥ករណីហើយ។ ​ករណីទី១ កើតឡើងលើបុរសជនជាតិចិន មកពីទីក្រុងវូហាន ហើយក្រសួងក៏បានព្យាបាលបុរសចិនរូបនោះ ឱ្យជាសះស្បើយ។ ករណីទី២ កើតឡើងលើបុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប និង៣ករណីទៀត រកឃើញកើតឡើងលើជនជាតិអង់គ្លេសដែលបានធ្វើដំណើរតាមនាវា Viking Cruise Journey ចុះចតនៅខេត្តកំពង់ចាម ដោយម្នាក់ក្នុងចំណោមពលរដ្ឋអង់គ្លេសដែលជាជនពិការនោះ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ក្រុងភ្នំពេញ។ ដោយឡែក ប្តីប្រពន្ធជនជាតិអង់គ្លេស២នាក់ទៀត ត្រូវបន្តព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ