អ្នក​​ជក់​​បារី​​ប្រឈម​​គ្រោះ​ថ្នាក់​ខ្ពស់ ​ប្រសិន​​បើ​ឆ្លង​កូវីដ-១៩​

បុរសម្នាក់បម្រើការងារជាសន្តិសុខ ជក់បារី​នៅកន្លែងផ្ញើកង់ម៉ូតូ (រូបថត៖ អុិត សូធឿត)

ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ គ្រប់គ្រង និង​អប់រំ​ពី​ថ្នាំ​ជក់​ នៃ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា លោក​បណ្ឌិត Stanton A. Glantz  លើកឡើងថា អ្នក​ជក់បារី ឬ​បារី​អេឡិចត្រូនិច ​​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរជាងគេប្រសិនបើឆ្លង​​វីរុស​​កូវីដ-១៩ (COVID-19)​។

លោក​បណ្ឌិត Stanton A. Glantz  បាន​អះអាងក្នុង​អត្ថបទ​​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែមីនា ​ដោយ​ផ្អែក​លើ​​ការ​វិភាគនៃ​ការ​ស្លាប់​បណ្តាលមកពីកូវីដ-១៩ ​នៅ​ប្រទេស​ចិន ថា​អ្នក​ស្លាប់​ភាគ​ច្រើន​ជា​មនុស្ស​ប្រុស​ ខណៈ​​មនុស្ស​ប្រុស​នៅ​ចិនជាង​ ៥០ភាគរយ​ជា​អ្នក​ជក់​បារី។

លោក​សរសេរ​ថា៖ «ក្នុង​ចំនោម​អ្នក​ជំងឺ​ចិន​ដែល​ត្រូវ​បាន​គេ​ធ្វើ​រោគ​វិនិច្ឆ័យ​ ឃើញ​ថា ​អ្នក​​ជំងឺ​ដែល​បាន​ឆ្លង​កូវីដ-១៩ (COVID-19) និង​មាន​ជំងឺ​សួត​ហើយ​ស្រាប់​នោះ​ នឹង​អាច​ឈាន​ដល់​ស្លាប់​ មាន​អត្រា​ខ្ពស់ជាង​អ្នកគ្មាន​ប្រវត្តិ​ជក់​បារី​ដល់​ទៅ​១៤​ដង។ ដែល​នេះ​ជា​កត្ដាហានិភ័យ​ខ្លាំង​បំផុត​ក្នុង​ចំណោម​អ្នក​ដែល​បាន​ត្រួត​ពិនិត្យ​»។

បើតា​ម​លោក​បណ្ឌិត Stanton A. Glantz ដើម្បី​ការ​ពារ​ខ្លួន​ពី​ការ​ប្រឈម​ខ្ពស់​នៃ​ជំងឺ​កូវីដ-១៩ (COVID-19) គួរ​តែ​បញ្ឈប់​ការ​ជក់​បារី ឬ​បារី​អេឡិច​ត្រូនិច និង​ចៀស​វាង​ស្រូប​ផ្សែងបង្ហុយ​ពី​​អ្នក​ជក់​បារី​ទាំង​នោះ​ផង​ដែរ។

ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​មួយ​កាល​ពី​ថ្ងៃ​ទី​១១ ខែមីនា កន្លង​ទៅ​ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​លើក​ឡើង​ថា ៨០​ភាគរយនៃ​ជំងឺ​រលាក​សួត​ថ្មី កូវីដ-១៩ (COVID-19) ជា​​ជំងឺ​ស្រាល​ដូច​ជា​ផ្ដាសាយ ឬ​គ្រុន​ក្ដៅ​ប៉ុណ្ណោះ​ ដែល​អាច​ព្យាបាលជា​បាន​​ដោយ​ងាយ​ស្រួល តែ​ជំងឺ​នេះ​អាច​ធ្ងន់ធ្ងរ​បាន​តែ​លើ​អ្នក​មាន​ជំងឺ​ក្នុង​ខ្លួន​ស្រាប់​ ជា​ពិសេស​គឺ​អ្នក​ពិសា​បារី។ លោក​ស្រី​ជំរុញ​ដល់​ពលរដ្ឋ​កុំ​មាន​ការ​បារម្ភ​ពី​ជំងឺនេះ តែថា​ ប្រសិន​មាន​ការបារម្ភ ​ត្រូវ​អនុវត្ត​វិធាន​ការ​សុខភាព​មួយ​ចំនួន​ដូច​ជា​ហាត់​ប្រាណ គេង​ឱ្យ​គ្រប់គ្រាន់ ញ៉ាំអាហារ​មាន​វីតាមីន និង​ផឹក​ទឹក​ឱ្យ​​បាន​គ្រប់គ្រាន់។  

លោក​ស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ «ដើម្បី​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំក្នុង​ខ្លួន​របស់​យើង​ដែល​ប្រឆាំង​ទៅ​នឹង​វីរុស​ដែល​ចូល​ក្នុង​ខ្លួន​ហ្នឹងឱ្យ​ខ្លាំង កាល​ណា​ប្រព័ន្ធ​ការពារ​ខ្លាំង​អី​ខ្លាំង ទោះ​បី​វីរុស​ហ្នឹង​ចូល​ ក៏​វា​មិន​អាច​ធ្វើ​បាប​យើងខ្លាំង​ក្លា​ដែរ។ ធ្វើ​បាន​ខ្លះ​ដែរ ​ឱ្យ​គ្រុន​ផ្ដាសាយ​ ឱ្យ​អី​អ៊ីចឹង​ទៅ តែ​បើ​ឱ្យ​ចូល​ក្នុង​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​គឺ​ពិបាក។ លើក​លែង​តែ​បុគ្គល​នោះ​មាន​ជំងឺ​ប្រចាំ​កាយ ដូចជា​ជំងឺ​លើស​ឈាម ​ទឹក​នោម​ផ្អែម មហារីក ជំងឺ​សួត បេះ​ដូង ជា​ពិសេស​អ្នក​ពិសារ​បារី​ សូម​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​វីរុស​នេះ​គឺ​ចូល​ចិត្ត​ទៅសួត​ហ្នឹង​ណាស់! អ៊ីចឹង ​បាន​ជា​គេ​ដាក់​ថា​ ជំងឺ​រលាក​សួតដោយ​ជំងឺ​កូវីដ-១៩ (COVID-19)ហ្នឹង។ អ៊ីចឹង​ អ្នក​ពិសារ​បារី​ដែល​គាត់​មាន​ប្រវត្តិ​សួត​គាត់​មិនសូវ​ល្អ​ស្រាប់​ហើយ ព្រោះ​កាល​ណា​ពិសារបារី​ច្រើន​ទៅ​ សួត​គាត់​ក៏​មិន​ល្អ​ដែរ»។

ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ-១៩ (COVID-19)​ នៅ​ប្រទេស​ចិន​កាល​ពី​ចុង​ឆ្នាំ​មុន និង​បាន​រីករាល​ដាល​ពេញ​ពិភព​លោក​មក​រហូត​មក​ដល់​ថ្ងៃ​ទី​១៣ ខែមីនា នេះត្រូវ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជិត​ ១៣ម៉ឺននាក់ ខណៈ​អ្នក​ស្លាប់​មាន​ជិត​ ៥ពាន់នាក់ និង​អ្នក​ត្រូវ​បាន​ព្យាបាល​ជា​ជិត ​៧ម៉ឺននាក់។

ប្រទេស​កម្ពុជា រក​ករណី​​ផ្ទុក​ជំងឺ​នេះ​ចំនួន​៥នាក់​ ក្នុង​នោះ​មាន​ខ្មែរ​ម្នាក់​នៅ​ខេត្ត​សៀម​រាប ​៣នាក់​ជាជនជាតិ​អង់គ្លេស រក​ឃើញ​នៅ​លើនាវាទេសចរណ៍មួយនៅខេត្ត​កំពង់ចាម និង​ម្នាក់​ដែល​ត្រូវ​បាន​ព្យាបាលជា​ជាជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ