ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃចន្ទនេះ បានចេញសេចក្តីណែនាំមួយដោយតម្រូវឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតរាប់ចាប់ពីបឋមសិក្សា មធ្យមសិក្សាទុតិយភូមិ និងគ្រឹះស្ថានឧត្តមសិក្សា គ្រប់ប្រភេទទាំងសាធារណៈ និងឯកជន ទៅទូទាំងប្រទេស ចាប់អនុវត្តវិស្សមកាលតូច មុនកាលកំណត់ ចាប់ពីថ្ងៃទី១៦ ខែមីនា តទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្នុងសេចក្តីណែនាំចុះថ្ងៃទី១៦ មីនា ឆ្នាំ២០២០ ក្រសួងអប់រំឱ្យដឹងថា បន្ទាប់ពីរកឃើញជាបន្តបន្ទាប់នៃជំងឺcovid-19 លើជនជាតិខ្មែរ និងជនបរទេសដែលធ្វើដំណើរចូលកម្ពុជា ដែលតម្រូវឱ្យមានវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់នោះ ក្រសួងបានសម្រេចឱ្យគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅទាំងអស់ចាប់ពីមត្តេយ្យ រហូតដល់ថ្នាក់សាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជាទាំងអស់ ចាប់ផ្ដើមឈប់សម្រាកវិស្សមកាលតូចមុនកាលកំណត់ ចាប់ពីថ្ងៃនេះរហូតដល់មានការជូនដំណឹងថ្មី។
ក្នុងសេចក្តីណែនាំនោះក៏បានបញ្ជាក់ឱ្យគ្រឹះស្ថានឧត្តមសិក្សាទាំងសាធារណៈ និងឯកជនទាំងអស់ប្រមូលព័ត៌មាននូវរាល់ការធ្វើដំណើររបស់គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំដែលទៅកាន់ប្រទេសដែលមានផ្ទុះជំងឺ covid-19 មុនថ្ងៃទី១៦ ខែមីនា ហើយបើសិនរកឃើញថា សិស្ស និស្សិតដែលមានប្រវត្តិទៅប្រទេសនេះ មានរោគសញ្ញាដូចជំងឺ covid-19 ត្រូវធ្វើទំនាក់ទំនងទៅកាន់ក្រសួងសុខាភិបាល ដើម្បីពិគ្រោះ និងផ្ដល់យោបល់ និងរាយការណ៍មកក្រសួងអប់រំផ្ទាល់។
ក្រសួងអប់រំបានសរសេរថា៖ «ក្រសួងសូមលើកទឹកចិត្តដល់មាតាបិតា អ្នកអាណាព្យាបាលសិស្ស ត្រូវជំរុញឱ្យកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមនឹងការឆ្លងខ្ពស់ដូចជា៖ កន្លែងហែលទឹកសាធារណៈ កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងទៀតដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងវីរុស covid-19»។
ពលរដ្ឋរស់នៅភូមិជ្រៃឡើង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក កាន ឈាង ដែលមានកូនបីនាក់ដែលកំពុងរៀនថ្នាក់ទី៧ ទី៦ និងទី៤ ថាលោកគាំទ្រចំពោះវិស្សមកាលមុនកំណត់ដើម្បីការពារដល់សិស្សនេះ តែលោកក៏បារម្ភពីការសិក្សារបស់កូនៗរបស់លោកផងដែរ។
លោក កាន ឈាង មានប្រសាសន៍ថា៖ «ជាទូទៅ នៅខាងខ្ញុំនេះ វាពិបាករកគ្រូណាស់ ដោយសារតែនៅតំបន់ចុងកាត់មាត់ញក គឺដាច់ស្រយាលមែនទែន មិនមានគ្រូបង្រៀនឯកជន ឬគ្រូបង្រៀនស៊ីម៉ោងអីទេ គឺអត់ទេ មានតែសាលារដ្ឋមួយមុខគត់ ហើយបើសាលារដ្ឋបានផ្អាក គឺផ្អាកតែម្ដង គឺអត់មានសាលាឯកជនដែលអាចរៀនបានទេ»។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក ឡាក់ លីមឆ័ង ដែលមានប្អូនកំពុងរៀនឆ្នាំទី២ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រក្នុងរាជធានីភ្នំពេញ មានប្រសាសន៍គាំទ្រចំពោះចំណាត់ការរបស់រដ្ឋាភិបាលនេះ។
លោកថា៖ «ធម្មតា ការជួបជុំគ្នានៅសាលា យើងមិនដឹងថា ជួបយ៉ាងម៉េច ទំនាក់ទំនង ការជួបជុំនៅម្ដុំហ្នឹងមានជំងឹហ្នឹង ឬអត់? អ៊ីចឹង ការបារម្ភពីម្ដាយឪពុក ពីអាណាព្យាបាលហ្នឹង គឺវាធំធេងណាស់! […] ពាក់ព័ន្ធទៅនឹងការសិក្សា ហើយនិងការឆ្លងជំងឺវាខុសគ្នា វាអាចនឹងនិយាយបានថា គេគិតពីសុវត្ថិភាពមនុស្សមុន សម្រាប់ការសិក្សាយើងអាចសិក្សានៅផ្ទះបន្ថែម ឬសាលាមានចំណាត់ការណាមួយ ដាក់វិញ្ញាសារដាក់អីឱ្យសិស្សដើម្បីរៀនបន្ថែមនៅផ្ទះ»។
នាយកប្រចាំប្រទេសនៃអង្គការ Aide et Action (AEA) លោក វង សំភាស់ មានប្រសាសន៍គាំទ្រចំពោះចំណាត់ការនេះ តែលោកថា ស្របពេលដែលមានការសម្រាកនេះ រដ្ឋាភិបាលគួរតែមានវិធានការជំរុញឱ្យឪពុកម្ដាយសិស្សឱ្យមានការយកចិត្តទុកដាក់លើការសិក្សារបស់កូននៅផ្ទះ ក៏ដូចជាសហគមន៍ផងដែរ។
លោក វង សំភាស់ ថា៖ « ពាក់ព័ន្ធនឹងបច្ចេកវិទ្យា ពាក់ព័ន្ធនឹងការរៀន តាមរយៈការលេង ពាក់ព័ន្ធនឹងសកម្មភាពដែលឪពុកម្ដាយអាចបង្កលក្ខណៈឱ្យក្មេងរីករាយ ហើយនិងរៀនសូត្រនៅផ្ទះ គួរតែជាអាទិភាពដែលក្រសួង ក៏ដូចជាឪពុកម្ដាយអាណាព្យាបាល បង្កលក្ខណៈឱ្យការរៀននៅផ្ទះ នៅតាមសហគមន៍អាចដំណើរការទៅបាន»។
ក្រោយការប្រកាសផ្អាកការសិក្សាដោយក្រសួងអប់រំនេះ មានសាកលវិទ្យាល័យមួយចំនួនបានប្រកាសពីការឈប់សម្រាកមុនថ្ងៃ និងខ្លះក៏ជំរុញឱ្យសិស្សសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចផងដែរ។
ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៦ ខែមីនានេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានជម្រាបដល់បុគ្គលិក មន្ត្រីរាជការ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់ ឱ្យឈប់សម្រាកចាប់ពីថ្ងៃច័ន្ទទី១៦ ខែមីនានេះតទៅ ដោយមិនបានកំណត់ថ្ងៃចូលវិញនោះទេ ទោះជាយ៉ាងណា សាលាបានបង្វែការសិក្សាមកធ្វើតាមប្រព័ន្ធអេឡិចត្រូនិចវិញ ខណៈសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ ត្រូវរក្សានិរន្តរភាពការងារតាមធម្មតា។
ក្នុងសេចក្តីជូនដំណឹងនោះបានលើកឡើងថា៖ «គ្រប់ដេប៉ាតឺម៉ង់ទាំងអស់ត្រូវសហការជាមួយសេវាព័ត៌មាន វ.ប.ក និងដេប៉ាតឺម៉ងព័ត៌មានវិទ្យា និងទំនាក់ទំនង ដើម្បីបង្កើតកម្មវិធីសិក្សាពីចម្ងាយនេះឱ្យមានប្រសិទ្ធិភាព»។
សាកលវិទ្យាល័យន័រតុន បានចេញសេចក្តីជូនដំណឹងមួយឱ្យនិស្សិតខ្លួនទាំងអស់ឈប់សម្រាក តែលើកទឹកចិត្តឱ្យអ្នកស្រាវជ្រាវ និងបុគ្គលិកឱ្យរក្សាការងារធម្មតា និងអនុវត្តវិធានការអនាម័យផងដែរ។
ប្រធានសមាគមនិស្សិតបញ្ញាវន្តខ្មែរ លោក មួង សូនី មានប្រសាសន៍គាំទ្រចំពោះវិធានការនេះ និងស្នើដល់រដ្ឋាភិបាលគួរមានការផ្សព្វផ្សាយពីវិធីការពារខ្លួនពីជំងឺ covid-19 ដល់ពលរដ្ឋឱ្យបានទូលំទូលាយផងដែរ។
លោកថា៖ «ខ្ញុំគិតថា ក្រសួងគួរតែមានវិធានការណែនាំធ្វើឱ្យសិស្សមានការរៀនសូត្រដោយខ្លួនឯងរៀងៗខ្លួន ដោយសារយើងមិនបានរៀននៅសាលា ដូច្នេះ សិស្សគួរតែមានការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិចតាមបច្ចេកវិទ្យាហ្នឹង»។
ការសម្រេចឱ្យសាលារៀនទូទាំងប្រទេសឈប់សម្រាកនេះ គឺបន្ទាប់ពីកម្ពុជារកឃើញករណីផ្ទុកជំងឺ covid-19 លើជនជាតិខ្មែរចំនួន៣នាក់ និងលើកូនរបស់ជនជាតិបារាំងម្នាក់កាលពីម្សិលមិញ។
គិតត្រឹមម៉ោង៩យប់ថ្ងៃទី១៥ ខែមីនា កម្ពុជារកឃើញអ្នកផ្ទុកកូវីដ-១៩ ចំនួន១២ករណី ដែលក្នុងនោះមានជនជាតិខ្មែរ៤នាក់ និងបរទេស៨នាក់ ហើយព្យាបាលជាសះស្បើយចំនួន១នាក់៕