អ្នក​តាម​ដាន​បញ្ហា​សង្គម​​ស្នើ​ពលរដ្ឋ​ផ្អាក​ការ​ជួប​ជុំ​ច្រើន​គ្នា​​ ក្រោយ​មាន​​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ជា​បន្ត​បន្ទាប់​​

ប្រធាន​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​​កម្ពុជា លោក សន ជ័យ

មន្ត្រីសង្គមស៊ីវិលផ្តល់អនុសាសន៍​​​ថា ក្នុងស្ថានភាព​នៃការរីករាលដាលជាសកលនៃជំងឺរលាកផ្លូវដង្ហើមកូវីដ-១៩ ពលរដ្ឋគប្បីផ្អាកការជួបជុំគ្នា​ ពិសេសការជួបជុំផ្នែកសាសនា​មួយអន្លើសិន​ ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃ​ជំងឺនេះបន្ថែមទៀត។

ការស្នើនេះធ្វើឡើង​ក្រោយពេល​ក្រសួងសុខាភិបាល​នៅថ្ងៃអង្គារនេះ បាន​ប្រកាសថា ​មានពលរដ្ឋកម្ពុជាចំនួន១២នាក់ថ្មីទៀត​ មានផ្ទុកកូវីដ-១៩។

ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង មានប្រសាសន៍ថា ​ក្នុងស្ថានភាពបច្ចុប្បន្ន​ ការជួបជុំគ្នា​ទ្រង់ទ្រាយធំ ឬការចូលរួមពិធីសាសនាខ្លះ ​គប្បីផ្អាកបណ្តោះអាសន្ន​សិន ដើម្បីបង្ការមិនឱ្យមានការរីករាលដាលជំងឺកូរ៉ូណា​បន្ថែមទៀត។

លោកមានប្រសាសន៍ថា៖ «បាទ! ខ្ញុំថា ការជួបជុំផ្សេងៗគួរតែមានការផ្អាកដែរជាការប្រសើរ កុំឱ្យហានិភ័យហ្នឹងកើតឡើងកាន់តែច្រើន ហើយយើងគិតអំពីសុវត្ថិភាព ប្រជាពលរដ្ឋជាចម្បង បាទ»។

ស្រដៀងគ្នានេះ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការផ្អាកសកម្មភាពជួបជុំគ្នាក្នុងពិធីមួយចំនួន ដូចជាពិធីបុណ្យ មង្គលការ ពិធីសាសនា កន្លែងកម្សាន្ត ឬការប្រគុំតន្ត្រី ឬពិធីតាំងពិរព័ណ៍នានា ព្រមទាំងកាត់បន្ថយការធ្វើដំណើរ​តាមសេវាសាធារណៈ ឬឯកជនដែលមានមនុស្សច្រើនជាដើម។

ក្រៅពីនេះ លោកថា ពលរដ្ឋគប្បីចូលរួមសហការគ្នាទៅពិនិត្យសុខភាពក្នុងករណីសង្ស័យ​ ឬធ្លាប់ធ្វើដំណើរមកពីក្រៅប្រទេសក្នុងតំបន់មានផ្ទុះជំងឺកូវីដ-១៩ ធ្លាប់ចូលរួមពិធីជួបជុំ​ដែលរកឃើញថាមានករណីឆ្លងជំងឺនេះ ដោយដាក់ខ្លួនឯងនៅឆ្ងាយពីអ្នកដទៃ​ក្នុងរយៈពេលកំណត់តាមវិធានសុខាភិបាលផងដែរ។

លោក សន ជ័យ បន្តថា៖ «យើងឃើញឥរិយាបថ ហានិភ័យហ្នឹងនៅច្រើនសម្រាប់ប្រជាពលរដ្ឋ ពិសេស​អ្នករកស៊ីដែលគេហៅថា រកមួយថ្ងៃរស់មួយថ្ងៃ ដូចជា អ្នកលក់ដូរតាមដងផ្លូវ អ្នករត់រ៉ឺម៉ក់ទេសចរណ៍។ អ្នកបំលាស់ទីពីកន្លែងមួយទៅកន្លែងមួយ ពិសេសអ្នកលក់ដូរតាមផ្សារតូចៗអីហ្នឹង ត្រូវប្រុងប្រយ័ត្នខ្ពស់តែម្តង។ ប៉ុន្តែ ជាក់ស្តែងពួកគេហាក់ដូចជានៅមានការធ្វេសប្រហែសនៅឡើយ»។

នៅថ្ងៃអង្គារនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកផ្ទុកជំងឺកូវីដ-១៩ ចំនួន១២ករណីថ្មីផ្សេងទៀត។ ​ការរកឃើញអ្នកកើតជំងឺកូវីដ-១៩ ចំនួន១២ករណីទៀតនេះ ធ្វើឱ្យចំនួនអ្នកកើតជំងឺនេះ​នៅកម្ពុជា​ឡើងដល់២៤ករណីហើយ ចាប់តាំងពីជំងឺនេះបានផ្ទុះឡើងកាលពីចុងឆ្នាំ២០១៩មក។

សេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល​ឱ្យដឹង​ថា ក្នុងចំណោម១២ករណីថ្មីនេះ មាន១១ករណី​រកឃើញ​លើបុរស​ខ្មែរ​ឥស្លាម​​ចំនួន​១១នាក់ ដែល​ទើបត្រលប់មកពីចូលរួមក្នុងពិធីសាសនានៅប្រទេសម៉ាឡេស៊ី និងបុរសខ្មែម្នាក់ទៀត​ទើបធ្វើដំណើរ​មក​ពីប្រទេស​ថៃ។​

បុរសខ្មែឥស្លាម​ទាំង១១នាក់​ដែលរកឃើញជំងឺនេះ ជាក្រុមមនុស្សស្ថិតនៅក្នុងចំណោម​​ពលរដ្ឋ ៧៩នាក់​ដែល​ទៅចូលរួម​​ពិធីសាសនានៅម៉ាឡេស៊ីកាលពីចុងខែកុម្ភៈកន្លងទៅ។​

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី មានប្រសាសន៍ថា ​ខាងក្រសួងក៏បានប្រជុំណែនាំ​ដល់ថ្នាក់ដឹកនាំសាសនានានានៅកម្ពុជា អំពីវិធីបង្ការតាមវិធានសុខាភិបាល និងណែនាំឱ្យផ្អាក ឬកាត់បន្ថយ​ការជួបជុំគ្នា​ ដើម្បីបញ្ចៀសហានិភ័យនេះផងដែរ។

លោកមានប្រសាសន៍ថា៖ «ក៏មានការណែនាំដល់អ្នកគ្រប់គ្រងសាសនា ក៏ដូចជាអ្នកដឹកនាំ​ធ្វើពិធីបុណ្យ សូមឱ្យមានការប្រុងប្រយ័ត្ន និងបញ្ចៀសការរីករាលដាល​ការឆ្លងតាមរយៈសកម្មភាពហ្នឹង។ លោក [ព្រះសង្ឃ] ថា នៅតែធ្វើបុណ្យ ប៉ុន្តែ ការបញ្ចៀសរបស់លោកហ្នឹង គឺមានចំនួនអ្នកចូលរួមតិច ហើយមានអនាម័យ មានទឹកលាងដៃសម្រាប់អ្នកចូលរួម»។

នៅថ្ងៃនេះ រដ្ឋាភិបាលសម្រេចបិទទីតាំងកម្សាន្ត រួមមានកន្លែងច្រៀងខារ៉ាអូខេ ឬ KTV និងរោងភាពយន្តទូទាំងប្រទេស ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ពីថ្ងៃនេះតទៅ រហូតដល់ស្ថានភាពជំងឺនេះបានធូរស្រាល។

ដោយឡែក កាលពីថ្ងៃម្សិលមិញ ក្រសួងអប់រំ ក៏បានចេញលិខិតជូនដំណឹង​ដល់សាលារៀន និងគ្រឹះស្ថានសិក្សាគ្រប់កម្រិត អំពីការផ្អាក ឬចូលវិស្សមកាលតូចមុនពេលកំណត់ ដើម្បីបង្ការការរីករាលដាលជំងឺនេះ ដោយសេចក្តីជូនដំណឹង​ចាប់អនុវត្តពីថ្ងៃម្សិលមិញតែម្តង​​ រហូតដល់មានសេចក្តីជូនដំណឹងថ្មី។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីដើមខែមីនា បានចេញរបាយការណ៍មួយដោយលើកឡើង​​ថា ការរីករាលដាលនៃមេរោគ COVID-19 នឹងធ្វើឱ្យប៉ះពាល់ខ្លាំងដល់​ប្រ​ទេសកំពុងអភិវឌ្ឍន៍ ក្នុង​នោះ​រួម​ទាំង​កម្ពុជាផងដែរ។​ ADB បញ្ជាក់ថា ផលិតផល​ក្នុង​ស្រុក​សរុប ឬ GDP ​របស់កម្ពុជា អាចនឹងខាត​បង់​ជាង ១.៤០​ភាគរយ ឬស្មើ​នឹងទឹកប្រាក់​ជិត ៣៥០លាន​ដុល្លារ​ ក្នុងករណីមានផល​ប៉ះពាល់កម្រិត​តិចបំផុត។

របាយការណ៍​ដដែល​នេះ ប៉ាន់​ប្រមាណ​ទៀត​ថា ​សេដ្ឋកិច្ច​កម្ពុជា អាចនឹងខាត​បង់​កំណើន​ប្រមាណជិត ២ភាគរយ​ ឬស្មើនឹងជិត ៥រយ(៤៧៣​)លានដុល្លារ ក្នុងករណីមានផលប៉ះពាល់កម្រិតមធ្យម ហើយ​កំណើន​សេដ្ឋកិច្ច​កម្ពុជា អាចនឹងបាត់​បង់​ក្នុងរង្វង់ជាង ៣​ភាគរយ​ ក្នុងករណីផល​ប៉ះពាល់​មានកម្រិតខ្ពស់ ប្រសិនបើជំងឺនេះនៅបន្តអូសបន្លាយយូរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ