អាល្លឺម៉ង់​​ផ្ដល់​​ថវិកា​​ជិត​​៤​លាន​ដុល្លារ​​សម្រាប់​​ការ​​បោស​​សម្អាត​មីន​​នៅ​​កម្ពុជា​​រយៈ​ពេល​​២​ឆ្នាំ​

នៅថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២០ លោកឯកអគ្គរដ្ឋទូត Christian Berger (អាវដៃវែងពណ៌ផ្ទៃមេឃ) ក្នុងដំណើរទស្សនកិច្ចរួមគ្នាមួយជាមួយលោកទេសរដ្ឋមន្រ្តី លី​ ធុជ (អាវដៃវែងពណ៌ត្នោត) ទៅកាន់ចំការមីនមួយនៅអូរស្មាច់ ខេត្តឧត្តរមានជ័យ។ (ហ្វេសប៊ុក German Embassy Cambodia)

រដ្ឋ​សហព័ន្ធអាល្លឺម៉ង់សម្រេច​ផ្ដល់​លុយ​ចំនួន​ ៣,៥លាន​អឺរ៉ូ​ ដែល​ស្មើ​នឹង​ជិត​ ៤លាន​ដុល្លារ​អាមេរិកបន្ថែម​ដល់​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា ​ចាប់​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ពុធ ទី​១៨ មីនានេះ​ ស្ថានទូតអាល្លឺ​ម៉ង់​ប្រចាំ​កម្ពុជា​ ឱ្យ​ដឹង​ថា​ ថវិកា​ទាំង​នេះនឹង​ផ្ដល់ទៅ​កាន់​អង្គការ​ HALO Trust សម្រាប់​អនុវត្តន៍។

ស្ថានទូត​អាល្លឺម៉ង់​បាន​ដកស្រង់​ប្រសាសន៍​របស់​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ​លោក Christian Berger ថាប្រទេស​អាល្លឺម៉ង់​នឹង​ចូល​រួម​ជា​មួយ​កម្ពុជា​បន្តទៀត​ ដើម្បី​ឱ្យ​សម្រេច​គោល​ដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥។

លោក Christian Berger៖ «មីនគឺជាកេរដំណែលដ៏គួរអោយឈឺចាប់នៃអតីតកាលមួយ និងនៅតែជាឧបសគ្គដល់ការអភិវឌ្ឍ។ យើងរួមគ្នាជាមួយរាជរដ្ឋាភិបាល និងដៃគូអន្តរជាតិ ចាំបាច់ត្រូវបង្កើនការខិតខំរបស់យើង ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីននៅឆ្នាំ២០២៥»។

របាយការណ៍​អាជ្ញាធរ​មីន​កម្ពុជា​ឱ្យ​ដឹង​ថា​ គិតចាប់​ពី​ឆ្នាំ​១៩៩២ មក​ត្រឹម​ខែ​ធ្នូ​ ឆ្នាំ​២០១៩ កម្ពុជា​បាន​រំដោះ​ផ្ទៃ​ដី​មាន​មីន​បាន​ជិត​ ២ពាន់​គីឡូ​ម៉ែត្រ​ក្រឡា រក​ឃើញ​ និង​បំផ្លាញ​ចោល​នូវ​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បានជិត ​៤លាន​គ្រាប់ ​ខណៈ​ជន​រងគ្រោះ​ដោយ​គ្រាប់​មីន​មាន​ជាង ​៦​ម៉ឺន​នាក់ ក្នុង​នោះ​ស្លាប់​មាន​ជិត ២ម៉ឺននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ