កម្ពុជា​បង្កើន​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ​-​១៩ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​កើន​ឡើង​ដល់​៨៦​នាក់

ក្រុមគ្រូពេទ្យជំនាញចិន មកពីខេត្តគ័ងស៊ី ប្រទេសចិន មកដល់ព្រលានយន្តហោះអន្តជាតិភ្នំពេញ ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

រដ្ឋាភិបាល​បានបង្ហាញពីវិធានការថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំងឺកូវីដ-១៩ សម្រាប់បង្ការ ឬទប់ស្កាត់ជំងឺនេះ ដូចជា ការទទួលយកវេជ្ជបណ្ឌិតជំនាញ និងគ្រឿងបរិក្ខារបច្ចេកទេសពីចិន ព្រមទាំងបានចាត់វិធានការរកទីតាំងបន្ថែមទៀតដើម្បី​ព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ ជាដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា ក្រុមគ្រូពេទ្យជំនាញ៧នាក់របស់ចិន ព្រមទាំងផ្តល់នូវបរិក្ខារពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ បានមកដល់កម្ពុជាហើយនៅព្រឹកនេះ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ-១៩ ក្រោយពេលប្រទេសខ្លួនទទួលបានជោគជ័យ​ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩។

លើសពីនេះ ក្នុងសារជាសំឡេងមួយ​របស់លោក ហ៊ុន សែន ក៏បានដាក់បទបញ្ជាថ្មីឱ្យអភិបាលខេត្តទាំងអស់​ត្រូវស្វែងរក​សណ្ឋាគារ ខុនដូរ ឬផ្ទះសំណាក់ ដោយគិតថ្លៃឱ្យម្ចាស់អាជីវកម្មទាំងនោះ និងជម្រើសចុងក្រោយគឺរកសាលារៀនសម្រាប់ជាទីតាំង​ព្យាបាល ឬដាក់អ្នកសង្ស័យឆ្លងជំងឺកូវីដ-១៩។

លោក ហ៊ុន សែន មានប្រសាសន៍ក្នុងសារសំឡេងនោះថា៖ «យើងជួលសណ្ឋាគារហ្នឹងតែម្តង ព្រោះវាមានប្រព័ន្ធទឹកប្រព័ន្ធភ្លើងស្រាប់ មានម៉ាស៊ីនត្រជាក់ មានកង្ហារអីគ្រប់គ្រាន់តែម្តង។ អីចឹង យើងជួលយកគ្រប់គ្រង​ មានគ្រែមានអីហើយស្រេច អីចឹងវាជាការងាយស្រួល។ ចំណុចនេះគឺសុំឱ្យខេត្ត ធ្វើការបន្ទាន់​ទៅលើបញ្ហាហ្នឹង។ រីឯសាលារៀន គឺយើងយក​ ឬយើងធ្វើតែពេលណា​ដែលយើងមិនអាចរកសណ្ឋាគារ ឬរកអាគារបាន សឹមយើងទៅយកសាលារៀន»។

នាយក​ដ្ឋាន​ប្រយុទ្ធប្រឆាំងជំងឺឆ្លង ឬCDC បានអះអាងនៅលើទំព័រហ្វេសប៊ុក​របស់​ខ្លួន​ថា គិតត្រឹមម៉ោង​ ១០ព្រឹក ថ្ងៃទី​២៣ ខែមីនា​ ឆ្នាំ២០២០​ ក្រសួងរកឃើញអ្នកជំងឺ​ COVID-19 សរុបទាំងអស់ចំនួន​៨៦ករណី ដោយខាងក្រសួងទើបនឹងរកឃើញ​​២ករណីថ្មីទៀត ​ដែលត្រូវបាន​រកឃើញ​នៅខេត្តកំពង់ចាម ១ករណី និងខេត្តកោះកុង ១ករណី។

ក្រសួង អះអាងថា ខ្លួនបានព្យាបាលជាសះស្បើយ២នាក់ហើយ គឺជនជាតិចិន១នាក់​ និងជនជាតិអង់គ្លេស១នាក់​។ នាយក​ដ្ឋាន​ប្រយុទ្ធប្រឆាំងជំងឺឆ្លង លើកឡើងថា ពុំទាន់រកឃើញ​ភស្តុតាងបញ្ជាក់ថា មានការឆ្លង​ក្នុងសហគមន៍នៅឡើយទេ​ តែលទ្ធភាពនឹងអាចកើតមានឡើង​។

លោក ហ៊ុន សែន បញ្ជាក់ថា រាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈក្រសួងស្ថាប័នមួយចំនួនចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលផងដែរ។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីណែនាំ​មួយស្តីពីវិធានការ​បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ​នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លិខិតនោះណែនាំថា គណៈកម្មការប្រយុទ្ធនឹងជំងឺនេះនៅថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហានេះ ហើយត្រូវ​បង្កើតក្រុមការងារ២៤ម៉ោង ដោយប្តូរវេនគ្នា​ ដើម្បីតាមដានការវិវត្តជំងឺនេះ តាមរាជធានី-ខេត្តរបស់ខ្លួន និងត្រូវចាត់វិធានការនានា​តាមគោលការណ៍រដ្ឋាភិបាល និងក្រសួងសុខាភិបាល ព្រមទាំងត្រូវរាយការណ៍​មកក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃជាប្រចាំជាដើម។ 

ប្រធានមជ្ឈមណ្ឌលអប់រំប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គីមអេង មានប្រសាសន៍ថា​​វិធានការរបស់​រដ្ឋាភិបាល​​មានច្រើន​ ប៉ុន្តែ លោកចង់ឃើញវិធានការជាក់លាក់ដូចបណ្តាប្រទេសជាច្រើនកំពុងធ្វើ ដូចជា ពិចារណា​ដាក់បម្រាមម៉ឺងមាត់​មិនឱ្យពលរដ្ឋដើរហើរដោយសេរីក្នុងស្ថានភាពនេះ បិទជើងយន្តហោះ​ពីបណ្តាប្រទេសគោលដៅជំងឺនេះជាបណ្តោះអាសន្ន បិទកន្លែង ឬទីតាំងអាជីវកម្មមួយចំនួន ត្រួតពិនិត្យពលរដ្ឋ​ចូលកម្ពុជា និងដាក់ពួកគេឱ្យនៅដាច់ដោយឡែកក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋជាដើម។ ​

លោកមានប្រសាសន៍ថា៖ «ដើម្បីកាត់បន្ថយរឿងកូវីដ-១៩ហ្នឹង ហើយគេ [ប្រទេសមួយចំនួន] ក៏ដើម្បីកំណត់ថា នរណា​ដែលមានរោគសញ្ញាប្រហាក់ប្រហែល ឬឆ្លង ដើម្បីគេប្រមូលមកព្យាបាល ឬដាក់នៅដាច់ដោយឡែកផ្សេងៗ គេបានអនុវត្តហើយ។ អីចឹង កម្ពុជា ចំពោះវិចារណាចំពោះជម្រើសអស់ហ្នឹងដែរ ដើម្បីធានាថា ​វានឹងមិនមានបញ្ហាហ្នឹងកើតឡើង»។  

កាល​ពី​ថ្ងៃ​ទី​៧ ខែមីនា អង្គការ​សុខភាព​ពិភព​លោក​បាន​ចេញសេចក្តី​ណែ​នាំ​មួយ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រីករាល​ដាល​នៃ​កូវីដ-១៩ក្នុង​សហគមន៍ ដោយ​ជំរុញ​ដល់​ប្រទេស​ទាំង​អស់​ឱ្យ​រៀប​ចំ និង​ឆ្លើយ​តប​ ដោយមាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ទាំង​អស់​ចាប់​ពី​ផ្នែក​សុខាភិបាល រហូត​ដល់​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្មជាដើម។

សេចក្តី​ណែ​នាំ​នោះ​ក៏​ជំរុញ​ឱ្យ​រដ្ឋនីមួយៗ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នានា​ទាក់ទង​នឹង​វីរុស ជាពិសេស​ជំរុញ​​ដល់​សាធារណជន​ឱ្យ​ដឹង​ពីតួនាទី​របស់​ពួកគេ​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​វីរុស​ ក្នុង​នោះ​ក៏​​មាន​ការ​រៀប​ចំ​ផែន​ការ​ត្រៀម​ជា​មុនចំពោះ​ការ​រីករាល​ដាល​ ដូច​ជា ត្រៀម​​ទីកន្លែង​ និង​សម្ភារ​សម្រាប់​ឆ្លើយ​តប​ពេល​មាន​ការ​ឆ្លង​កើត​ឡើង​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ