នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក បានប្រកាសដាក់ពិភពលោកក្នុងភាពអាសន្នសុខភាព នៅពេលដែលកូវីដ-១៩ បានរីករាលដាលដល់ប្រទេសចំនួន៧៧ក្នុងពិភពលោក។
ប្រទេសកម្ពុជាបានរកឃើញករណីជំងឺនេះដំបូងលើជនជាតិចិនម្នាក់នៅខេត្តព្រះសីហនុកាលចុងខែមករាកន្លងទៅ ហើយសរុបមកដល់ពេលនេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺនេះចំនួន៨៦នាក់ហើយ ក្នុងនោះមានជនជាតិខ្មែរ៣៣នាក់។ ទោះជាយ៉ាងណា ជំងឺនេះនៅមិនទាន់មានការរាយការណ៍ថា បានឆ្លងចូលក្នុងសហគមន៍នៅឡើយទេ។
កាលពីថ្ងៃទី២២ ខែមីនា នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានលើកឡើងនៅលើហ្វេសប៊ុករបស់ខ្លួនថា បើទោះបីកម្ពុជានៅមិនទាន់រកឃើញភស្តុតាងបញ្ហាក់ថាមានការឆ្លងក្នុងសហគមន៍ តែលទ្ធភាពនៃការឆ្លងក្នុងសហគមន៍គឺអាចកើតមានឡើង។
តើកម្ពុជាគួរមានវិធានការបង្ការកុំឱ្យកូវីដ-១៩ឆ្លងក្នុងសហគមន៍បានដោយរបៀបណា?
ជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កដោយវីរុសកូរ៉ូណាថ្មី
ជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កដោយវីរុសកូរ៉ូណា ដែលហៅថា កូវីដ-១៩ មកពីពាក្យ Coronavirus disease 2019 (ជំងឺដែលបង្កឡើងដោយវីរុសកូរ៉ូណាឆ្នាំ២០១៩) ផ្ទុះឡើងដំបូងកាលពីខែធ្នូ ឆ្នាំ២០១៩ នៅក្នុងខេត្តហ៊ើប៉ី ប្រទេសចិន។ រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងពីប្រភពនៃវីរុសនេះនៅឡើយទេ តែត្រូវបានគេដាក់ការសង្ស័យទៅលើសត្វព្រៃ ដោយសារមូលហេតុនេះហើយទើបប្រទេសចិនចេញសេចក្តីប្រកាសហាមការទិញលក់សត្វព្រៃទាំងអស់ក្នុងប្រទេសខ្លួន។
យោងតាមគេហទំព័រ worldometers.info រហូតមកដល់ពេលនេះ ជំងឺកូវីដ-១៩ បានរីកសាយភាយទៅលើប្រទេស និងតំបន់ចំនួន១៨០ហើយ ខណៈចំនួននៃការរកឃើញមានជាង៣៣ម៉ឺនករណី និងបានសម្លាប់មនុស្សប្រមាណជាង១ម៉ឺន៤ពាន់នាក់។
ការចម្លងនៃកូវីដ-១៩
ជំងឺរលាកផ្លូវដង្ហើមថ្មីដែលបង្កដោយវីរុសកូរ៉ូណា កូវីដ-១៩ ចម្លងតាមរយៈការប៉ះទៅនឹងដំណក់ទឹករបស់អ្នកជំងឺ អាចជាសំបោរ ឬទឹកមាត់។ វីរុសនេះអាចចូលក្នុងខ្លួនមនុស្សបានតាមរយៈច្រមុះ ភ្នែក និងមាត់។
ការចម្លងនៃវីរុសកូរ៉ូណាអាចធ្វើទៅបានតាមរយៈការឆ្លងពីមនុស្សទៅមនុស្ស និងឆ្លងពីតាមការប៉ះពាល់ទៅនឹងវត្ថុដែលវីរុសនេះទំនៅ។
ការចម្លងពីមនុស្សទៅមនុស្ស
វីរុសកូរ៉ូណាអាចចេញពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប្រាស្រ័យទាក់ទងជិតដិតជាមួយអ្នកជំងឺក្នុងរង្វង់ប្រមាណ១ម៉ែត្រ ឬសាយភាយពេលអ្នកជំងឺកណ្ដាស់ ឬក្អក។
ដំណក់ទឹកដែលចេញពីមាត់ ឬច្រមុះរបស់អ្នកឈឺ អាចចូលទៅក្នុងខ្លួនអ្នកនៅក្បែរខ្លួនបាននៅពេលមានការប្រាស្រ័យទាក់ទង និងដកដង្ហើមស្រូបចូលខ្លួន។
ការចម្លងតាមរយៈការប៉ះពាល់នឹងវត្ថុដែលវីរុសនេះទំនៅ
នៅពេលដែលអ្នកមានសុខភាពល្អធម្មតាយកដៃរបស់ខ្លួនប៉ះចំវត្ថុ ឬទីតាំងដែលវីរុសនេះទំនៅដែលបន្សល់ដោយអ្នកមានជំងឺកូវីដ-១៩ វីរុសនេះអាចតោងជាប់ដៃរបស់អ្នកដែលប៉ះនោះ ហើយអាចឆ្លងចូលក្នុងខ្លួនបានតាមរយៈការយកដៃទៅប៉ះមាត់ ច្រមុះ ឬភ្នែករបស់ពួកគេ។
យោងតាមគេហទំព័រមជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា មេរោគកូរ៉ូណាអាចឆ្លងរាលដាលខ្លាំង ប្រសិនជាវាចូលដល់សហគមន៍ហើយនោះ។
មជ្ឈមណ្ឌលការពារ និងគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក បានសរសេរថា៖ «វីរុសដែលបង្កជំងឺកូវីដ-១៩ អាចរាលដាលងាយស្រួល និងមាននិរន្តរភាពនៅពេលដែលវាឆ្លងដល់សហគមន៍»។
អ្វីជាការចម្លងក្នុងសហគមន៍?
ការចម្លងក្នុងសហគមន៍មានន័យថា មានមនុស្សត្រូវបានរកឃើញថា មានផ្ទុកជំងឺនៅក្នុងតំបន់មួយ តែមិនត្រូវបានមន្ត្រីសុខាភិបាលដឹងថាបានឆ្លងពីកន្លែងណា ឬដោយរបៀបណានោះទេ។ ការចម្លងចូលសហគមន៍នេះហើយជាបញ្ហាដែលពិបាកដោះស្រាយ និងសាយភាយខ្លាំង ដែលត្រូវចំណាយទាំងថវិកា និងកម្លាំងច្រើនក្នុងការទប់ស្កាត់ ដោយសារតែមិនដឹងប្រភពកើត និងកន្លែងកើតច្បាស់លាស់។ ប្រទេសជាច្រើនបានបិទមិនឱ្យប្រជាជនធ្វើដំណើរដោយសារការចម្លងក្នុងសហគមន៍នេះ។
វិធានការទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍
កាលពីថ្ងៃទី៧ ខែមីនា អង្គការសុខភាពពិភពលោកបានចេញសេចក្តីណែនាំមួយក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃកូវីដ-១៩ក្នុងសហគមន៍ ដោយជំរុញដល់ប្រទេសទាំងអស់ឱ្យរៀបចំ និងឆ្លើយតប ដោយមានការចូលរួមពីគ្រប់ភាគីទាំងអស់ចាប់ពីផ្នែកសុខាភិបាល រហូតដល់ហិរញ្ញវត្ថុ និងពាណិជ្ជកម្មជាដើម។ សេចក្តីណែនាំនោះក៏ជំរុញឱ្យរដ្ឋនីមួយៗបង្កើតឱ្យមានប្រព័ន្ធឆ្លើយតបទៅនឹងបញ្ហានានាទាក់ទងនឹងវីរុស ជាពិសេសជំរុញដល់សាធារណជនឱ្យដឹងពីតួនាទីរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងវីរុស ក្នុងនោះក៏មានការរៀបចំផែនការត្រៀមជាមុនចំពោះការរីករាលដាល ដូចជា ត្រៀមទីកន្លែង និងសម្ភារសម្រាប់ឆ្លើយតបពេលមានការឆ្លងកើតឡើងផងដែរ។
ក្នុងសេចក្តីណែនាំនោះលើកឡើងថា៖ «ការត្រៀមខ្លួនរបស់រដ្ឋាភិបាល និងប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈ គួរត្រូវបានពិនិត្យឡើងវិញ ចំពោះការផែនការត្រៀមបង្ការការរាតត្បាតគឺជាចំណុចចាប់ផ្ដើមដែលល្អបំផុត។ ក្នុងពេលដែលមិនទាន់មានថ្នាំការពារកូវីដ-១៩ ការប្រើយុទ្ធសាស្ត្របង្ការ និងគ្រប់គ្រងគឺត្រូវពឹងផ្អែកលើវិធានការសុខភាពសាធារណៈដើម្បីកាត់បន្ថយការចម្លង»។
វិធានការរបស់កម្ពុជាក្នុងការទប់ស្កាត់កុំឱ្យមានការចម្លងចូលក្នុងសហគមន៍
ក្រោយរកឃើញពលរដ្ឋខ្លួនមានផ្ទុកជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជាបានចេញវិធានការជាបន្តបន្ទាប់ដែលមានដូចជា បិទសាលារៀន បិទក្លិប រង្គសាល ខារ៉ាអូខេ និងពិធីជួបជុំនានាក៏ត្រូវរំសាយផងដែរ ដែលជាវិធានការទប់ស្កាត់កុំឱ្យជំងីកូវីដ-១៩ ឆ្លងចូលសហគមន៍បាន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធសប្ដាហ៍មុន អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍ថា សុំឱ្យពលរដ្ឋជឿទុកចិត្តលើវិធានការរបស់រដ្ឋាភិបាល លើសពីនេះ រដ្ឋាភិបាលក៏នឹងមានវិធានការឆ្លើយតបជាបន្តបន្ទាប់ផងដែរ។
លោកស្រី ឱ វណ្ណឌីន៖ «សុំបងប្អូនជឿជាក់នូវវិធានការដែលបានដាក់ចេញ»។
សម្រាប់ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី មានប្រសាសន៍គាំទ្រចំពោះវិធានការជាបន្តបន្ទាប់រដ្ឋាភិបាលនេះ តែថា រដ្ឋាភិបាលដូចជាឆកល្វែងរឿងដួលសន្លប់តាមផ្លូវមួយ ដែលលោកថាមិនគួរមើលរំលងនោះទេ ក្នុងពេលដែលកម្ពុជារកឃើញជំងឺនេះបន្តបន្ទាប់នោះ។
លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី៖ «ជំងឺហ្នឹងវាធ្វើឱ្យស្ទះផ្លូវដង្ហើម វាប៉ះពាល់ទៅនឹងខ្យល់បិទបើកទងសួតយើងដែលវាអាចធ្វើឱ្យស្ទះដួលបាន។ ហើយយើងចេះតែថាខ្យល់គរៗ ហើយមិនយកទៅពិនិត្យមើលតាមដានមើល ចេះតែប្រហែស។ ទោះជាអត់ទោះជាមានយ៉ាងម៉េចក៏ដោយ យើងត្រូវយកគាត់ទៅពិនិត្យមើល ហើយយើងចេញជាព័ត៌មានមួយប្រកាសឱ្យពលរដ្ឋទូទៅកុំឱ្យគាត់ភ័យខ្លាច ដល់យើងមិនបានមើល ហើយបែរជាថា គាត់ខ្យល់គរ អាហ្នឹងគឺជាកំហុសធ្ងន់ណាស់»។
សម្រាប់អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត ប៉ា ចន្ទរឿន វិញ យល់ថា ដើម្បីការពារកុំឱ្យមានការឆ្លងចូលក្នុងសហគមន៍បាន រដ្ឋាភិបាលគួរបញ្ចេញព័ត៌មានទាំងអស់ពីការវិវត្តជំងឺនេះនៅក្នុងប្រទេស រួមជាមួយសារអប់រំពលរដ្ឋ បង្កើនការត្រួតពិនិត្យលើជនបរទេសដែលចូលមកកម្ពុជា និងជនជាតិខ្មែរដែលមកពីប្រទេសដែលផ្ទុះជំងឺ។ ជាងនេះទៅទៀត ត្រូវបានមានប្រព័ន្ធតាមដានដល់ពលរដ្ឋក្នុងសហគមន៍នីមួយៗ និងចាត់វិធានការភ្លាមៗនៅពេលមានការសង្ស័យពីជំងឺនេះនៅតំបន់ទាំងនោះ។
លោកមានប្រសាសន៍ថា៖ «បើយើងមើលទៅប្រទេសដែលគេអាចគ្រប់គ្រងបាន ដែលមានដូចជា ប្រទេសកូរ៉េខាងត្បូង ប្រទេសចិន នៅក្បែរយើងមានប្រទេសសឹង្ហបុរី ដែលអ្វីដែលគេធ្វើ គឺរដ្ឋាភិបាលបញ្ចេញព័ត៌មាន ហើយបង្កើនការអប់រំ ដាស់តើនក្រើនរំលឹកប្រជាជន គ្រប់មធ្យោបាយ ឱ្យប្រជាជនចេះអនាម័យខ្លួនឯង និងការទប់ស្កាត់ការឆ្លងពីម្នាក់ទៅម្នាក់ត្រលប់ចូលមកប្រទេស ដែលជាប្រទេសដែលមានការផ្ទុះជំងឺនេះជាដើម»។
ការចូលរួមរបស់ពលរដ្ឋក្នុងការទប់ស្កាត់ការរាតត្បាតកូវីដ-១៩
ការប្រយុទ្ធទៅនឹងជំងឺកូវីដ-១៩ មិនមែនត្រឹមតែជាការទទួលខុសត្រូវរបស់រដ្ឋប៉ុណ្ណោះទេ តែវាក៏ជាការទទួលខុសត្រូវរបស់ពលរដ្ឋក្នុងសង្គមផងដែរ។ ពលរដ្ឋគ្រប់គ្នាអាចចូលរួមតាមរយៈវិធានការអនាម័យ ចេះតាមដាន និងប្រុងប្រយ័ត្នដោយខ្លួនឯង។
យើងដឹងហើយថា វីរុសកូរ៉ូណាអាចឆ្លងចូលខ្លួនមនុស្សបានតាមរយៈដំណក់ទឹកដែលចេញពីខ្លួនអ្នកជំងឺតាមរយៈទំនាក់ទំនងជិតស្និទ្ធ និងការចាប់កាន់វត្ថុ ឬទីតាំងដែលវីរុសនេះទំនៅ ហើយយកដៃដែលមិនស្អាតនោះទៅប៉ះពាល់ភ្នែក ច្រមុះ ឬមាត់របស់ខ្លួន។
ពលរដ្ឋអាចការពារខ្លួនឯង និងអ្នកដទៃបាន ដោយឧស្សាហ៍លាងដៃនឹងសាប៊ូ ឬទឹកលាងដៃដែលត្រឹមត្រូវបន្ទាប់ពីចូលក្នុងទីកន្លែងសាធារណៈ ឬបន្ទាប់ពីក្អក កណ្ដាស់ ជាពិសេសជៀសវាងយកដៃមិនស្អាតទៅប៉ះភ្នែក ច្រមុះ ឬមាត់។ សម្រាកនៅផ្ទះ និងពាក់ម៉ាស់នៅពេលអ្នកមានអារម្មណ៍ថាឈឺដែលមានរោគសញ្ញាដូចជំងឺកូវីដ-១៩ ត្រូវឧស្សាហ៍សម្អាតសម្លាប់មេរោគនៅកន្លែងដែលមានការប៉ះពាល់ច្រើនដូចជាតុ កៅអី បង្ហាន់ដៃ ទ្វារ ទាំងនៅកន្លែងធ្វើការ កន្លែងសាធារណៈ ឬក្នុងផ្ទះ។
អនុសាសន៍
ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី មានប្រសាសន៍ថា វិធានការអនាម័យគឺជាជំរើសដំបូងគេត្រូវអនុវត្ត កាត់បន្ថយការចាប់ដៃ ខណៈរាល់ការជួបជុំមនុស្សច្រើនគួរត្រូវផ្អាកមួយរយៈក្នុងពេលដែលជំងឺនេះត្រូវបានរកឃើញនៅកម្ពុជានេះ។
លោកថា៖ «វានឹងប៉ះពាល់ដល់អ្នកដែលមានពិធីជប់លៀង ឬពិធីការហ្នឹង វាអាចតាមរយៈអ្នកជំងឺអាចទៅចម្លងកន្លែងហូបការហូបអីហ្នឹង ព្រោះទៅជិតគ្នា តុអង្គុយហូបជាមួយគ្នា តែក្អក ឬក៏ការនិយាយគឺទឹកមាត់សាយភាយពេញហ្នឹង។ អ៊ីចឹងសូមកាត់បន្ថយ ហើយសុំឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងចាស់ទាំងក្មេង មានការប្រុងប្រយ័ត្ន ត្រូវមានអនាម័យល្អ ត្រូវលាងដៃឱ្យបានត្រឹមត្រូវមុននឹងកាន់អីហូប ពេលចេញទៅណាអីជាដើម ហើយកាត់បន្ថយនូវការចាប់ដៃ»។
បន្ថែមពីនេះ បណ្ឌិត ប៉ា ចន្ទរឿន មានប្រសាសន៍ថា ជាមួយនឹងវិធានការត្រៀមខ្លួន រដ្ឋាភិបាលគួរផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនណាមួយក្នុងស្រុក ឬក្រុមហ៊ុនរដ្ឋផ្ទាល់ធ្វើការផលិតម៉ាស់ និងទឹកលាងដៃចែកជូនពលរដ្ឋ ដើម្បីការពារខ្លួនក៏ដូចជាទប់ស្កាត់ការរាតត្បាតនេះ។ ខណៈពលរដ្ឋក្នុងប្រទេស ត្រូវចេះជួយគ្នាក្នុងគ្រាមានអាសន្ននេះ ជៀសវាងការកេងប្រវ័ញ្ច ឬរើសអើងគ្នា ដែលនឹងអាចធ្វើឱ្យរឿងនេះកាន់តែគ្រោះថ្នាក់ធំ។
លោកបណ្ឌិត ប៉ា ចន្ទរឿន៖ «គួរតែបើកចិត្តបើកបេះដូងឱ្យទូលាយ ចាត់ទុកជាការជួយគ្នានៅក្នុងគ្រាស្លាប់រស់ បើសិនជាយើងជាអ្នកលក់ដូរមានអីវ៉ាន់ មានទំនិញលក់ ហើយយើងកេងប្រវ័ញ្ចខ្លាំងពេក ពេលដែលអ្នកក្រ ឬអ្នកដែលគ្មានលទ្ធភាពទិញហ្នឹងប្រឈមមុខទៅនឹងការឆ្លងជំងឺនេះ ចុះបើឆ្លងដល់អ្នកដែរនោះ អនាគតទៅ អ្នកយកលុយទៅធ្វើអីកើត។ ដូច្នេះ សូមប្រកាន់នូវធម៌មេត្តាករុណា ស្រលាញ់គ្នាក្នុងគ្រាលំបាកហ្នឹង ហើយសុំកុំមានការរើសអើងចំពោះជនដែលសង្ស័យថា ឆ្លងមេរោគហ្នឹង ឬក៏ញាតិមិត្តគាត់អី គឺសុទ្ធតែជាជនរងគ្រោះដូចគ្នាទេ»៕