លោក​ ស ខេង ថា​​មិន​​​មាន​​វិធាន​ការ​​បង្ខាំង​​មនុស្ស​​នៅ​​ក្នុង​​ផ្ទះ​ករណី​កូវីដ​១៩​​ទេ​

លោក ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ស ខេង)

ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើក​ឡើងថា កម្ពុជា​មិន​ទាន់​មាន​វិធាន​ការ​បង្ខាំង​មនុស្ស​ឱ្យ​នៅ​ក្នុង​ផ្ទះ​ទេ តែ​ជំរុញ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់​តែ​ខ្លាំង​ពី​ជំងឺ​Covid-19។

ក្រោយ​ពី​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​គំហុក​ត្រលប់​ពី​ប្រទេស​ថៃមក​កម្ពុជា​វិញ​កាល​ពី​ចុងសប្ដាហ៍​មុន ចំ​ពេល​ដែល​មាន​ក្ដី​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​មេរោគ​កូរ៉ូណា​ថ្មី (Covid-19) នៅ​ក្នុង​ចំណោម​ពលករ​ទាំង​នោះ។ របាយការណ៍​របស់​រដ្ឋាភិបាលឱ្យ​ដឹង​ថា​ ពលរដ្ឋ​ទាំង​នោះ មាន​ប្រមាណ​មួយម៉ឺនប្រាំ​ពាន់​នាក់​បាន​ត្រលប់ទៅ​​ផ្ទះ​របស់​ពួកគេ​វិញរៀង​ខ្លួននៅ​ក្នុង​ប្រទេស​កម្ពុជា​។

អ្នកនាំពាក្យក្រសួងសុខាភិបាល អ្នកស្រី ឱ វណ្ណឌីន លើកឡើងក្នុងតេឡេក្រាមដោយ​សំណូម​ព​រ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ដាក់​ខ្លួន​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ចំនួន​១៤​ថ្ងៃ​សិន ដោយ​បារម្ភ​ពី​ការ​ចម្លង​ Covid-19។

លោក​ស្រី​ថា៖ «ខ្ញុំសូមអំពាវនាវ អំពាវនាវទៀត​ ខ្ញុំសុំលើកដៃសំពះដល់បងប្អូនជនរួមជាតិយើងទាំងអស់ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឱ្យបាន​នូវការចម្លងពីបុគ្គលដែលមានវីរុសកូវីដ១៩​ ទៅបុគ្គលផ្សេងទៀត​ ជាពិ​សេស​​អ្នកដែលនៅជិតស្និទ្ធ​ ឬក្រុមគ្រួសារ​ មិត្តភក្តិគាត់ជាដើម»។

ថ្លែង​បន្ទាប់​ពី​ជួបសំណេះសំណាលជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤នេះ ​លោក ស ខេង បាន​ថ្លែង​ថា កម្ពុជា​គ្មា​ន​គោល​ការណ៍​បង្ខំ​មនុស្ស​ឱ្យ​នៅ​ក្នុង​ផ្ទះ​នោះ​ទេ តែ​លោក​ជំរុញ​ដល់​មន្ត្រី​មូល​ដ្ឋាន​ឱ្យ​ចុះ​ទៅ​ផ្សព្វផ្សាយដល់​ពលរដ្ឋ​ឱ្យ​បាន​យល់​ច្បាស់​ពី​បញ្ហា​នេះ។

លោក​បន្ថែម​ថា៖ «ឥឡូវ​ យើង​យក​វិធាន​ការ​ដូច​ការ​ឃោសនា​បោះឆ្នោត​អ៊ីចឹង ដាក់​ម៉ូតូ​រួច​ហើយ​មាន​ឧគ្ឃោសនាសព្ទ​​អ៊ីចឹង​ទៅ ហើយ​ទៅ​ចាក់​ផ្សាយ​ឱ្យ​គាត់​។ ចាក់​ទៅ​ សួរ​គាត់​ទៅ​ ថា​គាត់​យល់ ឬ​នៅ គាត់​អាច​ធ្វើ​បាន​ទេ? បើ​គាត់មិន​យល់​ ចាក់​ទៀត! ហើយ​បើ​គាត់​យល់​ យើង​ទៅ​កន្លែង​មួយ​ផ្សេង​ទៀត»។

កាល​ពី​ថ្ងៃ​ទី​១៩ ខែមីនា​កន្លង​ទៅ​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​ ដោយ​បញ្ជា​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ឱ្យ​យក​ចិត្ត​ទុក​ដាក់​​ខ្លាំង​ពី​បញ្ហា​ជំងឺ ​Covid-19 មាន​ការ​តាមដាន និងផ្សព្វផ្សាយ​ស្ដីពី​ការ​បង្ការ ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ផងដែរ។

ក្នុង​សេចក្តីណែ​នាំ​នោះ​លើក​ឡើងថា៖ «ស្ពត​វីដេអូ និង​ស្ពត​វិទ្យុដែល​មាន​ទំហំ​តូច​ នឹង​ត្រូវ​ផ្ដល់​ជូន​ដល់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ងាយ​ស្រួល​ចែកចាយ និង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​គ្រប់​រូប តាមរយៈ​ប្រព័ន្ធ​បណ្ដាញ​សង្គម ទូរសព្ទ​ដៃ តេឡេក្រាម ឧបករណ៍ឧគ្ឃោសនាសព្ទ និង​តាម​បណ្ដាញ​ទំនាក់ទំនង​ផ្សេងៗ​ទៀត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍសង្គម​ លោក​បណ្ឌិត ប៉ា ចន្ទរឿន មាន​ប្រសាសន៍​ថា​ ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ការ​សម្រុកចូល​របស់​ពលរដ្ឋ​ពី​ក្រៅ​ប្រទេស​ ហាក់​បី​ដូច​ជា​យឺតពេល​បន្ដិច ខណៈ​លោក​ក៏​បាន​បង្ហាញ​ក្ដី​បារម្ភ​ផង​ដែរ​ពី​ការ​ជួប​ជុំ​របស់ពលរដ្ឋ​ទាំង​នោះ​ជា​មួយ​ក្រុម​គ្រួសារ​ និង​មិត្ត​ភក្តិ​របស់​ពួកគេ​។

លោក​ ប៉ា ច័ន្ទ​រឿន គាំទ្រ​ចំពោះ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នេះ ដោយ​ថា ​មាន​តែ​ការ​ពន្យល់​ឱ្យ​ពលរដ្ឋ​យល់​ទេ​​ទើប​អាច​ទាញ​បញ្ហា​ដែល​កំពុង​ប្រឈម​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​បាន ខណៈ​លោក​មិន​គាំទ្រ​ចំពោះ​វិធាន​ការ​រដ្ឋបាល ឬ​ច្បាប់​ក្នុង​ដំណាក់កាល​នេះឡើយ​។

លោក​បន្ថែម​ថា៖ «វិធី​ដែល​ល្អ​គឺ​ឱ្យ​ពួកគាត់​នៅ​ដាច់​ពី​គេ​រយៈពេល​១៤​ថ្ងៃ ចំពោះ​វិធាន​ការ​រដ្ឋបាល ​ឬ​ក៏​វិធាន​ការ​យោធា​ដូច​នៅ​ប្រទេស​មួយ​ចំនួន​ ដែល​ប្រើ​នូវ​ច្បាប់​អាជ្ញាសឹក​ក្នុង​ការ​ដាក់​ទោស​ទណ្ឌ​ពលរដ្ឋ​ដែលផ្ទុក​ ឬ​ក៏​សង្ស័យ​ដែល​មាន​វីរុស​ហ្នឹង ​ខ្ញុំ​មើល​អត់​ទាន់​ដល់​ស្ថាន​ភាព​ហ្នឹង​ទេ។ តែ​ជា​ការ​ការពារ​នៅ​តាម​ព្រំដែន ​គួរ​តែ​មាន​កងកម្លាំង​​ សមត្ថកិច្ច​ទៅ​ជួយ​ ដើម្បី​ជួយ​សម្រួល​ទាំង​ចរាចរណ៍ ទាំង​សណ្ដាប់​ធ្នាប់។ […] ព្រោះ​ខ្ញុំ​មើល​ឃើញ​ថា ​ប្រជាពលរដ្ឋ​ដែល​គាត់​ចូល​មក​ហ្នឹង​ធ្វើ​ដំណើរ​ប្រសេច​ប្រសាច​ដូច​ជា​គ្មាន​សណ្ដាប់​ធ្នាប់ ហើយ​សកម្មភាព​ដែល​គាត់​ធ្វើ​ដំណើរ ​​បើ​មើល​ពី​ហានិភ័យ​នៃ​ការ​ឆ្លង ​Covid-19 ហ្នឹង​គឺ​ពួកគាត់​ងាយ​នឹង​រងគ្រោះ​ណាស់»។

គិត​ត្រឹម​ថ្ងៃ​២៣ ខែមីនា កម្ពុជា​រក​ឃើញ​អ្នក​ផ្ទុក​ Covid-19 ចំនួន​៨៧​នាក់​ហើយ​ ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ​៣៥​នាក់។ នាយកដ្ឋានប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង CDC បាន​លើក​ឡើងថា បើ​ទោះ​បី​ការ​រក​ឃើញ​នេះ​មិន​ទាន់​មាន​ភស្តុតាងណា​មួយ​បង្ហាញថា​ មាន​ការ​ចម្លង​ក្នុង​សហគមន៍​ តែ​លទ្ធភាព​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​គឺ​នៅ​តែ​អាច​កើត​មាន​ឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ