ជប៉ុន​​ផ្ដល់​​ជំនួយ​​ជាង​​៣១០​លាន​ដុល្លា​រ​សម្រាប់​អភិវឌ្ឍន៍​​កម្ពុជា​

(ឆ្វេង) លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្ដាំ) ហុចលិខិតប្តូរសារដែលចុះហត្ថលេខាស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ចំនួន​ ៣៤,១៣៨លានយ៉េន ស្មើ​នឹង​ប្រមាណ​ ៣១០លាន​ដុល្លារអាមេរិក​​ ដើម្បី​អនុវត្ត​កិច្ចការ​មនុស្ស​ធម៌ និងគម្រោង​អភិវឌ្ឍន៍​ចំនួន​៥​នៅ​កម្ពុជា។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានឱ្យ​ដឹង​នៅ​លើ​ហ្វេស​ប៊ុក​លោក​ថា​ នៅព្រឹក​នេះ​ ប្រទេស​ជប៉ុនតាម​រយៈ​ឯកអគ្គរាជទូត​របស់​ខ្លួន​ប្រចាំ​កម្ពុជា​ បាន​សម្រេច​ផ្ដល់ជំនួយ​ឥតសំណង​ ដើម្បីរៀប​ចំ​គម្រោង​អភិវឌ្ឍន៍​ទឹក​ស្អាត​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល ប្រមាណ​ ៣១លានដុល្លារ គម្រោង​បោសសម្អាត​មីន និង​សង្គ្រោះជនពិការ​ដោយ​សារ​មីនប្រមាណ​ ៩លានដុល្លារ និង​គម្រោង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​ ប្រមាណ​ជាង ២,៧លានដុល្លារ។

ក្រៅ​ពី​នេះ​ ក៏​មាន​ឥណទាន​មាន​សំណង ដើម្បី​អភិវឌ្ឍន៍​ផ្លូវ​ជាតិ​លេខ​៥ ដំណាក់កាល​ទី​២ និង​ទី៣ ​ដែល​មាន​តម្លៃ​ប្រមាណ​ ២៦៧លានដុល្លារអាមេរិកផង​ដែរ។

លោក​នាយករដ្ឋមន្ត្រី​បាន​កត់​សម្គាល់​ថា៖ «ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន ដែលផ្តល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងជួយលើកកម្ពស់បន្ថែមទៀតនូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៃព្រះរាជាណាចក្រកម្ពុជា ហើយព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជាតិទាំងពីរផងដែរ»។

យោង​តាម​របាយការណ៍​បំណុល​កម្ពុជា​ គិត​ត្រឹម​ខែ​មិថុនា ​ឆ្នាំ​២០១៩ កម្ពុជា​ជំពាក់​បំណុល​បរទេស​សរុប​ប្រមាណ​ ៧ពាន២រយលានដុល្លារ ក្នុង​នោះ​ជំពាក់​ជប៉ុន​ប្រមាណ ​៣៩០លានដុល្លារ ដែល​ស្មើរនឹង​៥,៣៨ភាគរយ​នៃ​បំណុល​សរុប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ