GMAC ស្នើ​កុំ​ឱ្យ​អ្នក​បញ្ជា​ទិញ​បោះ​បង់​កម្ពុជា ក្នុង​ពេល​ជំងឺ​កូវីដ​១៩​ កំពុង​រីក​រាល​ដាល​

កម្មករ-កម្មការិនីកំពុងបំពេញការងារក្នុងរោងចក្រមួយកន្លែងក្នុងក្រុងភ្នំពេញ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤។ (ឆពណ្ណ បញ្ញា)

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC បានអំពាវនាវដល់គ្រប់អ្នកបញ្ជាទិញទំនិញពីកម្ពុជា​ក្នុងវិស័យឧស្សាហកម្មវាយនភណ្ឌថា មិនត្រូវបោះបង់ចោលកម្ពុជាក្នុងស្ថានភាពសកលលោកកំពុងមានវិបត្តិដោយសារជំងឺកូវីដ១៩ ឬ កូរ៉ូណានោះទេ។

ក្នុងលិខិតអំពាវនាវមួយនៅថ្ងៃអង្គារនេះ GMAC បានលើកឡើងថា ក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យមានភាពចលាចលដល់ជីវិតរស់នៅ និងអាជីវកម្ម​របស់យើងគ្រប់គ្នា។ GMAC បន្តថា ​ដើម្បីជម្នះនូវឧបសគ្គដ៏លំបាកនាពេលនេះ ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមដៃគ្នាដើម្បីយើងទាំងអស់គ្នា​អាចបន្តរស់បាន។

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានអំពាវនាវ​ដល់អ្នកបញ្ជាទិញទាំងអស់ សូមកុំបោះបង់កម្ពុជា ដោយត្រូវបញ្ជាទិញទំនិញតាមអ្វីដែលបានព្រមព្រៀងគ្នា ទូទាត់ប្រាក់តាមលក្ខខណ្ឌធម្មតា ​ដើម្បីឱ្យភាគីរោងចក្រមានលទ្ធភាពបើកប្រាក់ឈ្នួលជូនកម្មករ និងអាចបន្តការងាររបស់ពួកគេទៅមុខទៀតបាន។

GMAC សរសេរថា៖ «ចំពោះអ្នកបញ្ជាទិញទាំងអស់៖ សូមកុំបោះបង់កម្ពុជា! សមាគមសូមជំរុញអ្នកបញ្ជាទិញបំពេញកាតព្វកិច្ចរបស់ខ្លួនតាមកិច្ចសន្យាដែលបានចុះរួចហើយ ដោយទទួលយកការដឹកទំនិញដែល​បានផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិត និងទូទាត់ប្រាក់តាមលក្ខខណ្ឌធម្មតា។ ការធ្វើបែបនេះ នឹងអាចធ្វើឱ្យរោងចក្រ​មានលទ្ធភាពបើកប្រាក់ឈ្នួលជូនកម្មករ និងបន្តការងាររបស់ពួកគេ»។

ប្រភពដដែលលើកឡើងថា សម្រាប់ភាគីរោងចក្រវិញ ត្រូវគិតអំពីសុវត្ថិភាពកម្មករនិយោជិតជាចម្បង ពិសេសយកចិត្តទុកដាក់បញ្ហាអនាម័យកម្រិតខ្ពស់ ដែលជាវិធានការនៅកន្លែងការងារ ដើម្បីការពារកម្មករនិយោជិត និងជួយបង្ការពីការរីករាលដាលនៃជំងឺកូវីដ១៩ ហើយកម្មករ ព្រមទាំងសហជីពក៏ត្រូវចូលរួម​អនុវត្តវិធានការដែលរដ្ឋបានដាក់ចេញ ដោយត្រូវធ្វើជាផ្នែកមួយនៃដំណោះស្រាយ។

កាលពីថ្ងៃទី២០ ខែមីនា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បញ្ជាក់ថា គិតមកដល់ថ្ងៃទី២០ ខែមីនា​ មានរោងចក្រចំនួន ៥៤ បានដាក់សំណើសុំព្យួរការងារ និងប៉ះពាល់កម្មករជិត៣ម៉ឺននាក់។ កាលពីមុន លោក ហេង សួរ បញ្ជាក់ថា វិបត្តិជំងឺកូរ៉ូណានឹងធ្វើឱ្យរោងចក្រប្រមាណ ២០០ រងផលប៉ះពាល់ ហើយនឹងប៉ះពាល់ដល់ការងារកម្មករប្រមាណ ១៦ម៉ឺននាក់។

ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​កាល​ពី​ខែ​កុម្ភៈ​ ឱ្យដឹងថា គិតត្រឹមពាក់កណ្ដាល​ឆ្នាំ២០១៩ កម្ពុជាមានរោងចក្រ​សរុបប្រមាណជាង ១៥០០​រោងចក្រនៅទូទាំងប្រទេស ដោយ​ផ្ដល់​ការងារ​ដល់​កម្មករ​ជាង ៨០ម៉ឺននាក់ ដែលភាគច្រើនលើស​លប់​ជាស្ត្រី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ