លោក កឹម សុខា ផ្តល់​ថវិកា​៥ ០០០​ដុល្លារ​បាន​ពី​សប្បុរស​ជន​ខ្មែរ​ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩ ​​

លោក កឹម សុខា អតីត​ប្រធាន​គណបក្សសង្គ្រោះ​ជាតិ ​ដើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (បញ្ញា ឆពណ្ណ)

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានចូលរួមថវិកាទៅរដ្ឋាភិបាលចំនួន ៥០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីឧបត្ថម្ភដល់ការងារទប់ស្កាត់ ឬបង្ការជំងឺកូវីដ១៩ ក្នុងស្ថានភាពបច្ចុប្បន្ន។

នៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះ លោក កឹម សុខា បញ្ជាក់ថា ថវិកាចំនួន៥ពាន់ដុល្លារនោះ ជាថវិការបស់បងប្អូនខ្មែរនៅក្រៅប្រទេស ដែលមានចិត្តសប្បុរសធម៌ធ្វើវិភាគទានថវិកាផ្ទាល់ខ្លួន​តាមរយៈលោក ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។

លោកបញ្ជាក់ថា នៅព្រឹកមិញនេះ លោកបានប្រគល់ថវិកាសប្បុរសធម៌ទាំងនោះ ជូនទៅគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩រួចហើយ។

លោក កឹម សុខា ក្រៅពីថ្លែងអំណរគុណដល់សប្បុរសជនទាំងនោះហើយ លោកក៏សូមកោតសរសើរនូវសន្តានចិត្តចែករំលែក អាណិត ស្រឡាញ់ខ្មែរដូចគ្នាក្នុងគ្រាអាសន្ននេះ ទោះបីបងប្អូនក៏កំពុងជួបការលំបាករៀងៗខ្លួនពេលនេះ​ក៏ដោយ។

ហ្វេសប៊ុកលោក កឹម សុខា សរសេរថា៖ «សូមកុសលផលបុណ្យដោយទឹកចិត្តសប្បុរសធម៌របស់បងប្អូននេះ សូមឱ្យបងប្អូនទទួលបាននូវសេចក្ដីសុខចំរើន ចៀសផុតទុក្ខទាំងឡាយ ជាពិសេសសូមកុំឱ្យមានជំងឺឈឺថ្កាត់ណាមកបៀតបៀនបងប្អូន និងក្រុមគ្រួសារបានឡើយ»។

កាលពីថ្ងៃម្សិលមិញ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិរូបនេះ បានអំពាវនាវឱ្យមាន​ឯកភាពជាតិ សាមគ្គីជាតិ និងអន្តរជាតិ ដោយលោកចាត់ទុកថា សាមគ្គីជាតិ និងអន្តរជាតិ ជាការចំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺរលាកផ្លូវដង្ហើមថ្មី ឬហៅថា កូវីដ-១៩ ត្បិតបញ្ហានេះមិនមែនជារឿងបុគ្គលណា សហគមន៍ណា ប្រទេសណាមួយ ប៉ុន្តែ វាជាវិបត្តិសកលលោកទាំងមូល។

កាលពីយប់មិញ ក្រសួងសុខាភិបាលឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ-១៩ ចំនួន៨៧នាក់ហើយ ក្នុងនោះមានទាំងជនបរទេស​ ដែលមកលេងកម្ពុជា ពលរដ្ឋខ្មែរឥស្លាមទើបមកពីចូលរួមប្រារព្ធពិធីសាសនានៅម៉ាឡេស៊ី និងពលរដ្ឋខ្មែរផងដែរ។

កាលពីសប្តាហ៍មុន រដ្ឋាភិបាលប្រកាសទទួលជំនួយ ឬថវិកាពីសប្បុរសជនតាមរយៈមន្ត្រីរបស់ខ្លួន ​ដើម្បីយកមកបម្រើក្នុងបុព្វហេតុជួយទប់ស្កាត់ជំងឺកូរ៉ូណា ក្នុងស្ថានភាពលំបាកនេះ និងការពារជីវិតរបស់ពលរដ្ឋកម្ពុជាផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ