អាជ្ញាធរ​រក​​ឃើញ​​សំណង់​ឈើ​​អាយុ​​ជិត​​១​ពាន់​​ឆ្នាំ​​នៅ​​កណ្ដាល​​ស្រះ​​ខាង​​ជើង​នៃ​​ប្រាសាទ​​អង្គរ​​វត្ត​

សកម្មភាពស្ដារ​ស្រះ​ទឹក​ខាង​ជើង​នៃ​ប្រាសាទ​អង្គរ​វត្ត ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០។ (អាជ្ញាធរជាតិអប្សរា Apsara Authority/ Screenshot)

អាជ្ញាធរ​អប្សរា​ រក​ឃើញ​សំណង់ឈើ​ដែល​មាន​អាយុ​កាល​ជិត​ ​១ពាន់ឆ្នាំ​ នៅ​ចំកណ្ដាល​ស្រះខាង​ជើង​នៃ​ប្រាសាទ​អង្គរ​វត្ត។

អាជ្ញាធរ​អប្សរា​នៅ​ព្រឹក​នេះ​ បាន​បង្ហាញ​ការ​រក​ឃើញ​ថ្មី​របស់​ខ្លួន​នៅពេល​ស្ដារ​ស្រះ​ទឹក​ខាង​ជើង​នៃ​ប្រាសាទ​អង្គរ​វត្ត ដោយ​បាន​រក​ឃើញ​សំណង់ឈើ ដែល​មាន​បញ្ចុះ​ព្រះ​គណេស​នៃ​លិទ្ធិ​ព្រហ្មញ្ញសាសនា​នៅ​ក្នុង​សំណង់​នេះ​ផង​ដែរ។

អ្នក​គ្រប់គ្រង​គម្រោង​ស្ដារស្រះ​ទឹក​ខាង​ជើង​អង្គរ​វត្ត​ លោក ស្រ៊ុន តិច មាន​ប្រសាសន៍​ថា សំណង់​ឈើនេះ​​​មាន ​ឈើ​ដោត​ចំកណ្ដាល មាន​ធ្នឹម​ពីរ​នៅ​ពីក្រោម ដែល​ក្រាលពី​ក្រោម​​ដោយ​ថ្ម​បាយ​ក្រៀមនៅ​ខាង​ក្រោម​សំណង់​​ផង​ដែរ។

លោក​ ស្រ៊ុន តិច៖ «រហូត​មកដល់​សព្វថ្ងៃ​នេះ​ យើងអត់​ទាន់​បាន​យល់​អ្វី​ទាំង​អស់​ពី​រចនា​សម្ព័ន្ធ​រូប​រាង​ស្ថាបត្យកម្ម​នៃ​សំណង់​នៅ​ក្នុង​ ហើយ​បំណង​នៃ​សំណង់​ឈើ​ដែល​បាន​កប់​ក្នុង​ដី​នៅ​ឡើយ​ទេ»។

ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​ លោក អ៊ឹម សុខរិទ្ធី មាន​ប្រសាសន៍​ថា ​សំណង់​ឈើ​នេះ​នៅ​មាន​សភាព​ល្អ​ បើ​ទោះ​បី​វា​មាន​អាយុ​កាល​ជិត​១ពាន់​ឆ្នាំ​ទៅ​ហើយ​ក្ដី។ លោក​បាន​ពន្យល់ថា​ សំណង់​នេះ​អាច​ត្រូវ​បាន​កប់​ឡើង​ដោយ​ចេតនាជា​មួយរូប​​សំណាក់​ព្រះ​គណេស​ ដើម្បី​ធ្វើ​ឱ្យទី​តាំង​ស្រះ​ក្លាយ​ជាកន្លែង​ស័ក្តិសិទ្ធិ។

លោក​បន្ថែម​ថា ​នេះ​ជា​លើក​ទី​មួយ​ហើយ​នៅ​ក្នុង​តំបន់​អង្គរ​ ដែល​រក​ឃើញ​សំណង់ឈើ​កប់​ក្នុង​ដី និង​មាន​រូប​ព្រះគណេស​នៅ​ខាង​​ក្នុង​បែប​នេះ។

លោក អ៊ឹម សុខរិទ្ធី៖ «បដិមា​ព្រះ​គណេស​ យើង​ដឹង​ជា​ទូទៅ​ថា​ជា​ទេព​នៃ​បញ្ញាញាណ ទេព​នៃ​ចំណេះ​ដឹង ទេព​នៃ​ក្ដី​ជ្រះថ្លា ប៉ុន្ដែ ​មួយ​ទៀត​ជា​ទេព​ទាក់ទង​នឹង​មន្តអាគមនៃ​ការ​ឈ្នះ​មាសត្រូវ​ទាំង​អស់។ ប្រហែល​ដោយ​សារ​រឿង​បែប​ហ្នឹង​ បាន​ជា​គេ​យក​មកតម្កល់​ដោយ​ចេតនា»។

លោក​បន្ថែម​ថា​ ជាមួយ​នឹង​ការ​រក​ឃើញ​ថ្មី​នេះ​ ការ​ធ្វើ​កំណាយ​នៅ​ស្រះ​ទឹក​អង្គរ ក៏​មាន​ភស្ភុតាង​ថ្មី​​បញ្ជាក់​​ថា​អង្គរ​វត្ត​គឺ​មិន​ធ្លាប់​ត្រូវ​បាន​ជនជាតិ​ខ្មែរ​បោះបង់​ចោលម្ដង​ណា​​ឡើយ​។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៩ អាជ្ញាធរ​អប្សរាសម្រេច​បង្ខះ​ទឹក​នៅ​កសិណ​ខាង​ជើង​ប្រាសាទ​អង្គរវត្ត​ ដើម្បី​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា ក៏​ដូច​ជា​ស្ដារ​ទឹក​ស្រះ​នេះ​ផង​ដែរ។

បើ​តាម​មន្ត្រី​ជំនាញ​ ក្នុង​រយៈពេល​៨០០ឆ្នាំ​​ កំណក​ដី​នៅ​ក្នុង​ស្រះ​ទឹក​ខាង​ជើង​ប្រាសាទ​អង្គរវត្ត មាន​កម្រាស់​ពី​២ម៉ែត្រ៦០សង់ទីម៉ែត្រ ដល់​៣ម៉ែត្រ ដែលត្រូវ​ទាម​ទារឱ្យ​មានការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ធ្វើ​កំណាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ