រដ្ឋា​ភិបាល​​បើក​​ឱ្យ​​ក្រុមហ៊ុន​ស្វែង​រក​​រ៉ែ​​ក្នុង​​ខេត្ត​​ចំនួន​​៣​មាន​​ទំហំ​ជិត​​៨០០​គី​ឡូ​ម៉ែត្រ​​ក្រ​ឡា​

ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ មន្ត្រីក្រសួងរ៉ែ និងថាមពល ចុះត្រួតពិនិត្យតំបន់ធ្វើអាជីវកម្មរ៉ែ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ រូបភាព៖ ហ្វេសប៊ុក Ministry of Mines and Energy Cambodia

រដ្ឋាភិបាល​កម្ពុជា​សម្រេច​បើក​តំបន់​សម្បទាន​ស្វែង​រករ៉ែ​​ក្នុង​ខេត្ត​ចំនួន​៣​​ ដែល​មាន​ទំហំ​ជិត៨០០គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តឧត្តរមានជ័យ។

ក្នុង​សេចក្តី​ជូន​ដំណឹង​ចុះ​ថ្ងៃ​ទី​២៣ ខែមីនា ក្រសួងរ៉ែ និង​ថាមពល បាន​ប្រកាស​ឱ្យ​ក្រុម​ហ៊ុនជាតិ និង​អន្តរជាតិដែល​មាន​បំណង​រុករក​រ៉ែ​នៅ​កម្ពុជា ​ដាក់​ពាក្យ​ប្រកួត​ប្រជែង​សម្រាប់​ទទួល​បាន​អាជ្ញា​បណ្ណស្វែង​រក​រ៉ែ​ចំនួន​៤​កន្លែង​ ដែល​មាន​នៅ​តំបន់​ត្រពាំងទៀម ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ​​ ទំហំ ២០០គីឡូ​ម៉ែត្រ​ក្រឡា តំបន់​ទំនប់​ដាច់​ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ និង​ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ ទំហំ ១៩៤គីឡូម៉ែត្រ​ក្រឡា និង​តំបន់​ព្រែក​គៀង​ និង​អន្រ្ទង ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌល​គិរី​ ទំហំ ៤០០គីឡូម៉ែត្រក្រឡា(២តំបន់)។

ក្នុង​លិខិត​នោះ​បញ្ជាក់​ថា៖ «ពាក្យ​ស្នើសុំ​អាជ្ញាបណ្ណ​ស្វែង​រុករករ៉ែ ដែល​បាន​បំពេញ​រួច​រាល់ ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវឯកសារ និង​របាយការណ៍​តម្រូវ​ពាក់ព័ន្ធ​ ហើយ​ដាក់​ក្នុង​ស្រោម​សំបុត្រ​បិទ​ជិត​ដោយ​ការ​ខ្នង “ឯកសារ​ស្នើ​សុំ​ប្រកួត​ប្រជែង”​ រួច​ប្រគល់​ជូន​ ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ របស់​ក្រសួង​រ៉ែ និង​ថាម​ពល​ យ៉ាង​យូរ​បំផុត​ត្រឹមថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២០ វេលាម៉ោង ១៧ និង០០នាទី»។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រ៉ែ​ លោក យស់ មុនីរ៉ាត់ មាន​ប្រសាសន៍​ប្រាប់​VOD ថា ​ទី​តាំង​រ៉ែ​ទាំង​៤​ទីតាំង​នោះ សម្រាប់​ខេត្ត​មណ្ឌលគិរី​ មាន​​​តំរុយ​រ៉ែមាស ខណៈ​នៅ​ខេត្ត​ឧត្តរមានជ័យ និង​ព្រះវិហារ​ មាន​តំរុយ​រ៉ែទង់ដែង ដែល​លោក​សង្ឃឹម​ថា​​​ ការ​បើក​ឱ្យ​រុក​រក​នេះ ​នឹង​អាច​ធ្វើ​ឱ្យ​កម្ពុជា​រក​ឃើញ​ពី​សក្តានុពល​នៃ​ធនធាន​រ៉ែ​របស់​ខ្លួន​កាន់​តែ​ច្រើន​បន្ថែម​ទៀត។

លោក​ថា៖ «វិស័យ​រ៉ែ​វា​ពិបាក​ដែរ គឺក្នុង​​គម្រោង​សិក្សា​ស្រាវជ្រាវ​១០០ ជោគ​ជ័យ​ដែល​ធ្វើ​អាជីវកម្ម​បានមាន​តែ​​១ ឬ​១កន្លះ​អី​ហ្នឹង​ ច្រើ​ន​បំផុត​ហើយ។ ដូច្នេះ​ ការសិក្សា​ស្រាវជ្រាវនៅ​ក្នុង​ដី​ វា​ពិបាក​រក​ឃើញ​។ […] តែ​ទោះ​ជា​យ៉ាង​ណា ​ក៏​យើង​មាន​ការ​រំពឹង តែ​មិន​មែន​ការ​ទៅ​រក​របស់​យើង​គឺ​ទៅ​រក​ទាំង​ប្រថុយ​ទេ។ ទាល់​តែ​យើង​មាន​រចនា​សម្ព័ន្ធភូគុព្ភសាស្ត្រ​ហ្នឹង ​វា​មាន​រចនា​សម្ព័ន្ធ​យ៉ាង​ម៉េច​ដែល​មាន​កំណ​កំណើត​រ៉ែ​ហ្នឹង»។

បើតាមក្រសួងរ៉ែ និងថាមពល បច្ចុប្បន្ន មានក្រុមហ៊ុនរុករករ៉ែជាង៣០ក្រុមហ៊ុនរួច​ទៅ​ហើយ កំពុងរុករករ៉ែក្នុងប្រទេស​កម្ពុជា ដែលមានក្នុងខេត្តកំពង់ស្ពឺ ក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ ​អ្នក​នាង លឹម គឹមស័រ មាន​ប្រសាសន៍​ថា ​​ការ​រុករក​រ៉ែ​បច្ចុប្បន្ន​គឺ​មាន​ច្រើន​រួច​ទៅ​ហើយ​​ ខណៈ​អ្នក​នាង​មាន​ក្ដី​បារម្ភ​ពី​ការ​ប៉ះពាល់​ដល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ដែល​កើត​ចេញ​ពី​ការ​រុករក​រ៉ែ​នេះ​ផង​ដែរ។

អ្នក​នាង​មិនមាន​ជំនឿ​ថា ​ការ​រុករក​រ៉ែ​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​បាន​ច្រើន​នោះ​ទេ។

អ្នក​នាង លឹម គឹមស័រ៖ «វា​ទាល់​តែ​គាត់​ទៅ​សិក្សា​ពី​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សិន ថា​ប្រជា​ពលរដ្ឋ​នៅ​តំបន់​ហ្នឹង​គាត់​អាច​ទទួល​បាន​អី​ពី​ការ​រុករក​នេះ។ ជារួម​ សម្រាប់​ប្រទេស​យើង​ បើសិន​ជា​នៅ​តែ​មាន​អំពើ​ពុករលួយ ច្បាប់វិនិយោគ​គាត់​នៅ​តែ​អត់​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួនទេ ខ្ញុំ​គិត​ថា ​វាអត់​មាន​ផល​ចំណេញ​អី​សម្រាប់​ប្រជាជន​ខ្មែរ​យើង វា​ចំណេញ​តែ​ក្រុម​ហ៊ុន និង​អ្នក​ធ្វើ​ការ​ងារ​ខាង​ហ្នឹង​តែ​ប៉ុន្មាន​នាក់​ទេ»។

ការ​បើក​ឱ្យ​រុករក​រ៉ែ​នេះ​គឺ​ជា​ការ​បើក​ឱ្យ​រុករក​លើក​ទី​ពីរ​ហើយ​នៅ​ឆ្នាំ​២០២០​នេះ បន្ទាប់​ពីរដ្ឋាភិបាលសម្រេច​​បើក​ឱ្យ​រុក​រកលើ​ទីតាំង​​ចំនួន​៨កន្លែង កាល​ពី​ខែ​មករា​កន្លង​ទៅ ក្នុង​ខេត្ត​ស្ទឹងត្រែង ព្រះវិហារ សៀមរាប និង​ខេត្ត​មណ្ឌល​គិរី ដែលមានផ្ទៃក្រឡារុករកសរុបជាង១ពាន់គីឡូម៉ែត្រក្រឡា៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ