លោក ហ៊ុន សែន ព្រមាន​រឹប​អូស​ម៉ាស់ និង​បិទ​ឱសថ​ស្ថាន​ដែល​លក់​ម៉ាស់​ឱ្យ​ពលរដ្ឋ​ថ្លៃ​

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា​ង៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ (ហ្វេសប៊ុកលោក ហ៊ុន សែន/ Screenshot)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាលកំពុងសិក្សាផ្លូវច្បាប់ ដើម្បីឈានទៅរឹបអូសយកម៉ាស់ និងបិទអាជីវកម្មម្ចាស់ហាង ឬឱសថស្ថានទាំងឡាយណាដែលលក់ម៉ាស់ឱ្យពលរដ្ឋ​ថ្លៃ ខណៈតម្រូវការម៉ាស់ និងសម្ភារដើម្បីការពារជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន​មានការកើនឡើងខ្ពស់។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យ ស្ម័គ្រចិត្ត​ជាង៤០០នាក់នៅទីស្តីការគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃពុធនេះ លោក ហ៊ុន សែន មានប្រសាសន៍ថា ប្រសិនបើម្ចាស់អាវីកម្ម ឬឱសថស្ថានទាំងឡាយណាបន្តលក់ម៉ាស់ឱ្យពលរដ្ឋក្នុងតម្លៃខ្ពស់បន្តទៀត លោកនឹងបញ្ជាឱ្យមានការរឹបអូសម៉ាស់ និងបិទកន្លែងនោះចោល​ ព្រមទាំងមិនអនុញ្ញាតឱ្យរកស៊ីអស់មួយជីវិតតែម្តង ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំកំពុងសិក្សាពិនិត្យមើលអំពីផ្លូវច្បាប់ បើអ្នកឯងនៅតែបន្តលក់ម៉ាស់ឡើងថ្លៃ ទៅរឹបអូសយកតែម្តង ដាក់បញ្ជាទៅរឹបអូសយកតែម្តង។ កុំឱ្យវារកស៊ីតទៅទៀត ឱ្យបិទអាឱសថស្ថានហ្នឹងចោលតែម្តង។ សុំទម្លាក់ថ្លៃទាន់ពេល​រាជរដ្ឋាភិបាល​ប្រើកណ្តាប់ដៃដែក។ បិទលើកនេះ​មិនត្រឹមតែដកម៉ាស់ទេ គឺដកមិនឱ្យអ្នកឯងរកស៊ីមួយជីវិត ដើម្បីឱ្យរាងចាល។ ឥលូវ ក្រសួងសុខាភិបាល​ពិនិត្យមើលមានប៉ុន្មាន ប្រជាពលរដ្ឋរាយការណ៍មានប៉ុន្មានឱសថស្ថាន​ គឺថាបិទ ហើយបិទមួយជីវិត​ មិនឱ្យរកស៊ីអាហ្នឹងទៀត។ និយាយគ្នាមិនស្តាប់ ឆ្លៀតយកចំណេញហ្អេស»។

ការប្រកាសនេះ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា​ដែលចុះមូលដ្ឋានទាំងអស់ត្រូវជួយទិញក្រមា និងម៉ាស់ ចែកជូនពលរដ្ឋ​ដើម្បីការពារជំងឺកូវីដ១៩ ដោយត្រូវចែកជូនពួកគេដល់គេហដ្ឋានតែម្តង។

បើតាមលោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា គិតមកដល់ថ្ងៃទី២៥ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីត១៩ ចំនួន ៩៣នាក់ហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ៤នាក់ គឺជនជាតិចិនម្នាក់ អង់គ្លេសម្នាក់ និងខ្មែរពីរនាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយរួចរាល់ហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ