ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អះអាងនៅថ្ងៃនេះថា ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ ឬ កូរ៉ូណា លោកកំពុងពិចារណា និងមានការសិក្សាផ្នែកច្បាប់មួយចំនួន ដើម្បីដាក់ប្រទេសក្នុងស្ថានភាពប្រកាសអាសន្ន។
ថ្លែងក្នុងពិធីជួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន៤រយនាក់នៅទីស្តីការគណៈរដ្ឋមន្ត្រីនៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា លោកកំពុងតែឱ្យអ្នកច្បាប់សិក្សាពីវិសាលភាពដាក់ប្រទេសក្នុងស្ថានភាពគ្រាមានអាសន្ន ដើម្បីប្រើវិធានការតឹងរ៉ឹងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រសិនបើវិធានការស្នើសុំរបស់លោកគ្មានប្រសិទ្ធភាព។
លោក ហ៊ុន សែន បញ្ជាក់ថា ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ននេះ ហាក់នៅមានភាពចន្លោះប្រហោង ត្បិតមិនមានច្បាប់ដាច់ដោយឡែកមួយទៀតនិយាយអំពីបញ្ហានេះ ដែលទាមទារឱ្យមានការសិក្សា និងមើលពីវិសាលភាពជាមុនសិន។ លោកបន្តថា នៅពេលដាក់ប្រទេសក្នុងគ្រាអាសន្ន នៅពេលនោះ សិទ្ធិស៊ីវិលមួយចំនួនត្រូវបិទ។
លោក ហ៊ុន សែន៖ «នៅពេលដាក់ប្រទេសក្នុងគ្រាអាសន្ន តើវិសាលភាពគ្របដណ្តប់ទៅលើអ្វីខ្លះ? តាមពិតអាហ្នឹងត្រូវមានច្បាប់មួយនេះ ជាការចន្លោះប្រហោងរបស់យើង ដោយយើងមិនបានគិតថា ប្រទេសរបស់យើងអាចនឹងមានការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ តែដាក់ប្រទេសក្នុងគ្រាមានអាសន្ន គឺសិទ្ធិស៊ីវិលត្រូវបានកាត់ហើយ។ ជាក់ស្តែង ប្រទេសនានាបានអនុវត្តនូវវិធានការយកទាហានយកប៉ូលិស។ ប្រទេសខ្លះ ពលរដ្ឋមិនព្រមស្តាប់ ដល់អីចឹងប្រើទាហានប្រើប៉ូលិស»។
ទោះយ៉ាងណា លោក ហ៊ុន សែន មិនទាន់បញ្ជាក់ពេលជាក់លាក់នៃការដាក់ប្រទេសក្នុងស្ថានភាពមានអាសន្ននេះនៅឡើយទេ ដោយបញ្ជាក់ថា កំពុងឱ្យអ្នកច្បាប់សិក្សាលទ្ធភាពលើមាត្រា២២នៃរដ្ឋធម្មនុញ្ញ ដែលចែងពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។
រដ្ឋធម្មនុញ្ញមាត្រា ២២ បានចែងថា នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត សុខ ទូច មានប្រសាសន៍ថា មានទិដ្ឋភាពមួយចំនួនដែលរដ្ឋអាចដាក់ប្រទេសក្នុងភាពអាសន្នបាន ដូចជា ប្រទេសមានសង្គ្រាម ប្រទេសមានគ្រោះមហន្តរាយដោយគ្រោះធម្មជាតិធ្ងន់ធ្ងរ ប្រទេសមានជំងឺឆ្លងមិនអាចគ្រប់គ្រងបាន និងនៅពេលប្រទេសមានចលាចលខ្លាំង មិនអាចគ្រប់គ្រងបានជាដើម ។
លោកបន្តថា នៅពេលរដ្ឋប្រកាសដាក់ប្រទេសក្នុងភាពអាសន្នហើយនោះ រដ្ឋអាចប្រើប្រាស់កម្លាំងចាប់បង្ខំឱ្យពលរដ្ឋអនុវត្តនូវបទបញ្ជា ឬសេចក្តីណែនាំនានាដោយគ្មានការខុសច្បាប់ និងគ្មានការរំលោភសិទ្ធិមនុស្សទៀតនោះដែរ។
លោកមានប្រសាសន៍បន្តថា៖ «វាមានទិដ្ឋភាពពីរសំខាន់។ កាលណាគេ [រដ្ឋ] ប្រកាសភាពអាសន្ន មានន័យថា ប្រទេសកំពុងតែចលាចល។ កាលណាប្រទេសមានភាពចលាចល គេ [មាន] សិទ្ធិប្រើប្រាស់កម្លាំង ដោយភាសាអ្នកលេងគេហៅថា កម្លាំងបាយ លែងប្រើប្រាស់កម្លាំងច្បាប់ហើយ។ កាលណាគេប្រើប្រាស់កម្លាំងបាយ ហើយទៅប្តឹងគេ គឺអត់ត្រូវទេ។ ទីពីរ កាលណាគេប្រកាសភាពអាសន្ន ប្រជាជនទាំងអស់ដែលរស់នៅក្នុងប្រទេសហ្នឹង ត្រូវតែរក្សា ឬគោរពតាមអ្វីដែលគេមានបទបញ្ជា»។
បើតាមលោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា គិតមកដល់ថ្ងៃទី២៥ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកមានជំងឺកូវីត១៩ ចំនួន ៩៣នាក់ហើយ ដោយក្នុងនោះមានអ្នកជំងឺចំនួន ៤នាក់ គឺជនជាតិចិនម្នាក់ អង់គ្លេសម្នាក់ និងខ្មែរពីរនាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយរួចរាល់ហើយ៕