ពលរដ្ឋ​ភូមិ​​មួយ​​ក្នុង​​ខេត្ត​​កណ្ដាល​​​ចោទ​​​អាជ្ញាធរ​​ថា ​បាន​​ឃុប​​ឃិត​​គ្នា​​លុប​​បឹង​ក្នុង​​ភូមិ​

ដីបឹងក្រោយផ្ទះពលរដ្ឋនៅភូមិនៅ​ភូមិ​អន្លង់ ឃុំ​ព្រែកតាម៉ាក់ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល ខែមីនា ឆ្នាំ២០២០។ (ផ្ដល់ឱ្យ)

ពលរដ្ឋ​រស់​នៅ​ភូមិ​អន្លង់ ឃុំ​ព្រែកតាម៉ាក់ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ចោទអាជ្ញាធរភូមិ​ស្រុក​ ថា​បាន​ឃុប​ឃិត​គ្នា​លុប​បឹង​ក្រោយ​ភូមិ​ ធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់របស់ពួកគាត់។​

ពលរដ្ឋ​ម្នាក់​ឈ្មោះ ជួប បាន បាន​ឱ្យ​VODដឹង​ថា ​​ការ​ចាក់​លុប​នេះ​ចាប់​ផ្ដើម​នៅ​ដើម​ឆ្នាំ​២០២០ ដោយ​អាជ្ញាធរ​ភូមិឃុំ មិន​​បានឱ្យ​ពលរដ្ឋ​​ដឹងពី​មូល​ហេតុនៃ​ការ​ចាក់​លុប​នេះទេ​។

លោក​ថា៖ «បើ​ភូមិ​ឃុំ​ស្រែក​ មាន​អ្នក​ណា​ហ៊ាន​ធ្វើ? រឿង​ហ្នឹង​វា​មាន​ទំនាក់ទំនង​គ្នា​ អា​រឿង​ឃុប​ឃិត​ខ្ញុំ​មិន​ដឹង​ទេ តែ​ថា​រឿង​នេះ​បើ​ភូមិ​ឃុំ​គេ​ឱ្យ​ធ្វើ​គឺ​គេ​ធ្វើ​ហើយ បើ​ភូមិ​ឃុំគេ​មិន​ឱ្យ​ធ្វើ​ តើ​អ្នក​ណា​ហ៊ាន​ធ្វើ?»

ពលរដ្ឋ​ក្នុង​ភូមិ​​អន្លង់ ឃុំ​ព្រែកតាម៉ាក់ ម្នាក់​ទៀត​ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឱ្យVODដឹង​ថា បឹងភូមិ​អន្លង់​នេះ ជា​បឹង​ចាស់ ​មាន​យូរ​ណាស់​មក​ហើយ ដោយ​វា​បាន​ជួយ​ដល់​ការ​រស់​នៅ និង​ជីវភាព​ពលរដ្ឋនៅ​ក្នុង​ភូមិ​ជា​ច្រើន​ផង​ដែរ។ លោក​បារម្ភ​ថា ​ការ​ចាក់​ដី​លុប​នេះ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋក្នុង​ភូមិជា​ច្រើន។

លោក​ថា៖ «បឹង​ហ្នឹង ប្រជាពលរដ្ឋ​គាត់​អាស្រ័យ​យក​ទឹក​ហ្នឹង​ដាំ​បន្លែ ធ្វើ​ស្រូវ ហើយ​សំខាន់​បំផុត​គឺ​ប្រជាពលរដ្ឋ​បង្ហូរ​ទឹក​ពី​ភូមិ​នៅពេល​ដែល​ភូមិលិច​ទៅ​ គាត់​បង្ហូរ​ចូល​បឹង​ហ្នឹង​ទៅ។ ដល់​ខែ​ប្រាំង​ គាត់​អស់​ទឹក​បឹង​ទឹក​អី​ធ្វើ​ស្រែ​ គាត់​បញ្ជូន​ទឹក​ហ្នឹង​យក​ទៅ​ធ្វើ​បន្លែ​បង្ការ​វិញ​ទៅ។ […] ខ្ញុំ​ចេះ​តែ​បារម្ភ​ដែរ តែ​គ្រាន់​ថា​ ធ្វើ​យ៉ាង​ម៉េច ​បើ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ទន់​ខ្សោយ»។

មេភូមិអន្លង់ លោក យ៉ម យ៉ាន មាន​ប្រសាសន៍ថា ​បឹងក្នុង​ភូមិ​អន្លង់នេះ​មាន​ការ​ប្រើប្រាស់​២ភូមិ ​គឺ​ភូមិអន្លង់ និង​ភូមិ​បឹង​ក្រចាប់ជើង​។ លោក​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ ​ដោយ​ថា ​ការលុប​​នេះ​គឺ​ជា​ការ​ដោះដូរ​រវាង​រដ្ឋ​ជា​មួយ​ពលរដ្ឋ​នៅ​ពេល​មាន​ការសាងសង់​​ផ្លូវ​ជាតិ​លេខ​៨​អា កាល​ពីអំឡុង​ឆ្នាំ​២០០៦​​ ដោយ​​ថា ​ពុំ​មាន​ការ​ចាក់​លុប​ខុស​ច្បាប់​ក្នុង​ភូមិ​លោក​នោះ​ទេ​។

លោក​ថា៖ «អ្នក​ប៉ះផ្លូវ​ហ្នឹង​ក៏​បាន​សំណង​ពី​រដ្ឋ​ដែរ តែ​គ្រាន់​ថា យើង​ដឹង​ស្រាប់​ហើយ ​គ្មាន​បាន​ប៉ុន្មាន​ទេ។ ហើយ​កាល​ជំនាន់​ហ្នឹង​ ខ្ញុំ​ក៏​មិន​មែន​ធ្វើ​មេភូមិ​ទេ គ្រាន់​តែ​បាន​ដឹង​ឮដែរ។ ខាង​ភូមិ​ខ្ញុំ​ហ្នឹង​ ក៏​ឱ្យ​ប្រជាជន​ដែល​ប៉ះ​ទាំង​ប៉ុន្មាន​គ្រួសារ​ហ្នឹង​ ឱ្យ​ដី​បឹង​ហ្នឹង​នៅ​ទៅ តែ​ពី​មុន​មកកាល​ពី​ដី​មិន​ទាន់​ថ្លៃ​ ប៉ះ​២០​ម៉ែត្រ ឱ្យ​២០ម៉ែត្រ ប៉ះ៣០ម៉ែត្រ​ ឱ្យ​៣០​ម៉ែត្រ អ៊ីចឹង​ទៅ! តែ​ដល់​ប្រជាជន​ទៅ​នៅ​ គេ​មិន​ធ្វើ​ អ៊ីចឹង​គេចាក់​ទៅ​ដល់​ព្រំ​បឹង​ក្រចាប់​ទៅ»។

នាយកប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​ លោក សន ជ័យ មាន​ប្រសាសន៍​ថា​ រដ្ឋអាច​ធ្វើ​ការ​ដោះដូរ​ដី​ជា​មួយ​ពលរដ្ឋ​បាន តែ​លោក​ថា​ ត្រូវ​មាន​តម្លាភាព​នៃ​ការ​ដោះដូរ​នេះ ដោយ​មាន​បង្ហាញនូវ​រូបភាព​ផែន​ទីដាក់​បង្ហាញ និង​ពិភាក្សា​ជា​មួយ​ពលរដ្ឋ​ក្នុង​ទី​តាំង​ទាំង​នោះ​ផង​ដែរ។

លោក​ សន ជ័យ៖ «ត្រូវមាន​ឯកសារ​ក្រដាស​ស្នាម​អី​ យក​ទៅ​បិទ​ផ្សាយ​នៅ​ទី​នោះ​ ដើម្បី​កុំ​ឱ្យ​មហា​ជន​ច្រលំ​ហើយ​ដើម្បី​ការពារ​ក្រែងលោ​ឱ្យ​ប៉ុណ្ណេះ​ទៅ ចាក់​ថែម​ប៉ុណ្ណោះ​ លុប​ថែម​អី​អ៊ីចឹង​ទៅ ហៅ​ថា​ កន្ទេល​ធំ​បន្លំដេក។ គេ​ត្រូវ​ធ្វើ​តាម​នីតិវិធី​មួយ​ដើម្បី​ធានា​ថា​ អ្វី​ដែល​ប្រជាពលរដ្ឋ​បាត់បង់​ទៅ​ ហើយ​គាត់​ទទួល​បាន​មក​វិញ​នូវ​អ្វី​ដែល​រដ្ឋមាន​ការ​ផ្ដល់​ជា​សំណង​ឱ្យ​គាត់​នោះ»។

បើតាម​ប្រជាពលរដ្ឋ​បឹង​ភូមិ​អន្លង់​ពី​មុន​មាន​ទំហំ​ប្រមាណ​ពី​៣​ ទៅ​៤ហិតា ខណៈ​បច្ចុប្បន្ន​ ផ្ទៃ​បឹង​នេះ​កាន់​តែ​រួម​តូច​ទៅ ដោយ​សារ​តែមាន​ការ​ចាក់​លុប​ទ ពួកគេ​លើក​ឡើង​ថា ​អាជ្ញាធរ​គួរ​តែ​ធ្វើ​ការ​ស្ដារផ្ទៃ​បឹង​ឡើង​វិញ​ជាជាង​ធ្វើ​ការ​លុប​បឹង​ដែលមាន​ស្រាប់​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ