អ្នក​ជំនាញ​​ថា ថៃ​ដើរ​ផ្ទុយ​ពី​យន្ត​ការ​អន្តរជាតិ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​អ្នក​ផ្ទុក​ជំងឺ​កូវីដ​១៩​ចូល​កម្ពុជា​

ច្រកព្រំដែនកម្ពុជា-ថៃ ចាំយាម ថតពីក្នុងទឹកដីថៃ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។ (ហង់ សុខហុង)

អ្នកជំនាញកិច្ចការអន្តរជាតិ មើលឃើញថា ​ភាគីថៃ ​​បានដើរប្រាសចាកពីគោលការណ៍សុខភាពជាសកល និងគោលការណ៍មនុស្សធម៌ ក្រោយពេលប្រទេសនេះប្រកាសបិទព្រំដែន ប៉ុន្តែ បណ្តោយឱ្យអ្នកជំងឺកូវីដ១៩មកកាន់កម្ពុជា។

​​ការលើកឡើងនេះ ក្រោយពេលក្រសួងសុខាភិបាលកម្ពុជា អះអាងនៅយប់មិញថា ​ជនជាតិ​ឥណ្ឌូនេស៊ី​២នាក់ដែល​មានជំងឺកូវីដ-១៩ បានធ្វើដំណើរពីប្រទេសថៃ​ បន្ទាប់ពីរកឃើញ​មានជំងឺនេះនៅមន្ទីរពេទ្យមួយក្នុងក្រុងបាងកក ដោយសារលឺថា ប្រទេសកម្ពុជាព្យាបាល​ដោយមិនគិតថ្លៃ។

អ្នកវិភាគនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា​ ស្របពេលថៃខ្លួនឯងប្រកាសបិទព្រំដែនជាមួយកម្ពុជា ប៉ុន្តែ បែរជាអនុញ្ញាតឱ្យបុរសឥណ្ឌូនេស៊ីមានផ្ទុកកូវីដ១៩ មកកម្ពុជា​ បង្ហាញពីភាពអាត្មានិយមរបស់ថៃ បាត់បង់គោលការណ៍មនុស្សធម៌ ធ្វើឱ្យទំនាក់ទំនងក្នុងតំបន់កាន់តែផុយស្រួយ។

លោកបន្តថា ទាំងថៃ និងវៀតណាម ​កំពុងដើរផ្ទុយពីគោលការណ៍អាស៊ាន និងគោលការណ៍អង្គការសុខភាពពិភពលោក (WHO) ត្បិតជាគោលការណ៍រួម កាលណារកឃើញអ្នកឆ្លង ឬសង្ស័យមានជំងឺនេះកន្លែងណា ត្រូវព្យាបាលកន្លែងនោះ។ ​

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅយប់មិញនេះ ក្រសួងបញ្ជាក់ថា ​ជនជាតិ​ឥណ្ឌូនេស៊ីទាំង២នាក់នោះ​បាន​ពិនិត្យឃើញវិជ្ជមានកូវីដ-១៩ នៅមន្ទីរពេទ្យផាយ៉ាថៃ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយពុំមាន​លទ្ធភាព​បង់ថ្លៃព្យាបាល ទើបពួកគេសម្រេចចិត្តធ្វើដំណើរ​មក​កម្ពុជា ហើយកម្ពុជាបានរក្សាពួកគេនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្ថែមប្រាប់ក្រុមអ្នកកាសែត​ថា ជនជាតិឥណ្ឌូនេស៊ីទាំងពីរនាក់នោះ មកកម្ពុជា ព្រោះដឹងថា កម្ពុជាព្យាបាលជំងឺនេះដល់ជនបរទេសលើជំងឺនេះមិនយកប្រាក់ឡើយ។

លោកស្រី បញ្ជាក់​ថា នៅពេល​ដែល​ធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា​ ជនជាតិ​ឥណ្ឌូនេស៊ី​២នាក់​នោះ​ពុំមាន​រោគសញ្ញា ឬអាការឡើងកម្តៅអ្វីនោះទេ ហើយការធ្វើដំណើរពីប៉ោយប៉ែតមកសៀមរាប មានតែអ្នកបើកបររថយន្តឈ្នួលម្នាក់ប៉ុណ្ណោះ ស្និទ្ធនឹងជនជាតិឥណ្ឌូនេស៊ីនោះ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា ស្ដីពី “សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ” នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

លោក​ស្រីបន្តថា៖ «ពាក់ព័ន្ធមនុស្សដែលប្រាស័្រយទាក់ទងជាមួយគាត់ [ជនជាតិឥណ្ឌូនេស៊ី២នាក់] ហ្នឹង គឺមិនមានច្រើនទេ ដោយសារពួកគាត់ចេញមកហ្នឹង ក្រុមគ្រូពេទ្យយើងហ្នឹងឆែកឆេរទៅ ហើយគាត់ជិះតាក់ស៊ី ហើយម៉ៅ ហើយជិះតែគ្នាគាត់ អត់មាននរណានៅក្នុងឡានជាមួយគាត់ទេ។ អីចឹង បច្ចុប្បន្ន​ អ្នកបើកបរតាក់ស៊ីហ្នឹង យើងក៏បានរកឃើញហើយ ហើយក៏បានធ្វើតេស្តគាត់ដែរ ហើយកំពុងរង់ចាំលទ្ធផល»។

កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ប្រសិនបើជនបរទេសទាំងឡាយណា​ដែល​រកឃើញមានជំងឺកូវីដ១៩ នៅ​កម្ពុជា នឹងទទួលបានការព្យាបាលដោយឥតបង់ប្រាក់ ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការមើលថែទាំ។ លោកថា ​កម្ពុជាជាប្រទេសតូចតែបេះដូងធំ ហើយយន្តការនេះខុសស្រឡះពីវៀតណាម។

ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជា​ង៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។ (ហ្វេសប៊ុកលោក ហ៊ុន សែន/ Screenshot)

លោកមានប្រសាសន៍ថា៖ «ប៉ុន្តែ ខ្ញុំសូមប្រកាសថា យើងក្រ តែយើងចិត្តធំ។ អ្នកណាកើតជំងឺលើដីយើងៗ ចេញលុយព្យាបាល។ នយោបាយនេះគឺប្លែកពីវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម បានប្រកាសថាជនជាតិបរទេសដែលកើតជំងឺកូវីដ១៩នេះ ត្រូវចេញលុយព្យាបាលខ្លួនឯង។ កម្ពុជាជាប្រទេសមួយ​ក្រ សូមប្រកាសថា ជនជាតិបរទេសដែលឈឺនៅលើទឹកដីកម្ពុជា ត្រូវទទួលបានការព្យាបាលពីសំណាក់គ្រូពេទ្យកម្ពុជា​ ដោយមិនបង់ថ្លៃ។ នេះជាគោលនយោបាយរបស់យើង​ »។  

ប្រទេសថៃបានប្រកាសបិទព្រំដែនជាមួយកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា ក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ១៩។ ចំណែកគោលការណ៍អង្គការសុខភាពពិភពលោក គឺករណីរកឃើញជំងឺឆ្លងនៅក្នុងប្រទេសណា គឺប្រទេសនោះជាអ្នកទទួលខុសត្រូវក្នុងការព្យាបាល។​

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ថា ថៃជាអ្នកប្រកាសបិទព្រំដែន ចំណែកកម្ពុជាមិនបានបិទទេ ហើយលោកថា ការឱ្យមនុស្សឆ្លងកាត់ព្រំដែន ឬអត់នោះ ការសម្រេចរបស់ថៃ។​ ពេលសួរថា តើការអនុញ្ញាតឱ្យអ្នកជំងឺឆ្លងកាត់ព្រំដែនពេលនេះខុសច្បាប់អន្តរជាតិទេ? លោកឱ្យទៅសួរក្រសួងសុខាភិបាលវិញ។​

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន សុំមិនបកស្រាយករណីនេះទេ ដោយប្រាប់ថា ជាប់រវល់។​

សាស្ត្រាចារ្យ​ផ្នែក​ការទូត​ និង​កិច្ចការ​ពិភពលោក​នៅ​សាកលវិទ្យាល័យ Occidental College ​សហរដ្ឋអាមេរិក លោក អៀ សុផល ឱ្យដឹងតាមសារអេឡេត្រូនិចអ៊ីម៉ែលថា ការព្រមអនុញ្ញាតឱ្យជនជាតិឥណ្ឌូនេស៊ីមកកម្ពុជា គឺវិធានការលាងដៃខ្លួនឱ្យស្អាតរបស់ថៃ ព្រោះមិនមែនជាជនជាតិថៃ និងមិនមែនជាបញ្ហារបស់ថៃ ដែលនាំឱ្យមានការឆ្លងរាលដាលនៅកម្ពុជាបន្ថែមទៀត។

សាស្ត្រាចារ្យដដែលបន្តថា ទំនាក់ទំនងក្នុងតំបន់ពេលនេះ ​ឆ្លុះបញ្ចាំងពីភាពគ្មានការទទួលខុសត្រូវ ដោយប្រៀបបាននឹងការលេង​បាត់ទាត់ដែលទាត់​បន្តឱ្យគ្នារហូត។ ករណីនេះ លោកយល់ថា ចុងក្រោយ អាជ្ញាធរក្រុងភ្នំពេញអាចនឹងបញ្ជូនពួកគេទៅប្រទេសកំណើតវិញ។

លោកបន្ថែមថា៖ «ប្រហែលជាអាជ្ញាធរក្រុងភ្នំពេញ នឹងបញ្ជូនពួកគេទៅប្រទេសឥណ្ឌូនេស៊ីវិញ។ ប្រសិនបើវាជាជនជាតិឥណ្ឌូនេស៊ី ២នាក់ ខ្ញុំគិតថា វាមិនអីទេ ​ប៉ុន្តែ ប្រសិនបើវាមាន ៥០នាក់ ខ្ញុំប្រាកដថានាយករដ្ឋមន្ត្រីនឹងបញ្ជូនពួកគេទៅវិញហើយ»។

លោក ឯម សុវណ្ណរ៉ា យល់ថា ស្ថានភាពចំពោះមុខ រដ្ឋាភិបាលគប្បីបិទការចូលមកនូវជនបរទេសឱ្យបាន ជៀសវាងធ្វើឱ្យពលរដ្ឋកាន់តែព្រួយបារម្ភថា ពួកគេនាំយកជំងឺមកកម្ពុជាបន្ថែមទៀត ម្យ៉ាង កម្ពុជាគប្បីស្នើសុំជំនួយទៅអន្តរជាតិ ពិសេសWHO ដើម្បីជួយ​តែម្តង។

លោកមានប្រសាសន៍បន្ថែមថា៖ «ក្នុងករណីហ្នឹង កម្ពុជាមានតែឈរនៅលើគោលការណ៍មួយ ស្នើសុំជំនួយ​ពីអន្តរជាតិ ឬក៏WHO ទេ។ ចំណុចមួយទៀត [រដ្ឋាភិបាល] អាចនឹងធ្វើឱ្យបាត់បង់នូវគាំទ្រពីប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋរាល់ថ្ងៃស្ថិតនៅក្នុងលក្ខណៈមួយផុយស្រួយ ក្នុងការថែរក្សាសុវត្ថិភាព សន្តិសុខផ្ទាល់ខ្លួនដែរ។ កាលណាជំងឺហ្នឹងឆ្លងកាត់កម្ពុជា អាជ្ញាធរកម្ពុជានៅតែ​អនុញ្ញាតឱ្យអ្នកពីខាងក្រៅចូលមក​​កាន់តែច្រើន ​ធ្វើឱ្យកម្ពុជាខ្លួនឯងបារម្ភកាន់តែខ្លាំងដែរ »។

​គិតត្រឹម​យប់ម៉ោង៨ ថ្ងៃទី២៦ ខែមីនា កម្ពុជារកឃើញអ្នកមានកូវីដ-១៩ ចំនួន​ ៩៨ករណី ដោយ​ក្នុងនោះមាន​អ្នកព្យាបាល​​ ១១នាក់ហើយ ដែលត្រូវបានព្យាបាលឱ្យជាសះស្បើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ