រដ្ឋាភិបាលសម្រេចពន្យារពេលផាកពិន័យចរាចរណ៍ក្នុងតម្លៃថ្មីរហូតដល់ខែឧសភា ដោយថា ត្រូវការពេលបណ្ដុះបណ្ដាលមន្ត្រី និងពលរដ្ឋឱ្យដឹងពីការពិន័យថ្មីនេះ។
កាលពីថ្ងៃទី១៧ ខែមីនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួល ដំឡើងការពិន័យចំពោះអំពើល្មើសនឹងច្បាប់ចរាចណ៍ផ្លូវគោក ចាប់ពី៣ ដល់៥ដងនៃប្រាក់ពិន័យបច្ចុប្បន្ន។ ដោយពិន័យជាប្រាក់ចាប់ពី ៦ម៉ឺនរៀល រហូតដល់ ៤លានរៀល ចំពោះអ្នកមិនគោរពច្បាប់ចរាចរណ៍ ដែលរាប់ចាប់ពីជិះម៉ូតូគ្មានមួកសុវត្ថិភាព មិនគោរពភ្លើង និងសញ្ញាចរាចរណ៍ ការប្រើប្រាស់ទូរសព្ទក្នុងពេលបើកបរ រហូតដល់ការបើកបរក្រោមភាពស្រវឹងជាដើម។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង បានថ្លែងនៅព្រឹកនេះថា បន្ទុកនៃការផាកពិន័យចរាចរណ៍លើតម្លៃថ្មី នឹងត្រូវពន្យារដល់ថ្ងៃទី១ ខែឧសភា ដោយសាររដ្ឋាភិបាលទុកពេលនេះបណ្ដុះបណ្ដាលនគរបាល និងឱ្យពលរដ្ឋជ្រាបច្បាស់ពីច្បាប់ថ្មីនេះសិន។
លោកថ្លែងថា៖ «យើងពន្យារការផាកពិន័យហ្នឹង ទុកពេលឱ្យគាត់ភ្ញាក់រលឹក។ ពីពេលនេះរហូតដល់ថ្ងៃ៣០ ខែ៤ ឥឡូវនិយាយជាមួយខាងហិរញ្ញវត្ថុឱ្យច្បាស់ទៅ នៅថ្ងៃ១ ខែ៥ ចាប់ផ្ដើមចូលជាធរមានអនុវត្តន៍ហើយ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង គិមអេង មានប្រសាសន៍ថា ការតំឡើងថ្លៃពិន័យនេះ គឺពុំមានប្រសិទ្ធិភាពទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍បានទេ ប្រសិនជាការអនុវត្តច្បាប់មិនស្មើគ្នាក្នុងសង្គមនោះ។
លោក យ៉ង គិមអេង៖ «ខ្ញុំថា មិនថាតម្លៃនាំការផាកពិន័យកម្រិតណាទេ បើគាត់មិនអនុវត្ត ប្រជាពលរដ្ឋដទៃក៏មើលគំរូហ្នឹងដែរថា អ្នកធំគេមិនគោរពផង ទម្រាំគាត់។ ដល់ម្នាក់រំលោភ ពីរនាក់រំលោភ បីនាក់រំលោភ វាទៅជាបញ្ហាដដែលៗ បើទោះបីតម្លៃផាកពិន័យដដែលក៏ដោយ បើផាកពិន័យបានត្រឹមត្រូវមើល មានអ្នកណាហ៊ាន» ។
ការពិន័យលើថ្លៃផាកពិន័យលើអ្នកប្រព្រឹត្តិបទល្មើសចរាចរណ៍នេះ ធ្លាប់ត្រូវបានតំឡើងម្ដងរួចមកហើយកាលពីឆ្នាំ២០១៦ ដែលនៅពេលនោះមានការតម្លើងការពិន័យពី៣ ទៅ៥ដងនៃតម្លៃចាស់ ដោយថា ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ ទោះជាយ៉ាងណា ចាប់តាំងពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន គ្រោះថ្នាក់ចរារណ៍នៅតែមិនអាចកាត់បន្ថយបានច្រើននៅឡើយ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ឱ្យដឹងថា ក្នុងឆ្នាំ២០១៩កន្លងទៅ មានមនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជិត ២ពាន់នាក់(១៩៨១នាក់) កើន ១២ភាគរយ ខណៈអ្នករងរបួសជាង ៦ពាន់នាក់(៦១៤១នាក់) កើន ២៩ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ភាគច្រើននៃគ្រោះថ្នាក់ទាំងនេះបណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែង ការប្រើប្រាស់គ្រឿងស្រវឹង និងកត្តាយានយន្ត៕