វិភាគ៖ តើ​​ការ​តម្លើង​​ថ្លៃ​​ពិន័យចរា​ចរណ៍​​​​ពិត​ជា​​អាច​​កាត់​​បន្ថយ​បញ្ហា​​​គ្រោះ​ថ្នាក់​នៅ​​កម្ពុជា​​ដែរ​​ឬ​​ទេ​?​

ពលរដ្ឋធ្វើចរាចរណ៍តាមដងវិថីមួយកន្លែងក្នុងក្រុងភ្នំពេញ។ (ជន ចាន់រ៉ែន/ មករា ២០២០)

កាល​ពី​ថ្ងៃ​ទី​១៧ ខែមីនា​កន្លង​ទៅ ​រដ្ឋាភិបាល​បាន​ចេញនូវ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​តំឡើង​ការ​ផាក​ពិន័យ​ចរាចរណ៍​ថ្មី ដែល​មាន​ការ​ដំឡើង​ពី​៣ ដល់​៥ដង​នៃ​ប្រាក់​ពិន័យ​បច្ចុប្បន្ន​។ ដែល​តម្លៃ​នៃ​ការផាក​ពិន័យចំពោះ​ការ​​​ប្រព្រឹត្តិបទល្មើស​ចរាចរណ៍​ទាប​បំផុត​ ក៏​មាន​តម្លៃ​ ៦​ម៉ឺន​រៀល​ដែរ។

កាល​ពី​ថ្ងៃ​ទី​២៧ ខែមីនា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និងប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក ស ខេង បាន​ថ្លែង​ថា៖

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ អនក្រ.បក ស្ដីពីការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។

«យើង​សង្ឃឹម​ច្រើនដែរ ដល់​ពេល​យើងដាក់​អានេះ​រឹត​បន្ដឹង​ទៀត ​អាច​ហ្នឹង​កាត់​បន្ថយ​បានគ្រោះ​ថ្នាក់​ចរាចរណ៍​បាន​មួយ​កម្រិត​ទៀត។ ខ្ញុំ​សង្ឃឹម​អញ្ចឹង! »

ក្នុង​រយៈពេល​ ៦​ឆ្នាំ​ចុង​ក្រោយ​នេះ​ តម្លៃ​នាំ​ការ​ផាក​ពិន័យ​ចរាចរណ៍​ត្រូវ​បាន​តម្លើង ២​ដង​ហើយ​ ក្នុង​ន័យ​រួមនៃ​ការ​ដំឡើង​នេះ​គឺ​មាន​ចេតនា​តែ​មួយ​គឺ​ «កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ»

តើ​ការ​ដំឡើង​ថ្លៃ​ពិន័យ​ចរាចរណ៍​ពិតជា​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ពិត​មែន​ឬ​ទេ?

បញ្ហានៃគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា

របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិសុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៦ ដែល​ជា​ឆ្នាំ​ដំឡើង​ការ​ពិន័យ​ចរាចរណ៍​លើក​ទី​១រហូត​មកដល់​ពេល​នេះ ​អត្រាគ្រោះថ្នាក់​ចរាចរណ៍មាន​ការ​ថយ​ចុះ​ តែ​ចំនួន​អ្នកស្លាប់​គឺ​មាន​ចន្លោះ​ពី​ ១ពាន់​៧រយ​នាក់ ដល់​ជាង​ ២ពាន់​នាក់​ដដែល​ក្នុង​ឆ្នាំ​នីមួយៗ។

ភាគ​ច្រើន​នៃ​គ្រោះថ្នាក់​ទាំង​នេះ​បណ្ដាល​មក​ពី​ការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ វ៉ាជែង ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង និង​កត្តាយានយន្តជា​ដើម។

ប្រធាន​វិទ្យាស្ថាន​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ លោក គង់ រតនៈ មាន​ប្រសាសន៍​ថា ​មូល​ហេតុ​ចម្បង​ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​នេះ​​គឺ​កើត​ចេញ​ពី​​កត្តា​មនុស្ស និង​ប្រព័ន្ធច្បាប់​ដែល​នៅ​ទន់​ខ្សោយ​។

លោក​ថា៖ «ពីព្រោះ​នៅពេល​យើង​ជជែក​គ្នា​ពី​សុវត្ថិភាព​ចរាចរណ៍ ​គឺ​យើង​ជជែក​គ្នាអំពី​មុំ​បី ទី​មួយ​គឺ​ទាក់ទង​នឹង​ការ​អប់​រំ​ផ្សព្វផ្សាយ ទីពីរ​គឺ​ទាក់ទង​នឹង​ការ​រឹត​បន្តឹង​ច្បាប់ ហើយ​និង​ទីបី​គឺ​ទាក់ទង​នឹង​វិស្វកម្ម​ផ្លូវ​ថ្នល់ គឺ​ទាក់ទង​ហ្នឹងថា ​ផ្លូវ​ថ្នល់​យើង​ហ្នឹង​គឺ​ផ្លូវ​ថ្នល់​មាន​សុវត្ថិភាព​ហើយ​ឬ​នៅ ​មាន​គ្រប់​មុខងារ​ហើយ​ឬ​នៅ?»

បើតា​ម​លោក រតនៈ ដរាប​ណា​ចំណេះ​ពលរដ្ឋ​លើ​ច្បាប់​ចរាចរណ៍ និងការ​អនុវត្តរបស់​សមត្ថកិច្ច​មិនបាន​តឹង​រ៉ឹង​នោះ​ទេ ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​តែ​ចោទ​ជា​បញ្ហា​ដដែល។

ការ​អប់រំ​ច្បាប់​ចរាចរណ៍

ច្បាប់​ចរាចរណ៍​ទំនើប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ២០០៧ និង​មាន​ការ​ធ្វើ​ថ្មី​ម្ដង​ទៀត​នៅ​ឆ្នាំ២០១៧ ខណៈ​ច្បាប់​ឆ្នាំ​២០១៧ ក៏​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​១​ដង​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ​ផង​ដែរ។ បើ​និយាយ​ពី​អាយុ​កាល​នៃច្បាប់​ចរាចរណ៍​កម្ពុជា​នេះ ដែល​រហូត​មក​ដល់​ពេល​នេះ ច្បាប់​នេះ​មាន​អាយុ​១៣​ឆ្នាំ​ហើយ​ដែល​នៅ​ជា​មួយ​ពលរដ្ឋ​កម្ពុជា។

ប៉ូលីស​ផាក​ពិន័យពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍ កាលដើមឆ្នាំ២០១៨។ (ណាត សុភាព)

ក្រៅ​ពី​មាន​ច្បាប់​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​បញ្ចូល​មេរៀន​ចរាចរណ៍​ក្នុង​សាលា​ចំណេះ​ដឹង​ទូទៅ​ផង​ដែរ។ ទោះ​ជា​យ៉ាង​ណា ​រហូត​មក​ដល់​ពេល​នេះ​ ការ​ប្រើប្រាស់​របស់​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​តែ​គ្មាន​របៀប​ដដែល។ ការ​ឈប់​ខុស​គំនូស ការ​ប្រើប្រាស់​គន្លង​ផ្លូវមិន​ត្រឹមត្រូវ ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​ឈប់​ ឬ​ចត​បំពានស្លាក​សញ្ញា បញ្ហា​ជិះ​បញ្ច្រាស់ ការ​ប្រើប្រាស់​ទូរសព្ទ​ក្នុង​ពេល​បើក​បរ សុទ្ធ​តែ​ជា​បញ្ហា​ដែល​កើត​មាន​នៅ​កម្ពុជា។

ប្រធាន​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ លោក គង់ រតនៈ មាន​ប្រសាសន៍​ថា ស្ដែង​តាម​រូប​ភាព​នេះ​បាន​ន័យ​ថា​កម្រិត​នៃ​ការ​ជ្រាប​ពី​ច្បាប់​ចរាចរណ៍​នៅ​កម្ពុជា​ចំពោះ​ពលរដ្ឋ ​គឺ​មិន​ទាន់​ប្រសើរ​នោះ​ទេ។

លោក គង់ រតនៈ៖ «គ្រួសារ​មួយ បើ​យើង​និយាយអំពី​សីលធម៌​ ទាល់​តែ​គ្រួសារ​នោះ​មាន​វិន័យ​ជា​មុន​សិន អ៊ីចឹង​នៅពេល​ដែល​វិន័យ​ហ្នឹង​ត្រូវ​បាន​កូន​ចៅ​គោរព​ក្នុង​គ្រួសារ​ហ្នឹង​។ អ៊ីចឹង​វា​ស្ដែង​ចេញ​នូវ​ការ​ប្រព្រឹត្តិ​របស់​សមាជិក​មួយ​ៗ ហើយ​បើ​យើងធៀប​ទៅក្នុង​សង្គម​របស់​យើង​វា​ដូច​គ្នា​ដែរ យើង​ឃើញ​ថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ អ្នក​ដែល​ធ្វើ​បាន​ល្អហ្នឹង​គឺ​គោរព​ច្បាប់​ត្រឹមត្រូវ​ហើយ​ តែ​មនុស្ស​មួយ​ចំនួន​ទៀត ​យើង​នៅតែ​ឃើញ​អ៊ីចឹង​ គាត់​នៅ​តែ​បង្កឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ គាត់​នៅ​តែ​ប្រកាន់​ មិន​មាន​ការ​គោរព​សិទ្ធិ​ គាត់​មិន​ព្រម​សិក្សា​ស្វែង​យល់អំពី​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​សុវត្ថិភាព​ទេ​ ហើយ​គាត់​ទៅ​ចង្អុល​ទៅ​អ្នក​ដទៃ​ទៀត​ថា​ ជា​អ្នកនោះ​បង្ក​រឿង»។

សីលធម៌របស់​ពលរដ្ឋ

ក្រៅពីបញ្ហា​នៃ​ការ​អប់​រំ​ច្បាប់ បញ្ហា​សីលធម៌​របស់​ពលរដ្ឋ​ ដូច​ជា​ ការ​ប្រជែងយក​ទៅ​មុន ការ​ប្រើប្រាស់​ស៊ីផ្លេ ភ្លើង​កូត ជែង វ៉ា​ កៀរ បត់ បើក​ក្នុង​ល្បឿន​លឿន គឺ​សុទ្ធ​តែ​ជា​បញ្ហា​សីលធម៌​របស់​អ្នកប្រើប្រាស់​ផ្លូវ​​​នៅ​កម្ពុជា។

រ៉ឺម៉កកង់បីឥណ្ឌាឈរលើទីតាំងគំនូសពណ៌ស ដែលគំនូសនេះប្រើសម្រាប់អ្នកដំណើរថ្មើជើងឆ្លងកាត់តែប៉ុណ្ណោះ។ រូបភាព៖ សូរ្យ ជ័យឧត្ដម

នាយប្រតិបត្តិនៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ដើម្បីពលរដ្ឋ និង​សន្ដិភាព លោក យ៉ង់ គិមអេង មាន​ប្រសាសន៍​ថា៖ «កន្លងមក​ ដោយ​សារ​តែ​ឃើញ​ថា ​ជិះ​បញ្ច្រាស់​ម្នាក់ពីរនាក់ ​ជិះ​បញ្ច្រាស់​ឃើញ​ថា​អត់​អី បីនាក់​ឃើញ​ថា​អត់​អី ដល់​អ៊ីចឹង​ដប់នាក់ទៀត​ក៏គេ​គិត​ថា​មិន​អី​ដែរ គេ​ជិះ​តាម​យើង​គ្រប់​គ្នា​។ គាត់​ជិះ​បញ្ច្រាស់ មិន​មែន​ថា​ម៉ូតូ ឬ​តុកៗអី​ទេ អ្នក​ខ្លះ​ជិះ​ឡាន​ទៀត វាហួស​ចិត្ត ជិះ​បញ្ច្រាស់។ បញ្ច្រាស់​ហើយ​ស៊ីផ្លេ​យើង​ឱ្យ​គេ​ច​ទៀត ពេល​ខ្លះ​ខ្ញុំ​មិន​ដឹង​ថា​យ៉ាង​មិច!»  

ប្រធាន​អង្គការ​ជន​ពិការ​កម្ពុជា​ លោក​ស្រី ម៉ាក់ ម៉ូនីកា មាន​ប្រសាសន៍​ថា នៅ​តាម​ទី​តាំង​មួយ​ចំនួន មិន​ថា​នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត អ្នក​លក់​ដូរ​បាន​ប្រើប្រាស់​ចិញ្ចើម​ផ្លូវ​ជាកន្លែង​ប្រកប​របរ​រក​ស៊ី​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​បាត់​ផ្លូវ​សម្រាប់​អ្នក​ថ្មើរ​ជើង ឬ​កន្លែង​ខ្លះ​បាន​ដាក់​លក់​លើ​ផ្លូវ​តែ​ម្ដង​ក៏​មាន ដែល​លោក​ស្រី​ថា ​វា​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ។

លោក​ស្រី ម៉ាក់ ម៉ូនីកា៖ «នៅ​តាម​ផ្សារ​ ឬ​នៅ​កន្លែង​សាធារណៈ​មួយ​ចំនួន​មាន​លក់​អីវ៉ាន​នៅ​តាម​ចិញ្ចើម​ថ្នល់ អាហ្នឹង​ក៏​ជា​បញ្ហា​ដែរ​ ព្រោះ​បើ​យើង​លក់​អីវ៉ាន់​តាម​ចិញ្ចើម​ថ្នល់​ ប្រជាពលរដ្ឋ​ដែល​គាត់​ចង់​ទិញ​ ខ្លះ​គាត់​ចុះ​ទិញ ខ្លះ​ទៀត​ពេល​ឈប់​ម៉ូតូ​តាម​ផ្លូវ​ទិញ ជា​ពិសេស​យើង​ឃើញ​ហើយ​នៅ​ម្ដុំ​ជិត​រោង​ចក្រ ដល់​អ៊ីចឹង​វា​បង្ក​ការ​កក​ស្ទះ ដល់តែ​កក​ស្ទះ មនុស្ស​មិន​គោរព​ចរាចរណ៍​ទៀត ​អាហ្នឹង​ក៏​វា​បង្ក​នូវ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែរ»។

អនុសាសន៍

ជារួម ​អ្នក​តាម​ដាន​យល់​ថា ​ការ​ដំឡើង​ពិន័យ​ចរាចរណ៍នេះ​គឺ​មិន​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បានល្អ​ប្រសើរ​​នោះ​ទេ បើ​សីលធម៌របស់​ពលរដ្ឋ សណ្ឋាប់ធ្នាប់ និង​ច្បាប់​មិន​ត្រូវ​បាន​អនុវត្ត​ពេញ​លេញ​នោះ​។ ពួកគេ​ឱ្យ​ជា​យោបល់​ថា ​រដ្ឋគួរ​តែ​បង្កើន​ការ​ផ្សព្វផ្សាយ​អប់រំពលរដ្ឋឱ្យ​បាន​ច្រើន​ពី​បញ្ហា​ចរាចរណ៍ ទាំង​សីលធម៌​មនុស្ស​ក៏​ដូច​គ្នា ខណៈ​វិធាន​ការ​ច្បាប់​គឺ​ត្រូវ​អនុវត្ត​ឱ្យ​បាន​កាន់​តែ​តឹង​រ៉ឹង​បំផុត។

លោក ​យ៉ង់ គិមអេង៖ «ទាំង​ផ្នែក​សីលធម៌​ផង ទាំង​រឿង​អនុវត្តន៍​ច្បាប់​ផង​ ទាំង​អស់​ហ្នឹង​ត្រូវ​ចាប់​ផ្ដើម​ជា​មួយ​គ្នា ហើយ​កុំ​ឱ្យ​មាន​ការ​លើក​លែង​ ហើយ​កុំ​អនុវត្ត​ច្បាប់​ដោយ​ការ​ជ្រើសរើស អនុវត្ត​ច្បាប់​ដោយ​អនុវត្ត​ទូទៅ កុំ​ថា​ហ្ហេ! មើល​ទៅ​គេ​ដូច​ជាគេ​មាន​បុណ្យ​ស័ក្កិ​ ដូច​ជា​គេ​ជា​កូន​អ្នក​ធំ ឱ្យ​គេ​ទៅ​ចុះ។ ដល់​ពេល​អ្នក​នេះ​ដូច​ជា​អត់​មាន​អំណាច​ទេ ចាប់​ឱ្យ​គាត់​អនុវត្តច្បាប់​មួយ​សិន ​អា​ហ្នឹង​គឺ​អត់​អាច​ទៅ​រួចទេ អនុវត្តគឺ​ត្រូវ​អនុវត្តទាំង​អស់»។

សម្រាប់​លោក​ ​គង់ រតនៈ ក្រៅ​ពី​ជំរុញ​ការ​អនុវត្ត​ច្បាប់ លោក​ក៏​ជំរុញផង​ដែរដល់​រដ្ឋាភិបាលឱ្យ​បង្កើន​ការ​ផ្សព្វផ្សាយពី​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ រួម​ទាំង​វិធី​បង្ការគ្រោះ​ថ្នាក់វិញ​ ជាជាង​បង្កើន​តម្លៃ​ផាក​ពិន័យ ខណៈ​ពលរដ្ឋ​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ស្វែង​យល់​ពី​ចំណេះ​ដឹង​ទាក់ទង​នឹង​សុវត្ថិភាព​ចរាចរណ៍​ដែល​ជា​អាយុជីវិត​របស់​ខ្លួន​ផង​ដែរ។

លោក​ ​គង់ រតនៈ៖ «ខ្ញុំ​គិតថា ​ប្រសិន​បើ​ប្រជាពលរដ្ឋ​ចាប់​ផ្ដើម​ជជែក​ពី​បញ្ហា​ចរាចរណ៍​ឱ្យ​បាន​ត្រឹម​តែ​៥០ភាគរយ​ ឬ​ក៏​៧០​ភាគ​រយ​ នៃ​ការ​អន្តរាគមន៍​ទៅ​លើ​កូវីត​ហ្នឹង​ ខ្ញុំ​ជឿ​ជាក់​ថា ពលរដ្ឋ​អាច​ជា​យល់​ដឹង​ច្រើន​មែន​ទែន។ ហើយ​​មាន​សប្បុរសជន​ ឬ​ក៏​មាន​ការ​ផ្ដួច​ផ្ដើម​សម្រាប់​សុវត្ថិភាព​ចរាចរណ៍​ទៀត​សោត ​គឺ​រឹត​ជា​រឿង​ប្រសើរ។ ព្រោះ​យើង​ឃើញ​ហើយ​ថា ​មួយ​ឆ្នាំ​ៗ ប្រជាពលរដ្ឋ​១ឆ្នាំ​ៗ​ស្លាប់ជិត​២ពាន់​នាក់ ក៏ប៉ុន្តែ​ យើង​អត់​ទាន់​មានអ្នក​ណា​ជជែក​ពី​​ការ​បង្កើតជា​វិធាន​ការ​ការពារ​ ដើម្បី​លើក​គម្រោង​ថែ​រក្សា​ផ្លូវ​ថ្នល់ ​ឬ​ក៏​ការពារ​ទេ។ ប៉ុន្តែ​ កូវីត​វិញ​ អត់​ទាន់​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ស្លាប់​ទេ ប៉ុន្តែ​ ខ្ញុំ​ឃើញ​មូលនិធី​រៃ​បាន​ជិត​១០លានដុល្លារ​ទៅ​ហើយ ដល់​អ៊ីចឹង​ វា​បង្ហាញ​ថា ​ការ​គិត​ពី​អាយុជីវិត​រវាង​គ្រោះថ្នាក់​ចរាចរណ៍ និង​មេរោគ​សង្គម​ថ្មី​ហ្នឹង​ សម្រាប់​ខ្ញុំ​ៗ​ចង់​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា»៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ